26 C
Phnom Penh

ការ​ខ្វះ​អត្ត​សញ្ញាណប័ណ្ណ​គឺ​ជាបញ្ហា​ចម្បង​សម្រាប់​ជន​ជាតិ​ភាគតិច​វៀត​ណាមនៅ​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​ស្ទង់​មតិ​ដែលបាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ​ការ​ខ្វះ​អត្ត​សញ្ញាណប័ណ្ណ​គឺជា​ឧបសគ្គ​​ចម្បង​​ធ្វើ​ឲ្យ​​​ជន​ជាតិ​វៀត​ណាមដែល​រស់​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​ងមិ​ន​អាច​ប្រើ​ប្រាស់​សិទ្ធិ​ដូច​ពល​រដ្ឋ​ខ្មែរ​បាន​​។

នៅក្នុង​របាយការ​ណ៍​ថ្មី​នេះ​ អង្គការ​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​បាន​រក​ឃើញថា​​​​​​ ជារឿយៗ ជន​​ជាតិ​​ភាគ​តិច​វៀត​ណាម​​ត្រូវ​បាន​បដិ​​​សេធ​​​​​មិន​ធ្វើ​​​អត្ត​សញ្ញាណ​ប័ណ្ណឲ្យ​សូម្បី​​ក្រុម​គ្រួសារ​​​​របស់​ពួកគេ​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ជំនាន់មក​ហើយ​​ក៏​ដោយ​។​​​ការ​អនុ​​​វត្ត​បែប​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​​​សិទ្ធិ​ទទួល​បានការ​អប់​រំ និងមិន​អាច​ចូលរួម​ក្នុង​​​សេដ្ឋកិច្ច​ សង្គម និង​​នយោ​​​បាយ​​​ឡើយ​។

របាយការណ៍​ដែល​ផ្តោត​លើ​សហ​គមន៍​មួយ​​រស់​នៅ​ក្នុងឃុំ​​ផ្សារ​ឆ្នាំង​​ទីរួមខេត្ត​លើក​ឡើង​ថា សារៈសំខាន់​នៃការ​ទទួល​បាន​សញ្ជាតិ​​​​នៅ​មិនទាន់​ត្រូវ​បាន​ទទួល​ស្គាល់​​គ្រប់​​គ្រាន់​​ដោយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ”។

ផល​លំបាក​នៃការ​មិន​ទទួល​បាន​សញ្ជាតិ​នេះ​រួម​​មាន “ភាព​ក្រី​ក្រ​​នៃ​ជីវភាព​​រស់​នៅ​របស់​ពួក​គេ​ មិនមាន​សិទ្ធិ​ទទួល​បាន​​ការ​អប់​រំ​ ស្ថាន​ភាព​លំបាក​ ក្នុងការ​រស់​នៅក្នុងភូមិ​បណ្តែត​ទឹក​​លើបឹង​ទន្លេ​សាប​ និង​ការ​បដិ​​​សេធ​​​មិន​ឲ្យ​ចូល​រួម​​​ក្នុង​សកម្ម​ភាព​​សេដ្ឋកិច្ច សង្គម និង​​នយោបាយ​”។

របាយ​ការណ៍​នេះ​បន្ថែ​មថា “ការ​ខ្វះ​អត្ត​សញ្ញាណប័ណ្ណ ជា​មូល​ហេតុ​ចម្បង​នៃ​ភាព​លំបាក​ផ្សេង​ៗ​ទៀតសព្វបែបយ៉ាង​​។​វា​ជា​វិធានការ​រដ្ឋ​បាល​ដ៏​សំខាន់​បំផុត​​ដែលចាំបាច់​ដើម្បី​កសាង​បរិយាកាស​ដោយ​មាន​ការ​ការ​ពារ​​ប្រឆាំង​ការ​រំលោភ​បំពាន​ ការ​ប្រើ​អំពើ​ហិង្សា​ ការ​កេង​ប្រវ័ញ្ច និង​ការ​​គ្មាន​សិទ្ធិជា​ពលរដ្ឋ​ពេញច្បាប់​​”។

កាល​ពីឆ្នាំ​មុន​អំឡុង​ការ​បោះឆ្នោត​ជាតិ​​ ជន​ជាតិ​វៀត​ណាម​ដែល​មាន​សញ្ជាត​ិ​ខ្មែរ​រាយការណ៍ថា ត្រូវ​បាន​បណ្តេញ​ចេញ​ពី​​ការិយាល័យ​បោះ​ឆ្នោតដោយ​មនុស្ស​មួយ​ក្រុម​​ដែលមាន​កំហឹង​​នៅក្នុង​ខេត្ត​កណ្តាល​។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​រក​ឃើញថា អ្នក​​ផ្តល់​បទ​សម្ភាស​៩៧​ភាគរយ​ត្រូវ​បាន​គេ​បណ្តេញ​​ចេញ​នៅ​ពេល​ព្យាយាម​ទៅ​បោះឆ្នោត​ ពីព្រោះ​ពួក​គេ​មិន​​​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​។

​របាយការណ៍​នេះ​ក៏​បាន​រិះគន់​គណ​បក្ស​សង្គ្រោះ​ជាតិ​ផងដែរ​ចំពោះការ​ប្រើប្រាស់​ “យុទ្ធនាការ​ប្រឆាំង​វៀត​ណាម​ដើម្បី​ប្រមូល​​ការ​គាំទ្រ​ប្រឆាំង​គណបក្ស​កាន់​អំណាច​ ដោយ​ចោទ​ថា ជា​គោល​នយោ​​បាយ​អន្តោ​ប្រវេ​​​សន៍​​​ធូរ​រលុង ​​ដែ​ល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​យក​ជន​អន្តោ​ប្រវេសន៍​ពី​ប្រទេស​ជិត​ខាង​កាន់​តែ​ច្រើន​ឡើងៗ​​ ់​ហើយ​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មាន​​កំហឹង​នឹង​ជន​ជាតិ​ភាគ​តិច​វៀតណាម​”។

ហាង​ និង​ក្រុម​ហ៊ុនមួយ​ចំនួន​​របស់​វៀត​ណាម​ត្រូវ​បាន​ដុត​បំផ្លាញ​និង​រុះរើ អំឡុង​ការ​តវ៉ា​កាល​ពីខែ​មករា​។ បុរស​ជន​ជាតិ​ភាគតិច​វៀត​ណាម​ម្នាក់​ត្រូវ​បាន​ក្រុម​មនុស្ស​វាយ​សម្លាប់​យ៉ាង​ឃោរ​ឃៅ​កាល​ពី​ខែមុន ក្នុង​រាជ​ធានីភ្នំពេញ​។

របាយការណ៍​នេះ​ អំពាវនាវ​ឲ្យ​អាជ្ញា​ធរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​​​ កូន​ៗ​របស់​ជន​ជាតិ​វៀត​ណាម​ទទួលបាន​សំបុត្រកំណើត ហើយថា ទាំង​មនុស្ស​ពេញ​វ័យ​ និង​កុមារ​​​ត្រូវ​បាន​ផ្តល់​ឋានៈ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​ ហើយ​មិន​ត្រូវ​ចាត់​ទុក​ថា ជា​ជន​អន្តោ​ប្រវេសន៍​ ឬ​ជ​ន​បរទេស​ឡើយ​។

លោក​ឧត្តម​សេនីយ៍ឯ​ក ខៀវ សុភ័គ អ្នក​នាំពាក្យ​​ក្រសួង​មហា​ផ្ទៃ​បានមាន​ប្រសាសន៍​​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​នោះ​​ថា នីតិ​វិធី​សម្រាប់​ពល​រដ្ឋ​ខ្មែរ​ក្នុងការ​ទទួល​បាន​អត្ត​សញ្ញាណប័ណ្ណគឺ​សាមញ្ញ ហើយ​ថា គេ​ចាំបាច់​ត្រូវ​បង្ហាញ​សំបុត្រ​កំណើត​នៅពេល​ដែល​ដាក់​ពាក្យ​ធ្វើ​អត្ត​សញ្ញាណ​​ប័ណ្ណ ។ លោក​បាន​បន្ថែម​ដោយ​មិន​និយាយ​លម្អិត​​ថា “ប្រសិនបើ​ពួកគេមិន​មាន​សំបុត្រ​កំណើត​​ វា​ស្ថិត​នៅក្រោម​ការ​ការ​ពារ​នៃ​ច្បាប់​អន្តោ​ប្រវេសន៍​”៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស