29 C
Phnom Penh

ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ ដាក់​សំណើ​​សុំ​បង្កើត​គណបក្ស ​សង្គម រាស្ត្រ រាជា​ធិបតេយ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ ព្រះ​អង្គម្ចាស់​ នរោត្ត​​ម រណឫទ្ធិ បាន​ដាក់សំណើ​ផ្លូវការ​ទៅ​ក្រសួង​មហាផ្ទៃ​សុំ​បង្កើត​​គណ​បក្ស​ សង្គម រាស្ត្រ រាជា​​ធិប​តេយ្យ​ (CRPP) ដោយ​ត្រួស​​ត្រាយ​ផ្លូវ​ សម្រាប់​ការ​យាង​​ចូល​ប្រឡូកនៅ​​​ក្នុង​ឆាក​នយោ​បាយ​លើក​ទី​៣​​របស់ព្រះ​អង្គឡើងវិញ​​ចាប់​តាំង​ពី​ព្រះ​អង្គ​​ត្រូវ​បាន​បណេ្ត​ញចេញ​ពី​តួនា​ទី​​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វុ៊ន​​ស៊ិន​ប៉ិច​កាល​ពី​ឆ្នាំ​២០០៦។

ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​ធ្លាប់ ​ធ្វើជា​នាយក​រដ្ឋ​មន្ត្រី​ទី​១ចាប់ពី​ឆ្នាំ​១៩៩៣​រហូត​​ដល់​ព្រះ​អង្គ​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​កម្លាំង​ដែល​ស្មោះ​ត្រង់​​នឹង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ពេល​នោះ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី២​ក្នុង​​ឆ្នាំ​១៩៩៧ ហើយ​ព្រះ​អង្គ​ជា​ព្រះ​ប្រធាន​រដ្ឋ​សភា​ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៦​ដែរ​នោះ បាន​បង្កើត​​គណ​បក្ស​​ថ្មី​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​អះ​អាង​ថា ការ​​កើន​​ឡើង​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ​​​គំរាម​កំហែង​ដល់​រាជា​ធិប​តេយ្យ។
លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត​ ប្រធាន​ ខុទ្ទកាល័យ​ព្រះ​អង្គម្ចាស់​ នរោត្តម រណ​ឫទ្ធិ បាន​មាន​ប្រសាសន៍ថា លោក​បាន​ដាក់​សំណើ​ ផ្លូវការ​សុំ​បង្កើត​គណបក្ស​ សង្គម រាស្ត្រ រាជា​ធិបតេយ្យ​កាលពី​ម្សិល​មិញ​។

លោក អានន្ទដាយ៉ា​ត​ បាន​បន្ថែម​ថា “ ខ្ញុំ​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​នៅ​ម៉ោង​ប្រហែល​២ និ​ង៣០នាទី​រសៀល​ដើម្បី​ស្នើ សុំ​បង្កើត​គណបក្ស​ថ្មីនេះ។
លោក​ អានន្ទដាយ៉ាត បាន​មាន​ប្រសា​សន៍​ថា គណបក្ស សង្គម រាស្ត្រ រាជា​ធិប​តេយ្យ​នឹង​​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅឆ្នាំ​២០១៨ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយបន្ថែម​អំពី​រចនាសម្ព័ន្ធ​ឬ​កម្ម​វិធី​​នយោបាយ​របស់​គណ​បក្ស​ឡើយ។ លោក​បាន​មាន​ប្រសាសន៍ថា  “ យើង​មិន​អាច​​ធ្វើ​អ្វី​នៅ​ដំណាក់​កាល​នេះ​ទេ ពីព្រោះ​យើង​ទើប​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​បង្កើត​គណបក្ស​​ប៉ុណ្ណោះ។ យើង​នឹង​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ដើម្បី​ផ្តល់​សេវា​សាធា​រណៈ​ដែល​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ”។

អ្នក​រិះ​គន់​គណបក្សសង្គម រាស្ត្រ រាជា​ធិបតេយ្យ​លើកឡើង​ថា គណបក្ស​នេះ​បង្កើត ​ឡើង​គ្រាន់តែ​ដើម្បី​បំបែក​សំឡេង​ឆ្នោត​ពី​គណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ​នៅពេល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថយចុះ​យ៉ាង​ច្រើន​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស