34 C
Phnom Penh

មាន​​​អ្ន​​​ក​​​ប៉ុន​​​ប៉ង​​​ដុត​​​ផ្ទះរបស់​​​​​​គ្រួសារ​​​ដែល​​​មាន​​​​​​ជម្លោះ​​​​​​ដីធ្លី​​​ដ៏​​​ជូរចត់​​ជាមួយ​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​​​​រួម​​​​​​​​​​​​មួយ​​​ចេញ​​​ដោយ​​​អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​​​​ចំនួន​​​ប្រាំ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ​​​​​​ជន​​​​​​ល្មើស​​​ម្នាក់​​​​​​បាន​​​​​​ដុត​​​​​​សំណង់​​​មួយ​​​​​​កាន់​​​កាប់​​​​​​ដោយ​​​ប្រជាពលរដ្ឋ​​​ចំនួន​​​បី​​​គ្រួសារ​​​​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​ទួល​​​គោក​​ រាជធានីភ្នំពេញ​​​ ដែល​​​កំពុង​​​​​​តែ​​​​​​​​​មាន​​​វិវាទ​​​​​ដី​​​ធ្លី​​​ជាយូរ​​​មក​​​ហើយ​​​ជាមួយ​​​ក្រុមហ៊ុន​​​ឯក​​​ជន​​​មួយ​​​។

អង្គការ​​​​​​ទាំង​​​នេះ​​​ដែល​​​រួម​​​មាន​​​​​​អង្គការ​​​អាដហុក​​​ មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ និង​​​ក្រុម​​​​​​​​​ការងារ​​​ពិសេសសិទ្ធិ​​​​​​លំនៅដ្ឋាន​​​ផង​​​ដែរ​​​នោះ​​​​​​បាន​​​លើកឡើង​​​ថា ​​​ហេតុការណ៍​​​នេះ​​​​​​ទំនង​​​ជា​​​​​​​​​កើត​​​​​​ចេញ​​​ពី​យុទ្ធនាការ​​​​​​​​​​​អំពើ​​​ហិង្សា​​​​​​និង​​​ការ​​​​​​បំភិត​​​បំភ័យ​​​គ្រួសារ​​​ទាំង​​​នេះ​​​​​​ដោយ​​​សារ​​​តែ​​ដី​​​ធ្លី​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​​​​សង្កាត់​​​បឹង​​​កក់​​​១។

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា “នៅ​​​យប់​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​មីនា ឆ្នាំ​​​២០១៤ បុរស​​​មិន​​​ស្គាល់​​​អត្តសញ្ញាណ​​​ម្នាក់​​​​​​បាន​​​ដុត​​​ភ្លើង​​​​​​​​​បួន​​​​​​កន្លែង​​​​​​ផ្សេង​​​គ្នា​​​​​​នៅ​​​លើ​​​​​​ដី​​​របស់​​​​​​ប្រជាពលរដ្ឋ​​​​​​ទាំង​​​បី​​​គ្រួសារ​​​នេះ​​​ ប៉ុន្តែ​​​ជា​​​សំណាង​​​ល្អ​​​​​​គ្មាន​​​​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ទេ​​​ ដោយ​​​សារ​​​តែ​​​បុរស​​​ម្នាក់​​​ ដែល​​​ដេក​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​បាន​​​​​​​​​ប្រាប់​​​​​​​​​ប្រជាពលរដ្ឋ​​​ទាំង​​​នេះ​​​​​​​​​ទាន់”។

អង្គការ​​​សិទ្ធិមនុស្ស​​​ទាំង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា ជន​​​សង្ស័យ​​​បាន​​​គេច​​​ខ្លួន​​​​​​បាត់​​​ស្រមោល​​​។​​​បន្ថែម​​​ពី​​​លើ​​​​​​ការ​​​​​​ប៉ុនប៉ង​​​ដុត​​​ភ្លើង​​​​​​កាលពី​​​ម្សិលមិញ​​​ គ្រួសារ​​​ទាំង​​​នេះ​​​​​​​​​ធ្លាប់​​​​​​ត្រូវ​​​បាន​​​​​​​​​ជន​​​អន្ធពាល​​​​​​​​​​​​វាយ​​​ប្រហារ​​​ជាច្រើន​​​ដង​​​ ​​​ដោយ​​​សត្វ​​​​​​ចិញ្ចឹម​​​របស់​​​​​​ពួក​​​គាត់​​​​​​ត្រូវ​​​គេ​​​ដាក់​​​ថ្នាំ​​​បំពុល​​​ ពួក​​​គាត់​​​ត្រូវ​​​គេ​​​គប់​​​លាមក​​​​​​ដាក់​​​ ហើយ​​​មាន​​​ពេល​​​មួយ​​​នោះ​​​​​​មាន​​​​​​មនុស្ស​​​យក​​​ពស់​​​វែក​​​​​​មួយ​​​ថង់​​​​​​មក​​​​​​បោះ​​​ចូល​​​តាម​​​​​​បង្អួច​​​ទៀត​​​ផង​​​ ខណៈ​​​ពេល​​​ពួក​​​គាត់​​​​​​​​​​​​កំពុង​​​​​​​​​ដេក​​​លក់​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ទាំង​​​នេះ​​​​​​​​​បាន​​​លើក​​​ឡើង​​​ថា គេ​​​មិន​​​ច្បាស់​​​ថា តើ​​​នរណា​​​​​​ជា​​​​​​អ្នក​​​ដុត​​​ភ្លើង​​​​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​​​​បាន​​​​​​គូស​​​បញ្ជាក់​​​ថា ​​​ហេតុការណ៍​​​បៀត​​​បៀន​​​​​​ទាំង​​​នេះ​​​បាន​​​​​​កើត​​​ឡើង​​​​​​​​​ចាប់​​​តាំង​​​ពី​​​​​​គ្រួសារ​​​ទាំង​​​នេះ​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុម​​​​​​ហុ៊ន​​​ ឃុន​​ សៀ អាហរ័ណ នី​​​ហរ័ណ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ម​​​ក​​​។​​​

កញ្ញា លី​​​ សីុវ​​​មិញ អាយុ​​​២២​​​ឆ្នាំ​​​ដែល​​​រស់​​​នៅ​​​​​​ក្នុង​​​អគារ​​​​​​នេះ​​​​​​ជាមួយ​​​គ្រួសារ​​​របស់​​​នាង​​​​​​បាន​​​និយាយ​​​ថា រឿង​​​នេះ​​​ គឺ​​​ជា​​​ការ​​​ប៉ុនប៉​​​ង​​​​​​ចុង​​​ក្រោយ​​​មួយ​​​​​​ក្នុង​​​ចំណោ​​​ម​​​កា​​​រ​​​ប៉ុនប៉ង​​​ជា​​​ច្រើន​​​​​​ដើម្បីសម្លាប់​​​ពួក​​​​​​នាង​​​​។ នាង​​​បាន​​​និយាយ​​​ថា “យើង​​​​​​បាន​​​ឮ​​​សំឡេង​​​​​​ផ្ទុះ​​​នៅ​​​ម៉ោង​​​​​​ប្រហែល​​​២ និង​​​៣០​​​នាទី​​​ទាប​​​ភ្លឺ ហើយ​​​យើង​​​បាន​​​ឃើញ​​​ភ្លើង​​​​​​ឆេះ​​​នៅ​​​ក្នុង​​​​​​ផ្ទះ​​​របស់​​​ពួក​​​យើង​​​ ហើយ​​​យើង​​​បាន​​​​​​ព្យាយាម​​​រត់​​​ចេញ​​​ក្រៅ​​​ ប៉ុន្តែ​​​យើង​​​ចេញ​​​មិន​​​​​​បាន​​​ទេ​​​ ដោយ​​​​​​សារ​​​តែ​​​ភ្លើង​​​ឆេះ​​​ខ្លាំង​​​ពេក​​​។ ជា​​​សំណាង​​​ល្អ​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​ឪពុក​​​ខ្ញុំ​​​សម្រាន្ត​​​​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​ដើម្បី​​​ឃ្លាំមើល​​​ ហើយ​​​​​​បាន​​​យក​​​ទឹក​​​​​​ពន្លត់​​​ភ្លើង​​​​​​ដោយ​​​មាន​​​ជំនួយ​​​ពី​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​​​​កាត់​​​តាម​​​ផ្លូវ​​​”។

លោក​​​ ហំ គា នាយ​​​​​​ប៉ុស្ដិ៍​​​នគរបាល​​​​​​​​​សង្កាត់​​​បឹង​​​កក់​​​មួយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​​​​នឹង​​​សើុប​​​អង្កេត​​ករណី​​​បង្ក​​​អគ្គិភ័យ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​នឹង​​​ពិនិត្យ​​​មើល​​​ទីតាំង​​​ ហើយ​​​ស៊ើប​​​អង្កេត​​​​​​ករណី​​​នេះ​​​ដើម្បី​​​ចង់​​​ដឹង​​​ថា ​​​តើ​​​មាន​​​​​​នរណា​​​ម្នាក់​​​ព្យាយាម​​​ដុត​​​ផ្ទះ​​​នេះ​​​ ឬ​​​យ៉ាងណា​​​”។

កាលពី​​​ម្សិលមិញ​​​ អង្គការ​​​សិទ្ធិមនុស្ស​​​ទាំង​​​នេះ​​​​​​ក៏​​​បាន​​​អំពាវនាវ​​​​​​ឲ្យ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​​​​ស៊ើប​​​អង្កេត​​​​​​ពាក្យ​​​បណ្ដឹង​​​​​​មួយ​​​ចំនួន​​​ដែល​​​គ្រួសារ​​​នេះ​​​បាន​​​ដាក់​​​​​​ប្ដឹង​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ជុំវិញ​​​ករណី​​​អំពើ​​​ហិង្សា​​​និង​​​វិវាទ​​​ដីធ្លី​​​នេះ​​​ ប៉ុន្តែ​​​​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ពួក​​​គេ​​​មិន​​​ត្រូវ​​​បាន​​​តុលាការ​​​​​​​​​អើពើ​​​ទេ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​។
តំណាង​​​​​​របស់​​​​​​ក្រុមហ៊ុន​​​ ឃុន​​ សៀ អាហ​​​រ័ណ នី​​​ហរ័ណ មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់ព័ន្ធ​​​នឹង​​​ករណីនេះ​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស