27 C
Phnom Penh

នគរ​បាល​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​​​​នៅ​កោះកុង ពីបទ​ធ្វើ​ឃាត​ប្អូន​​ប្រុស​​ប្រធាន​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ថ្នាក់​ស្រុក​មួយ​រូប​នៅ​ខេត្ត​កោះកុង ត្រូវ​បាន​​នគរ​បាលខេត្ត​សាក​សួរ​​​​កាលពីម្សិលមិញ បន្ទាប់ពី​នគរ​បាល​រូ​ប​នោះ​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​អង្គារ ជុំវិញ​ករណី​បាញ់​សម្លាប់​​ប្អូន​ប្រុស​របស់​ប្រធាន​ខ្លួន​យ៉ាង​សាហាវ​។

ជន​សង្ស័យ​ឈ្មោះ ស៊ី នាង អាយុ​៤៩​ឆ្នាំ​ ជា​​​មន្ត្រី​នគរ​បាល​ស្រុក​ថ្មបាំង ត្រូវ​បាន​ចាប់​ខ្លួន​​​កាលពីថ្ងៃ​អង្គារ បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់​​​ថា បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ កែវ កែមសុខដាង ​​ត្រូវ​ជា​ប្អូ​ន​ប្រុស​របស់​លោក ស៊ឹម វ៉ារី អធិការ​នគរ​បាល​ស្រុក​​ និង​បង្ក​របួស​ស្នាម​លើ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ឈូក ម៉ាលី ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក​ វ៉ារី នៅ​​អធិ​ការ​​ដ្ឋាន​នគរ​បាល​ កាលពីព្រឹក​​​​អង្គារ នេះ​បើ​យោង​តាម​​លោក សុក ង៉ោ ស្នង​ការ​នគរ​បាល​​​ខេត្ត​ពីបទ​ល្មើស​កម្រិត​ធ្ងន់​។

លោក ង៉ោ បាន​ឲ្យ​ដឹង​ថា លោក​បាន​សាក​សួរ​​ជន​សង្ស័យ​កាលពីម្សិលមិញ ក៏ប៉ុន្តែ​មិន​ទាន់​ដឹង​ពីមូល​ហេតុ​ដែលជន​សង្ស័យ​ប្រព្រឹត្ត​​​បែប​នេះ​នៅ​ឡើយ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​សាក​​សួរ​គាត់​​ថា ហេតុអ្វី​បាន​ជា​គាត់​បាញ់​ពួកគេ​ ហើយ​គាត់​បាន​និយាយ​ថា គាត់​ខឹង​។ បន្ទាប់​មក​គាត់​ក៏យំ​ ហើយ​លែង​ឆ្លើយ​​សំណួរ​របស់​ខ្ញុំ​”។ លោក ង៉ោ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ព្យាយាម​សាក​សួរ​ជន​សង្ស័យ​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ​។

លោក អុិន គង់ចិត្រ អ្ន​ក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះ​កុង បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​បាន​អះ​អាង​ថា ជន​សង្ស័យ​ឈ្មោះ នាង ​បាន​ខឹង​​ប្រធាន​​របស់​ខ្លួន​ ពីព្រោះ​គាត់​បាន​បដិសេធ​សំណើសុំ​ឈប់​សម្រាក​ទៅ​ផ្ទះ​រ​បស់​ខ្លួន​​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកបាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា យោង​តាម​សាក្សី​​ ជន​សង្ស័យ​ឈ្មោះ នាង បាន​យក​កាំ​ភ្លើង​ AK-47  ពី​​​មិត្ត​រួម​អាជីពរបស់​ខ្លួន​ មុន​ពេល​ចេញ​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ទាំង​អារម្មណ៍​ខឹង​ខ្លាំង​​។ លោក គង់​ចិត្រ បាន​មាន​ប្រសា​សន៍​​ថា ​ “ជន​សង្ស័យ​បាន​កាន់​កំាភ្លើង​ទៅ​អធិការ​ដ្ឋាន​ស្រុក​ ហើយ​មើលទៅ​ហាក់​ដូច​ជា​​ប្លែក​ខុស​ពីធម្មតា។ នេះគឺ​ជា​មូល​ហេតុ​ដែល​ប្អូន​ប្រុស​របស់​លោក វ៉ារី …​ព្យាយាម​បញ្ចុះ​បញ្ចូល​​​ជន​សង្ស័យ​ឲ្យ​ទុក​កាំភ្លើង​វិញ។ បន្ទាប់​មក​ជន​សង្ស័យ​ក៏បាន​បាញ់​ជន​រង​គ្រោះ​តែម្ដង​”។

លោ​ក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​មក​​ជន​សង្ស័យ​ឈ្មោះ​​ នាង ក៏បាន​ចូលទៅ​ក្នុង​បន្ទប់​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ ហើយ​ក៏បាញ់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ម៉ាលី ឲ្យ​រង​របួស​។

លោក គង់ចិត្រ បាន​លើក​ឡើង​ថា ​ជន​រង​​គ្រោះ​ឈ្មោះ កែវ កែម​​សុកដាង បាន​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង​​ត្រង​់​ពោះ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ខណៈ​ដែល​ជន​រង​គ្រោះ​ឈ្មោះ ម៉ាលី កំពុង​ត្រូវ​បាន​ព្យាបាល​នៅឡើយ​ បន្ទាប់​ពី​​ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​​ត្រគាកនិង​ភ្លៅ​៕សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស