នៅពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចូលតុចរចាជាលើកទី៣អំពីការកែទម្រង់ការបោះឆ្នោតកាលពីថ្ងៃច័ន្ទ គណបក្សកាន់អំណាចបានផ្តោតលើគោលដៅគួរឲ្យភ្ញាក់ផ្អើលថ្មីមួយធ្វើជាគោលនយោបាយអាទិភាពរបស់ខ្លួន។
ជំនួសឲ្យការលើកឡើងពីបញ្ជីឈ្មោះបោះឆ្នោត ស្ថាប័នរៀបចំការបោះឆ្នោត ឬប្រព័ន្ធផ្សព្វផ្សាយនោះ មន្ត្រីគណបក្សប្រជាជនកម្ពុជាបែរជាចង់និយាយអំពីអព្យាក្រឹតភាពផ្នែកនយោបាយរបស់អង្គការសង្គមសីុវិលទៅវិញ ជាពិសេសអង្គការដែលធ្វើរបាយការណ៍អំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សប្រជាជនកម្ពុជាស្នើឲ្យមានច្បាប់មួយធានាពីអព្យាក្រឹតភាពរបស់អង្គការសង្គមសីុវិល និងអ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យ ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។ អង្គការជាច្រើនបានចេញរបាយការណ៍រិះគន់ខ្លាំងៗដល់ការបោះឆ្នោតជាតិកាលពីខែកក្កដា។
លោក សុិក ប៊ុនហុក តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមការចរចាអំពីកំណែទម្រង់ការបោះឆ្នោតនេះបានមានប្រសាសន៍ថា កង្វល់របស់គណបក្សកាន់អំណាចអំពីនិន្នាការនយោបាយរបស់អង្គការក្រៅរដ្ឋាភិបាល កើតចេញពីឥទ្ធិពលរបស់ពួកគេមកលើមតិសាធារណៈអំពីការបោះឆ្នោតកាលពីខែកក្កដា។
លោក ប៊ុនហុក បានមានប្រសាសន៍ថា “វាធ្ងន់ធ្ងរណាស់នៅពេលដែលអង្គការសង្គមសីុវិលមិនអព្យាក្រឹត ពីព្រោះវាធ្វើឲ្យមានឥទ្ធិពលអាក្រក់លើសាធារណជននិងការបោះឆ្នោត”។ លោកបានមានប្រសាសន៍ថា “យើងមិនផ្តោតលើអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមសីុវិលណាមួយនោះទេ ប៉ុន្តែ យើងចង់ឃើញពួកគេទាំងអស់គ្នាគោរពច្បាប់ និងទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសឆ្គង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ដូច្នេះហើយយើងត្រូវសរសេរក្នុងច្បាប់អំពីការតម្រូវឲ្យអង្គការសង្គមសីុវិលទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើការអះអាងរបស់ពួកគេបង្កឲ្យមានបញ្ហាជាមួយការបោះឆ្នោត”។
អង្គការសង្គមសីុវិលមួយក្រុមមានចំនួន១២អង្គការ ដែលមានឈ្មោះថា សម្ព័ន្ធកែទម្រង់ការបោះឆ្នោត កាលពីខែធ្នូបានចេញរបាយការណ៍រួមស្តីអំពីការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ ជារបាយការណ៍វិភាគដ៏ទូលំទូលាយបំផុតអំពីការបោះឆ្នោតជាតិដែលមានទំនាស់ច្រើនកាលពីខែកក្កដានេះ។
របាយការណ៍ដែលប្រើព័ត៌មានចងក្រងដោយអង្គការឃ្លាំមើលការបោះឆ្នោតចំនួនប្រាំមួយ បានបង្ហាញថា ភាពមិនប្រក្រតីជាច្រើននៅក្នុងការបោះឆ្នោតនេះរួមទាំងបញ្ជីឈ្មោះបោះឆ្នោតមិនត្រឹមត្រូវ និងការចេញប័ណ្ណបញ្ជាក់អត្តសញ្ញាណបណ្តោះអាសន្នជាច្រើន បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ និងបានឈ្នះការបោះឆ្នោតនេះជាផ្លូវការចំនួន៦៨អាសនៈក្នុងចំណោមអាសនៈរដ្ឋសភាចំនួន១២៣។
គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភាចាប់តាំងពីរដ្ឋសភាបានកោះប្រជុំកាលពីខែកញ្ញា ហើយបានទាមទារឲ្យគណបក្សប្រជាជនកម្ពុជាព្រមព្រៀងលើការសើុបអង្កេតក្នុងការបោះឆ្នោតនេះ ឬរៀបចំការបោះឆ្នោតថ្មីមុនឆ្នាំ២០១៨។
នៅពេលដែលគណបក្សប្រជាជនកម្ពុជាជំទាស់នឹងការអះអាងរបស់គណបក្សប្រឆាំងដែលថា រដ្ឋាភិបាលរបស់ខ្លួនខុសច្បាប់ដោយសារការបោះឆ្នោតមិនត្រឹមត្រូវ របាយការណ៍របស់សម្ព័ន្ធកែទម្រង់ការបោះឆ្នោត និងអ្នកសរសេររបាយការណ៍នេះត្រូវបានបន្ទោសចំពោះជម្លោះនយោបាយដែលកំពុងកើតមាននៅកម្ពុជា។
នៅក្នុងរបាយការណ៍ឆ្លើយតបចំនួន៦០ទំព័រទៅនឹងរបាយការណ៍របស់អង្គការសម្ព័ន្ធកែទម្រង់ការបោះឆ្នោតកាលពីខែមករា ទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា អង្គការសង្គមសីុវិលនៅពីក្រោយរឿងនេះរួមទាំងអង្គការជាច្រើនក្នុងចំណោមអង្គការឃ្លាំមើលការបោះឆ្នោត ហើយអង្គការសិទ្ធិមនុស្សធំៗនៅកម្ពុជាបានសហការជាមួយគណបក្សសង្គ្រោះជាតិ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានឆ្លើយតបថា “របាយការណ៍រួមដែលចងក្រងឡើងផ្អែកតាមការស្រាវជ្រាវរបស់អង្គការឯករាជ្យផ្សេងៗដែលចាត់ទុកអង្គការរបស់ខ្លួនថា ឯករាជ្យដែរនោះមិនបង្ហាញពីការប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ទាំងនោះនិងមិនបង្ហាញពីសកម្មភាពបច្ចុប្បន្នរបស់អង្គការទាំងនេះនៅកម្ពុជាទេ”។
របាយការណ៍ឆ្លើយតបនេះលើកឡើងថា ការប្រឹងប្រែងក្រោយការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិដើម្បីធ្វើឲ្យលែងមានទំនុកចិត្តលើការបោះឆ្នោតកាលពីខែកក្កដានេះត្រូវបានរៀបចំ និងបង្កើតឡើងដោយមានការសហការជិតស្និទ្ធជាមួយអង្គការមិនែមនរដ្ឋាភិបាលជាច្រើនដែលមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ និងបានទទួលការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងនយោបាយពីក្រៅប្រទេស។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ជាអ្នកចូលរួមម្នាក់នៅ ក្នុងការធ្វើរបាយការណ៍របស់សម្ព័ន្ធកែទម្រង់ការបោះឆ្នោតនេះបានមានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលដែលទើបបង្កើតថ្មីរបស់គណបក្សប្រជាជនកម្ពុជាបានសន្យាធ្វើកំណែទម្រង់សីុជម្រៅក៏ដោយ ក៏រដ្ឋាភិបាលនេះនៅតែគិតខុសចំពោះការរិះគន់របស់គណបក្សប្រឆាំង។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាមិនចង់បានរបាយការណ៍ណាមួយអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតទេ។ ពួកគេចង់ឃើញលទ្ធផលបោះឆ្នោតស្របច្បាប់។ ពួកគេចង់និយាយថា អ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះ និងថា ការបោះឆ្នោតនេះសេរី និងយុត្តិធម៌ ហើយអ្វីៗសុទ្ធតែល្អទាំងអស់”។ លោកបានបន្តទៀតថា “ ប៉ុន្តែ មានពាក្យបណ្តឹងពីប្រជាជន ដូច្នេះពួកគេគួរតែដោះស្រាយបញ្ហានេះ។ ពួកគេគួរទទួលស្គាល់បញ្ហានេះ ហើយបោះជំហានទៅមុខ បើ មិនដូច្នេះទេតើពួកគេអាចកែទម្រង់ដោយវិធីណា?”។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយ និងជាអតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានមានប្រសាសន៍ថា ភាពតានតឹងរវាងគណបក្សកំពុងកាន់អំណាច និងអង្គការសង្គមសីុវិល គឺដោយសារការបដិសេធរបស់គណបក្សប្រជាជនកម្ពុជាមិនប្រកាន់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោកស្រីបានមានប្រសាសន៍ថា “អព្យាក្រឹតភាព [ របស់អង្គការសង្គមសីុវិល ] គឺដើម្បីនិយាយអ្វីដែលយើងចង់និយាយផ្អែកតាមលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាពមិនមែនដោយសារការលម្អៀងផ្នែកនយោបាយទេ”។ លោកស្រីបានបន្ថែមថា តាមទស្សនរបស់គណបក្សកាន់អំណាច អ្វីៗទាំងអស់សុទ្ធតែលម្អៀង”។
លោក ធន សារាយ ប្រធានអង្គការលីកាដូបានមានប្រសាសន៍ថា ការគ្មានស្ថាប័នរៀបចំការបោះឆ្នោតឯករាជ្យនៅក្នុងរដ្ឋាភិបាល តួនាទីរបស់អង្គការសង្គមសីុវិលក្នុងនាមជាអ្នកត្រួតពិនិត្យអំណាចរបស់គណបក្សកាន់អំណាចនោះ គឺជាការសំខាន់។
លោកបានមានប្រសាសន៍ថា “អង្គការសង្គមសីុវិលត្រូវតែអព្យាក្រឹត និងឯករាជ្យពីគណបក្សទាំងពីរ ប៉ុន្តែ នៅពេលដែលយើងឃើញដំរីព្យាយាមជាន់កណ្តុរ យើងមិនអាចនៅស្ងៀមបានទេ”។ លោកបានបន្ថែមថា “យើងត្រូវនិយាយនៅពេលយើងមើលឃើញភាពអយុត្តិធម៌ ឬភាពមិនត្រឹមត្រូវ។ ប្រសិនបើយើងចេះតែនៅស្ងៀម យើងនឹងមិនអព្យាក្រឹតទៀតទេ យើងជាអ្នកគាំទ្រដំរី”៕គឹមហឿន