កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសបងប្អូនប្រុសពីរនាក់ពីបទបោកប្រាស់លួចបន្លំយកប្រាក់ចំនួន៩៤.០០០ដុល្លារពីវិនិយោគិនដីធ្លីជនជាតិអូស្ត្រាលីម្នាក់ កាលពីឆ្នាំ២០១២។
ចៅក្រម យ៉េត ម៉ូលីន បានផ្ដន្ទាទោសជនជាប់ចោទដែលត្រូវជាបងប្អូនប្រុសគ្នាម្នាក់ឈ្មោះ ហួត ចាន់វីរៈ និងម្នាក់ទៀតឈ្មោះ ហួត សុខវឌ្ឍនៈ ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងបង្គាប់ឲ្យជនជាប់ចោទទាំងពីរសងប្រាក់៩៤.០០០ដុល្លារបូកបន្ថែមប្រាក់សំណងជំងឺចិត្តចំនួន៥.០០០ដុល្លារឲ្យទៅជនរងគ្រោះឈ្មោះ មីឆែល ជេម សាមូអែ៊ល (Michael James Samuel) អាយុ៧៣ឆ្នាំ។
ជនជាប់ចោទទាំងពីរគឺជាអ្នករត់គេចពីបទចោទប្រកាន់នេះ។ នៅក្នុងសំណុំរឿង លោក សាមូអ៊ែល បានលើកឡើងថា កាលពីខែកក្កដា ឆ្នាំ២០១១ លោកបានសហការជាមួយជនជាប់ចោទបងប្អូនប្រុសទាំងពីរនាក់នេះដែលបានធ្វើការនៅក្រុមហ៊ុនជីមួយ។ លោកបានផ្ដល់ប្រាក់១២១.០០០ដុល្លារឲ្យជនជាប់ចោទទាំងពីរដើម្បីស្វែងរកដីទំហំ១០០ហិកតានៅខេត្តកំពង់ចាម។លោក សាមូ អ៊ែល ឲ្យដឹងថា លោកចង់អភិវឌ្ឍដីនោះ ដោយដាំសណ្ដែកសៀង និងដាំដើមកៅស៊ូ។
ទោះជាយ៉ាងណា លោកបានលើកឡើងថា បងប្អូនត្រកូល ហួត ទាំងពីរនាក់នេះមិនដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យលោកទេ ហើយថែមទាំងរត់គេចខ្លួនបាត់ ដោយយកប្រាក់ទៅជាមួយផង។
លោកចៅក្រម យ៉េត ម៉ូលីន បានសម្រេចផ្ដន្ទាទោសជនជាប់ចោទត្រកូល ហួត ទាំងពីរនាក់នេះពីបទរំលោភសេចក្ដីទុកចិត្ត និងបានចេញសាលដីកាឲ្យចាប់ខ្លួនជនជាប់ចោទទាំងពីរនាក់នេះ។ នៅក្នុងញត្តិមួយផ្ញើទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំមុន លោក សាមូអ៊ែល បានស្នើសុំសំណងជាប្រាក់ចំនួន៩៤.០០០ដុល្លាររបស់លោក និងសំណងជំងឺចិត្តចំនួន២០.០០០ដុល្លារ។
នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញលោក សាមូអ៊ែល បានមានប្រសាសន៍ថា“ខ្ញុំព្រមទទួលសាលក្រមនេះ ហើយនឹងមានយុត្តិធម៌ប្រសិនបើពួកគេចាប់ខ្លួនជនទាំងពីរនាក់នោះ ហើយសងប្រាក់ខ្ញុំវិញ”៕ សុធា