កាលពីម្សិលមិញ កម្មកររោងចក្ររាប់ពាន់នាក់នៅរោងចក្រផលិតស្បែកជើង វីងស្តារ បានបិទផ្លូវទៅកាន់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺអស់រយៈពេលពីរម៉ោង ។ ពួកគេទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់បន្ថែមត្រឹមប្រាំដុល្លារ និងអនុវត្តច្បាប់ការងារឲ្យបានត្រឹមត្រូវ បន្ទាប់ពីការចរចាសម្របសម្រួលបានបរាជ័យកាលពីថ្ងៃអង្គារ។
ក្រុមមន្ត្រីបានឲ្យដឹងថា នេះជាថ្ងៃទី៣ហើយនៅក្នុងជម្លោះមួយដែលមានកម្មកររាប់ពាន់នាក់បានធ្វើការតវ៉ានៅខាងក្រៅរោងចក្រ វីងស្តារ។
លោក ផន ផល អគ្គលេខាធិការរងនៅសហជីពសេរីកម្មករ ដែលបានរៀបចំកូដកម្មនេះបានមានប្រសាសន៍ថា “យើងបានបិទផ្លូវដើម្បីជំរុញឲ្យក្រុមហ៊ុនស្វែងរកដំណោះស្រាយមួយតាមការទាមទាររបស់កម្មករ។ យើងមិនចង់តវ៉ាទេ ប៉ុន្តែយើងគ្មានជម្រើស ដើម្បីទទួលបានដំណោះស្រាយសមស្របមួយពីម្ចាស់ក្រុមហ៊ុន” ។ លោកបានឲ្យដឹងទៀតថា កម្មករបានឈរត្រៀបត្រានៅលើផ្លូវជាតិលេខ៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៩ព្រឹក។
លោក ផន ផល បានមានប្រសាសន៍ថា ការបិទផ្លូវនេះ បានបញ្ចប់ នៅពេលអាជ្ញាធរខេត្តបានស្នើឲ្យពួកគេចេញ និងសន្យាស្វែងរកដំណោះស្រាយជូនកម្មករ។
ការទាមទាររបស់កម្មកររោងចក្ររួមមាន ការដំឡើងប្រាក់បន្ថែមចំនួនពី១០ទៅ១៥ដុល្លាររាល់ខែដែលជួយចំណាយទៅលើ អាហារបាយថ្ងៃត្រង់ និងការដឹកជញ្ជូន។
ពួកគេក៏ចង់ឲ្យក្រុមហ៊ុននេះឈប់បង្ខំនិយោជិតឲ្យធ្វើការហួសម៉ោង និងដកកង សន្តិសុខបុរសចេញពីក្រៅបន្ទប់ទឹកស្ត្រី នៅ ក្នុងរោងចក្រនេះ។ កាលពីថ្ងៃអង្គារ តំណាងកម្មករបានជួបជាមួយតំណាងមកពីចក្រផលិតស្បែកជើងវីងស្តារ និងរដ្ឋាភិបាល។ ពួកគេមិនទទួលបានកិច្ចព្រមព្រៀងឡើយ។
លោក ប៉ែន សម្បូរ អភីបាលរងខេត្តកណ្តាល និងលោក ស៊ឹម រតនៈ ប្រធានមន្ទីរការងារខេត្តបានចូលរួមការប្រជុំមួយកាល ពីម្សិលមិញជាមួយបុគ្គលិករោងចក្រផលិតស្បែកជើងនេះ។ក្រោយនោះ ពួកគេនៅ តែមិនទទួលបានកិច្ចព្រមព្រៀងដដែល។
លោក ប្រធានមន្ទីរការងារ សឹុម រតនៈ បានឲ្យដឹងថា “ខ្ញុំនិងអភិបាលរងរបស់ខ្ញុំ បាន ជួបជាមួយតំណាងក្រុមហ៊ុនដើម្បីស្វែងរក ដំណោះស្រាយឲ្យកម្មករ ប៉ុន្តែក្រុមហ៊ុននេះនៅតែរក្សាជំហរដាច់ខាតរបស់ខ្លួន និងមិនបានសហការជាមួយយើងដើម្បីធ្វើការដោះស្រាយបញ្ហាទេ។ខ្ញុំនឹងទាក់ទងទៅក្រុមហ៊ុន និងតំណាងកម្មករសម្រាប់ជំនួបប្រជុំមួយនាថ្ងៃស្អែក ដើម្បីចរចាឡើងវិញ”។
លោក ម៉ៅ ឈីវ សុង ទីប្រឹក្សារបស់រោងចក្រស្បែកជើង វីងស្តារ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនលោកខាតបង់ ប្រាក់ប្រហែល១៥០.០០០ដុល្លារក្នុងមួយថ្ងៃ អំឡុងពេលកម្មករធ្វើកូដកម្ម ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា លោកមានទុទិដ្ឋិនិយមអំពីការទទួលបានដំណោះស្រាយនៅឯជំនួបមួយដែលគ្រោងនឹងធ្វើឡើងនាថ្ងៃសុក្រ។ លោក ម៉ៅ ឈីវសុង បានឲ្យដឹងថា “យើង មិនគិតថាបញ្ហានេះនឹងត្រូវបានដោះស្រាយទេពីព្រោះក្រុមហ៊ុននេះខាតបង់ប្រាក់ច្រើន អំឡុងកូដកម្ម”៕ ប៊ុននី