31 C
Phnom Penh

ពលរដ្ឋ​​ទូទាំង​ប្រទេសដាក់​ពាក្យ​ប្តឹង​ឡើង​វិញ​នៅ​ក្នុង​សំណុំរឿងវិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ជួយ​សហគមន៍​ចំនួន​១០៥​ដែល​​​កំពុង​ជាប់​គាំង​នៅ​ក្នុងវិវាទ​ដី​ធ្លី​ដ៏​អូស​បន្លាយ​​​នៅ​ទូទាំង​ប្រទេស​ ដាក់​ពាក្យ​បណ្តឹង​ឡើង​វិញ​ទៅ​កាន់​តុលាការ​មូលដ្ឋាន​និង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​​សំណុំ​រឿង​របស់​ពួក​គាត់​។

ដោយរាប់​បញ្ចូលករណី​​វិវាទ​ដីធ្លី​​រាប់​រយ​​ដែល​កើត​មាន​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស​​​កម្ពុជា ​សំណុំ​រឿង​ទាំង​​១០៥មាន​ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ចំនួន​១១.០០១​គ្រួសារ​ ដែល​កំពុង​ត​វ៉ា​ ដើម្បី​ទាម​ទារ​ដី​ដែល​មាន​ទំហំ​សរុប​២៦.៥០០​​​ហិកតា​ នៅ​បណ្តា​ខេត្ត​ចំនួន​១៧​មក​វិញ ហើយ​នៅ​ក្នុង​ចំណោម​សំណុំ​រឿង​ទាំង​នេះ​មាន​សំណុំ​រឿង​ខ្លះ​បាន​កើត​ឡើង​ជាង​មួយ​ទសវត្សរ៍​មក​​ហើយ។

ដោយ​ដាក់​ពាក្យ​បណ្តឹង​ឡើង​វិញ​​​ក្នុង​ពេល​​​​តែ​មួយ​ អង្គការអាដ​ហុក​ សង្ឃឹម​ថា នឹង​អាច​ទាញ​ចំណាប់​អារម្មណ៍​របស់​មន្ត្រី​ជាន​​់​ខ្ពស់​បាន​ ហើយ​សង្ឃឹម​ថា នឹង​អាច​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ចាត់​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​​​នេះ​។

លោក​ ធន ​សារាយ​ ប្រធាន​អង្គការ​​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​​មាន​ប្រសាសន៍​នៅ​ឯ​​សន្និសីទ​កាសែត​​ស្តី​ពី​ការ​បើក​យុទ្ធនាការ​ពាក់​​​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​នេះ​ថា “យើង​កំពុង​ក្រើន​រំឭក​ដល់​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​​ដ៏​អូស​បន្លាយ​ទាំងនេះ​ ព្រោះ​សំណុំ​រឿង​ខ្លះ​ក្នុង​​​ចំណោម​សំណុំ​រឿង​ទាំង​នេះ​ បាន​​ធ្វើ​ឲ្យ​ពល​រដ្ឋ​ឈឺចាប់​អស់​រយៈពេល​ជា​​យូរ​មក​ហើយ​ ដោយ​សារ​អាជ្ញាធរ​រាជ​ធានី​និង​អាជ្ញា​ធរ​ខេត្ត​​​​​​​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំងនោះ​បាន​”។

នៅ​ក្នុង​ចំណោម​សំណុំ​រឿង​ទាំង​១០៥​ដែល​​​​​ប្តឹង​ឡើង​វិញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​​​អាដ​ហុក​ កាល​ពី​ម្សិល​មិញ​ ​មាន៧៧​ ត្រូវ​បាន​​​ដាក់​ប្តឹង​ទៅ​កាន់​អភិបាល​ខេត្ត​ ១៨​ត្រូវបាន​ប្តឹង​​​​​ទៅ​​​សាលា​ស្រុក​ ឬ​ក៏​មន្ទីរ​សុរិយោដី​ខេត្ត​ និង​១០​ផ្សេង​ទៀត​​ ប្តឹង​ទៅ​កាន់​សាលាដំបូង​ខេត្ត។

លោកស្រី​​ ស្តេលឡា​ អាណា​ស្តាសៀ (Stella​ Anastasia) ជំនួយ​ការ​ផ្នែក​បច្ចេកទេស​នៅ​អង្គការ​អាដហុក​ បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​វិវាទ​ដី​ធ្លី​ទាំង​នេះ​ បាន​សម្រេច​ចិត្ត​រួច​ហើយមុន​នឹង​សម្រេច​ថា តើ​នរណា​ដែល​គួរ​តែ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ឡើង​វិញ​ទៅ​កាន់​។

ទោះ​បី​ជា​ពួក​គេ​គឺ​ជា​តុលាការ​ និង​មន្ត្រី​រដ្ឋាភិបាល​ដដែល​ ដែល​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវជាច្រើន​ឆ្នាំ​មកហើយ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លីក៏ដោយ​ ក៏​​លោក​ស្រី​ អា​ណា​​ស្តាសៀ​ នៅ​តែ​មាន​សង្ឃឹម​ថា​ យុទ្ធនា​ការ​នេះ​នឹង​ធ្វើ​ឲ្យ​​មាន​ការ​ផ្លាស់​ប្តូរ​។

លោក​ស្រី​បាន​ប្រសាសន៍​ថា “យើង​គ្រាន់​​​តែ​ចង់​ដាស់​តឿន​ក្រើន​រំឭក​ដល់​អាជ្ញា​ធរ​មាន​​​សមត្ថកិច្ច​ថា ពួក​គេ​ត្រូវ​តែ​អនុវត្ត​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ច្បាប់​”។

លោក​ រ៉ុង គី​  គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​​​ពល​រដ្ឋ​ដែល​រង​ការ​ឈឺ​ចាប់​នៅ​ក្នុង​វិវាទ​ដី​ធ្លី​ទាំង​នេះ​។ គ្រួសារ​របស់​គាត់​គឺ​ជា​គ្រួសារ​មួយ​ដែល​ស្ថិត​នៅ​ក្នុងចំណោម​គ្រួសារ​​ប្រហែល​២០០​ ដែល​ចោទ​ប្រកាន់​ក្រុមហ៊ុន​ Union  Development Group គ្រប់​គ្រង​ដោយ​ចិនថា​ បានធ្វើ​ឲ្យ​ពួក​គាត់​​បាត់​បង់​ដី​ស្រែ​របស់​​ខ្លួន​​ ដោយ​សារ​ក្រុមហ៊ុន​នេះ​មាន​ផែន​ការ​បង្កើត​រមណីដ្ឋាន​ទេសចរ​ណ៍មួយ​លើ​ដី​ទំហំ​​ ៣៦.០០០​​​ ហិកតា​ក្នុង​ខេត្ត​កោះ​កុង​។

លោក​ គី​ បាន​និយាយ​ថា នៅ​ឯសន្និ​សីទ​កាសែត​នោះ​ថា “យើង​បា​នដាក់​ពាក្យ​ប្តឹង​អាជ្ញាធរ​ថ្នាក់​ស្រុក​និង​ថ្នាក់​ខេត្ត​ ប៉ុន្តែ​ពួក​គេ​មិន​បានរក​ដំណោះ​ស្រាយឲ្យ​យើងឡើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​។ ពួក​គេ​ [បុគ្គលិក​ក្រុមហ៊ុន​] បាន​មក​បំផ្លាញ​​ផល​ដំណាំ​របស់​ពល​រដ្ឋ​ ប៉ុន្តែ​ពួក​គេ​មិន​ដែល​មក​ដោះ​ស្រាយ​បញ្ហាឲ្យ​យើង​ឡើយ​”។

មន្ត្រី​មូលដ្ឋាន​បាន​អះអាង​ថា ក្រុមហ៊ុន​ បាន​ឆ្ការរាន​តែដី​ស្រែ​របស់​អ្នក​ភូមិ​ណា​ដែល​បាន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ប៉ុណ្ណោះ​។

អំឡុង​យុទ្ធនាការ​​បោះ​ឆ្នោត​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ លោក​នាយក​​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ដ៏​អូស​បន្លាយ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្តី​អំពី​យុទ្ធ​នាការ​ថ្មីរបស់​ខ្លួន​ អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​ច្រាន​ចោល​នូវ​ពាក្យ​សម្តី​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ថា ការ​សន្យា​ទាំង​នេះ​គឺ​មាន​បំណង​តែ​មួយ​គត់​គឺ​ដើម្បី​ “ទាក់​ទាញ​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ​​​ មិន​មែន​ជា​ការ​សន្យាពិត​ដើម្បី​បម្រើ​​​ការ​រស់​នៅ​របស់​ពលរដ្ឋ​ឡើយ​” ។

ចាប់​តាំង​ពី​ខ្មែរ​ក្រហ​ម​បាន​លុប​បំបាត់​ការ​កាន់​កាប់​លើ​ដីធ្លី​ឯកជន​ទាំងអស់​ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៧០ ហើយ​បាន​បំផ្លាញ​ឯកសារ​ពាក​់​ព័ន្ធ​​ទាំង​អស់​រួច​មក​ រដ្ឋាភិបាល​កម្ពុជា​ មាន​សភាព​យឺត​យ៉ាវ​នៅ​ក្នុ​ង​ការ​ចេញ​ប័ណ្ណកម្ម​​សិទ្ធិ ដី​ធ្លី​ថ្មី​ទៅ​បុគ្គលនីមួយៗ​ ដោយ​បន្សល់​ទុក​ឲ្យ​ពល​រដ្ឋ​លាន​នាក់់​ មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​​ការ​កាន់​កាប់​ដី​ធ្លី​របស់​ខ្លួន​។

អង្គការ​សិទ្ធិ​មនុស្ស​​មួយ​ចំនួន​ក៏​បាន​ចោទ​ប្រកាន់ថា​តុលា​ការ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផង​ដែរ​ ដោយ​​សារ​ការ​សម្រេច​គាំទ្រ​តែ​ផល​ប្រយោ​ជន៍របស់​អ្នក​ជំនួញ​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​មាន​អំណាច​ ដោយ​ធ្វើ​ឲ្យ​កសិករ​ក្លាយ​ជា​ជន​រង​គ្រោះ​។

តែ​ទោះ​ជា​យ៉ាង​ណា​ រដ្ឋាភិបាល​នៅ​តែ​​ទទួល​បាន​ការ​សរសើរ​មួយ​ចំនួន​ចំពោះ​ការ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​ថ្មី​ទៅ​ឲ្យ​ក្រុមហ៊ុន​ ឧស្សាហកម្ម​ធំៗ​ ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ​កំពុង​តែ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​ជួយ​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ដែល​បាត់​បង់​ទី​លំនៅ​ ដោយសារ​តែ​ក្រុមហ៊ុន​ចម្ការ​អំពៅ​។

លោក​ បេងហុង​ សុជាតិ​ខេមរ៉ូ អ្នកនាំ​ពាក្យ​​​ក្រសួង​សុរិយោដី​ នគរូបនីយកម្មនិង​សំណង់​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​​នេះ​ឡើយ ហើយ​បានបង្វែ​រសំណួរ​ទៅ​លោក​ ឡៅ ដាវុធ​ ប្រធាន​​នាយក​ដ្ឋាន​សុរិយោ​ដី​​វិញ៕​ស៊ុយឈាង​

     (រាយ​ការ​ណ៍បន្ថែម​ដោយ​ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស