30 C
Phnom Penh

អង្គការ​ពល​កម្ម​អន្តរជាតិ និង​សហភាព​អឺរ៉ុប ​ពិភាក្សាអំពី​ដី​សម្ប​ទាន​​សេដ្ឋកិច្ច​​ក្នុង​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​ប្រចាំ​ប្រទេស​កម្ពុជា​​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​បាន​លើក​ឡើង​កា​ល​ពី​ម្សិល ​​មិញ​ថា អង្គការនះ​​​កំពុង​ពិភាក្សា​ជាមួយ​​សហ​ភាព​អឺរ៉ុប​ដើម្បី​ចាប់​ផ្តើម​ធ្វើ​របាយ​ការណ៍​អំពី​ដីសម្បទាន​សេដ្ឋកិច្ច​ដ៏ចម្រូង​ចម្រាស​នៅក្នុង​ប្រទេស​កម្ពុជា។​​​​ ​នៅ​ទី​បំផុត ​​ទង្វើ​​នេះអាច​បញ្ចប់​​ការ​នាំ​ចេញ​ស្ករ​ស​ពី​កម្ពុជាដោយ​រួច​ពន្ធ​ទៅ​កាន់​តំបន់​​អឺរ៉ុប។

ដោយ​សំដៅ​ដល់​របាយការណ៍ស្តី​អំពី​ដី​សម្បទាន​ ​លោក​ Maurizio Bussi នាយក​ប្រចាំ​ប្រទេស​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​​មាន​​ប្រសា​​សន៍​ថា​ “យើង​​​កំពុង​​​​​ ពិភាក្សា​ជាមួយ​​សហភាព​អឺរ៉ុប​ដើម្បី​ដោះ​ស្រាយ​​បញ្ហានេះ​នៅ​ពេល​អនាគត។ការ​ពិភាក្សា​​កំពុង​ដំណើរ​ការ​ទៅ​មុខ”។

ចម្ការ​អំពៅ​​នៅក្នុង​ប្រទេស​កម្ពុជា​​ត្រូវ​បានរង​ការ​ចោទ​ប្រកាន់​​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា បាន​ប្លន់​​យក​ដី​ពី​កសិករ​ក្រីក្រ​រាប់​ពាន់​គ្រួសារ​នៅ​ទូទាំង​ប្រទេស។​ ភាគ​ច្រើន​​​​នៃ​ស្ករស​ ដែលគិត​ជា​ទឹក​ប្រាក់​​មាន​ចំនួន​៥៣​​​លាន​ដុល្លារ​​កាល​ពី​ឆ្នាំមុន​ នាំ​ចូល​ទៅ​​អឺរ៉ុប​ដោយ​រួច​ពន្ធ។ គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់ អង្គការ​សិទ្ធិមនុស្ស​ និង​សមាជិក​សភាអឺរ៉ុប​មួយ​ចំនួន​ចង់​ឲ្យមាន​ការ​ផ្អាក​​ផល​ប្រយោជន៍ ពាណិជ្ជកម្ម​ទាំង​នេះ។

អំឡុង​​ពេល​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ខ្លីក្នុង​​ប្រទេស​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​​ នេះ​​លោក Karel de Gucht សមាជិក​គណៈ​កម្មការ​ពាណិជ្ជកម្ម​សហភាពអឺរ៉ុប​​បាន​លើក​ឡើង​​ថា ពេល​នេះ​​ផល​ប្រយោជន៍នេះ​មាន​សុវត្ថិភាព​។ មុន​ពេល​សហភាព​អឺរ៉ុប​​អាច​ផ្អាក​ផល​ប្រយោជន៍ពាណិជ្ជកម្ម​នេះ ខ្លួន​ត្រូវ​ស៊ើប​​អង្កេតពី​ការ​រំលោភ​បំពាន​នេះ។​

ហើយ​បើ​ទោះ​ជា​​មាន​​សេចក្តី​រាយ​ការ​ណ៍ជាច្រើន​​​អំពី​​ការ​​ដែល​ចម្ការ​អំពៅ​​បាន​បង្ក​ការ​ឈឺ​ចាប់​ដល់​កសិករ​ខ្មែរ​ជាច្រើន​នោះ លោក de  Gucht ​ថ្លែងថា សហភាព​អឺរ៉ុប​​ខ្វះ​បទដ្ឋាន​​សម្រាប់​​ ការ​ស៊ើប​អង្កេត ​ដូច​ជា​ស៊ើប​អង្កេត​ពី​របាយ​ការណ៍​អវិជ្ជមាន​របស់​​អង្គការ​ពល​កម្ម​អន្ត​រជាតិ។

សមាជិក​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​រូប​នេះ​បាន​និយាយ​កាល​ពីថ្ងៃ​អង្គារ​ថា “ប្រសិន បើ​យើង​ត្រូ​វធ្វើការ​សើុប​អង្កេត យើង​នឹង​ធ្វើ ប៉ុន្តែយើងមាន​យោបល់​នៅ​ពេល​នេះ​ថា បញ្ហា​នេះ​មិន​ទាក់ទង​​​​​​ទៅ​​​នឹង​​​ចម្ការ​​អំពៅ​​ឡើយ​”។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ម្សិលមិញ លោក Bussi បាន​និយាយ​ថា អង្គការ​ពល​កម្ម​អន្តរ​ជាតិ និង​សហ​ភាព​អឺរ៉ុប​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​របាយការណ៍​របស់​អង្គ​ការ​ពល​កម្ម​អន្ត​រ​ជាតិ​ស្តីពីដីសម្បទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា កា​រស្រាវជ្រាវ​​ត្រូវ​​ចាប់​ផ្តើម​​នៅ​ចុង​ឆ្នាំ​នេះ​​ “ឬ​អាច​ឆាប់​ជាង​នេះ​ក៏​ថាបាន​​”។ លោ​ក​និយាយ​ថា “យើង​សង្ឃឹម​ ថា នឹង​ធ្វើ​​កិច្ចការ​​​នេះ​”។ មិន​ថា​ តើ​​អង្គការ​ពល​កម្ម​អន្តរជាតិ​​ និង​សហ​ភាព​អឺ​រ៉ុប​សម្រេច​បន្ត​​​នៅ​ពេល​ណា​ទេ ​​របាយការ​ណ៍ចុង​ក្រោយ​នឹង​​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ខែ​​នេះ។

លោក Bussi បាន​និយាយ​ថា “ត្រូវ​​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យបាន​ល្អិត​ល្អន់​ និង​វិធី​សាស្ត្រ​​ច្បាស់លាស់ និង​​ត្រូវ​ចំណាយ​ពេល​ច្រើន”។ លោក​បាននិយាយថា ​ជា​ឧទាហរណ៍ របាយ​ការណ៍​ថ្មីៗ​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​សើុប​អង្កេត​អំពីការ​រំលោភ​សិទ្ធិការ​ងារ​នៅក្នុងឧស្សាហ​កម្ម​នេសាទ​ក្នុង​សមុទ្រ​ថៃ​ ដែល​ល្បី​ថា ​បាប​​បង្ខំ​ឲ្យ​ពល​ករ​ចំណាក​ស្រុក​ធ្វើ​ការ​ក្នុង​ស្ថាន​​ភាព​ដូច​ទាសករនោះ​ ត្រូវ​ចំណាយពេល​ប្រាំម​ួយ​ខែ​។

ការ​សើុប​អង្កេត​របស់​សហ​ភាព​អឺរ៉ុប​គឺជាការ​​កម្រ​ ហើយ​អាច​ចំណាយ​ពេល​រហូត​ដល់​មួយ​ឆ្នាំ​ឯណោះ​។ សហភាព​អឺ​រ៉ុប​បាន​ធ្វើ​ការ​សើុប​អង្កេត​នៅក្នុង​ប្រទេ​ស​តែ​បួន​ប៉ុណ្ណោះ​ចាប់​តាំង​ព​ី​ឆ្នាំ​១៩៩៧​មក​គឺ​ប្រទេស​ ​ភូមា បេឡារុស អែលសាល់វ៉ាឌ័រ និង​ថ្មី​ៗ​នេះ​គឺប្រទេស​ស្រីលង្កា​។ យោង​តាម​របាយ​ការណ៍​ ឆ្នាំ​២០១២​ដែល​បាន​មក​ពីការ​សើុប​អង្កេត​របស់​សហ​ភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​ដោយ​​អង្គការ Apropdev ជាងអង្គការ​​ក្រៅ​រដ្ឋាភិ​បាល​គ្រិស្ត​​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បែលហ្សុិក​ឲ្យ​ដឹង​ថា ការ​សើុប​អង្កេត​ទាំង​នេះ​បណ្តាល​ឲ្យមានការ​ផ្អាក​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​។

លោក អៀង វុទ្ធី នាយក​អង្គកា​រ​សម​ធម៌​កម្ពុជា​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​លោក​បាន​​ប្រឹង​ប្រែង​បញ្ចុះ​បញ្ចូល​​កសិករ​ដែល​បាន​បាត់​បង​់ដីធ្លីទៅលើ​ចម្ការ​អំពៅ​បាន​​ចាត់​ទុក​ការ​អះអាង​របស់​លោក de Gucht ដែលថា ​របាយការណ៍​របស់​អង្គ​ការ​ពលកម្ម​អន្តរ​ជាតិ​​បាន​ជំរុញ​ឲ្យ​មានការ​សើុប​​អង្កេត​​នោះ គឺ​ជា​ការ​ដោះ​សារ​។

លោក​បានមាន​ប្រសាសន៍​ថា សហ​ភាព​អឺរ៉ុប​មាន​ភ័ស្តុតាង​ទាំង​អស់នៅក្នុង​ដៃ​រួ​ច​ហើយ​។ លោក​បាន​បញ្ជាក់​អំពី​របាយ​ការណ៍​ឆ្នាំ​២០១២​ស្តីពីដីសម្បទាន​កសិ​ពាណិជ្ជ​កម្ម​នៅក្នុង​ប្រទេ​សកម្ពុជា​របស់​លោក​ សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​។

នៅក្នុង​របាយ​ការណ៍​នោះ លោក ស៊ូ​បេឌី​ បាន​សន្និដាន​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​គឺ​កើត​​ចេញពីដី​សម្បទាន​“ គឺជា​បញ្ហា​ធ្ងន់​ធ្ងរ​ និង​កើត​មាន​ជា​ទូទៅ​”។

លោក អៀង​ វុទ្ធី បានមាន​ប្រសា​សន៍ថា “ខ្ញុំ​មិន​គិត​ថា​ ពួកគេ​ [អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​ និង​សហភាព​អឺរ៉ុប​] ចាំបាច់ត្រូវ​ធ្វើ​រឿង​នេះ​​ទេ។ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​​ជាតិ​​បា​ន​ធ្វើរឿង​​នេះ​រួច​ហើយ។​លោក​បាន​ធ្វើ​ការស្រាវ​ជ្រាវ​អំពី​[ដីសម្បទាន]​ ​ហើយ​លោក​បាន​ធ្វើ​របា​រាយការណ៍​លម្អិត​រួច​ហើយ​​”។

លោក​ថ្លែង​​​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​លោកផ្ទាល់​ក៏បាន​សិក្សា​អំពី​បញ្ហា​នេះ​ផង​ដែរ​ “ហើយ​​យើង​បាន​រក​ឃើញ​ បញ្ហា​ដូចគ្នា​នេះ​។ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ពួក​​​គេ​ត្រូវ​ធ្វើ​​រឿង​នេះ​ឡើង​​វិញ​នោះ?​ខ្ញុំ​គិតថា ពួក​គេ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ ហើយ​ពន្យារពេល​ដំណើរ​ការ​នេះ​ទៅ​វិញ​​​ទេ”។

​​​បច្ចុប្បន្ននេះ​លោក​ ហ្សង់​ ហ្វ្រង់​ស័រ​កូ​តាំង​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​កំពុង​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​សង្ឃឹម ​ថា​​​នឹង​​ ស្វែង​រក​ដំណោះស្រាយ​​ទូលំ​ទូលាយ​និង​ចុង​ក្រោយ​សម្រាប់​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ​​​​ដែលបាន​​​​​បាត់​បង់​ដីធ្លី​ទៅ​លើ​ចម្ការ​អំពៅ​។

បន្ទាប់​ពី​កិច្ច​ប្រជុំ​បីលើក​ ពួក​គេ​មិន​ទាន់​បាន​ព្រម ព្រៀង​គ្នា​​ថា តើ​គួរ​បញ្ចូល​​ប្រជា​ពល​រដ្ឋ​ប៉ុន្មាន​គ្រួសារ​នៅឡើយ​ទេ​ ហើយ​បាន​​ស្នើឲ្យ​មាន​អ្នក​ជំនាញ​ពីខាង​ក្រៅ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស