34 C
Phnom Penh

កូន​​​ប្រុស​​​របស់​​​លោក​​​ ហោ ណាំហុង​​​ ច្រាន​​​ចោល​​​​​​បក្ខពួក​​​និយម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួ​​​​​​យ​​​បាន​​​បញ្ចេញ​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ម្សិល​​​​​​មិញ​​​ ដោយ​​​ក្នុង​​​នោះ​​​លោក ហោ សុធួន​​​ កូន​​​ប្រុស​​​ច្បង​​​​​​របស់​​​លោក​​​ ហោ ណាំ ហុង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​បាន​​​និយាយ​​​ការពារ​​​ខ្លួន​​​ឯង​​​​​​ប្រឆាំង​​​​​​នឹង​​​ពាក្យ​​​បណ្ដឹង​​​រឿង​​​បក្ខពួក​​​និយម​​​ ការ​​​រំលោភ​​​អំណាច​​​ និង​​​​​​ការ​​​គ្រប់គ្រង​​​ចាត់​​​ចែង​​​​​​ប្រាក់​​​រង្វាន់​​​មិន​​​បាន​​​ល្អ​​​នៅ​​​ក្នុង​​​មុខ​​​តំណែង​​​របស់​​​​​​លោក​​​ជា​​​​​​អគ្គលេខាធិការ​​​អចិន្ត្រៃយ៍​​​នៅ​​​ក្នុង​​​ក្រសួង​​​របស់​​​ឪពុក​​​លោក​​​។​​​

សេចក្ដី​​​ថ្លែង​​​ការណ៍​​​ ដែល​​​​​​ព្រីន​​​នៅ​​​លើ​​​​​​ក្បាល​​​លិខិត​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើពុក​​​រលួយ​​​​​​នេះ​​​ មិន​​​រាប់​​​បញ្ចូល​​​ពាក្យ​​​បណ្ដឹង​​​ប្រឆាំង​​​លោក​​​ ហោ សុធួន​​​ ឬ​​​បញ្ជាក់​​​ថា តើ​​​កំពុង​​​​​​មាន​​​​​​ការ​​​សុើប​​​អង្កេត​​​​​​លើ​​​អគ្គលេខាធិការ​​​នៃ​​​ក្រសួង​​​ការបរទេស​​​រូប​​​នេះ​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​។ ផ្ទុយ​​​មក​​​វិញ​​​​​​វា​​​​​​បង្ហាញ​​​ពី​​​សេចក្ដី​​​សង្ខេប​​​​​​ដ៏​​​វែង​​​នៃ​​​ការ​​​ឆ្លើយ​​​ការពារខ្លួន​​​របស់​​​លោក​​​ ហោ សុធួន​​​​​​។

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ “ការ​​​​​​តែង​​​តាំង​​​​​​​​​និង​​​ការ​​​​​​​​​ដំឡើង​​​​​​មុខ​​​តំណែង​​​​​​ក្នុង​​​ស្រុក​​​​​​និង​​​បរទេស​​​​​​ត្រូវ​​​បាន​​​អនុវត្តន៍​​​តាម​​​គោល​​​​​​ការណ៍​​​និង​​​​​​នីតិវិធី​​​​​​​​​ដែល​​​ប្រកប​​​ដោយ​​​ភាព​​​យុត្តិធម៌​​​ និង​​​​​​​​​តម្លាភាព​​​ដោយ​​​ផ្អែក​​​លើ​​​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​ដូចជា​​​ លក្ខណៈ​​​សម្បត្តិ​​​ ចំណេះ​​​​​​ដឹង​​​ ជំនាញ​​​វិទ្យាជីវៈ​​​ ការ​​​ស្ទាត់​​​ជំនាញ​​​ភាសា​​​បរទេស​​​ ការ​​​ធ្វើ​​​ការ​​​​​​យូរ​​​ ការ​​​ទទួល​​​​​​ខុស​​​ត្រូវ​​​ និង​​​ការ​​​ទៀង​​​ទាត់​​​ពេល​​​វេលា”។

លោក​​​ ហោ ណាំហុង​​​ ដែល​​​បាន​​​កាន់​​​មុខ​​​តំណែង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ការបរទេស​​​ពី​​​ឆ្នាំ ១៩៩០ ដល់​​​ឆ្នាំ​​​១៩៩៣ និង​​​ដែល​​​​​​បាន​​​​​​បន្ត​​​កាន់​​​​​​មុខ​​​តំណែង​​​នេះ​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៨នោះ​​​ បាន​​​​​​ដំឡើង​​​​​​កូន​​​ប្រុស​​​​​​បី​​​នាក់​​​​​​របស់​​​លោក​​​​​​ឲ្យ​​​កាន់​​​​​​មុខ​​​តំណែង​​​ខ្ពស់​​​ៗ​​​នៅ​​​ក្នុង​​​ក្រសួង​​​នេះ​​​។

ក្នុងពេល​​​ថ្មីៗ​​​នេះ​​​​​​លោក​​​ ហោ ណាំបូរា៉ ទើប​​​តែ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​មក​​​កាន់ប្រទេស​​​កម្ពុជា​​​វិញ​​​ បន្ទាប់ពី​​​បាន​​​កាន់​​​មុខ​​​តំណែង​​​​​​ជា​​​ឯកអគ្គរាជទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​អង់​​​គ្លេស​​​​​​​​​និង​​​ជា​​​តំណាង​​​អចិន្ត្រៃយ៍​​​របស់​​​កម្ពុជា​​​ប្រចាំ​​​នៅ​​​សហភាព​​​អាហ្វ្រិក​​​។​​​ ពេល​​​នេះ​​​​​​លោក​​​ គឺ​​​ជា​​​អគ្គលេខាធិការ​​​រង​​​​​​នៅ​​​ក្រសួង​​​ការបរទេស​​​។

លោក​​​ ហោ មុនីរ័ត្ន​​​ កូន​​​ប្រុស​​​ម្នាក់​​​ទៀត​​​​​​របស់​​​លោក​​​ ហោ ណាំហុង​​​ គឺ​​​ជា​​​ឯអគ្គរាជ​​​ទូត​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​ប្រចាំ​​​ប្រទេស​​​ជប៉ុន​​​។

លោក​​​ ហោ សុធួន​​​ បាន​​​លើកឡើ​​​ង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ការ​​​​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​​​​រូប​​​លោក​​​​​​ក៏​​​ដោយ​​​ក៏​​​លោក​​​​​​សូម​​​និយាយ​​​ការពារ​​​នៅ​​​ក្នុង​​​ក្រប​​​ខណ្ឌ​​​ក្រសួង​​​ការបរទេស​​​​​​ដើម្បី​​​​​​ធានា​​​ថា ការ​​​ដំឡើង​​​តំណែង​​​គឺ​​​អាស្រ័យ​​​លើ​​​គុណសម្បត្តិ​​​ ហើយ​​​ថា មន្ត្រី​​​ម្នាក់​​​ៗ​​​ទទួល​​​បាន​​​ការ​​​វាយ​​​តម្លៃ​​​​​​ជា​​​ប្រចាំ​​​​​​ចំពោះ​​​ការ​​​បំពេញ​​​ការងារ​​​របស់​​​ពួក​​​គេ​​​​​​។​​​

ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​​​​ការ​​​​​​​​​ចោទ​​​ប្រកាន់​​​មិ​​​ន​​​ច្បាស់​​​លាស់​​​​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​​​​គ្រប់គ្រង​​​ចាត់​​​​​​ចែង​​​ប្រាក់​​​រង្វាន់​​​​​​មិន​​​បាន​​​ល្អ​​​ លោក​​​ ហោ សុធួន​​​​​​ បាន​​​​​​ពន្យល់​​​លម្អិត​​​ពី​​​ចំនួន​​​ប្រាក់​​​ឧបត្ថម្ភ​​​ផ្ដល់​​​ទៅ​​​ឲ្យ​​​មន្ត្រី​​​ក្រោម​​​ឱវាទ​​​​​​សម្រាប់​​​ថ្លៃ​​​អាហារ​​​និង​​​ប្រេង​​​សាំង​​​ អាស្រ័យ​​​លើ​​​ភារ​​​កិច្ច​​​របស់​​​ពួកគេ​​​។ លោក​​​ ហោ សុធួន​​​ មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ កាល​​​ពីម្សិលមិញ​​​។​​​

លោក​​​ ឆាយ សាវុធ​​​ អនុប្រធាន​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​ឃើញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​​​​ពាក់ព័ន្ធ​​​នឹង​​​លោក​​​ ហោ សុធួន​​​ នេះ​​​ទេ​​​ ហើយ​​​​​​លោក​​​បាន​​​បង្វែ​​​រសំណួរ​​​ទៅ​​​លោក​​​ ឱម យុិន​​​ទៀង​​​ ប្រធាន​​​​​​អង្គភាព​​​ប្រឆាំងអំពើ​​​ពុករលួយ។

លោក​​​ ឆាយ​​​ សាវុធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “រឿ​​​ង​​​ក្ដី​​​ទាំង​​​ពីរ​​​នេះ​​​” ត្រូវ​​​បាន​​​​​​អនុវត្ត​​​ដោយ​​​ឯកឧត្តម​​​ប្រធាន​​​ [លោក​​​ ឱម យុិន​​​​​​ទៀង]”។​​ ចំណែក​​​ឯ​​​លោក​​​ ឱម យិុន​​​ទៀត​​​ក៏​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​​​​បំភ្លឺ​​​បាន​​​ដែរ​​​។

នៅ​​​ក្នុង​​​សេចក្ដីថ្លែងការណ៍​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​​​​​​​នៅ​​​ក្នុង​​គេហទំព័រ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ កាល​​​ពី​​​ម្សិលមិញ ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ខេត្ត​​​កោះ​​​កុង​​​មួយ​​​រូប​​​ត្រូវ​​​បាន​​​​​​សម្រេច​​​ឲ្យ​​​​​​រួច​​​ផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​​​​ពុក​​​រលួយ​​​ពាក់​​​ព័ន្ធ នឹង​​​ក្រុម​​​ហ៊ុន​​បូម​​​ខ្សាច់​​​និង​​​ការ​​​លក់​​​ដីរដ្ឋ​​​។

លោក​​​ ពេជ្រ ស៊ីយន់​​​ ប្រធាន​​​មន្ទីរ​​​រ៉ែ​​​និង​​​ថាមពល​​​ខេត្ត​​​​​​កោះ​​​កុង​​​ រួម​​​​​​ជាមួយ​​​នឹង​​​មន្ត្រី​​​​​​ក្រោម​​​ឱវាទផ្សេង​​​ៗ​​​ទៀត​​​​​​របស់​​​​​​លោ​​​ក​​​ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​លក់​​​ដី​​​ជា​​​ច្រើន​​​ឡូ​​​​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​មន្ទីរ ការ​​​កាត់​​​​​​ប្រាក់​​​ខែ​​​​​​របស់​​​មន្ត្រី​​​ក្រោម​​​ឱវាទ​​​ និង​​​ទទួល​​​សំណូក​​​ពី​​​​​​ក្រុម​​​ហុ៊ន​​​បូម​​​ខ្សាច់​​​នានា​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​។ ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​មាន​​​នៅ​​​ក្នុង​​​ពាក្យ​​​បណ្ដឹង​​​មួយ​​​ដែល​​​​​​ប្រជាពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​​​​នឹង​​​មន្ត្រី​​​​​​មន្ទីរ​​​បាន​​​ប្ដឹង​​​ទៅអង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​កាល​​​ពី​​ខែ​​​មេសា​​​ ឆ្នាំ​​​២០១៣​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដែល​​​ចុះហត្ថលេខ​​​​​​ដោយ​​​លោក ឱម​​​ យិុន​​​ទៀង “ពេជ្រ​​​ ស៊ី​​​យន់​​​ និង​​​មន្ត្រី​​​រាជការ​​​មួយ​​​ចំនួន​​​នៅ​​​មន្ទីរ​​​​​​ឧស្សាហ​​​កម្ម​​​រ៉ែ​​​និង​​​​​​ថាម​​​ពល​​​ខេត្ត​​​កោះ​​​កុង​​​​​​បាន​​​បញ្ជាក់​​​ថា [ពួក​​​គេ​​​] មិន​​​បាន​​​ឃុបឃិត​​​គ្នា​​​​​​ដើម្បី​​​ទទួល​​​បាន​​​ប្រាក់​​​ពីការ​​​លក់​​​ [ដី​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​មន្ទីរ​​​ខេត្ត​​​នេះ​​​។​​​ តាម​​​ពិត​​​ទៅ ​​​​​​ដី​​​នេះ​​​​​​ត្រូវ​​​បាន​​​ដោះ​​​ដូរ​​​​​​ជា​​​ថ្នូ​​​រនឹង​​អគារ​​​ថ្មី​​​​​​ដោយ​​​មាន​​​ការ​​​​​​អនុ​​​ម័ត​​​សម្រេច​​​ពី​​​ថ្នាក់​​​លើ​​​គ្រប់​​​ជាន់​​​ថ្នាក់​​​”។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​​​​ក៏​​​លើក​​​ឡើង​​​​​​ដែរ​​​ថា លោក​​​ ពេជ្រ​​​ ស៊ីុយន់​​​ បាន​​​បញ្ជាក់​​​ហើយ​​​ថា លោក​​​​​​បាន​​​​​​ផ្ដល់​​​សក្ខី​​​កម្ម​​​ដល់​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​កាលពី​​​ឆ្នាំមុន​​​​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​រូប​​​លោក​​។​​​ លោក​​​បាន​​​​​​បន្ត​​​ថា ប្រាក់​​​ដែល​​​មន្ត្រី​​​របស់​​​លោក​​​ប្រមូល​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​​​​​​​បូម​​​ខ្សាច់​​​នានា​​​ចូល​​​​​​ទៅ​​​ក្នុង​​​ថវិកា​​​រដ្ឋ​​​ដោយ​​​ផ្ទាល់​​​។

លោក​​​ ព្រាប កុល​​​ នាយក​​​ប្រតិបត្តិ​​​​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​​​​មាន​​​អារម្មណ៍​​​​​​ស្រពិច​​​ស្រពិល​​​​​​ ដែល​​​ក្នុង​​​នោះ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​​​ហាក់​​​ដូច​​​ជា​​​ កំពុង​​​អនុវត្តនៃ​​​អាណត្តិ​​​របស់​​​ខ្លួន​​​ដើម្បី​​​កម្ចាត់​​​អំពើ​​​ពុករលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​ ព្រាប​​​ កុល​​​ បាន​​​គូស​​​បញ្ជាក់​​​ទៀត​​​​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ច្បាស់​​​​​​ទេ​​​ថា តើ​​​នីតិវិធី​​​ និង​​​ការ​​​អនុ​​​វត្ត​​​​​​អ្វី​​​ឲ្យ​​​ពិត​​​ប្រាកដ​​​ដែល​​​ពួក​​​គេ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​ការងារ​​​របស់​​​ខ្លួន​​នោះ​​​​​​ ប៉ុន្តែ​​​បើ​​​ក្រឡេក​​​មើល​​​មួយ​​​ភ្លែត​​​ វា​​​ហាក់​​​ដូច​​​ជា​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កំពុង​​​ការពារ​​​មន្ត្រី​​​ជាប់ចោទ​​​អ៊ីចឹង​​​”។

​លោក​​​ ព្រាប កុល​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​គួរ​​​តែ​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ច្បាប់​​​រៀប​​​រាប់​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ការ​​​ចោទ​​​ប្រកាន់ទាំង​​​នេះ​​​ ហើយ​​​ថា បាន​​​រក​​​ឃើញ​​​​​​ដូច​​​នេះ​​​ ឬដូច​​​នោះ​​។ បន្ទាប់មក​​​ពួក​​​គេ​​​គួរ​​​តែ​​​ធ្វើ​​​សេចក្ដី​​​សន្និដ្ឋាន​​​​​​ដោយ​​​ផ្អែក​​​លើ​​​លទ្ធផល​​​ទាំង​​​នោះ​​​”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស