យោងតាមសន្ទស្សន៍ប្រសិទ្ធភាពផ្នែកភស្តុភារ ដែលធនាគារពិភពលោក (World Bank) ហៅកាត់ថា WB បានបង្ហាញថា ប្រទេសកម្ពុជាបានធ្វើឲ្យមានភាពល្អប្រសើរឡើងផ្នែកនាំចូល នាំចេញ និងដឹកជញ្ជូន ដោយអនុវត្តតាមនីតិវិធីគយក្នុងកម្រិតស្តង់ដារអន្តរជាតិ ជាហេតុនាំឲ្យពិន្ទុផ្នែកភស្តុភាររបស់ប្រទេសនេះកើនឡើងខ្លាំង បើធៀបនឹងឆ្នាំ២០១០។
ក្នុងឆ្នាំនេះ ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៨៣ក្នុងចំណោម១៦០ប្រទេស ដែលនេះជាភាពល្អប្រសើរឡើងមួយ បើធៀបនឹងចំណាត់ថ្នាក់ទី១១១ក្នុងឆ្នាំ២០១២ និងទី១២៩ក្នុងឆ្នាំ២០១០ នេះបើយោងតាមតារាងសន្ទស្សន៍ប្រសិទ្ធភាពផ្នែកភស្តុភារដែលត្រូវបានបោះពុម្ពផ្សាយរៀងរាល់ពីរឆ្នាំម្ដងនេះ។
សន្ទស្សន៍នេះបានបង្ហាញថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពពិតប្រាកដក្នុងការកែទម្រង់ និងធ្វើទំនើបកម្មលើប្រតិបត្តិការនាំចូល នាំចេញ និងដឹកជញ្ជូនរបស់ខ្លួនដូចជា បានបង្កើនកម្រិតអនុវត្តតាមស្តង់ដារអន្តរជាតិ និងបានធ្វើសុខដុមនីយកម្មលើនីតិវិធីគយស្របតាមស្តង់ដារអន្តរជាតិ”។
ក្នុងចំណោមចំណុចរីកចម្រើនជាងមុន ដែលប្រទេសកម្ពុជាសម្រេចបាន ធនាគារពិភពលោកក៏បានបង្ហាញពីនីតិវិធីគយស្វ័យប្រវត្តិរបស់ប្រទេសនេះផងដែរ។
របាយការណ៍សន្ទស្សន៍ដដែលមានខ្លឹមសារបន្តទៀតថា “ដោយបានដាក់ចេញនូវនីតិវិធីគយស្វ័យប្រវត្តិ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តភាគច្រើន ដែលបច្ចុប្បន្នមាននៅកំពង់ផែក្រុងព្រះសីហនុ និងនៅប៉ុស្តិ៍ត្រួតពិនិត្យតាមតំបន់ព្រំដែនជុំវិញប្រទេសកម្ពុជា រយៈពេលនៃការពិនិត្យឯកសារទំនិញបានធ្លាក់ចុះពី៥,៩ថ្ងៃកាលពីឆ្នាំ២០១០មក១,៤ថ្ងៃក្នុងឆ្នាំ២០១៤”។
របាយការណ៍នេះបានបង្ហាញបន្ថែមទៀតថា “ដូចគ្នាដែរ អត្រាផ្ញើទុកទំនិញដែលត្រូវបានជ្រើសរើសសម្រាប់ពិនិត្យជាក់ស្ដែងបានធ្លាក់ចុះពី២៩ភាគរយក្នុងឆ្នាំ២០១០មក១៧ភាគរយក្នុងឆ្នាំ២០១៤។ នេះឆ្លុះបញ្ចាំងឲ្យឃើញថា មន្ត្រីគយមានសមត្ថភាពគ្រប់គ្រងហានិភ័យខ្ពស់ជាងមុន”។
ប៉ុន្តែរបាយការណ៍សន្ទស្សន៍ប្រសិទ្ធភាពផ្នែកភស្តុភារនេះបានបង្ហាញទៀតថា លទ្ធផលសម្រេចបានបន្ថែមទៀតនៅក្នុងការសម្របសម្រួលពាណិជ្ជកម្ម “និងទាមទារឲ្យមានកម្មវិធីកែទម្រង់បន្ថែមនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឲ្យមានវិសាលភាពរហូតដល់ទីភ្នាក់ងារគ្រប់គ្រងព្រំដែន ពីព្រោះភាពរីកចម្រើននានា ដែលគយសម្រេចបានមិនមាននៅតំបន់ផ្សេងៗទៀតទេ”។
ធនាគារពិភពលោកក៏បានឲ្យដឹងទៀតថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាល “ក្នុងការពង្រឹងតម្លាភាពតាមរយៈគេហទំព័រព័ត៌មានពាណិជ្ជកម្មដែលមានការបង្ហាញវិធាន បទបញ្ញត្តិ ថ្លៃសេវា និងនីតិវិធីទាំងអស់”។
សន្ទស្សន៍ប្រសិទ្ធភាពផ្នែកភស្តុភាររបស់ធនាគារពិភពលោក វាស់វែងកម្រិតរីកចម្រើននៅក្នុងប្រាំមួយផ្នែក រួមមាន ប្រសិទ្ធភាពនៃការពិនិត្យឯកសារគ្រប់គ្រងគយ និងព្រំដែន គុណភាពពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភាពងាយស្រួលនៃការរៀបចំទំនិញដែលមានតម្លៃប្រកួតប្រជែង សមត្ថភាព និងគុណភាពផ្នែកសេវាភស្តុភារ សមត្ថភាពនៃការតាមដាន និងត្រួតពិនិត្យដំណើរការប្រគល់ទំនិញ ភាពទៀងទាត់នៃការប្រគល់ទំនិញដល់ដៃអ្នកទទួលទៅតាមពេលវេលាកំណត់ ឬក៏ពេលវេលានៃការប្រគល់ទំនិញ ដែលត្រូវបានរំពឹងទុកជាមុន។
ក្នុងផ្នែកគយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៧១ក្នុងចំណោម១៦០ប្រទេស ជាប់ចំណាត់ថ្នាក់ទី៧៩ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាប់ចំណាត់ថ្នាក់ទី៧៨ផ្នែកដឹកជញ្ជូនទំនិញឆ្លងប្រទេស ជាប់ចំណាត់ថ្នាក់ទី៨៩ផ្នែកគុណភាព និងសមត្ថភាពភស្តុភារ ជាប់ចំណាត់ថ្នាក់ទី៧១ផ្នែកតាមដាន និងត្រួតពិនិត្យ និងជាប់ចំណាត់ថ្នាក់ទី១២៩ផ្នែកភាពទៀងទាត់។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាំងពីលោកបានចូលកាន់តំណែងនេះកាលពីខែកញ្ញាមក លោកមានផែនការកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការធ្វើសុខដុមនីយកម្មលើនីតិវិធីច្បាស់លាស់ទាំងឡាយ មុនពេលប្រទេសនេះចូលសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥។
កាលពីខែវិច្ឆិកា លោក ស៊ុន ចាន់ថុល បានប្រកាសថា រដ្ឋាភិបាលនឹងលែងតម្រូវឲ្យក្រុមហ៊ុននានាដាក់ពាក្យសុំវិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញ ប្រសិនបើក្រុមហុ៊នទាំងនោះនាំទំនិញចេញទៅទីផ្សារក្នុងប្រទេសដែលមិនត្រូវការឯកសារបែបនេះ ហើយថា មានផែនការដាក់ចេញនូវប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផងដែរ៕ សុធា
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)