31 C
Phnom Penh

ផ្ដន្ទាទោស​​​មន្ត្រី​​​នគរ​​​បាល​​​​ពីរនាក់​​ពី​បទ​បាញ់​ប្រហារ​ កាល​ពី​ឆ្នាំ​២០០៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ផ្តន្ទាទោស​​​មន្ត្រី​នគរបាល​ចំនួន​ពីរ​នាក់​ ដោយកំបាំងមុខ​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ កាល​ពី​ឆ្នាំ​២០០៥​ លើ​យុវជន​ម្នាក់​ដែល​ពួក​គេ​ព្យាយាម​តាម​ចាប់​ខ្លួន​។ 

ជន​រង​គ្រោះ​ឈ្មោះ​ ជា​ អ៊ូសាន​ ដែល​ឥឡូវ​​​មាន​អាយុ​៣០​ឆ្នាំ​ បាន​ត្រូវ​គ្រាប់​ចំ​ជើង​បន្ទាប់​ពី​មន្ត្រី​នគរបាល​ឈ្មោះ​ ទីន​ តូម៉ាន អាយុ​៥២​ឆ្នាំ​ និង​ឈ្មោះ​ គង់​ វុទ្ធី​ អាយុ​២៩​ឆ្នាំ​ ​​បាន​ចុះ​ទៅ​ដោះ​ស្រាយ​រឿង​មួយ​ដែល​គេ​បាន​ប្តឹង​ថា យុវជន​មួយ​ក្រុម​ប្រដាប់​ដោយ​​ដាវ​សាម៉ូរ៉ៃ​ បាន​ចេញ​មក​អុក​ឡុក​​នៅ​ពេល​យប់​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌ​ឫស្សី​កែវ​ ដោយ​ធ្វើ​ឲ្យ​ពល​រដ្ឋ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។

នៅ​ពេល​មន្ត្រី​នគរបាល​ទៅ​ដល់​កន្លែង​កើត​ហេតុ​ យុវជន​ទាំង​នោះ​បាន​នាំ​គ្នា​គេច​ខ្លួន​ ហើយ​នគរបាល​បាន​ប្រើ​ AK-47 បាញ់ភ្ជុច​ដីប៉ុន្តែ​មាន​គ្រាប់កាំ​ភ្លើង​មួយ​គ្រាប់​បាន​ប្លាត​ទៅ​ត្រូវជន​រង​គ្រោះ​ឈ្មោះ​ អ៊ូសាន​ ដែល​តុលាការ​បាន​បើក​សវនាកា​រជំនុំជម្រះ​ក្តី​ កាល​ពី​ម្សិល​មិញ​។

លោក​ អ៊ូសាន ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ចូល​ពន្ធនាគារ​ពី​បទ​បង្ក​រឿង​ក្នុង​ហេតុ​ការណ៍​មួយ​ផ្សេង​ទៀត​ ហើយ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ឡើយ​។ ជន​សង្ស័យ​ក៏​មិន​​​បានបង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ដែរ ​ប៉ុន្តែ​គេ​មិន​ច្បាស់​ឡើយ​ថា តើ​ហេតុ​អ្វី​បាន​ជា​​លោ​ក​​​​​​​ កោ​ វណ្ឌី ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​​​មិន​​ពន្យល់​អំពី​ការ​ផ្តន្ទាទោស​កំបាំង​មុខ​នេះទេ​។

លោក​ស្រី​ ម៉ុន វិមានចំប៉ា មេ​ធាវី​ការពារ​ក​​្តី​របស់​ពួក​គេ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បា​​យ​ថា តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​បង្ហាញ​ខ្លួន​នៅ​​​​​​​​​ក្នុង​តុលាការ​ ឬ​ក៏​ថា តើពួក​គេ​កំពុង​តែ​​​គេច​​​​​​ខ្លួន​​​​​​​ឬ​យ៉ាងណាឡើយ។ លោក​ស្រី​ ម៉ុន វិមាន​ចំប៉ា​ ​មាន​ប្រសា​ស​ន៍​​ថា “កូន​ក្តី​របស់​ខ្ញុំ​គ្រាន់​តែ​បាញ់​ភ្ជុច​ដី​ប៉ុណ្ណោះ​​​ មិន​មែន​សំដៅ​ជន​រង​គ្រោះ​ឡើយ​ ហើយ​គ្រាប់​កាំ​ភ្លើង​បាន​ហោះ​ទៅ​ត្រូវ​ជើង​ជន​រង​គ្រោះ​ដោយ​ចៃ​ដន្យ​​ ហេតុ​ដូច្នេះ​ខ្ញុំ​សុំ​ស្នើ​ឲ្យ​តុលា​​​ការ​​​​​​​​​​លើក​លែង​ការ​ចោទ​ប្រកាន​​់​លើ​ពួក​គេ​”។ ចៅ​ក្រម​ កោ​ វណ្ឌី​ បានបន្ថែម​​ឲ្យ​ដឹង​ថា តុលាការ​នឹង​​​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១២​ ខែ​មេសា​៕ ស៊ុយ​ឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស