នគរបាលខេត្តកណ្តាលបានឲ្យដឹងថា កាលពីម្សិលមិញ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) បានយកគ្រាប់បែកមិនទាន់ផ្ទុះទម្ងន់២៥០ផោន(១១៣គីឡូក្រាម) ដែលទំនងជាត្រូវបានទម្លាក់ដោយកងទ័ពអាកាសអាមេរិកក្នុងការគាំទ្ររដ្ឋាភិបាលយោធារបស់ លន់ នល់ កាលពីទសវត្សរ៍ឆ្នាំ១៩៧០ ពីការដ្ឋានសាងសង់មួយនៅក្នុងខេត្តកណ្តាល។
លោក ម៉ែន សុឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា“ យើងបានរកឃើញគ្រាប់បែកនេះនៅក្នុងដីជម្រៅប្រហែល៣មែ៉ត្រ នៅពេលគ្រឿងចក្រកំពុងជីកដីដើម្បីសាងសង់រោងចក្រមួយនៅតំបន់នោះកាលពីថ្ងៃសុក្រ”។ លោក សុឃឿន បានមានប្រសាសន៍បន្ថែមថា “ អំឡុងពេលយកគ្រាប់នេះចេញកាលពីព្រឹកមិញ មន្ត្រីនគរបាលរបស់យើងមិនហ៊ានឈរក្បែរគ្រាប់បែកនេះទេ”។ លោកបានបន្តថា ស្ថានភាពនៃគ្រាប់បែក MK-81 ដែលមានឈ្មោះហៅក្រៅថា “ គ្រាប់ផ្ទុះដូចលាច” អំឡុងសម័យសង្គ្រាមនៅក្នុងប្រទេសវៀតណាម គឺអាចផ្ទុះបាននៅឡើយ”។ លោក សុឃឿន បានឲ្យដឹងថា ភូមិគ្រោះ ឃុំសន្លុង ជាទីដែលគ្រាប់បែកនេះត្រូវបានរកឃើញគឺជាតំបន់ខ្សែត្រៀមជួរមុខមួយដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាល លន់ នល់ និងកងទ័ពខ្មែរក្រហម។លោកបានឲ្យដឹងបន្តទៀតថា គ្រាប់បែកនេះគឺជាគ្រាប់បែកដ៏ធំបំផុតមិនដែលប្រទះឃើញឡើយនៅតំបន់នេះ៕ ស៊ុយឈាង