27 C
Phnom Penh

ពាក្យ​​​បណ្តឹង​ជា​ច្រើន​​បានប្តឹង​​លោក ហ៊ុន សែន​ ​ទៅ​តុលា​ការ​ឧក្រិដ្ឋ​កម្ម​​​អន្តរជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិ​មនុស្ស​​ និង​បុគ្គល​​មួយ​ក្រុម​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេកាល​ពី​ម្សិលមិញ ដើម្បី​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​រដ្ឋាភិបាល​របស់​លោក​ពី​បទ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ និង​ការ​រំលោភ​សិទ្ធិ មនុស្ស​ផ្សេង​ៗ​ទៀត​​។

ពាក្យ​បណ្តឹង​ដែល​មាន​​៣០​ទំព័រ​នេះ​លើក​ឡើង​ថា មាន​មូល​ដ្ឋាន​ច្បាប់​សម្រាប់​តុលាការ​​ឧក្រិដ្ឋ​កម្ម​​អន្ត​រ​ជាតិ​​​​បើក​​រឿង​ក្តី​​ប្រឆាំង​លោក​ ហ៊ុន សែន និ​ងរដ្ឋាភិបាល​របស់​លោក​។

លោក​ Morton Sklar មេធាវី​នៅ​អាមេរិក​ និង​ជានាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិមនុស្ស​ពិភព​លោក​ដែល​កំពុង​តំណាង​ឲ្យ​ដើម​ចោទ​​​ទាំង​នេះ​បានមាន​ប្រសាសន៍​ថា “មាន​អង្គ​ហេតុ​សំខាន់​ពីរ​នៅក្នុង​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “អង្គហេតុ​​ទី​១​គឺ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក ហ៊ុន​ សែន ក្នុងការ​បិទបាំង​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​​​​របប​ខ្មែរក្រហម​តាម​រយៈ​ការ​​​​ប្រឹង​ប្រែង​របស់​លោក​​ដើម្បី​​រារាំង​ដល់​​ការ​បើក​​រឿង​ក្តី​ថ្មីៗ​​​នៅសាលាក្តី​ខ្មែរ​ក្រហម​”។​ លោក​បាន​បន្ថែម​ថា ​អង្គ​ហេតុ​ទី២​ “ផ្តោ​ត​លើ​​ការ​រំលោភ​សិទ្ធ​ិ​មនុស្ស​​ដ៏​ធ្ងន់​ធ្ងរ​​ ជា​ប្រព័ន្ធ​​ និងជា​យូរ​មក​ហើយ​​ មក​លើ​ប្រជា​ជន​ខ្មែរ​ដោយ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ព្រម​ទាំង​ការ​ផ្តន្ទា​ទោស​ ការ​បណ្តេញ​​ប្រជា​ជន​ចេញ​ពី​ដី​ធ្លី​ទាំង​បង្ខំ​ និង​ការ​ផ្លាស់ទី​លំនៅ​​ប្រជា​ពល​រដ្ឋ​ ព្រម​ទាំង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​របស់​ជន​ជាប់​ឃុំ​”។

ពាក្យ​បណ្តឹង​នេះ​ចោទ​លោក ហ៊ុន សែន ថា បាន​ជាប់​ពាក់​ព័ន្ធ​នៅក្នុង​ការ​ជួយឲ្យ​មាន​ការ​​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ដោយ​ការ​ព្យាយាម​រារាំ​ងមិន​ឲ្យបើក​រឿង​ក្តីចំនួន​ពីរ​នៅសាលា​ក្តី​ខ្មែរ​ក្រហម​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជនសង្ស័យ​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​ប្រាំ​រូប​ដែល​ជាប់​ចោទ​ពី​បទ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​​ជាតិ។

លោក​ ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា ​មិន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​រឿង​ក្តី​ទាំង​ពីរ​ទេ​ ព្រោះវា​អាច​គំរាម​កំហែង​​ដល់​ស្ថិរ​ភាព​របស់​ប្រទេស​កម្ពុជា​។

ពាក្យ​បណ្តឹង​នេះ​ចោទ​ថា រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ពី​​ទង្វើ​​បង្ក្រាប​អ្នក​ប្រឆាំង​ជា​លក្ខណៈ​ប្រព័ន្ធ​ផង​ដែរ​។ពាក្យ​បណ្តឹង​នេះ​លើក​ឡើង​ពីការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​កាល​ពីខែ​មករា​ដែល​ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ដោយ​ហិង្សា​រួម​ទាំង​​អង្គភាព​​ទ័ព​ឆត្រ​យោង​​លេខ​៩១១​​បញ្ជា​ដោយ​ឧត្តម​សេនីយ៍​ ចាប ភក្តី ដែល​មាន​ឈ្មោះ​នៅក្នុង​ពាក្យ​បណ្តឹង​នេះ​ដែរ​។

ពាក្យ​បណ្តឹង​នេះចាត់ទុក​​ការ​បណ្តេញ​ប្រជា​ជន​ចេញ​ពីលំនៅ​ដ្ឋាន​របស់​ពួក​គាត់​នៅ​ទូទាំង​ប្រទេស​ ព្រម​ទាំង​ការ​រំលោភ​បំពាន​​ផ្លូវ​ភេទ​ស្ត្រីជាប់​ពន្ធនាគារ​ និង​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល​​ថា ជា​សញ្ញា​បង្ហាញថា កំពុង​មាន​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដើមចោទ​ទាំង​អស់​ស្នើ​សុំ​ឲ្យ​រដ្ឋ​អាជ្ញា​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ “​បើក​ការ​សើុប​ អង្កេត​បឋម​លើ​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​ចោទ​ទាំង​នេះ​” ហើយ​ប្រសិន ​បើ​​ចាំ​បាច់​ត្រូវ​បើក​រឿង​ក្តី​​ប្រឆំាង​​នាយក​រដ្ឋមន្ត្រី​រូប​នេះ​។

ក្នុង​ចំណោម​ដើម​ចោទ​ទាំង​នោះ​មាន​លោក​ ងិន ប៊ុន​រិទ្ធ​ ជា​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​​ក្រហម​ដែល​បាន​ចូល​រួម​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ មូល​និធិ​មេបូន​ ​នៅ​អាមេរិក​​ដែល​ធ្វើ​ការ​ជាមួយ​ប្រជាជន​​រង​ផល​ប៉ះ​ពាល់​​ដោយ​សារ​គ្រាប់​មីន​ និង​លោក រ៉ប ហាមីល ដែល​បង​ប្រុស​របស់​លោក​ឈ្មោះ ខេរី ហាមីល ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​។

ពាក្យ​បណ្តឹង​នេះ​លើក​ឡើង​​ថា  ដើម​ចោទ​​ផ្សេងៗ​ទៀត​ត្រូវ​រក្សា​ការ​សម្ងាត់​​​ ដោយ​សារ​​មាន​​ព័ត៌មាន​ថា “រដ្ឋាភិបាល​ ហ៊ុន សែន ទំនង​​ជា​កំពុង​រៀប​ចំផែនការ​ប្រឆាំង​នឹង​ដើម​បណ្តឹង​ និង​សមាជិក​គ្រួសាររបស់​​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រសិន​បើ​មាន​ការ​បង្ហាញ​អត្ត​សញ្ញាណ​​ពួក​គេ​។

លោក​ស្រី គ្លែ ឌូហ្វី ទីប្រឹក្សា​ច្បាប់​ជាន់​ខ្ពស់​នៅកម្ម​វិធី​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​របស់​គណៈមេធាវី​អន្តរ​ជាតិ​នៅទីក្រុង​ឡា​អេ​ បានមាន​ប្រសាសន៍​ថា ចន្លោះ​​ពី​ថ្ងៃ​ទី​១​ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១២​ដល់​ថ្ងៃ​ទី​៣១​ខែ​តុលា ឆ្នាំ​​២០១៣​ ការិយាល័យ​រដ្ឋ​អាជ្ញា​របស់​តុលា​កា​រ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​បាន​​ទទួល​ពាក្យ​បណ្តឹង​​ចំនួន​៥៩៧​​ដូច​ពាក្យ​បណ្តឹង​មួយ​​ដែល​បាន​ប្តឹង​កាល​ពីម្សិលមិញ។

លោកស្រី ឌូហ្វី បានមាន​ប្រសាសន៍ថា “ក្នុង​​ចំណោម​ពាក្យ​បណ្តឹង​ទាំង​នេះ​ ពាក្យ​បណ្តឹង​​ចំនួន​៥០៣​ស្ថិត​នៅក្រៅ​យុត្តាធិការ​របស់​តុលាការ​នេះ ពាក្យ​បណ្តឹង​​​ចំនួន​២១​​តម្រូវ​ឲ្យមានការ​វិភាគ​ថែម​ទៀត​ ពាក្យ​បណ្តឹង ​ចំនួន​៤១​ត្រូវ​បាន​​ភ្ជាប់​ទៅនឹង​ស្ថាន​ភាព​ដែលស្ថិត​នៅក្រោម​ការ​វិភាគ​រួច​ហើយ ពាក្យ​បណ្តឹង​ចំនួន​៣២​​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​សើុបអង្កេត ឬការ​ផ្តន្ទាទោស​” ។

តុលាការ​នេះ​ប្រើ​នីតិវិធី​​មួយ​ដែល​មាន​បួន​ដំណាក់​កាល​ ដើម្បី​កំណត់​ថា តើ​ពាក្យ​បណ្តឹង​​មួយ​ណា​នឹ​ងត្រូវ​ចាត់​ការ​​បន្ត​។

លោក​ស្រី ឌូហ្វី បានមាន​ប្រសាសន៍​ថា ចំណែក​ឯការ​ចោទ​ប្រកាន់​នៅក្នុង​​ពាក្យ​បណ្តឹង​នេះមាន​ភ័ស្តុ​តាង​រឹង​មាំ​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​បទ​ឧក្រិដ្ឋ​ដែល​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​​បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ពីរ​បីឆ្នាំ​​មក​នេះ​ ជាពិសេស​ចាប់​តាំង​ពី​យុត្តា​ធិការ​​របស់​តុលាកា​រ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​ចូល​ជា​ធរមាន​មក​”។

​លោក​ស្រី​បានមាន​ប្រសាសន៍​ថា “ការ​សើុប​អង្កេត​​បទ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​គឺជា​ការ​សើុប​អង្កេត​ជា​លក្ខណៈ​ប្រព័ន្ធ​លើ​ការ​រំលោភ​បំពាន​ទាំង​នេះ​​ដែល​មាន​ស្ថាន​ភាព​​កាន់​តែ​​ធ្ងន់​ធ្ងរទៅ​ៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ថ្មីៗនេះ ជា​ពិសេស​ចាប់​តាំង​ពីការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​”។ ​លោក​ស្រី​បានបន្ថែម​ថា “អ្វីៗ​ទាំង​អស់​​​អាស្រ័យ​លើ​ភ័ស្តុ​តាង​​ដែល​ភ្ជាប់​ ហ៊ុន សែន ទៅ​នឹង​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​​បែប​នេះ​”។

លោក សុក សំអឿន នាយក​​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​​​ការ​ពារ​សិទ្ធិ​កម្ពុជា​បានមាន​ប្រសាសន៍​​ថា ដើម្បី​ចាត់​ការពាក្យ​បណ្តឹង​នេះ​នៅ​តុលា​កា​រ​​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ​​​ត្រូវ​មាន​ការ​បង្ហាញ​ភ័ស្តុ​តាង​ថា លោក ហ៊ុន​ សែន និង​រដ្ឋាភិ​បាល​របស់​គាត់​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ដោយ​ផ្ទាល់​​​ដូចជា​អំពើ​ប្រល័យ​ពូជ​សាសន៍​។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​។ ខ្ញុំ​មិន​​ដឹង​ថា ហេតុអ្វី​បាន​ជា​ពួក​គេ​ធ្វើ​ពាក្យ​បណ្តឹង​នេះទេ​ ពីព្រោះខ្ញុំ​គិ​ត​ថាយើង​ត្រូវ​ប្រើ​តុលាកា​រ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​ដោយ​ប្រុង​ប្រយ័ត្ន​ បើ​មិន​ដូច្នោះ​ទេ​វា​នឹង​ធ្វើ​ឲ្យបាត់​បង់​តម្លៃ និង​បាត់​បង់​ទំនុក​ចិត្ត​លើ​តុលាការ​នេះ​”។

លោក​ ផៃ សីុផាន អ្នកនាំពាក្យ​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បានមាន​ប្រសាសន៍​ឆ្លើយ​តប​ទៅនឹង​ពាក្យ​បណ្តឹង​នេះថា ពាក្យ​បណ្តឹង​នេះ​​ “កំពុងធ្វើ​ឲ្យ​ ហ៊ុន សែន ល្បីឈ្មោះ​ឥឡូវ​នេះ​” ។

លោក​ ផៃ សីុ​ផាន​ បានមាន​ប្រសាសន៍​ថា “យើង​បាន​រៀន​ច្រើន​ណាស់​ពីសាលាក្តី​ខ្មែរ​ក្រហម​អំពីបទ​ដ្ឋាន​អន្តរ​ជាតិ​នៅកម្ពុជា​ និងនិមិត្ត​សញ្ញា​ទូទៅ​នៃ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​អំពើ​ប្រល័យ​ពូជ​សាសន៍​។ យើង​មិន​មែន​ជា​អ្នក​ជំនាញ​​ផ្នែក​ច្បាប់​ដូច​​តុលាកា​រ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​​ទេ ប៉ុន្តែ យើង​យល់​ពី​ឧក្រិដ្ឋ​កម្មទាំង​នេះច្បាស់​​ណាស់​”។

លោក​បានមាន​ប្រសាសន៍ទៀត​ថា “តើ​មាន​​អង្គ​ហេតុ​អ្វី​ដើម្បី​​ប្រឆាំង​អំពើ​ប្រល័យ​​ពូជ​សាសន៍​ ព្រម​ទាំង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ? យើង​យល់​ពី​យុត្តាធិការ​របស់​តុលាការ​មួយ​នេះ​។ ខ្ញុំ​សង្ឃឹម​ថា មេធាវី​នឹង​មិនប្រើ​តុលាការ​នេះ​​ដើម្បី​ផល​ប្រយោជ​ន៍​នយោបាយទេ​”។

នៅពេល​សួរ​ថា តើ​លោក​គិត​ថា នឹង​មាន​ការ​ចាត់ការ​ពាក្យ​បណ្តឹង​នេះ​ ឬ​​មាន​​ដំណើរ​ការ​​នៅតុលាកា​រ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​នេះ​បន្ត​ទៀត​​ ឬ​អត់​នោះ​ លោក ផៃ សីុ​ផាន​ បាន​មាន​​​ប្រសាសន៍ថា លោក​មិន​ចង់ទទួល​ផល​​អ្វីមួយ​ដោយការ​បញ្ចេញ​យោបល់​អំពី​​រឿង​​​នោះ​ទេ​៕​គឹម​ហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស