38.8 C
Phnom Penh

ច្បាប់​ថ្មី​តម្រូវ​ឲ្យ​បង្កើត​ការិយាល័យ​ចៅក្រម​ថ្មី​​​​នៅ​​តាម​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តី​ព្រាង​ច្បាប​់​មួយ​​ក្នុង​ចំណោម​សេចក្តី​ព្រាង​ច្បាប់​​​បីចុង​ក្រោយ​​ដែល​​សរសេរ​ឡើង​ដើម្បី​​​កែ​លម្អ​តុលាការ​​នោះ តម្រូវ​ឲ្យ​បង្កើត​ការិ​យា​ល័យ​​ចៅ​ក្រម​ថ្មីចំនួន​បួន​ ប៉ុន្តែ​ក្រុម​​អ្នក​​ជំនាញ​ច្បាប់​ និង​នយោបាយ​ព្រួយ​បារម្ភ​ថា វា​​អាច​ជួយ​​បាន​តិច​តួច​ក្នុង​ការ​កាត់​បន្ថយ​អំណាច​​​ក្រសួង​យុត្តិធម៌​​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​តុលាការ​​។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​ស្ថា​ប័ន​តុលាការ​​ដែល​​​​​ទើប​ទទួល​បាន​នៅ​សប្តាហ៍​នេះ​​មាន​បំណង​ធានា​ឯករាជភាព​​របស់​តុលា​ការ​ ការ​ពារ​សេរីភាព​របស់​ប្រជាពល​រដ្ឋ​ ពង្រឹង​ប្រសិទ្ធ​ភាព​សេវា​សាធារណៈ​ និង​ធានា​ឲ្យ​មាន​​​យុត្តិ​ធម៌​។សេចក្តីព្រាង​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នៅ​សប្តាហ៍​នេះ​។

ច្បាប់​នេះ​ផ្តល់​អំណាច​ឲ្យ​​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិ​ធម៌បង្កើត​ការិយាល័យ​ចៅក្រម​នៅ​ក្នុង​សាលា​ដំបូង​ សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​​ដើម្បី​ដោះ​ស្រាយ​​រឿង​ក្តីព្រហ្មទណ្ឌ រឿង​ក្តី​រដ្ឋ​ប្បវេណី រឿងក្តី​ពាណិជ្ជកម្ម​ និង​វិវាទ​ការ​ងារ​។​ ជំនួស​​​ឲ្យ​​​ការ​ដាក់​​ចៅ​ក្រម​​ឯកទេស​នៅ​​ផ្នែក​ទាំង​​​នេះ​ ច្បាប់​េនះ​តម្រូវឲ្យ​​ប្រើ​វិធី​សាស្ត្រ​ប្តូរ​វេន​​​​ឲ្យ​​ចៅ​ក្រម​សើុប​អង្កេត​ និង​​កាត់​​ក្តី​នៅ​តាម​ការិយាល​័យ​​ផ្សេង​ៗគ្នា​។

សេចក្តីព្រាង​ច្បាប់​ដែល​​និយាយ​​អំពី​សេចក្តី​សម្រេច​​​ថ្នាក់​ក្រសួង​នេះ​ចែង​ថា “តួនាទី​របស់​តុលាការ​ឯកទេស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​១៤​នៃ​ច្បាប់​នេះ​ត្រូវ​​អនុវត្ត​​​​តាម​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​”។

​ច្បាប់​នេះ​មិន​ផ្តល់​អំណាច​ឲ្យ​ប្រធាន​តុលា​ការ​តែង​តាំង​ចៅក្រម​​ឲ្យ​ធ្វើ​ការ​ក្នុង​ការិយា​ល័យ​​ទាំង​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ច្បាប់​​នេះ​ចែង​ថា “ ប្រសិន​បើ​មាន​សំណើ​ពីចៅ​ក្រម​មួយ​រូប​ ឬ​ច្រើន​រូប​មក​ពី​តុលាការ​ផ្សេង​ៗ​​​សុំ​បំពេញ​សមាសភាព​នៅក្នុង​តុលាការ​ឯក​ទេស​នេះ​​ ប្រធាន​សាលា​ដំបូង​ត្រូវ​ធ្វើ​សំណើ​ ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​”។

លោកមេធាវី សុក​ សំអឿន ​នាយក​ប្រតិបត្តិ​​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បានមាន​ប្រសាសន៍​បន្ទាប់​ពីអាន​សេចក្តី​ព្រាង​​ច្បាប់​នេះថា វាជាការ​ប្រសើ​រ​ជាង​​ក្នុងការ​ចាត់​តាំង​​ចៅក្រម​ឲ្យធ្វើការ​នៅ​ក្នុងការិយាល័យ​ជាក់​លាក់​មួយ​។

លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​ព្រួយ​បារម្ភ​ចំពោះរឿង​នេះ​។​ការ​ផ្លាស់​ប្តូរ​ចៅ​ក្រម​ពីការ​ិយាល័យ​មួយ​ទៅការិយាល័យ​មួយ​​យើង​ត្រូវ​បង្កើត​ការិយាល័យ​​ផ្សេងៗ​គ្នា​ ពីព្រោះ​យើង​​ចង់​ឲ្យចៅក្រម​មាន​ជំនាញ​ពិសេស​​ និង​តួនាទី​ខុសៗ​គ្នា​​ ប្រសិនបើ​ពួកគេ​មិនមាន​ជំនាញ​ពិសេស​ទេ​ ដូច្នេះវា​មាន​ន័យ​ថា កិច្ច​ការ​ទាំង​អស់​នឹង​នៅ​ដដែល​ដូច​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​យើង​មិន​​ត្រូវការ​ការិយាល័យ​ដោយ​ឡែក​ពី​គ្នា​ទេ​​”។ សេចក្តីព្រាង​ច្បាប់​នេះក៏​មិន​ចែង​ច្បាស់​លា​ស់​ថា នរណា​ជាអ្នក​វិនិច្ឆ័យ​រឿង​ក្តីដែរ​។

មាត្រា​២៤នៃ​សេចក្តីព្រាង​ច្បាប់​ថ្មី​នេះ​ចែង​ថា “ ចៅ​ក្រម​​​​រឿងក្តី​ពាណិជ្ជកម្ម​​ត្រូវ​​​វិនិច្ឆ័យ​រឿង​ក្តីជាមួយទីប្រឹក្សា​ពីរ​រូប​ដែ​ល​ជា​ពាណិជ្ជ​ករ និងមាន​ចំណេះដឹង​ផ្នែក​ពាណិជ្ជ​កម្ម​​​​ និង​ត្រូវ​តែ​ងតាំង​ដោយ​​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិធម៌​។ សេចក្តីព្រាង​ច្បាប់​នេះមិន​ចែង​លម្អិត​​ទេ​។

លោក​ សុក សំអឿន​ បានមាន​ប្រសាសន៍​ថា “ ចំពោះខ្ញុំ​ ខ្ញុំ​មិន​គាំទ្រ​គំនិត​នេះ​ទេ​។ ខ្ញុំ​គិត​ថា ចៅក្រម​ទាំង​បីរូប​គួរតែជាចៅក្រម​ជំនាញ​។ ក្រសួង​យុត្តិធម៌​ត្រូវ​តែង​តាំង​ចៅ​ក្រម​ទាំង​នោះ​ និង​ពិគ្រោះ​​យោ​បល់​ជាមួយ​ក្រសួង​​ពាណិជ្ជកម្ម​។​ច្បាប់​នេះ​ផ្តល់​អំណាច​ច្រើនទៅ​ឲ្យក្រសួ​ងយុត្តិធម៌​។

លោក​បាន​បន្ថែម​ថា “កង្វល់​ដ៏ធំមួយ​គឺ​តុលាការ​ពាណិជ្ជកម្ម​ ចំពោះរូប​ខ្ញុំ​។វា​ជាការ​ប្រសើរ​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តុលាការ​ពាណិជ្ជកម្ម​ ពីព្រោះ​​យើង​អាច​ធ្វើ​ឲ្យ​តុលាការ​នេះកាន់តែ​ឯករាជ​្យ និង​មាន​សមត្ថ​ភាព​ដើម្បី​ធ្វើ​ឲ្យ​វិនិយោគ​គិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​​​យើង​”។

លោក សុក សំអឿន បានមាន​ប្រសាសន៍​ថា លោក​មាន​កង្វល់​ស្រដៀង​គ្នា​នេះ​​អំពី​វិធី ដោះស្រាយ​វិវាទការងារ​ពីព្រោះ​បន្ថែម​ពី​លើ​ចៅក្រម​ “គួរ​មាន​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ពីរ​រូប​​ដែល​ជា​និយោជក​ និង​និយោជិត​”។​លោក​បានមាន​ប្រសាសន៍ថា រឿងក្តី​នានា​អាច​ដោះស្រាយ​បានល្អ​​ដោយ​​មាន​ការ​ចូល​រួម​​ពី​​តំណាង​មក​ពី​ក្រុម​ប្រឹក្សា​ការងារ​។

អង្គការសិទ្ធិមនុស្ស​បាន​ត្អូញ​ត្អែរថា ដំណើរ​ការ​ព្រាង​ច្បាប់​នេះ​មិន​មាន​តម្លា​ភាព​ទេ​ ហើយ​ថា គេ​មិន​បាន​ឲ្យអង្គកា​រ​សិទ្ធិ​មនុស្ស​​​​ ចូល​រួម​ក្នុង​ដំណើរ​ការ​នេះឡើយ​។

លោក កែម  ឡី អ្ន​ក​វិភាគ​នយោបាយ​បាន  មាន​ប្រសាសន៍ថា ​ទំនង​ជា​មិន​​មាន​​អព្យាក្រឹត​ភាព​​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​​​ទេ​ដោយសារ​តែ​ស្ថានភាព​នយោបាយ​ និង​លក្ខណៈ​នៃ​ការ​​បង្កើត​សេចក្តីព្រាង​ច្បាប់​នេះ​។

លោក​បានមាន​ប្រសាសន៍ថា “គណបក្ស​ប្រជាជន​កម្ពុជា​មិនចង់​ពង្រឹង​តួនាទី​តុលាការ​ទេ​។នៅក្នុង​ស្ថាន​ភាព​នេះ​​សេក្តីព្រាង​ច្បាប់​​េនះ​ត្រូវ​ចេញពី​ក្រសួង​ ​ឆ្លង​កាត់ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និង​រដ្ឋសភា​។​សេចក្តី​ព្រាង​ច្បាប់​នេះមិន​ចែង​ពី​​​តួនាទី​តុលាការ​ទេ​ ប៉ុន្តែ បង្ហាញ​ពីការ​​ត្រួត​ត្រា​​របស់​រដ្ឋាភិបាល​លើ​តុលាការ​”។

លោក​បាន​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​កំពុង​បំពាន​តួនាទី​របស់​ខ្លួន​​ដោយ​ការ​ចូល​រួម​យ៉ាង​ដិត​ដល់​​​ក្នុង​ដំណើ​រការ​ព្រាង​ច្បាប់​នេះ​។ លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​ដឹង​ថា នរណា​ជា​អ្នក​បង្កើត​ច្បាប់​នេះ​ទេ​ ប៉ុន្តែ វា​គួរ​តែមាន​ការ​ពិគ្រោះ​​យោបល់​​ឲ្យ​បាន​ច្បាស់​លាស់​​តាំង​ពី​ដំបូង​”។

អ្វី​ដែល​មិនមាន​នៅក្នុងច្បាប់​នេះ​ គឺ​ការ​បង្កើត​ការិយាល័យ​ដាច់​ដោយ​ឡែក​មួយ​​ដើម្បី​ដោះស្រាយ​រឿង​ក្តី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អនីតិជន​ ជា​ចំណុច​មួយ​ដែល​ក្រុម​អ្នក​ច្បាប់​ និង​អង្គការ​សិទ្ធិមនុស្ស​ចង់​បាន​ជា​យូរ​មក​ហើយ​។

លោក សុក​ សំអឿន បានមាន​ប្រសាសន៍​ថា “ដំបូង​យើង​មិន​​ឃើញ​​មាន​ចែង​អំពី​​​​ចៅ​ក្រម​ដោះ​ស្រាយ​រឿង​ក្តី​​​​អនីតិជន​​ទេ​ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ​បញ្ចូល​​ពួក​គេ​នៅ​​ក្នុងច្បាប់​​នេះ​” ។

លោកបាន​មាន​ប្រសាសន៍​បន្ថែមទៀត​​ ថា “អង្គការ​យូនីសេហ្វ​​ និង​រដ្ឋាភិបាល​កំពុង ​ពិភាក្សា​ជា​ច្រើន​អំពី​ប្រព័ន្ធ​​តុលាការ​សម្រាប់​អនីតិជន ​ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ដាក់​បញ្ចូល​​តុលាការ​អនីតិជន​នៅក្នុង​ច្បាប់​នេះ​ និង​បញ្ជាក់​ ពី​នីតិវិធី​ពិសេស​ផ្សេង​ៗ​សម្រាប់​អនីតិជន​”៕​​គឹម​ហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស