29.3 C
Phnom Penh

កូន​​ប្រុស​​​របស់​​លោក ចម ​ប្រសិទ្ធ អតី​ត​​រដ្ឋមន្ត្រី​​​ក្រសួ​ង​​​​ពា​​ណិ​ជ្ជ​កម្ម​ ផ្លាស់​​ទៅ​តា​ម​​​លោក​​នៅ​ក្រសួង​​ឧស្សា​​ហកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូន​​​ប្រុស​​ម្នាក់​​របស់​លោក​ ចម ​ប្រសិទ្ធ​​​អតី​ត​​​​រដ្ឋមន្ត្រី​ក្រសួ​ង​​​​​ពា​​ណិជ្ជ​កម្ម​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហ​កម្ម និង​សិប្បកម្ម​កាលពីឆ្នាំមុន​ ស្ថិត​ក្នុង​ចំណោម​​​​មន្ត្រី​​ជាន់​ខ្ពស់​បីរូប​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​​អនុក្រឹត្យ​​កាល​​ពីថ្ងៃ​ពុធ បន្ទាប់ពី​ទទួល​​​តួនាទី​នៅ​ក្នុង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្មថ្មី​។

ក្នុង​ការប្តូរ​​តំ​ណែ​ង​​មួយ ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ លោក ចម ប្រសិទ្ធ ត្រូវបាន​​ប្តូរ​​ពី​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ទៅ​កាន់​តំណែង​ជា​​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាមពល​វិញ។ ក្រសួង​នេះ​ត្រូវ​បាន​បំ​​​បែក​ជា​ក្រសួង​ពីរ​ដោយ​ឡែក​ ហើយ​លោក​ ចម ប្រសិទ្ធ ត្រូវបាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាល​ពីក្នុង​ខែធ្នូ។ លោកបាន​កាន់​តំណែង​ដ៏មា​ន​​អំ​​ណាចជា​រដ្ឋមន្ត្រី​ក្រសួង​​​ពាណិជ្ជកម្ម​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​។

អនុក្រឹត្យ​មួយ​ចុះ​ហត្ថលេខាដោយ​លោក​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បង្ហោះ​នៅ​លើ​​ទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្រសួង​ពណិជ្ជ​កម្ម​​មួយ​ឲ្យ​ដឹង​ថា អតីត​មន្ត្រី​បីរូប​នៅ​ក្រសួង​ពា​ណិជ្ជកម្ម​ គឺ​កូន​ប្រុស​របស់​លោក​ ចម ប្រសិទ្ធ ​ឈ្មោះ ចម បូរិទ្ធ គង់ ស៊ីធីកា និង​ឈ្មោះ​ ម៉ុម ច័ន្ទតារា  ពេល​នេះ​​បាន​ផ្ទេរ​ទៅ​ក្រសួង​ឧស្សា​​ហកម្ម និង​សិប្បកម្ម​។

នៅ​ពេល​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក បូរិទ្ធ ជា​អគ្គ​នាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល ដែល​ជា​ស្ថាប័ន​​អធិការ​កិច្ច​ អាហរ័ណ នីហរ័ណ របស់​រដ្ឋាភិបាល​ និង​លោកស្រី ស៊ីធីកា ជា​អគ្គ​នាយក​​​​​នៃ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស។ លោក ម៉ុម ច័ន្ទតារា ជា​ប្រធាន​រដ្ឋបាល​របស់​​ក្រសួង​នេះ​។

យោ​ង​តាម​អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ដែ​ល​តែង​តាំង​ពួកគេ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​​​​មន្ត្រី​ទាំង​នេះ​ជា​ទីប្រឹក្សា​នៅ​ក្នុង​ក្រសួង​ឧស្សា​​​ហកម្ម​ និង​សិប្បកម្ម​។

កាលពីម្សិលមិញ​ផង​ដែរ​ លោក ​កែន រដ្ឋា ​អ្នកនាំពាក្យ​ក្រសួង​ពា​ណិជ្ជកម្ម​ បានបដិសេធ​មិនធ្វើ​សេចក្តីអតា្ថ​ធិ​ប្បាយ​ទាក់ទងទៅនឹង​ការ​​​ផ្ទេរកូនប្រុស​របស់​លោក ចម ប្រសិទ្ធ ​និង​សហការី​របស់​គាត់​ ទៅ​ក្រសួង​ថ្មី​របស់​លោក​​ ដោយ​ណែនាំ​ឲ្យអ្នកសារព័ត៌មាន​មើល​អនុ​ក្រឹត​្យដែល​ត្រូវបាន​បង្ហោះ​នៅលើ​គេហ​ទំព័រ​​​បណ្តាញទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

លោក រដ្ឋា បាន​មានប្រសាសន៍ថា “ខ្ញុំ​មិន​​​​ចង់​និយាយអំពីរឿងនេះទេ។ ​សេចក្តីពន្យល់​​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ក្រសួង​ មានគ្រប់​គ្រាន់​សមល្មមហើយ”​។

ទំព័រ​ហ្វេសប៊ុក​របស់ក្រសួង​ពាណិជ្ជកម្ម​ ​បាន​បង្ហាញថា ​បេក្ខជន​១០រូប​​បាន​ដាក់ពាក្យ​​​​បម្រើ​ការងារ​​ក្នុង​មុខតំណែង​ជំនួស​លោក ​បូរិទ្ធ អ្នកស្រី​ ស៊ីធីកា ​និង​លោក ច័ន្ទតារា។

លោក ឯក សុនចាន់ ​អគ្គលេខាធិការ​​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​បានបដិសេធ​មិន​​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ ដោយ​លើកឡើងថា ​លោក​មិនដឹង​ថា ​មន្ត្រី​ទាំងបីនាក់នេះ​បាន​ចេញ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បីទៅ​​តាម​លោក ​ចម ប្រសិទ្ធ ទេ​៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស