កាលពីដំណាច់ខែធ្នូកន្លងផុតទៅថ្មីៗនេះ រោងចក្រ Best Tan Garment Ltd. បានផ្លាស់ប្ដូរទីតាំងធ្វើប្រតិបត្តិការរបស់ខ្លួនពីអគារចាស់ទ្រុឌទ្រោមនៅក្នុងខណ្ឌចំការមន ទៅទីតាំងថ្មីនៅក្នុងខណ្ឌមានជ័យ។

ប៉ុន្តែការផ្លាស់ប្ដូរទីតាំងនេះមិនបានធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារសម្រាប់កម្មករចន្លោះពី៣០០នាក់ទៅ៤០០នាក់ នៅរោងចក្រនេះ ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន Pull & Bear របស់អេស្ប៉ាញនោះទេ។
កម្មករនិយាយថា ស្ថានភាពនៅក្នុងរោងចក្រនេះ ដែលនៅសប្ដាហ៍នេះត្រូវបានដាក់ចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងរបាយការណ៍ថ្មីមួយកំណត់អត្តសញ្ញាណក្រុមហ៊ុនដែលមិនបំពេញបានតាមបទដ្ឋានឧស្សាហកម្មនោះ កាន់តែលំបាកទៅៗ។
កម្មការិនីម្នាក់ឈ្មោះ លី រ៉ានី អាយុ២៨ឆ្នាំបាននិយាយថា “ទីតាំងចាស់ធំជាងទីតាំងនេះ និងត្រជាក់ជាងនេះឆ្ងាយណាស់។ ពេលនេះនៅខាងក្នុងក្ដៅខ្លាំងណាស់ ហើយគ្មានកង្ហារច្រើនទេ” នៅពេលនាងដើរចេញពីរោងចក្រនេះ ដើម្បីសម្រាកទទួលទានអាហារថ្ងៃត្រង់។
កម្មករជាង១០នាក់ ដែលធ្វើការជាមួយនាងបានយល់ស្របតាមនាង ដោយភាគច្រើនក្នុងចំណោមពួកគេដើរចេញមកក្រៅដោយមានកន្សែងពោះគោសើមដាក់នៅលើក្បាលរបស់ពួកគេ ដោយសារតែពួកគេត្អូញត្អែរថា រដូវប្រាំងដ៏ក្ដៅនេះ ធ្វើឲ្យសីតុណ្ហភាពកើនឡើងជះចូលទៅក្នុងរោងចក្រដ៏តូចចង្អៀតនេះ។
កម្មការិនីម្នាក់ទៀតឈ្មោះ អីុម សុខា អាយុ៣០ឆ្នាំបាននិយាយថា អ្នករួមការងាររបស់គាត់យកកង្ហារពីផ្ទះជួលរបស់ពួកគេដើម្បីប្រើប្រាស់កុំឲ្យក្ដៅខ្លាំងពេក។
កាលពីថ្ងៃច័ន្ទ កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា ហៅកាត់ថា BFC របស់អង្គការពលកម្មអន្តរជាតិ ILO បានបញ្ចេញមូលដ្ឋានទិន្នន័យតម្លាភាពនេះ។
គំនិតផ្ដួចផ្ដើមនេះ គឺដើម្បីរាយនាមក្រុមហ៊ុននានា ដែលតែងតែមិនគោរពច្បាប់ការងារកម្ពុជា និងបទដ្ឋានអន្តរជាតិ ដោយជំរុញឲ្យម្ចាស់រោងចក្រធ្វើឲ្យស្ថានភាពប្រសើរឡើងសម្រាប់កម្មករ។
មូលដ្ឋានទិន្នន័យនេះ គឺជាលើកដំបូងហើយ ដែល BFC បានចេញផ្សាយរបាយការណ៍របស់ខ្លួនជាសាធារណៈចាប់តាំងពីឆ្នាំ២០០៥មក និងធ្វើឡើងបន្ទាប់ពីរងការរិះគន់ជាច្រើនខែចំពោះកង្វះតម្លាភាពរបស់កម្មវិធីនេះ។
នៅក្នុងរបាយការណ៍បឋមរបស់ BFC ស្ដីពីរោងចក្រចំនួន៦១ក្នុងចំណោមរោងចក្រប្រហែល៥០០ដែលខ្លួនបានអង្កេតតាមដាន បង្ហាញថា រោងចក្រ Best Tan Garment Ltd. បានស្ថិតនៅក្រោមគេបង្អស់ក្នុងចំណោមរោងចក្រចំនួន១០ ដែលត្រូវបានដាក់ចំណាត់ថ្នាក់ក្នុងក្រុមរោងចក្រ “ដែលមានការគោរពច្បាប់តិចតួចបំផុត” ដោយកត់ត្រាបញ្ហាមិនគោរពតាមច្បាប់ចំនួន២៣ ក្នុងចំណោម៥២ចំណុចដែលត្រូវបានវាយតម្លៃ។
របាយការណ៍នេះមានរាយនាមបញ្ហាសុវត្ថិភាពជាច្រើននៅរោងចក្រនេះ ព្រមទាំងការបំពានច្បាប់ការងារជាច្រើនផងដែរ ពាក់ព័ន្ធនឹងប្រាក់ខែ ប្រាក់រង្វាន់ និងច្បាប់ឈប់សម្រាករបស់កម្មករ។
ក្រុមហ៊ុននេះបានផ្លាស់ប្ដូរទីតាំងធ្វើប្រតិបត្តិការពីអគារចាស់ កន្លែងដែល BFC ធ្លាប់បានធ្វើរបាយការណ៍របស់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៣ ប៉ុន្តែដែលត្រូវបានចុចឈ្មោះជាសាធារណៈថា ជារោងចក្រមួយក្នុងចំណោមរោងចក្រដែលមានការគោរពច្បាប់តិចតួចបំផុតនោះ ទំនងជាគ្មានប្រសិទ្ធិភាពលើស្ថានភាពការងារនៅទីនោះឡើយ។ ហើយរោងចក្រនេះទំនងជាអនុវត្តការងារអាក្រក់ជាងរបាយការណ៍នេះលើកឡើងទៅទៀត។
ទោះបីជា BFC មិនបានកត់ត្រាការរើសអើងណាមួយចំពោះកម្មករដែលផ្អែកលើសមាជិកសហជីព និងនិយាយថា កម្មករមានសេរីភាពនៅក្នុងការបង្កើតនិងចូលរួមដោយសេរី ដោយគ្មានការជ្រៀតជ្រែកពីគណៈគ្រប់គ្រងក្ដី ក៏កាលពីម្សិលមិញកម្មករបាននិយាយដោយមិនបញ្ចេញឈ្មោះថា វាមិនមែនបែបនេះទេ។
កម្មករម្នាក់ឈ្មោះ អន សាមិត អាយុ៣៣ឆ្នាំបាននិយាយថា គណៈគ្រប់គ្រងរោងចក្របានគំរាមបណ្ដេញកម្មករចេញប្រសិនបើពួកគេហ៊ាននិយាយពីស្ថានភាពមិនល្អនៅរោងចក្រនេះ។ គាត់និយាយថា “យើងមិនហ៊ានតវ៉ាទេ ពីព្រោះយើងខ្លាចបាត់បង់ការងារ”។ កម្មករនិយាយថា មានការបណ្ដេញកម្មករចេញជាច្រើននៅរោងចក្រនេះក្នុងពេលថ្មីៗនេះ ប៉ុន្តែនិយាយថា ពួកគេមិនដឹងថា មកពីមូលហេតុអ្វីទេ។
កម្មការិនីម្នាក់ទៀតឈ្មោះ អ៊ុំ ថន អាយុ៣៣ឆ្នាំនិយាយថា កម្មករទាំងអស់ចង់បានសហជីព ហើយគាត់សង្ឃឹមថា ម្ចាស់រោងចក្រនឹងផ្លាស់ប្ដូរចិត្ត។ គាត់និយាយថា “យើងចង់មានសហជីព ឬតំណាងកម្មករ ដែលត្រូវបានតែងតាំងការពារផលប្រយោជន៍របស់យើង ដូច្នេះពួកយើងសុំស្នើឲ្យរោងចក្រមេត្តាអនុញ្ញាតឲ្យពួកយើងបង្កើតសហជីព”។
នាយកគ្រប់គ្រងនៅរោងចក្រ Best Tan Garment Ltd. ឈ្មោះ សុខ ធីតា បានបដិសេធមិនឆ្លើយបំភ្លឺទេពាក់ព័ន្ធនឹងបញ្ហានេះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីឃៅឌូ បានមានប្រសាសន៍ថា លោក ជឿជាក់ថា ការអង្កេតតាមដានថ្មីប្រកបដោយតម្លាភាពរបស់ BFC គឺជាជំហានលើកទឹកចិត្ត ដែលនៅទីបំផុតអាចនឹងធ្វើឲ្យស្ថានភាពប្រសើរឡើង។
លោកបានមានប្រសាសន៍ទៀតថា ប៉ុន្តែនៅតាមរោងចក្រតូចៗជាច្រើនដូចជារោងចក្រ Best Tan Garment Ltd. ជាដើមប្រហែលជារងផលប៉ះពាល់តិចតួចប៉ុណ្ណោះពីការធ្វើរបាយការណ៍របស់ BFC ។
លោក ចូអែល ប្រេស្ដុន (Joel Preston) អ្នកពិគ្រោះយោបល់នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ការចុះផ្សាយរបស់ BFC នូវលទ្ធផលអង្កេតតាមដាន គឺមានភាពវិជ្ជមាន។ ប៉ុន្តែប្រសិនបើគ្មានអំណាចដើម្បីអនុវត្តបទបញ្ជាផ្ទៃក្នុងទេ រោងចក្រនានាដែលគ្មានសម្ពាធពីក្រុមហ៊ុនទិញគ្មានបំណងធ្វើឲ្យស្ថានភាពប្រសើរឡើងឡើយ។
លោកបានមានប្រសាសន៍ទៀតថា “ប្រសិនបើ BFC មានសិទ្ធិអំណាចអនុវត្តដើម្បីចាប់រោងចក្រទាំងនេះឲ្យទទួលខុសត្រូវ ហើយប្រសិនបើច្បាប់ការងារមិនត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវនោះ វានឹងធ្វើឲ្យមានភាពខុសប្លែកពីគ្នា ប៉ុន្តែមានចំណុចខ្វះខាតទាំងស្រុងនៃការអនុវត្តច្បាប់ដោយរដ្ឋាភិបាល។ រដ្ឋាភិបាលគឺជាពិរុទ្ធជនដ៏សំខាន់”។
លោក វ៉ាន់ សូ៊អៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានមានប្រសាសន៍កាលពីម្សិលមិញថា បញ្ហានៅត្រង់ថា អាណត្តិមុននៃកម្មវិធី BFC សម្រាប់ជួយដោះស្រាយនិងធ្វើឲ្យស្ថានភាពប្រសើរឡើងនៅតាមរោងចក្រនានាដើម្បីបង្កើនការនាំចេញរបស់កម្ពុជា បានផ្លាស់ប្ដូរ។
លោកមានប្រសាសន៍ថា “រោងចក្រនានាកំពុងធ្វើឲ្យមានស្ថានភាពល្អប្រសើរគ្រប់ពេល។ បញ្ហានៅត្រង់ថា តើអ្នកត្រូវបង្រៀនពួកគេដោយរបៀបណា”។ លោកបានលើកឡើងទៀតថា ការរាយនាមឈ្មោះរោងចក្រនានាជាសាធារណៈរបស់ BFC គឺស្រដៀងគ្នាទៅ នឹងការស៊ើបអង្កេតឧក្រិដ្ឋជន ហើយមិនអំណោយផលសម្រាប់ការធ្វើឲ្យមានការអនុវត្តល្អប្រសើរជាងមុននោះទេ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើវេជ្ជបណ្ឌិតល្អ គឺត្រូវផ្ដល់ដំបូន្មានល្អៗដើម្បីព្យាបាលអ្នកជំងឺ។ អ្នកគ្រប់គ្នានឹងទៅរកវេជ្ជបណ្ឌិតនោះ ពីព្រោះអ្នកគ្រប់គ្នាចង់ជា។ ប៉ុន្តែប្រសិនបើអ្នកត្រូវបានលាបពណ៌ថា ជាឧក្រិដ្ឋជន តើអ្នកចង់ឲ្យនគរបាលចូលទៅក្នុងផ្ទះរបស់អ្នករាល់ថ្ងៃរកមើលភ័ស្ដុតាងដើម្បីបញ្ជាក់ថា អ្នកជាមនុស្សអាក្រក់ឬ?”។
លោក វ៉ាន់ ស៊ូអៀង បានលើកឡើងទៀតថា ការធ្វើឲ្យកម្មវិធីនេះមិនត្រូវអនុវត្តជាកំហិតដូចនៅក្នុងប្រទេសផ្សេងៗនៅក្នុងតំបន់នោះ នឹងធ្វើឲ្យវាមានភាពប្រសើរឡើងទៅវិញទេ។ “ប្រសិនបើកម្មវិធីមួយល្អ អ្នកមិនចាំបាច់បង្ខំឲ្យគេទៅទេ”។
លោក ជីល ថាក់ឃើ (Jill Tucker) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៅកម្មវិធី BFC បដិសេធមិនធ្វើអត្ថាធិប្បាយទេពាក់ព័ន្ធនឹងបញ្ហានេះ។
លោក ដេវ វែលស៍ (Dave Welsh) នាយកប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ជាអង្គការសិទ្ធិការងារមួយ ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាេមរិក បានមានប្រសាសន៍ថា ការធ្វើឲ្យកម្មវិធី BFC មានតម្លាភាព គឺជាជំហានដំបូង ប៉ុន្តែវាជាចំណាត់ការដ៏សំខាន់មួយដែលទទួលបានជោគជ័យរួចមកហើយនៅតាមរោងចក្រធំៗ។ ប៉ុន្តែទោះបីជាបែបនេះក្ដី ក៏គេនៅតែមើលឃើញចលាចលក្នុងទីផ្សារដដែល។
លោក ដេវ វែលស៍ មានប្រសាសន៍ថា “នេះគឺជាយុទ្ធសាស្ត្រថ្មី ហើយមានតែពេលវេលាទេ ដែលនឹងបង្ហាញឲ្យយើងបានឃើញ ប៉ុន្តែខ្ញុំមានមន្ទិលថា រោងចក្រដែលត្រូវបានរាយនាមនៅក្នុងរបាយការណ៍ទាំងនេះ នឹងទំនងជាមិនដោះស្រាយបញ្ហារបស់ខ្លួនឡើយ”៕ សុខុម