29 C
Phnom Penh

គណបក្ស​ហ្វ៊ុនស៊ិនប៉ិចបានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​​សម្ភារពី​បក្ស​កុម្មុយនីស្ត​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​រាជា​និយ​ម​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា  បក្ស​កុម្មុយ​នីស្ត​ចិន​បានផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​និង​សម្ភារ​ដល់​គណ​បក្ស​​ហ៊្វុន​សិុនបិុច​ ដែល​​មាន​បញ្ហា​ច្រើន​​នោះ សម្រាប់ការ​ចំណាយ​ទៅលើ​ថ្លៃ​ឈ្នួល​​​អគារ​ ​ថ្លៃ​អគ្គិ​សនី​ ថ្លៃ​ដឹក​ជញ្ជូន​ និង​ការ​ចំណាយ​ផ្នែក​​​រដ្ឋបាល​ទូទៅ​ ព្រម​ទាំង​​ផ្ត​ល់ការ​បណ្តុះ​បណ្តាល​​ផ្នែក​នយោ​បាយ​ដល់​​សមាជិក​យុវជន​វ័យ​ក្មេងទៀតផង​។

​គណ​បក្ស​ហ៊្វុន​សិុន​បិុច​ ត្រូវ​បាន​បង្កើត​​​ឡើង​​​​ដោយ​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហនុ កាល​ពីខែ​កុម្ភៈ​ឆ្នាំ​១៩៨១​ជា​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របប​ដែល​​លើក​បន្តុប​ដោយ​វៀតណាម​នៅក្នុង​ក្រុង​​ភ្នំពេញ ​និង​​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​ជាតិ​ឆ្នាំ​១៩៩៣​ ដែល​រៀបចំ​ដោយ​​អង្គការ​សហ​ប្រជាជាតិ​ក្រោម​ការ​​ដឹក​នាំ​​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ បន្ទាប់​ពី​ការ​ចរចា​បញ្ចប់​សង្គ្រាម​សីុវិល​​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

គណ​បក្ស​នេះ​បាន​ធ្វើ​ជា​ដៃ​គូ​ដែល​ទទួល​បាន​អំណាច​​ច្រើននៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជា​បន្ត​បន្ទាប់​​ មុន​ពេល​មិន​ទទួល​បាន​អាសនៈ​សោះ​ជា​លើក​ដំបូង​នៅក្នុងការ​បោះឆ្នោត​កាល​ពីឆ្នាំ​មុន​។

លោក កែវ ពុទ្ធ​រស្មី​ ដែល​ជា​ប្រធាន​​​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​ បន្ទាប់​ពី​គណបក្ស​នេះ​បា​ន​បណ្តេញ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ កាល​ ពីឆ្នាំ​២០០៦​ និង​ភរិ​យា​របស់​លោក​​​គឺ​​ជា​ប្រធាន​គណបក្ស​នាពេល​បច្ចុប្បន្ន​នេះ​បាន​មាន​ប្រសាសន៍​ថា ការ​គាំទ្រ​ពី​ប្រទេស​ចិន​ គឺមាន​ទាំង​ការ​ផ្លាស់​​ប្តូរ​​ទស្ស​ន​កិច្ច​​សិក្សា និង​ការ​គាំទ្រសម្ភារ​ដោយ​ផ្ទាល់​។

លោក​ កែវ​ ពុទ្ធ​រស្មី បាន​​មាន​​ប្រសា​សន៍​តាម​ទូរស័ព្ទ​ដោយ​លើក​ឡើង​ពី​កុំព្យូ​ទ័រ​ និង​ត្រាក់​ទ័រ​ធុន​តូច​សម្រាប់ចែក​ឲ្យ​​ក្រុម​អ្នក​ភូមិ​ជា​ឧទាហរណ៍​​នៃ​ការ​​ឧបត្ថម្ភ​​​នា​ពេល​ថ្មីៗ​នេះ​ពី​​បក្ស​កុម្មុយ​នីស​្ត​ចិន​ថា “ មាន​​ការ​ឧបត្ថម្ភ ពីរ​ប្រភេទ ​គឺ​ការ​ឧបត្ថម្ភ​​ផ្នែក​នយោ​បាយ​ ដូចជា​នៅពេល​យើង​ផ្លាស់ប្តូរ​​ដំណើទស្សន​កិច្ច​ និងការ​ឧបត្ថម្ភ​​ផ្នែក​សម្ភារ​ដែល​យើ​ង​ទទួល​បាន​រៀង​រាល់​ឆ្នាំ​”។

លោក​បាន​ពន្យល់ថា   គណៈប្រតិភូ​​ចិន​ដែល​​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពីខែ​មុន​ក៏​បាន​យល់​ព្រម​ផ្តល់​ម៉ូតូ​​កម្លាំង​១២៥​សេសេ ​ផលិត​នៅ​ប្រទេស​​ចិន​ចំនួន ​២០​​គ្រឿង​ និង​កង​់អគ្គិ​សនី​ចំនួន​១៨០​គ្រឿង​​ដល់​​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​ដើម្បី​ជួយ​ដល់​មន្ត្រី​​គណបក្ស​​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ឃោស​នា​នៅតាម​តំបន់​ជន​បទ​។

លោក កែវ​ ពុទ្ធ​រស្មី​ បានមាន​ប្រសា​សន៍​ថា “ថវិកានេះ​អាស្រ័យ​លើ​តម្រូវការ​របស់​យើង​។ យើង​មិន​អាច​ស្នើ​សុំ​សម្ភារ​ ហើយ​មិន​ប្រើ​ បែរ​ជា​លក់​សម្ភារ​ទាំង​នោះ​នៅ​តាម​ទី​​ផ្សារ​នោះ​ឡើយ​​។​​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​​​អាច​​ស្នើ​​សុំ​អ្វី​​ៗ​ដោយ​សមរម្យ​តាម​តម្រូវការ​របស់​យើង​”។

ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ នរោត្តម អរុណ​រស្មី​ ជា​ភរិយា​របស់​លោក កែវ​ ពុទ្ធ​រស្មី ដែលមាន​​បិតា​តែមួួ​យ​ និងមាតាទីទៃជាមួយ​​​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី និង​ជា​បុត្រី​ពៅ​រប​ស់​​សម្តេច​​​​ឪ​ នរោត្តម​ សីហនុ​ ។

លោក​ឧត្តម​សេនីយ៍​​ ញឹក​ ប៊ុន​ឆៃ ដែល​ជា​មេ​បញ្ជាការ​កង​ទ័ព​​ចលនា​តស៊ូ​របស់​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​ក្នុង​ទសវត្សរ៍​ ឆ្នាំ​១៩៨០​ ហើយ​​ឥឡូវ​នេះ​ជា​ទី​ប្រឹក្សា​រដ្ឋា​ភិ​បាល​ និង​ជា​អគ្គលេខាធិការ​គណ​បក្ស​នេះ​បានមាន​​ប្រសាសន៍​ថា ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន​ដល់​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​គឺមាន​ច្រើន​ប្រភេទផ្សេង​ៗគ្នា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពិត​​​មែន​​​ហើយ ​ចិន​តែ​ង​តែ​ជួយ​​ផ្តល់​សម្ភារ​ការិយា​ល័យ​ដូចជា​កុំព្យូទ័រ​ ម៉ូតូ កុំព្យូទ័រ​យួរ​ដៃ​ ម៉ាសីុន​បោះពុម្ព​ ម៉ាសីុន​ថតចម្លង កង់​អគ្គិ​សនី​ និង​សម្ភារ​ការិយាល័យ​ជាច្រើន​​ទៀត​”។

លោក​ឧត្តម​សេនីយ៍​ ញឹក​ ប៊ុ​ន​ឆៃ បាន​ពន្យល់​​ប្រាប់​ថា “ប្រទេស​ចិន​ជួយ​​គ្រប់​រដ្ឋាភិ​បាល​​និង​គណបក្ស​នយោបាយ​ក្នុង​បំណង​រក្សា​ទំនាក់​ទំនង​ល្អ និង​ធ្វើ​ឲ្យ​មាន​​តុល្យ​ភាព​សម្រាប់ គណបក្ស​ទាំង​អស់​មាន​ន័យ​ថា ប្រទេស​ចិន​ប្រព្រឹត្ត​លើគណបក្ស​នយោ​បាយ​ទាំង​អស់​ដែល​​រក្សា​ទំនាក់​ទំនង​រឹង​មាំ​ជាមួយ​ខ្លួន​ដោយត្រឹមត្រូវ​”។

ព្រះ​អង្គ​ម្ចាស់​ សីុ​សុវត្ថិ​ សិរីរ័ត្ន ដែល​ជា​សមាជិក​ស្ថាបនិក​នៃកង​កម្លាំង​តស៊ូ​របស់​​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​ដែល​បក្ស​កុម្មុយ​នីស្ត​ចិន​បាន​ផ្តល់​ទាំង​អាវុធ និង​ថវិកា​រហូតដល់​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​នោះបាន​ពន្យល់​ប្រាប់​ថា ការ​គាំទ្រពីបក្ស​កុម្មុយ​នីស្ត​ចិន​នៅថ្ងៃនេះ​គឺ​ធ្វើ​ឡើង​តប​តាម​ការ​ស្នើ​​សុំ​។

ព្រះ​អង្គ​ម្ចាស់​ សិរី​រ័ត្ន ដែល​ក៏​ជា​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំអង្គការ​សហ​ប្រជាជាតិ​ និងជា​សហ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​ បន្ទាប់​ពី​មាន​ការ​ស្តារ​សន្តិភាព​ឡើង​វិញ​បាន​មាន​ប្រសាសន៍​ថា “ ពួក​​គេ​ផ្ត​ល់​ថវិកាបន្តិច​បន្តួច​ដល់​យើង​ដើម្បី​ចំណាយ​លើ​ថ្លៃឈ្នួលអគារ ថ្លៃអគ្គិសនី ​​និង​ការ​ចំណាយ​ផ្សេង​ៗទៀត”​។

ព្រះ​អង្គម្ចាស់​ សិរីរ័ត្ន មាន​បន្ទូលថា “ ការ​ឧបត្ថម្ភ​នេះ​គឺ​ដោយសារ​ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​រឹង​មាំ​រវាង​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​ និងបក្ស​កុម្មុយនីស្ត​ចិន និង​ដោយ​សារ​សមាជិក​រាជ​វង្សានុវង្ស​ខ្មែរ​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​​ក្នុងការ​គាំទ្រ​គោល​នយោ​​​បាយ​​​​ចិន​តែ​មួយ​”​។

ព្រះ​អង្គ​ម្ចាស់​បានមាន​បន្ទូល​ថា  “  បក្ស​កុម្មុយ​ន​ីស្តចិនក៏ចង់​រក្សា​ទំនាក់ទំនង​នេះ​ដើម្បី​​ធ្វើ​ឲ្យ​​ឆាក​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​​មាន​តុល្យ​ភាព​ដើម្បី​កុំ​ឲ្យ​គណបក្ស​ណាមួយ​អះ​អាង​ថា មាន​ទំនាក់​ទំនង​​ជា​មួយ​ខ្លួន​ប្រសើរ​ជាង​​នោះ​”។

ពីដំបូង ព្រះ​អង្គ​ម្ចាស់ នរោត្តម សីហនុ​ បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ឆ្នាំ​១៩៥៨​។ នៅក្នុង​​ឆ្នាំ​១៩៦៥​ គឺ​នៅ​ឆ្នាំ​​តែ​មួយ​​ដែល​កង​ទ័ព​អាមេរិក​​បាន​ទម្លាក់​គ្រាប់​បែក​លើក​​ដំបូង​ក្នុង​ប្រទេស​វៀត​ណាម​ភាគ​ខាង​ត្បូង​​​នោះ របប​របស់​

ព្រះ​អង្គ​ម្ចាស់​ក្នុងក្រុង​ភ្នំពេញ​នា​ពេល​នោះ​ក៏​បានអនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចិន​ដឹក​សម្ភារ​​​ផ្គត់​ផ្គង់​កាត់​តាម​​ប្រទេស​កម្ពុជា​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​​ដល់​​ការ​តស៊ូ​របស់​ពួក​កុម្មុយ​នីស្ត​ក្នុង​ប្រទេស​វៀតណាម។

ជា​ការ​តបស្នង​វិញ​​ បក្ស​កុម្មុយ​នីស្តចិន និង​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​​ចុង​ទស​​​វត្សរ៍​ឆ្នាំ​១៩៦០​បាន​ផ្តល់​យោបល់​ដល់​​ចលនា​កុម្មុយ​នីស្ត​ក្នុ​ងប្រទេស​កម្ពុជា​ឲ្យផ្អាក​សកម្ម​ភាព​បដិវត្តន៍​របស់​ខ្លួន​រហូត​ដល់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហ​នុ​​​ ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ទម្លាក់​​ក្នុង​ខែ​មីនា​ ឆ្នាំ​១៩៧០​។

លោក ឆេង ហុង​បូ ដែលជា​ប្រធាន​​ផ្នែក​នយោបាយ​នៅ​ស្ថាន​ទូត​ចិន​ក្នុង​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា លោក​មិន​អាច​ផ្តល់​ព័ត៌មាន​​ជាក់​លាក់អំពី​ទំនាក់​ទំនង​​បច្ចុប្បន្ន​​ ឬ​​កន្លង​មក​ក្នុងការ​គាំទ្រ​ដល់​​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​បានទេ ​​​​​ប៉ុន្តែ​ បាន​ប​ញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​ដែល​​បាន​ចុះ​ហត្ថ​លេខា​កាល​ពីខែ​មុន​គឺ​ផ្តល់​ម៉ូតូ​ជាច្រើ​ន​គ្រឿង​។

លោក​បាន​មាន​ប្រសាសន៍​លើកឡើង​​អំពី​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​​ថា “យើង​បាន​​ផ្តល់​ម៉ូតូ​ជាច្រើន​គ្រឿង​ដល់​គណបក្ស​នេះ​ដើម្បីធ្វើ​ដំណើរ​ទៅកាន់​ការិយា​ល័យ​របស់​ខ្លួន និង​សម្រាប់​ធ្វើ​ដំណើ​រចុះទៅ​តាម​ជន​បទ​” ​។លោក​បាន​បន្ថែម​ថា “ជា​ការ​ពិត​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​ និង​បក្ស​កុម្មុយ​នីស្ត​ចិន​មាន​ប្រវត្តិ​យូរ​លង់មក​ហើយ​ក្នុង​ការ​គាំ​ទ្រ​ដល់​គណបក្ស​នេះ​។ ទំនាក់​ទំនង​រវាង​បក្ស​ និង​បក្ស គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​របស់​យើង​ជាមួយ​​កម្ពុជា​”​។

លោក​ កែវ ពុទ្ធ​រស្មី​ បានមាន​ប្រសា​សន៍​ថា អនុស្សរណៈ​ដែល​ចុះ​ហត្ថ​លេខា​រវាង​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​ និង​បក្ស​កុម្មុយ​នីស្ត​ចិន​កាលពី​ឆ្នាំ​២០១១ក្នុង​គោល​បំណង​រក្សា​ទំនាក់​ទំនង​រវាង​បក្ស​ទាំង​ពីរ​ និង​ផ្លាស់ប្តូរ​​ទស្សន​កិច្ច​សិក្សា​ពាក់​ព័ន្ធ​នយោបាយ​​។

លោក កែវ ពុទ្ធ​រស្មី​ បាន​ពន្យល់​​ប្រាប់​ថា  “នៅ​ខែ​ក្រោយ​នេះ​យើង​នឹង​បញ្ជូន​​យុវ​ជន​​គណ​បក្ស​ហ៊្វុន​សិុន​បិុច​​១៥​នាក់​ទៅ​ប្រទេ​ស​ចិន ដោយ​ជ្រើ​ស​រើស​យុវជន​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ ហើយ​ពួកគេ​​​នឹង​ទៅ​សិក្សា​អំពី​របៀប​ដែល​ពួក​គេ​ចូលជា​សមាជិក​បក្ស​កុម្មុយ​នីស្ត​ អំពី​ការ​ដែល​គណ​បក្ស​ជ្រើ​ស​​រើស​មនុស្ស​ និង​អំពី​វិធី​ដែលប្រជាជន​លើក​ឡើង​ពី​តម្រូវការ​របស់​ខ្លួន​”​។ លោក​មាន​ប្រសាសន៍​ថា “​ក៏មាន​ការ​ផ្តល់​អាហារូប​ករណ៍​ផង​ដែរ ហើយ​ពួក​គេ​នឹង​ទៅ​សិក្សា​រយៈពេល​មួយ​ឆ្នាំ ឬ​ប្រាំ​ឆ្នាំ​អំពី​វិទ្យា សាស្ត្រ​បច្ចេកទេស​។​ កាល​ពីឆ្នាំ​មុន​យើង​បាន​បញ្ជូន​យុវជន​ពីរ​រូប​ ហើយនៅឆ្នាំ​នេះ​យើង​នឹង​ស្នើ​សុំ​​​ពីររូប​ឬ​បីរូប​ទៀត​”​៕​សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស