កាលពីម្សិលមិញ នគរបាលនិងមន្ត្រីរដ្ឋបាលព្រៃឈើបានរឹបអូសឈើប្រណីតពាក់កណ្ដាលសម្រេចបានជាង១០០ម៉ែត្រគូប ដែលត្រូវបានលាក់ទុកនៅក្នុងព្រៃមួយនៅខេត្តមណ្ឌលគិរី។

សកម្មភាពកាប់ឈើប្រណីតត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការអនុញ្ញាតច្បាស់លាស់ពីរដ្ឋបាលព្រៃឈើទេ។
លោក ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តបានឲ្យដឹងថា ប្រធានក្រុមហ៊ុនកាប់ឈើនៅមូលដ្ឋានបានរត់គេចខ្លួន បន្ទាប់ពីដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើបានរកឃើញកន្លែងលាក់ទុកឈើជាង៦០០កំណាត់ និងបានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់នី បានឲ្យដឹងថា នេះជាប្រតិបត្តិការរឹបអូសឈើដ៏ធំបំផុតនៅក្នុងខេត្តមណ្ឌលគិរី អំឡុងរដូវប្រាំងនាពេលបច្ចុប្បន្ន។លោកបានឲ្យដឹងបន្ថែមទៀតថា ឈើទាំងនេះកំពុងត្រូវបានថែរក្សាទុកដាក់ដោយកម្លាំងនគរបាល។
លោកឧត្តមសេនីយ៍ត្រីរូបនេះបានមានប្រសាសន៍ថា “កាលពីម្សិលមិញ ខ្ញុំបានបញ្ជូនកម្លាំងនគរបាលរបស់ខ្ញុំដែលបានមកពីស្រុកអូររាំង ឲ្យមកមើលការពារឈើប្រណីតដ៏ច្រើនទាំងនេះ”។
លោក ឃុត សុភាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹងផងដែរថា មន្ត្រីស៊ើបអង្កេតរបស់លោកកំពុងព្យាយាមកំណត់អត្តសញ្ញាណម្ចាស់ក្រុមហ៊ុនកាប់ឈើ និងបុគ្គលិករបស់ក្រុមហ៊ុននោះ៕ សុធា