27 C
Phnom Penh

សហភាព​អឺរ៉ុប​​៖ សកម្មភាព​នាំចេញ​ស្ករ​សនៅ​តែមាន​អត្ថ​ប្រយោជន៍មិនគិត​ពន្ធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ការ៉ែល ឌឺហ្គាច់ (Karel De Gucht)​ប្រធាន​គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​លោក​ ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ក្នុង​រាជ​ធានីភ្នំពេញ​កាលពីម្សិល​មិញ​​​ថា លោក​មិន​មាន​ផែន​ការ​​ដាក់​ចេញ​នូវ​​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​ករណី​ចម្ការ​អំពៅ​ដែល​រង​ការ​រិះគន់​យ៉ាង​ច្រើន​​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ សរុ​ប​មក​អត្ថ​ប្រយោជន៍​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​ប្រទេស​កម្ពុជា​នាំ​ទំនិញ​ចេញទៅ​​​ទីផ្សារ​អឺរ៉ុប​នៅ​តែ​មិន​មា​ន​បញ្ហា​ក្នុង​ពេល​អនាគត​ដែល​អាច​ព្យាករ​បាន​។

ដំណឹង​នេះ​ត្រូវ​បាន​ផ្ស​ព្វ​ផ្សាយ​កាលពី​ម្សិលមិញ ចំពេល​ដែល​ក្រុម​ហ៊ុន​ប៉ិប​ស៊ី ដែល​​​ជាក្រុម​ហ៊ុន​ភេសជ្ជៈ​ដ៏ធំមួយ​​បាន​ប្រកាស​ថា ខ្លួន​កំពុង​តែសហការ​ជាមួយ​​ក្រុម​ហ៊ុន​កូកា​កូឡា ដែល​ជា​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​របស់​ខ្លួន​ ក្នុង​ការ​ប្រកាស​ចំណាត់​ការ​ “គ្មាន​ការ​អត់​ឱន” ចំពោះ​សកម្មភាព​ទន្ទ្រាន​យ​ក​ដី​ធ្វើ​ឡើង​ដោយ​អ្នក​ផ្គត់​ផ្គង់​ស្ករស​។ បច្ចុប្បន្ន​នេះ ក្រុម​ហ៊ុន​ទាំង​ពីរ​កំពុង​ចាប់​ផ្ដើម​ពិនិត្យ​សង្វាក់​ផ្គត់​ផ្គង់​របស់​ខ្លួន​ ដែល​នឹង​ជិត​មក​ដល​់​ប្រទេស​​​កម្ពុជា​ហើយ​។

ក៏ប៉ុន្តែ​លោក ឌឺហ្គាច់​ ​លើក​ឡើង​ថា សហ​​ភាព​អឺរ៉ុប​មិន​មាន​ផែ​ន​ការ​ស៊ើប​អង្កេត​ចម្ការ​ទាំង​នោះ​ទេ។ លោក​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពីម្សិលមិញ​​ក្នុង​ដំណើរ​ទស្សនកិច្ច​​មក​ប្រទេស​នេះ​ វៀតណាម និង​ប្រទេស​ភូមា ក្នុង​គោល​បំណង​ជំរុញ​ពាណិជ្ជកម្ម​រវាង​សហ​ភាព​អឺរ៉ុប និង​​បណ្ដា​ប្រទេស​ជា​សមា​ជិក​​នៃ​សមាគម​​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​ ឬ​ហៅ​ថា អាស៊ាន។

លោក ឌឺហ្គាច់​ បាន​មាន​ប្រសាសន៍​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​​ជួ​ប​ប្រជុំ​អស់​រយៈ​ពេល​មួយ​ថ្ងៃ​ជាមួយ​លោក ស៊ុន ចាន់​ថុល លោក អង្គ វង្ស​វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ និង​លោក​ សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

លោក ឌឺហ្គាច់ បាន​ហៅ​​​កិច្ច​ពិភាក្សា​​ទាំង​នេះ​ថា ជា​ “ជំហាន​ដ៏សំខាន់​មួយ”។ ក៏ប៉ុន្តែ​ក្រោយ​កិច្ច​ប្រជុំ​ទាំង​បី​ ភាគីទាំង​ពីរ​មិន​ទាន​់​បាន​ឯក​ភាព​គ្នា​សូម្បីតែ​លើ​ចំនួន​គ្រួសា​រ​ដែល​មានសិទ្ធិទាម​ទារ​ស្រប​​​​​ច្បាប់​នៅឡើយ​ទេ​​។ នៅពេល​​ត្រូវ​បាន​សួរ​ថា តើ​ប្រទេស​កម្ពុជា​ និង​សហភាព​អឺរ៉ុប​​មាន​ចំនួន​​គ្រួសារ​​ទាំង​នោះ​ខុស​គ្នា​កម្រិតណា​ ​លោកប្រធាន​គណៈ​កម្មការ​ពាណិជ្ជកម្មអឺរ៉ុបរូបនេះ​ បាន​លើកឡើងថា ​មិនទាន់ដល់ពេល​និយាយអំពី​តួលេខទាំងនេះ​ទេ។

​ លោក​បានលើកឡើង​ថា ​លោក​សង្ឃឹមថា ​នឹង​នាំ​​អ្នក​ជំនាញ​ការ​ឯករាជ​្យ​ពីរ​នាក់​មក ដើម្បី​សិក្សា​ពី​កម្រិត​ទាម​ទារ​របស់​គ្រួសារប្រជាជន​មានសិទ្ធិ​ទាមទារ​ទាំងនោះ​។ លោក​មានប្រសាសន៍ថា “គ្រួសារ​​​​​​ប្រជាជនដែល​មិនទាន់​ត្រូវបាន​សង​ជំងឺចិត្ត គួរតែត្រូវបានសងជំងឺចិត្ត​ឆាប់ៗតាម​លទ្ធ​​​ភាព​​​​​​ដែលអាចធ្វើទៅបាន”​​​។

ពាណិជ្ជកម្ម​រវាង​ប្រទេសកម្ពុជា និង​សហ​ភាពអឺរ៉ុប បាន​កើនឡើង​កាន់តែ​ច្រើនឡើង​ៗ​ ក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​អ្វីៗគ្រប់​យ៉ាងលើក​លែងតែសព្វាវុធ​ (Everything But Arms)​ របស់​សហភាពអឺរ៉ុប​ ជាហេតុ​នាំ​ឲ្យ​សហភាពអឺរ៉ុប​ក្លាយជា​គោលដៅ​ទីផ្សារ​ដ៏​សំខាន់​ខ្លាំង​សម្រាប់​ទំនិញ​នាំចេញ​ពីប្រទេស​កម្ពុជា​។ ​ទំហំពាណិជ្ជកម្ម​របស់ប្រទេស​នេះ​​ទៅកាន់​សហភាពអឺរ៉ុប ​បានកើនឡើង​៣០​ភាគរយ ដល់​៣,៣ពាន់លាន​ដុល្លារកាលពីឆ្នាំ​មុន​ ជាពិសេស​ផលិតផល​សម្លៀកបំពាក់​ បន្ទាប់​​​មក​​ស្បែក​ជើង​ កង់​ និង​អង្ករ​។

ក៏ប៉ុន្តែ​សកម្មភាព​នាំចេញ​ស្ករសពី​​ប្រទេស​​​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​ ដែល​បាន​កើន​ឡើង​ជា​ងបីដង​ដល់​៥៣​លាន​ដុល្លារ​កាល​ពី​ឆ្នាំមុន​។ ទោះ​ជាយ៉ាង​ណា សកម្មភាព​នេះ​បាន​​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​បំផុត​។

អំឡុងពេល​​អនុវត្ត​​យុទ្ធនាការ​ដោយ​អង្គ​ការ​អក់​ស្វាម​អន្តរជាតិ ទៅលើ​ក្រុម​ហ៊ុន​ទិញ​ស្ករស​ធំៗ​នៅ​លើ​ពិភព​លោក​ ក្រុម​ហ៊ុន​កូកា​កូឡា បាន​ដាក់​ចេញ​នូវ​ការ​ត្រួត​ពិនិត្យ​ផ្នែក​បរិស្ថាន​ និង​សង្គម​នៅ​តាម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករ​ស​សំខាន់​ៗ​របស់​ខ្លួន​នៅ​ជុំវិញ​ពិភព​លោក​ កាលពីខែវិច្ឆិកាឆ្នាំមុន។ ក្រុម​ហ៊ុន​នេះ បាន​បញ្ជូន​ក្រុម​ការ​ងារ​មួយ​មក​កាន់​ប្រទេស​កម្ពុជា​​​សម្រាប់​បំពេញ​ទស្សនកិច្ច​ពេញ​មួយ​សប្ដាហ៍​​នៅ​តាម​សហគមន៍​ដែល​អះអាង​ថា ខ្លួន​រង​ការ​រំលោភ​បំពាន​ពីសំណាក់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​កាលពីខែមុន។

កាលពីម្សិលមិញ ក្រុម​ហ៊ុន ប៉ិបស៊ី បាន​ប្រកាស​ផែន​ការ​របស់​ខ្លួន​ដូច​ផែន​ការ​របស់​ក្រុម​ហ៊ុន​កូកាកូឡា​ផង​ដែរ​ ដោយ​ដាក់​ចេញ​នូវ​​​គោល​នយោបាយ​ដីធ្លីថ្មី​​ឲ្យ​ស្រប​តាម​ចំណាត​់​ការ “គ្មាន​ការ​អត់​ឱន”​​​ ចំពោះ​សកម្មភាព​ទន្ទ្រាន​​​យក​ដី​​ និង​ចាប់​ផ្ដើម​ពិនិត្យ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ធំៗ​​​របស់​ខ្លួន​ ដោយ​ចាប់​ផ្ដើមពី​ប្រទេស​ប្រេស៊ីល។

លោក ប៉ូល បូយកាស (Paul Boykas) អនុ​​ប្រធាន​ផ្នែក​គោល​នយោបាយ​សាធារណៈ​​​ក្រុម​ហ៊ុន​ប៉ិប​ស៊ី បាន​លើក​ឡើង​​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​​​​​​​​​​​​​គេហ​ទំព័រ​របស់​ក្រុម​ហ៊ុន​នេះ​ថា“ ទោះ​បី​ជា​ទំនិញ​មា​ន​ប្រភព​មកពីណា​ក៏ដោយ​ ទោះ​ដោយ​ផ្ទាល​់​ ឬដោយ​មិន​ផ្ទាល់​ក៏ដោយ​ ទោះ​មក​ពី​កសិដ្ឋាន​ ឬផ្នែក​កែច្នៃ​ក៏ដោយ ​​​ក៏​គោល​​នយោបាយ​ដីធ្លី​នេះ​កំណត់​គោល​បំណង​ និង​សកម្មភាព​របស់​យើង​ដែល​យើង​ក្នុង​នាម​ជា​ក្រុម​ហ៊ុន​មួយ​នឹង​អនុវត្ត​ដើម្បី​ទទួល​ស្គាល់​សិទ្ធិ​ដីធ្លី​នៅ​គ្រប់​ទីកន្លែង​ក្នុង​សង្វាក់​ផ្គត់​ផ្គង់​របស់​យើង”​​​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​អង្គ​ការ​អក់​ស្វាម បាន​លើក​ឡើង​ថា ផែន​ការ​របស់​​ក្រុម​ហ៊ុន​ ប៉ិប​ស៊ី មាន​ទាំង​ការ​ពិនិត្យ​វិវាទ​ដីធ្ល​ី​​ដែល​អង្គការ​នេះ​បាន​បង្ហាញ​​នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំ​២០១៣​មួយ​ ដែល​មានទាំង​វិវាទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

ទោះ​ជា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​​​មក​លើ​​ផលិត​ផល​ស្ករ​ស​កម្ពុជា​ក៏ដោយ​​ ប៉ុន្តែ​​​​ផលិត​ផល​ដែល​ត្រូវ​បាន​នាំចេញ​ពីប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប គឺ​សម្លៀក​​បំពាក់ទៅវិញ​។ ទាក់​ទង​ទៅនឹង​បញ្ហា​​​ដ៏ធំមួយ​ក្នុង​វិស័យ​កាត់​ដេរ​ លោក ឌឺហ្គាច់ បាន​ឲ្យ​ដឹង​ថា លោក​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ និង​កែលម្អ​​​លក្ខខណ្ឌការ​ងារ​។

កាលពីខែធ្នូ វិស័យ​កាត់​ដេរ​ដែល​ជា​វិស័យ​ដ៏សំខាន់​របស់​​ប្រទេស​កម្ពុជា​ ត្រូវ​បាន​រង​សម្ពាធ​​​​កូដកម្ម​​អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ ក្នុង​គោល​​​បំណង​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​​។ កូដកម្ម​ទាំង​នេះបាន​ជំរុញ​​ឲ្យ​រោងចក្រ​ជាង​៥០០​​ក្នុង​ប្រទេស​កម្ពុជា​បិទ​ទ្វា​រមួយ​រយៈ​​​។លើស​ពីនេះទៅ​ទៀត ​កូដ​កម្ម​​ទាំង​នេះ​បាន​បណ្ដាល​ឲ្យ​​មា​ន​អំពើ​ហិង្សា​កើត​​ឡើង​ ហើយ​ក្រោយ​មក​ក៏បាន​បញ្ចប់​កាលពី​ដើម​ខែ​មករាឆ្នាំនេះ បន្ទាប់ពី​នគរ​បាល​បាញ់​​សម្លាប់​កម្មករ​តវ៉ា​ប្រាំនាក់​ និង​ចាប់​ខ្លួន​ជាង​២០​នាក់​ផ្សេង​ទៀត​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក ឌឺហ្គាច់ បាន​ឲ្យ​ដឹង​​ថា លោក​បាន​ជំរុញ​ លោក អង្គ វង្សវឌ្ឍានា ធ្វើ​ឲ្យ​ប្រាកដ​​​ថា តុលាការ​បញ្ជាក់​ឲ្យ​ច្បាស់​ពីភាព​ខុស​គ្នា​រវាង​អ្នក​តវ៉ា​ដោយ​សន្តិ​វិធី​ និង​ជន​ល្មើស​។

លោក​បាន​មាន​​ប្រសាសន៍​ថា “ ក៏ប៉ុន្តែ​​ខ្ញុំ​ជឿ​ថា បញ្ហា​​​នេះ​​នឹង​ត្រូវ​បាន​សម្រេច​ដោយ​​​តុលា​ការ​ ហើយ​យើង​នឹង​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​ចំណាត់​ការ​របស់​តុលាការ”​​​។

លោក ឌឺហ្គាច់ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា សហភាព​អឺរ៉ុប​ក៏សង្ឃឹម​ថា នឹង​​មាន​កិច្ច​​ព្រម​ព្រៀង​វិស័យ​កាត់​ដេរ​ដែល​មាន​ការ​ពាក់​ព័ន្ធ​ពី​ភាគី​នានា​​​​ជាមួយ​ប្រទេស​កម្ពុជា​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ ដូច​ដែល​ខ្លួន​មាន​ជាមួយ​​​ប្រទេស​បង់​ក្លាដែសដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “សិទ្ធិនៃ​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធីពិត​ជា​ត្រូវ​បាន​ការ​ពារ​ ហើយ​អ្វី​ដែល​យើង​កំពុង​រៀប​ចំ​គឺ​យើង​នឹង​ដាក់​ចេញ​នូវ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​ការ​ចូលរួមពី​ភាគី​ពាក់ព័ន្ធ​បួន​ គឺ​រដ្ឋា​ភិបាល​កម្ពុជា​ សហភាព​អឺរ៉ុប ផលិត​ករ​ក្នុង​ស្រុក​ និង​ក្រុម​ហ៊ុន​អឺរ៉ុប​ដែល​កំពុង​ទិញ​ផលិត​​​ផល​សម្លៀក​បំពាក់​ទាំង​នេះ​ ហើយ​កិច្ច​ព្រម​​ព្រៀង​នេះ​នឹង​​ត្រូវ​​បាន​ចុះហត្ថលេខា​ដោយ​ភាគីទាំង​នេះ​ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ”​​​។

លោក សំ ប្រជាមានិត អ្នក​នាំពាក្យ​ក្រសួង​​​យុត្តិធម៌​​ បាន​លើក​ឡើង​ថា លោក​មិន​បាន​ដឹង​អំពីកិច្ច​ប្រជុំ​រវាង​លោក វង្សវឌ្ឍានា និង​​ប្រធាន​គណៈកម្មការ​​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ទេ។

លោក កែន រដ្ឋា អ្នក​នាំពាក្យ​របស់​​​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា ​លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ប្រធាន​​​​គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថា ​កម្ពុជា​នឹង​ផ្ញើ​របាយការណ៍​ពេញ​លេញ​​ ដែល​បង្ហាញ​​ពី​​ការ​គ្រប់​គ្រង​សកម្ម​ភាព​តវ៉ា​ខុស​ច្បាប់​ទៅ​ឲ្យ​សហភាព​អឺរ៉ុប​នៅ​ពេល​ឆាប់ៗ​នេះ​​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​វិវាទ​​ដីធ្លី​ដែល​ពាក់​ព័ន្ធ​នឹង​ផលិត​ផល​ស្ករស​។ គណៈប្រតិភូ​សភា​អឺរ៉ុប​គ្រោង​នឹង​មក​ដល់​​ប្រទេស​កម្ពុជា​នៅ​ដំណាច់ខែ​នេះ​​ដើម្បី​ពិភាក្សា​​អំពី​វិស័យ​ស្ករស​ និង​កាត់ដេរ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​បន្ថែម​ទៀត​៕ សុធា 

(រាយការណ៍បន្ថែម​ដោយ​ ហ៊ុល រស្មី)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស