27 C
Phnom Penh

នគរបាល​​​​​​និយាយ​​​ថា ឆ្អឹង​​​សព​​​រក​​​ឃើញ​​​នៅ​​​ប៉ោយប៉ែត​​​​​​មិន​​​មែន​​​ជា​​​ឆ្អឹង​​​សព​​​ អេឌី ហ្គីបសុន​​​ នោះទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​ម្សិលមិញ​​​ នគរបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​បញ្ចប់​​​ការ​​​សន្និដ្ឋាន​​​ដែល​​​ថា ឆ្អឹង​​​មនុស្ស​​​រក​​​ឃើញ​​​នៅ​​​​​​ប៉ោយប៉ែត​​​ ជា​​​ឆ្អឹង​​​របស់​​​​​ទេសចរ​​​សម្ពាយ​​​ជន​​​ជាតិ​​​អង់គ្លេស ​​​​​​ឈ្មោះ​​​ អេ​​​ឌី ហ្គីបសុន​​​ (Eddie Gibson)។ ទេស​​​ចរ​​​រូប​​​នេះ​​​មាន​​​​​​អាយុ​​​១៩​​​ឆ្នាំ​​​នៅ​​​ពេល​​​រូប​​​គេ​​​​​​បាន​​​បាត់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​១០​​​ឆ្នាំ​​​មុន​​​។​​​

សេចក្ដីរាយការណ៍​​​​​​ដែល​​​ថា សម្លៀក​​​បំពាក់​​​​​​​​​រក​​​ឃើញ​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​គឺ​​​ត្រូវ​​​គ្នា​​​នឹង​​​សម្លៀក​​​បំពាក់​​​​​​ដែល​​​​​​យុវជន​​​រូប​​​នេះ​​​ស្លៀក​​​ពាក់​​​​​​នោះ​​​ បាន​​​​​​បណ្ដាល​​​ឲ្យ​​​​​​​​​មាន​​​ការ​​​សន្និដ្ឋាន​​​​​​ជា​​​ច្រើន​​​នៅ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​របស់​​​អង់​​​គ្លេស​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នៅ​​​ទី​​​បំផុត​​​​​​​​​ឆ្អឹង​​​របស់​​​យុវជន​​​រូប​​​នេះ​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ហើយ​​​​​​។

ប៉ុន្តែ​​​ការ​​​ស៊ើប​​​អង្កេត​​​រួម​​​គ្នា​​​មួយ​​​រវាង​​​​​​អគ្គ​​​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​ និង​​​អាជ្ញាធរ​​​ខេត្ត​​​បាន​​​សន្និដ្ឋាន​​​ថា ឆ្អឹង​​​​​​ដែល​​​អ្នក​​​ភូមិ​​​ម្នាក់​​​ប្រទះ​​​ឃើញ​​​នៅ​​​ក្នុង​​​សង្កាត់​​​​​​ប៉ោយប៉ែត​​​ ក្រុង​​​ប៉ោយ​​​ប៉ែត ជិត​​​ព្រំដែន​​​កម្ពុជា​​​ថៃ​​​ នេះ​​​គឺ​​​ជា​​​ឆ្អឹង​​​បុរសជន​​​ជាតិ​​​ដើម​​​កំណើត​​​អាស៊ី​​​។

​​​​​​លោក ខេង សោម​​​ ស្នង​​​ការ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់ពី​​​​​​នគរ​​​បាល​​​ធ្វើ​​​តេស្ដ​​​ពិនិត្យ​​​ឆ្អឹង​​​នេះ​​​​​​យើង​​​សន្និដ្ឋាន​​​ថា វា​​​ជា​​​ឆ្អឹងរបស់​​​​​​ជនជាតិ​​​អាស៊ី​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ពី​​​៣០ឆ្នាំ​​​ទៅ​​​៤០ឆ្នាំ​​​ ហើយ​​​ថា ពេល​​​វេលា​​​នៃ​​​ការ​​​ស្លាប់​​​គឺ​​​ប្រហែល​​​ប្រាំ​​​ឆ្នាំ​​​មុន​​​”។

បន្ទាប់ពី​​​​​​​​​ស្រាវជ្រាវ​​​រក​​​កូន​​​ប្រុស​​​របស់​​​​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​ដោយ​​​មាន​​​ការ​​​ជ្រោមជ្រែង​​​​​​ពី​​​នគរបាល​​​អង់គ្លេស​​​និង​​​អ្នក​​​ស៊ើប​​​អង្កេត​​​ឯកជន​​​ ឪពុក​​​ម្ដាយ​​​របស់​​​ អេឌី ហ្គីប​​​សុន បាន​​​លាត​​​ត្រដាង​​​កាលពី​​​ឆ្នាំ​​​មុន​​​ថា ព័ត៌មាន​​​ថ្មី​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​ជឿ​​​ថា កូន​​​ប្រុស​​​របស់​​​គាត់​​​ត្រូវ​​​ចោរ​​​ប្លន់​​​សម្លាប់​​​នៅ​​​ប៉ោយ​​​ប៉ែត​​​ ខណៈ​​​ពេល​​​យុវជន​​​រូប​​​នេះ​​​​​​កំពុង​​​ធ្វើ​​​ដំណើរ​​​​​​ឆ្លង​​​​​​ព្រំដែន​​​ថៃ​​​។

យោងតាម​​​​​​កាសែត​​​ឌឹ អាហ្គូស​​​ (The Argus) បាន​​​ឲ្យ​​​ដឹង​​​ថា  ព័ត៌មាន​​​ដែល​​​ថា ឆ្អឹង​​​មនុស្ស​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​តំបន់​​​​​​នោះ​​​ បាន​​​ផ្ដល់​​​ក្ដី​​​សង្ឃឹម​​​ថ្មី​​​ដល់គ្រួសារ​​​នេះ។

លោក​​​ ម៉ៃ ហ្គីបសុន​​​ (Mike Gibson) ឪពុក​​​របស់​​​ អេឌី បាន​​​ប្រាប់​​​​​​កាសែត​​​នេះ​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​​​​ថា “ស្ដាប់​​​ទៅ​​​វា​​​ដូច​​​ជា​​​ចម្លែក​​​​​​បន្ដិច​​​ ប៉ុន្តែ​​​​​​យើង​​​សង្ឃឹម​​​ថា វា​​​ជា​​​ អេឌី។ យើង​​​ដឹង​​​ថា គេ​​​មិន​​​នៅ​​​​​​រស់​​​ទេ​​​ ហើយ​​​ការ​​​រក​​​ឃើញ​​​​​​ឆ្អឹង​​​​​​សាកសព​​​​​​របស់​​​គេ​​​​​​ធ្វើ​​​ឲ្យ​​​យើង​​​អាច​​​​​​និយាយ​​​លា​​​គ្នា​​​​​​និង​​​បញ្ចុះ​​​​​​សព​​​​​​ឲ្យ​​​បាន​​​សម​​​រម្យ​​​”។

​​​ក្រសួង​​​ការ​​​បរទេស​​​អង់គ្លេស​​​និង​​​នគរ​​​បាល​​​​​​តំបន់​​​​​​សាហ្វហ្វូល​​​ (Suffolk) ត្រូវ​​​បានជូន​​​ដំណឹង​​​​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​​​​ស្ដីពី​​​ការ​​​រក​​​ឃើញ​​​នេះ​​​ នឹង​​​​​​ត្រូវ​​​បាន​​​ស្នើ​​​​​​សុំ​​​ឲ្យ​​​បញ្ជូន​​​​​​ឯកសារ​​​​​​ថ្មី​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​​​​។

ប៉ុន្តែ​​​​លោក​​​ សិដ្ឋ លួស​​​ ស្នង​​​ការ​​​រង​​​​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ស៊ើប​​​អង្កេត​​​របស់​​​នគរបាល​​​បាន​​​កំណត់​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ថា ឆ្អឹង​​​នេះ​​​​​​មិន​​​មែន​​​ជា​​​ឆ្អឹង​​​​​​​​​របស់​​​​​​ជន​​​ជាតិ​​​អង់គ្លេស​​​ដែល​​​មាន​​​កម្ពស់​​​១,៨៣​​​ម៉ែត្រ​​​នោះ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ដ​​​បឋម​​​​​​ដោយការ​​​​​​វាស់​​​វែង​​​​​​ឆ្អឹង​​​នេះ​​​​​​​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​យើង​​​​​​ឈាន​​​​​​ដល់​​​ការ​​​ប៉ាន់​​​ស្មាន​​​ថា កម្ពស់​​​សព​​​នេះ​​​ គឺ​​​១,៦៧ម៉ែត្រ​​​​​​ ហើយ​​​​​​លលាដ៍​​​ក្បាល​​​​​​តូច​​​ វា​​​ជា​​​លលាដ៍​​​ក្បាល​​​ជន​​​ជាតិ​​​​​​អាស៊ី។ ពេល​​​នេះ​​​ឆ្អឹង​​​​​​សព​​​​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​វត្ត​​​សុភមង្គល​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​”។

លោក​​​ ឈុំ ពេជ្រ​​​ ចៅសង្កាត់​​​អូ​​​រអំបិល​​​ក្នុង​​​ក្រុង​​​សេរីសោភ័ណ្ឌ​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​បញ្ជាក់ថា វត្ត​​​សុភមង្គល​​​បាន​​​ទទួល​​​ឆ្អឹង​​​​​​សព​​​នេះ​​​នៅ​​​វេលា​​​ម៉ោង​​​៦ និង​​​៣០​​​នាទី​​​ល្ងាច​​​ម្សិល​​​មិញ​​​៕ សុខុម​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស