នគរបាលខេត្តកំពង់ចាមបានចាប់ខ្លួនកសិករអាយុ៣៥ឆ្នាំម្នាក់កាលពីថ្ងៃច័ន្ទ ដោយលើកឡើងថា បុរសរូបនេះបានយកកាំបិតប៉័ងតោកាប់ប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់បន្ទាប់ពីបានចោទថា ប្រពន្ធរបស់ខ្លួនមានសាហាយ។
នគរបាលបាននិយាយថា ពួកគេបានចាប់ខ្លួន សេង សុធា បន្ទាប់ពីបានកាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ថន សុគា ប្រាំមួយកាំបិត ដោយសារមានកំហឹងពេលស្រវឹងស្រា។
លោក ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិន បានមានប្រសាសន៍ថា “បុរសរូបនេះបានកាប់ប្រពន្ធរបស់ខ្លួនបួនកាំបិតត្រង់ក្បាល និងពីរកាំបិតទៀតចំដៃខាងឆ្វេង។ អធិការនគរបាលរូបនេះបានបន្ថែមថា “បើទោះជាយើងបានព្យាយាមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យក៏ដោយ ក៏គាត់បានស្លាប់នៅតាមផ្លូវដោយសាររបួសធ្ងន់ធ្ងរពេក”។
លោកបានមានប្រសាសន៍ថា “ជនសង្ស័យបានសារភាពថា ខ្លួនស្រវឹងស្រា ហើយបានចោទប្រពន្ធរបស់ខ្លួនថា មានសាហាយជាមួយប្រុសផ្សេង បន្ទាប់មកស្ត្រីជាប្រពន្ធស្តីបន្ទោសយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ បុរសរូបនេះខឹងយ៉ាងខ្លាំង និងបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយបានកាប់ស្ត្រីជាប្រពន្ធជាច្រើនកាំបិត”។ បុរសឈ្មោះ សុធា កំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តដើម្បីប្រឈមនឹងការចោទប្រកាន់នៅថ្ងៃនេះ៕សារុន