34 C
Phnom Penh

​សាលា​ដំបូង​រាជធានី​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​​ក្រឡា​បញ្ជី​​ម្នាក់​ជាប់​ចោទ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ត​ី​ក្រឡា​បញ្ជី​សាលា​ដំបូង​​ខេត្ត​បន្ទាយ​មានជ័យ​​ម្នាក់​ដែល​​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ទទួល​សំណូក។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំមុន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ខ្លួន​​លោក សួង​​ សុខ​​​ហេង អាយុ​៣៨ឆ្នាំជា​ក្រឡាបញ្ជី​របស់​លោក​ ផាន់ វណ្ណរ័ត្ន ព្រះ​អាជ្ញាអម​សាលាដំបូងខេត្ត​ បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​​ប្រាក់​សំណូក​នៅក្នុង​ថត​​តុ​របស់​លោក​។ នៅ​ក្នុង​តុលា​ការ​កាល​​ពី​ម្សិល​មិញ លោក​បាន​សារភាព​ថា លោក​បាន​ទទួល​ប្រាក់​នេះ​ដើម្បី​សម្រប​សម្រួល​រឿង​ក្តី​​មែន។

មនុស្ស​ពីរនាក់ទៀត​ដែល​ត្រូវ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​​កាល​ពី​ម្សិល​មិញ​ជា​អ្នក​សម​គំនិត​ក្នុង​ការផ្តល់​ប្រាក់​សំណូក​​ដែរ​គឺ​​​អ្នកស្រី សែម សុខា អាយុ​៤២ឆ្នាំ និង​​ លោក អ៊ុយ សុភាព អាយុ​៦៩​ឆ្នាំ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​សូក​បា៉ាន់​លោក សុខហេង​​ ឲ្យ​លោក​ជួយ​ក្នុង​រឿង​ក្តី​របស់​ពួកគេ។

លោក សុខហេង​​​ បាន​និយាយ​នៅក្នុង​តុលាការ​កាល​ពី​ម្សិល​មិញ​ថា “ខ្ញុំ​ទទួលបាន​ប្រាក់​ចំនួន​៥០០ដុល្លារ​ពី​លោក សុភាព និង​ [ប្រាក់​សំណូក២០០.000​រៀល​ទៀត]។ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​លុយ​នោះ​នៅក្នុង​​ថត​​ត​ុ​របស់​ខ្ញុំ”។ លោក​បាន​និយាយថា លោក​បាន​ទទួល​ប្រាក់​ពី​លោក សុភាព ដើម្បី​ពន្លឿន​រឿង​ក្តី​របស់គាត​់ ប៉ុន្តែ​​មិន​ចាំ​ឈ្មោះ​អ្នក​ដែល​បាន​ផ្តល់​ប្រាក់សំណូក​ចំនួន​៥០​​​ដុល្លារ​​​នោះ​ទេ។

លោក សុខហេង ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ស្ត្រី​ម្នាក់​ដែល​ជាប់ពាក់ព័ន្ធនៅក្នុង​រឿង​ក្តី​​ជាមួយ​អ្នកស្រី សុខា បាន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​អំពី​ប្រាក់​សំណូក​ដែល​គូសត្រូវ​របស់​គាត់​បាន​សូក​បា៉ាន់។

អ្នកស្រី នួន ស៊ីណែត អាយុ​៣៩ឆ្នាំ​បាន​និយាយថា អ្នកស្រី​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​គ្រោះ​​ថ្នាក់​រថយន្ត​ជាមួយ​អ្នកស្រី សុខា ដែល​​​បាន​នាំ​ឲ្យ​មាន​ជម្លោះ​​ជុំ​វិញការ​ផ្តល់់​​សំណង។

ស្ត្រី​ទាំង​​ពីរនាក់​នេះ​បាន​ព្យាយាម​រក​ដំណោះ​ស្រាយ​ក្រៅប្រព័ន្ធ​តុលាការ​ដោយ​មាន​ការ​សម្របសម្រួល​​ពី​លោក​ សុខ​​​ហេង​ ជា​ក្រឡាបញ្ជី ប៉ុន្តែ​តាម​ការ​ចោទ​ថា អ្នកស្រី សុខា បាន​ផ្តល់​ប្រាក់​សំណូក​ចំនួន​៥០០ដុល្លារ​ដល់​រូបលោក​ ដើម្បី​ឲ្យ​លោក​ជួយ​រក​ដំណោះ​​ស្រាយ​ធ្វើយ៉ាងណាឲ្យ​អ្នកស្រីបាន​ឈ្នះ។

អ្នកស្រី ស៊ីណែត​ បាន​លើក​ឡើង​នៅក្នុង​តុលាការ​កាល​ពី​ម្សិល​មិញ​ថា “ ​អ្នកស្រី​ សុខា ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​គឺ​ជា​បង​ប្អូន​ស្រី​របស​​់​​​​មន្ត្រី​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​គាត​់​បាន​គំរាម​ខ្ញុំ”។ពេលនោះ​លោក​ក្រឡា​​​បញ្ជី​រូបនេះ​បាន​ប្រាប់​អ្នកស្រី ស៊ីណែត ឲ្យ​បង់​ប្រាក់​សំណង​​ចំនួន​៣.០០០ដុល្លារ​ចំពោះ​គ្រោះ​ថ្នាក់​ចរាចរណ៍នោះ បើទោះគេនៅ​មិន​ទាន់​ច្បាស់​​ថា​ នរណា​ជា​អ្នក​​​ខុស​ក៏ដោយ ក៏​រឿង​​នេះ​បាន​ធ្វើ​ឲ្យ​គាត​់​ខឹង ហើយ​ជំរុញ​ឲ្យ​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​។

មេធាវី​របស់​អ្នក​ជាប់​​ចោទ​​ផ្ត​ល់​​សំណូក​ទាំង​ពីរ​​នាក់​នេះបាន​មាន​ប្រសា​សន៍ថា កូនក្តី​របស់លោក​​គ្មាន​កំហុស​ទេ ហើយ​គួរ​សម្រេច​ឲ្យ​រួច​ផុត​​ពី​ការ​​ចោទ​ប្រកាន់។

លោក គង់ ទីលីន មេធាវី​ការ​ពារ​លោក សុខហេង បាន​មាន​ប្រសាសន៍ថា កូន​ក្ត​ី​របស់​លោក​គួរ​ទទួលបាន​ការ​ផ្តន្ទា​ទោស​​ស្រាល​ ពីព្រោះ​លោក​បាន​ចូលរួម​សហ​ការ​​​​នៅ​ក្នុង​​ការ​ស៊ើប​អង្កេត​រឿង​ក្តី​របស់​គាត​់​។

លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​​បាន​មាន​ប្រសា​សន៍ថា តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៦ខែ​មីនា៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស