នគរបាលខេត្តបន្ទាយមានជ័យកំពុងតែស្វែងរកអ្នកដែលនៅពីក្រោយការបោះពុម្ពខិត្តប័ណ្ណអនាមិកជាច្រើនសន្លឹកទាមទារឲ្យមានការផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ខិត្តប័ណ្ណជាង១២០សន្លឹកត្រូវបានគេប្រទះឃើញកាលពីព្រឹកថ្ងៃអាទិត្យនៅក្បែរវត្តមួយ និងនៅក្បែរសាលាវិក្រឹតការក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។អាជ្ញាធរខេត្តបានឲ្យដឹងកាលពីម្សិលមិញថា ខិត្តប័ណ្ណទាំងនោះក៏បានអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំទាំង២១នាក់ និងព្រះសង្ឃដែលជាប់ពន្ធនាគារផងដែរ។
លោក ស៊ុំសារឿត បានមានប្រសាសន៍ថា “ ទី១ ខិត្តប័ណ្ណអនាមិកទាំងនេះទាមទារឲ្យដោះលែងព្រះសង្ឃកម្ពុជាក្រោមបីអង្គ ទី២ទាមទារឲ្យដោះលែងលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករជាច្រើននាក់ទៀត”។ ខិត្តប័ណ្ណទាំងនេះមិនបានលើកឡើងលម្អិតអំពីអត្តសញ្ញាណ ឬកន្លែងឃុំខ្លួនព្រះសង្ឃទាំងបីអង្គនោះឡើយ។លោកបានមានប្រសាសន៍ថា “ បញ្ហាសំខាន់មួយទៀតគឺថា ខិត្តប័ណ្ណអនាមិកទាំងនេះអំពាវនាវឲ្យរួមកម្លាំងគ្នាផ្តួលរំលំនាយករដ្ឋមន្ត្រីបច្ចុប្បន្ន”។ លោក ស៊ុំសារឿត បានមានប្រសាសន៍ថា លោកបានណែនាំនគរបាលខេត្ត និងអាជ្ញាធរ ពាក់ព័ន្ធដទៃទៀតឲ្យធ្វើការសើុបអង្កេត និងស្វែងរកអ្នកដែលទទួលខុសត្រូវក្នុងការបោះពុម្ពខិត្តប័ណ្ណទាំងនេះ។ លោកបានមានប្រសាសន៍ថា លោកជឿថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសជាអ្នកទទួលខុសត្រូវចំពោះខិត្តប័ណ្ណទាំងនេះ ពីព្រោះខិត្តប័ណ្ណនេះមានរូបសញ្ញារបស់រណសិរ្សរំដោះជាតិខ្មែរ ជាក្រុមសកម្មជនដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក។
កាលពីឆ្នាំមុន បុរសប្រាំពីរនាក់ដែលតាមចោទថា បានជាប់ពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិខ្មែរនេះរួមទាំងព្រះសង្ឃខ្មែរក្រោមបីអង្គផងនោះ ត្រូវបានឃុំខ្លួនតាមការចោទប្រកាន់ពីបទបង្កើត “ អង្គការភេរវកម្មប្រដាប់អាវុធ” បន្ទាប់ពីមានការចោទថា បានចែកចាយខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាល។
ករណីនេះដូចករណីជាច្រើនទៀតដែរ ភ័ស្តុតាងមិនគ្រប់គ្រាន់ត្រូវបានបង្ហាញនៅ ក្នុងតុលាការដើម្បីគាំទ្រការអះអាងរបស់រដ្ឋាភិបាលប្រឆាំងនឹងចុងចោទ។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា លោកបានឃើញខិត្តប័ណ្ណនេះបន្តិចដែរកាលពីថ្ងៃអាទិត្យ ប៉ុន្តែ មិនអាចបញ្ជាក់ថា ខិត្តប័ណ្ណទាំងនេះអំពាវនាវឲ្យផ្តួលរំលំរដ្ឋាភិបាលនោះឡើយ។
លោក ស៊ុម ចាន់គា បានមានប្រសាសន៍ថា ” ខ្ញុំគិតថា វាគ្រាន់តែជាសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះ”។ លោកបានបន្ថែមថា “ខិត្តប័ណ្ណទាំងនេះគ្រាន់តែអំពាវនាវឲ្យ ដោះលែងកម្មករដែលធ្វើកូដកម្ម និងព្រះសង្ឃខ្មែរក្រោមដែលជាប់ឃុំ គឺគ្មានបំណងអាក្រក់បង្កបញ្ហាដល់ប្រទេសជាតិឡើយ”។
ដោយផ្អែកលើការបកស្រាយចោះៗនិងបែបនយោបាយរបស់ក្រសួងមហាផ្ទៃទៅលើការលើកឡើងរបស់លោក កឹម សុខាអំឡុងពេលលោកធ្វើដំណើរទៅក្រៅប្រទេសនោះ កាលពីថ្ងៃសុក្រ ក្រសួងនេះបានចុះផ្សាយអត្ថបទមួយនៅលើគេហទំព័ររបស់ខ្លួនចោទប្រកាន់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថា បានព្យាយាមផ្តួល រំលំរដ្ឋាភិបាល៕សារុន