27.5 C
Phnom Penh

រដ្ឋាភិបាល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​រដ្ឋាភិបាល​ និង​អង្គការ​មិន​​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​ព្រាង​ញត្តិ​​មួយ​កា​ល​ពីម្សិលមិញ​ ស្នើសុំ​ឲ្យ​ផ្អាក​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិ​សនី​ ដន សាហុង ជា​បន្ទាន់​​ ដែល​គ្រោង​សាង​សង់​​ចម្ងាយ​១,៥​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា​-ឡាវ​ ហើយ​គំរាម​​កំហែង​​ដល់​ការ​ប្រកប​របរចិញ្ចឹម​​​ជីវិត​​​របស់​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​ដែល​រស់​នៅតាម​ដង​ទន្លេ​មេគង្គ​។

ញត្តិ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​​អ្នក​ចូល​រួម​សិក្ខាសាលា​៩០​នាក់​ដែល​រៀប​ចំ​ឡើង​ដោយ​វេទិកានៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ឡើង​ថា ចាំបាច់ត្រូវ​ធ្វើ​ការ​សិក្សា​ឲ្យ បាន​លម្អិត​ថែមទៀត​អំពី​ផល​ប៉ះ​ពាល់​​បរិ ស្ថាន​  និង​សង្គម​ដោយសារ​ទំនប់​​វារី​អគ្គិ​សនី​កម្លាំង​២៥០​មេហ្គា​វ៉ាត់​នេះ​​ ​ប្រសិន​បើ​ការ​សាង​សង់​ដំណើរ​ការ​ទៅ​មុខ​នោះ​។

លោក ទា ជុប អនុ​រដ្ឋ​លេខាធិការ​ក្រសួង​​​បរិស្ថាន​បាន​មាន​ប្រសាសន៍​នៅអង្គ​​សិក្ខា​សាលា​​នេះ​ថា “ប្រទេស​ឡាវ​ត្រូវ​ធ្វើ​​ការ​សិក្សា​ស្រាវ ជ្រាវ ឲ្យបាន​ទូលំ​ទូលាយ​​​អំពី​ផល​ប៉ះ​​​ពាល់​ទាំង​នេះ​​ ពីព្រោះ​វា​ប៉ះពាល់​ដល់​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​រស់នៅ​តាម​ខ្សែ​ទឹក​ខាង​ក្រោម”។

លោក​បាន​បន្ថែមថា ញត្តិ​នេះ​នឹង​ត្រូវ​ដាក់​ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល​ឡាវ​ វៀត​ណាម​ ថៃ​ និង​កម្ពុជា​។

​យោង​តាមអង្គការ​បរិស្ថាននានា​​បាន​​ឲ្យដឹង​ថា ទំនប់​វារីអគ្គិ​សនី ដន សាហុង នឹង​ត្រូវ​សាងសង់​លើ​ព្រែក​ជីក ហ៊ូ សាហុង ជា​ព្រែក​ជី​ក​តែ​មួយគត់​នៅ​ទន្លេ​មេគង្គ​ដែល​​ជា​កន្លែង​ផ្លាស់ទី​របស់​ត្រី​រៀង​រាល់​ឆ្នាំ។

ក្រុម​ហ៊ុន​ម៉ាឡេសីុ ដែល​ទទួល​បន្ទុក​​សាង​សង់​គឺក្រុមហ៊ុន MegaFirst Berhad បាន​ឲ្យ​ដឹង​​ថា ផល​ប៉ះពាល់​ទៅលើ​ធន​ធាន​ជល​ផល​នឹង​ត្រូវកាត់​បន្ថយដោយ​​ការ​បង្វែរ​ការ​ផ្លាស់​ទី​របស់​ត្រី​ទៅ​ប្រើ​ប្រាស់​ព្រែក​ជីក​នៅ​ក្បែរ​នោះ​ ដែល​នឹង​ត្រូវ​កែ​ប្រែ​ឲ្យ​ដូច​​ព្រែក​ជីក ហ៊ូ សាហុង​ ។

គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ត្រី​នឹង​ផ្លាស់​​ប្តូរ​ផ្លូវ​ផ្លាស់ទី​របស់​វា​ឬយ៉ាង​ណា​ឡើយ​​។

លោក តឹក​ វណ្ណារ៉ា នាយក​ប្រតិ​បត្តិវេ​ទិកា​​​​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​មាន​​ប្រសាសន៍ថា “ជំហរ​របស់​យើង​គឺត្រូវ​ស្នើ​ឲ្យ​ប្រទេស​ឡាវ​ធ្វើ​ការ​សិក្សា​ឲ្យបា​ន​លម្អិត​អំពីព្រែក​ជីក​ទាំង​បី​ដែល​ត្រី​អាច​ប្រើ​​​ប្រាស់ដើម្បី​ផ្លាស់​ទីបាន​” ដើម្បី​​ធ្វើ​ឲ្យ​ប្រាកដ​ថា តើ​អាចកាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​​ធនធាន​ជល​ផល​មុន​ពេល​ចាប់​ផ្តើម​សាង​សង់​​​​ទំនប់​វារីអគ្គិសនី​នេះ​ឬ​យ៉ាង​ណា។

តាម​​កិច្ច​ព្រម​ព្រៀង​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ប្រទេស​ឡាវ ថៃ វៀតណាម និង​កម្ពុជា​​ រាល់​គម្រោង​ដែល​សាង​សង់​កា​ត់​ទន្លេ​មេ​គង្គ​ ត្រូវ​ធ្វើ​ការ​​​ពិគ្រោះយោបល់​ជា​មុន ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​នានាជំទាស់នឹង​គម្រោង​​​​នោះ​បាន។

ប្រទេស​ឡាវ​បាន​លើក​ឡើង​ថា ទំនប់​វារីអគ្គិសនី​ ដន សាហុង មិន​ចាំ​បាច់​ដាក់​ជូន​សុំ​ការ​ពិគ្រោះ​យោបល​់ជា​មុន​ទេ​ពីព្រោះ​វា​មិន​រាំង​ស្ទះដល់​ទន្លេ​មេគង្គ​ទាំង​មូល​​ឡើយ​។

លោក តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈ​​​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​បានមាន​ប្រសា​សន៍​កាល​ពីម្សិលមិញថា ប្រទេស​ចំនួន​បី​គឺ “កម្ពុជា​ ថៃ វៀត​ណាម” លើក​ឡើង​ថា ទំនប់វារីអគ្គិសនី​​នេះ​សាង​សង់​​នៅ​លើ​ទន្លេ​មេគង្គ​ ហើយមាន​តែ​​​ប្រទេស​ឡាវ​ប៉ុណ្ណោះ​​គិត​ថា ​វា​មិន​មែន​ដូច្នេះទេ​​​…។ ពួកគេ​​មិន​ចង់​​ឲ្យមាន​ការ​ពិគ្រោះ​យោបល់​​ជា​មុន​ទេ”។ នៅដើមខែក្រោយ​​ គណៈ​កម្មការ​ទន្លេ​​មេគង្គ​ ជាស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដើម្បីជួយ​ធ្វើ​ការ​សម្រេច​ចិត្ត​​អំពី​ទន្លេ​​​មេគង្គ​នោះ​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​វៀត​ណាម​ដើម្បី​ពិភាក្សា​អំពីទំនប់​វារី​​​អគិ្គ​​​ស​​​នី ដន សាហុង​ នេះ​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស