យោងតាមសេចក្តីរាយការណ៍មួយដែលចុះផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ក្រសួងការពារជាតិបានបញ្ជូនឧទ្ធម្ភាគចក្រប្រភេទ Z-9 ផលិតនៅចិនដែលទើបតែទិញក្នុងពេលថ្មីៗចំនួនបួនគ្រឿង និងនាវាកងទ័ពជើងទឹកកម្ពុជាចំនួនពីរគ្រឿងទៅព្រំដែនទឹកកម្ពុជា-វៀតណាម ដើម្បីជួយរុករកយន្តហោះស្ថិតនៅលើជើងហោះហើរ HM 370 ដែលបាត់ដំណឹងរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ។

សេចក្តីរាយការណ៍នេះបានបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរគំនិតរបស់រដ្ឋាភិបាលដែលកាលពីលើកមុនអះអាងថា ខ្លួនខ្វះសមត្ថភាពនៅក្នុងការចូលរួមការរុករកយន្តហោះដឹកអ្នកដំណើរចំនួន២៣៩នាក់ ដែលបាត់ដំណឹ ងកាលពីល្ងាចថ្ងៃសៅរ៍ ខណៈហោះហើរពីទីក្រុង គូឡាឡាំពួទៅទីក្រុង ប៉េកាំង ។
សេចក្តីរាយការណ៍នេះបានចុះផ្សាយដូច្នេះថា “ក្រសួងការពារជាតិបានចេញបទបញ្ជាឲ្យគ្រប់អង្គភាពដែលស្ថិតនៅក្រោមបញ្ជារបស់កងទ័ពថ្មើរជើង កងទ័ពជើងទឹក កងទ័ពអាកាស ព្រមទាំងអង្គភាពផ្សេងៗទៀត ដែលមានមូលដ្ឋាននៅលើកោះនិងនាវាស៊ើបការដែលល្បាតនៅតាមតំបន់ដែនទឹករបស់ប្រទេសកម្ពុជាឲ្យចូលរួមយ៉ាងសកម្ម ជាមួយអ្នកនេសាទ ដើម្បីរុករកសញ្ញាណាមួយនៃយន្តហោះដែលបាត់ដំណឹងនេះ”។
គេមិនច្បាស់ទេ ថាតើប្រទេសកម្ពុជានឹងជួយបានប៉ុណ្ណា ឬក៏ថាតើនឹងត្រូវសហការនៅក្នុងការរុករកជាអន្តរជាតិដែលមានប្រទេសចំនួន២៦បានចូលរួម ឬយ៉ាងណា។
ដំបូងឡើយប្រទេសវៀតណាមបានដឹកនាំប្រតិបត្តិការរុករកនៅក្នុងឈូងសមុទ្រថៃក្នុងដែនទឹកជាប់ប្រទេសកម្ពុជា ប៉ុន្តែបានផ្អាកប្រតិបត្តិការបស់ខ្លួនពីរថ្ងៃកន្លងមកហើយ នៅពេលយោធានិងទិន្នន័យពីផ្កាយរណបទំនងជាបង្ហាញថា យន្តហោះដែលបាត់ដំណឹងនេះ បានហោះទៅភាគខាងលិចចេញពីសមុទ្រចិនខាងត្បូង ប្រហែលប៉ុន្មានម៉ោងឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា។
លោក ហុីសាមមូដឌិន ហូ៊សសេន (Hishammuddin Hussein) រដ្ឋមន្ត្រីស្តីទីក្រសួងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងការពីម្សិលមិញថា ការរុករកដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះបានផ្តោតទៅលើតំបន់ដែលមានផ្ទៃសរុប៧,៦៨លានគីឡូម៉ែត្រក្រឡា ពោលគឺចាប់ពីភាគកណ្តាលនៃតំបន់អាស៊ីទៅកាន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។
ទាំងនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងឧត្តមនាវីកងទ័ពជើងទឹក ទៀ វិញ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយ។
កាលពីថ្ងៃច័ន្ទ ពលរដ្ឋប្រហែល១.០០០នាក់មកពីសហគមន៍ខ្មែរអុីស្លាមក្នុងរាជធានីភ្នំពេញបានប្រមូលផ្តុំគ្នានៅព្រះវិហារ Nurunnaim ក្នុងខណ្ឌឫស្សីកែវ ដើម្បីបួងសួងសុំឲ្យអ្នកដំណើរទាំង២៣៩នាក់ ដែលជិះយន្តហោះបាត់ដំណឹងនេះទទួលបានសុវត្ថិភាព។
លោក អូស្មាន់ ហាសាន់ អនុរដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានមានប្រសាសន៍ថា “យើងបួងសួងសុំឲ្យអ្នកដំណើរទាំងអស់ដែលជិះយន្តហោះបាត់ដំណឹងនេះឲ្យត្រឡប់មកវិញដោយសុវត្ថិភាព”។
លោកបានមានប្រសាសន៍បន្តថា “ដូចពលរដ្ឋផ្សេងៗ ដូចជាគ្រិស្តសាសនិក និងពុទ្ធសាសនិក ដែលជឿជាក់លើសាសនាដែរនោះ យើងសូមបួងសួងដល់ព្រះអាឡាឲ្យជួយរកឃើញយន្តហោះដែលបាត់ដំណឹងនិងអ្នកដំណើរទាំងអស់”។ សកម្មជនមកពីសហគមន៍បឹងកក់និងបុរីកីឡាក៏បានធ្វើពិធីមួយកាលពីថ្ងៃច័ន្ទ ដើម្បីបួងសួងសុំឲ្យអ្នកដំណើរទាំងអស់ត្រឡប់មកវិញដោយសុវត្ថិភាពផងដែរ។
សុង ស្រីលាភ សកម្មជនមកពីសហគមន៍បឹងកក់និយាយថា “យើងសុំបួងសួងឲ្យពួកគាត់ទាំងអស់ត្រឡប់មកវិញដោយសុវត្ថិភាព។ សមាជិកក្រុមគ្រួសាររបស់ពួកគាត់កំពុងរង់់ចាំពួកគាត់ត្រឡប់មកវិញ”៕ស៊ុយឈាង