យោងតាមចៅក្រមតុលាការខេត្តម្នាក់បានឲ្យដឹងថា មន្ត្រីនគរបាលខេត្តកោះកុងម្នាក់ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទបាញ់សម្លាប់ប្អូនប្រុសរបស់ចៅហ្វាយខ្លួន ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។
លោក សីុ នាង អាយុ៤៩ឆ្នាំជាមន្ត្រីនគរបាលស្រុកថ្មបាំងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីគាត់បានបាញ់សម្លាប់ឈ្មោះ កែវ កឹមសុខដាង ជាប្អូនប្រុសរបស់អធិការនគរបាលស្រុកនេះ និងបាញ់ឲ្យប្អូនស្រីថ្លៃរបស់អធិការរូបនេះរងរបួស។
លោក ប៊ុន ធី ចៅក្រមសើុបសួរបានមានប្រសាសន៍ថា “ជននេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន ហើយពេលនេះយើងកំពុងសើុបអង្កេតរឿងនេះ”។ តាមក្រមព្រហ្មទណ្ឌ បទចោទប្រកាន់នេះអាចមានទោសជាប់ពន្ធនាគារមួយជីវិតប្រសិនបើរកឃើញថា ជនសង្ស័យមានពិរុទ្ធភាពមែននោះ។
លោក សឹុម វ៉ារី អធិការនគរបាលដែលប្អូនប្រុសរបស់គាត់ត្រូវបានបាញ់សម្លាប់នេះបានមានប្រសាសន៍កាលពីម្សិលមិញថា ជនសង្ស័យរូបនេះមានជំងឺផ្លូវចិត្តកាលពីឆ្នាំមុន ហើយបានខឹងនៅពេលដែលគាត់សុំច្បាប់ឈប់សម្រាកមិនបាន។
លោក វា៉រី បានមានប្រសាសន៍ថា នៅពេលលោក នាង មកដល់អធិការដ្ឋាននគរបាលគាត់បានបាញ់ជនរងគ្រោះទាំងពីរនឹងកាំភ្លើងអាកា-៤៧។លោកបានបន្ថែមថា បន្ទាប់ពីបាញ់រួចហើយជនសង្ស័យបានដាក់កាំភ្លើងចុះ ហើយទម្លាក់អង្គុយតែម្តង។ប្អូនថ្លៃស្រីរបស់គាត់ឈ្មោះ ឈូក ម៉ាលី កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ៕គឹមហឿន