នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទសម្លាប់ស្ត្រីម្ចាស់ហាងជនជាតិវៀតណាមម្នាក់នៅក្នុងទីប្រជុំជនស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ ពីពួកគេបានទិញស្រាមួយដបហើយមិនព្រមឲ្យលុយ។
យោងតាមលោក ហូ៊ ហឿន មេបុ៉ស្តិ៍ឃុំគោកធ្លក បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ឈ្មោះ ស្រ៊ុន វុធ អាយុ២៤ឆ្នាំ និង ស្រាន សារុន អាយុ២៦ឆ្នាំបានទៅហាងរបស់ស្ត្រីរងគ្រោះ ដែលនគរបាលប្រាប់អត្តសញ្ញាណថា ឈ្មោះ ង្វៀន ភីបេបា អាយុ៥៩ឆ្នាំ កាលពីសៀលថ្ងៃអាទិត្យ ទិញស្រាសមួយដបតម្លៃប្រហែល៥ដុល្លារ ហើយបានជិះចេញទៅបាត់ដោយនិយាយថា ពួកគេនឹងយកប្រាក់មកឲ្យថ្លៃស្រានៅថ្ងៃក្រោយ។
នៅល្ងាចថ្ងៃដដែលនោះ ពួកគេបានត្រឡប់មកហាងនេះវិញ ហើយបានសុំទិញស្រាមួយដបទៀត ក៏មិនបានឲ្យប្រាក់ដដែល។ លោក ហ៊ូ ហឿន មានប្រសាសន៍ថា “ ជនរងគ្រោះខឹង ហើយបានទារលុយ ដោយមិនព្រមលក់ស្រាឲ្យពួកគេទៀតទេ។ដូច្នេះពួកគេបានកាប់ស្ត្រីរូបនេះចំក្បាលរហូតដល់ស្លាប់”។
លោក ហ៊ូ ហឿន បានមានប្រសាសន៍ថា ស្ត្រីរងគ្រោះត្រូវបានកាប់នឹងកាំបិតប័ុងតោចំក្បាល ហើយវាយនឹងដែកបំពង់ទីប ដែលក្រោយមកគេប្រទះឃើញទុកចោលនៅក្បែរកន្លែងកើតហេតុ។
លោក ម៉ក់ វី នាយនគរបាលបច្ចេកទេសស្រុកអង្គរបុរី បានមានប្រសាសន៍ថា ជនរងគ្រោះរស់នៅក្នុងខេត្តអាងយ៉ាង ប្រទេសវៀតណាម ហើយបានឆ្លងដែនមកបើកហាងរកស៊ីនៅក្នុងខេត្តតាកែវ។ លោក ម៉ក់ វី បានមានប្រសាសន៍ថា មន្ត្រីមូលដ្ឋានមកពីប្រទេសវៀតណាមបានមកយកសាកសពស្ត្រីរងគ្រោះប្រគល់ឲ្យសាច់ញាតិរបស់គាត់ ហើយកំពុងសាកសួរជនសង្ស័យទាំងពីរនាក់នៅឡើយដែលនឹងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃស្អែក៕សារុន