លោក មុត ចន្ថា អគ្គលេខាធិការគណបក្សជាតិនិយម បានសរសេរលិខិតផ្ញើជូនលោក វីលៀម ថុត (William Todd) ដើម្បីស្នើឲ្យសហរដ្ឋអាមេរិកបញ្ជាក់ពីគោលនយោបាយរបស់ខ្លួន ទាក់ទងទៅនឹងការប្រមូលថ្លៃប្រើប្រាស់ផ្លូវឯកជនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកបានស្ថាបនាក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយក្រោយមកត្រូវបានស្ថាបនាបន្តក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៩០។
លិខិតចុះថ្ងៃពុធ សប្ដាហ៍នេះបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៣៥ឆ្នាំកាលពីឆ្នាំ២០១១ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនប្រមូលថ្លៃសេវាប្រើប្រាស់ផ្លូវនៅទីតាំងចំនួនបួនកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ជាថ្នូរនឹងការថែទាំផ្លូវនេះ។
លិខិតនេះមានខ្លឹមសារថា “កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ខ្លួនបានផ្ដល់សម្បទានដោយបើកចំហសម្រាប់ថែទាំផ្លូវជាតិលេខ៤ ដល់ក្រុមហ៊ុន AZ Distribution Co. ក្នុងតម្លៃប្រចាំឆ្នាំដែលមិនបានបញ្ជាក់”។
លិខិតដដែលមានខ្លឹមសារបន្តទៀតថា “បញ្ជរបង់ថ្លៃសេវាប្រើប្រាស់ផ្លូវនីមួយៗបច្ចុប្បន្នគិតថ្លៃសេវាប្រហែល០,៦៧ដុល្លារសម្រាប់រថយន្តគ្រួសារ ជាហេតុនាំឲ្យពួកគាត់ត្រូវចំណាយប្រាក់សរុបចំនួន២,៦៨ដុល្លារឲ្យបញ្ជរបង់ថ្លៃសេវាប្រើប្រាស់ផ្លូវទាំងអស់ដែលស្ថិតនៅលើផ្លូវជាតិលេខ៤ នៅពេលដែលពួកគាត់ធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ឬពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ”។
ក្នុងលិខិតនោះ លោក ចន្ថា បានកត់សម្គាល់ថា ប្រជាជនខ្មែរទទួលបានការបង់ប្រាក់ដោយសប្បុរសសម្រាប់ការប្រើប្រាស់ផ្លូវនេះ ពីអ្នកជាប់កាតព្វកិច្ចពន្ធអាមេរិក។
លោក ចន្ថា បានលើកឡើងនៅក្នុងសេចក្ដីបញ្ចប់នៃលិខិតនេះថា “ដោយសារតែមូលហេតុនេះហើយ សូមអនុញ្ញាតឲ្យខ្ញុំបាទស្នើឲ្យលោកពន្យល់ថា តើគម្រោងទន់ និងរឹង ដែលទទួលបានមូលនិធិពីអ្នកជាប់កាតព្វកិច្ចពន្ធអាមេរិក សម្រាប់ការប្រើប្រាស់ជាសាធារណៈ និងមិនមានគោលបំណងរកប្រាក់ចំណេញនោះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលម្ចាស់ផ្ទះជួលឲ្យក្រុមហ៊ុនឯកជនសម្រាប់គោលបំណងរកប្រាក់ចំណេញ”។
គណបក្សជាតិនិយមរបស់លោក ចន្ថា កាលពីមុនត្រូវបានគេស្គាល់ថា ជាគណបក្សនរោត្តម រណឫទ្ធិ ហើយកាលពីពេលថ្មីៗនេះបានបង្ហាញឆន្ទៈគាំទ្រគណបក្សសង្គ្រោះជាតិ។
ផ្លូវជាតិលេខ៤ ដែលមានប្រវែង២៣០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ១៩៥៩ ក្នុងពិធីមួយក្រោមអធិបតីភាពរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វីលៀម ទ្រីមបល (William Trim-ble) ក្រោមមូលនិធិជំនួយឥតសំណងចំនួន២៥លានដុល្លារ។
កាលពីពេលនោះ ផ្លូវនេះមានឈ្មោះថា មហាវិថីមិត្តភាពខ្មែរ-អាមេរិក ហើយបន្ទាប់មកក៏ត្រូវបានពង្រីកបន្ថែមក្រោមមូលនិធិជំនួយសហរដ្ឋអាមេរិក ក្នុងរបប លន់ នល់ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់មូលនិធិម្ដងទៀតសម្រាប់ការស្ថាបនាផ្លូវនេះ បន្ទាប់ពីមានការចាប់ផ្ដើមទំនាក់ទំនងការទូតពេញលេញរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បន្ទាប់ពីកម្លាំងអង្គការសហប្រជាជាតិ ដែលគេហៅថា អ៊ុនតាក់ បានចាកចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣។
លោក សុន ឆ័យ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ បានបដិសេធថា លោកមិនបានដឹងពីលិខិតនេះទេ ប៉ុន្តែលោកគាំទ្រសំណើនេះ។ លោកបានមានប្រសាសន៍ថា “ផ្លូវនេះត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៦ដើម្បីជួយប្រជាជនខ្មែរ។ បន្ទាប់មក [ឧបនាយករដ្ឋមន្ត្រី សុខ អាន ] បានចាប់អារម្មណ៍ក្នុងការរកប្រាក់ចំណេញ ហើយ ក៏បានបង្កើតក្រុមហ៊ុនមួយដើម្បីធ្វើឯក ជនភាវូនីយកម្មលើផ្លូវនេះ។ ក្រោយមកទៀតពួកគេក៏បានពន្យល់ថា ពួកគេមិនអាចពង្រីក និងថែទាំផ្លូវនេះដោយមិនមានធនធានបានទេ”។
លោក សុន ឆ័យ បានពន្យល់ថា លោកបានឈរនៅបញ្ជរបង់ថ្លៃសេវាប្រើប្រាស់ផ្លូវមួយនៅលើផ្លូវជាតិមួយនេះអស់រយៈពេលបីម៉ោងកាលពីដើមទសវត្សរ៍ឆ្នាំ២០០០ និងបានរាប់ចំនួនរថយន្តឆ្លងកាត់ ជាហេតុនាំឲ្យលោកមានលទ្ធភាពប៉ាន់ស្មានបានថា ប្រតិបត្តិការរបស់ក្រុមហ៊ុន AZ Distribution Co. នៅបញ្ជរបង់ប្រាក់ថ្លៃប្រើប្រាស់ផ្លូវទាំងនោះទទួលបានប្រាក់ចំណូល៧៨លានដុល្លារកាលពីឆ្នាំនោះ។ លោកបានមានប្រសាសន៍ថា “សំណួរគឺថា តើមូលហេតុអ្វីបានជាមិនមានការដេញថ្លៃ? មិនមានកិច្ចសន្យាជាសាធារណៈទេ។ ខ្ញុំគិតថា សាធារណជនចង់ដឹងថា តើប្រាក់ទាំងនោះត្រូវបានគេយកទៅណា”។
លោក សុន ឆ័យ មានប្រសាសន៍បន្ថែមទៀតថា “យុទ្ធនាការនេះនឹងធ្វើឲ្យប្រជាជនអាមេរិកដឹងថា ប្រាក់របស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់អំពើពុករលួយ”។ គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិរបស់លោក សុន ឆ័យ បានអំពាវនាវឲ្យមានការកាត់ជំនួយសម្រាប់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាតាំងពីព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសកាលពីខែកក្កដា ឆ្នាំមុន។
លោក ផេង សុវិជ្ជាណូ អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផ្លូវនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីតីការគណៈរដ្ឋមន្ត្រី ដែលលោក សុខ អាន ជាប្រធាន បានបដិសេធចំពោះការអះអាងថា លោកឧបនាយករដ្ឋមន្ត្រីមានការចាប់អារម្មណ៍ចំពោះបញ្ជរបង់ប្រាក់ប្រើប្រាស់ផ្លូវឯកជន។
លោក ស៊ីផាន ឲ្យដឹងថា “ខ្ញុំគិតថាវានៅតែជារបស់លោក អុឹង ប៊ុនហូវ ដដែល”។ រហូតដល់ពេលនេះ លោក អុឹង ប៊ុនហូវ ជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ស៊ីផាន បានមានប្រសាសន៍ការពារផងដែរអំពីការខ្វះដំណើរការដេញថ្លៃជាសាធារណៈមួយសម្រាប់ផ្លូវនេះ។ លោក ស៊ីផាន បានពន្យល់ថា “នៅពេលនោះ យើងបានស្នើឲ្យក្រុមហ៊ុនមួយចំនួន ហើយគ្មានក្រុមហ៊ុនណាស្ម័គ្រចិត្តដេញថ្លៃទេ ដូច្នេះដំណើរការនេះត្រូវបានសម្រេចនៅក្នុងក្រសួងហិរញ្ញវត្ថុ”។
លោក ងី តាយី រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា លោកមិនដឹងអំពីបញ្ហានេះទេ។
លោក ចន្ថា បានលើកឡើងកាលពីម្សិលមិញថា លោកបានសរសេរលិខិតលើកឡើងអំពីការយល់ដឹងអំពី “ ឯកជនភាវូនីយកម្ម” ផ្លូវថ្នល់។ លោកបានមានប្រសាសន៍ថា ជំហានបន្ទាប់របស់លោក នឹងត្រូវសរសេរទៅសភាអាមេរិក “ ដើម្បីដាស់តឿនសមាជិកសភាអាមេរិកឲ្យដឹងអំពីបញ្ហានេះ”។
លោក ស៊ាន ម៉ាក់ឃីនតុស (Sean Mclntosh) អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក បានលើកឡើងក្នុងអុីមែលមួយថា អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឋានៈនៃជំនួយរបស់ខ្លួនឲ្យដល់កម្ពុជា។
លោកបានឲ្យដឹងថា “រាជរដ្ឋាភិបាលមានសិទ្ធិនិងការទទួលខុសត្រូវតែឯងដើម្បីចាត់វិធានការចាំបាច់ក្នុងការថែរក្សាផ្លូវជាតិលេខ៤តាំងពីការផ្ទេរផ្លូវនេះពីសហរដ្ឋអាមេរិក។ ប៉ុន្តែដោយប្រកាន់ខ្ជាប់គោលការណ៍អភិបាលកិច្ចល្អ គួរតែបើកចំហឲ្យមានការប្រកួតប្រជែងយកកិច្ចសន្យា ហើយកិច្ចសន្យាទាំងនោះគួរតែត្រូវបានផ្តល់ឲ្យ ដោយឆ្លងកាត់ដំណើរការជ្រើសរើសប្រកបដោយតម្លាភាព ហើយប្រាក់ចំណូលដែលប្រមូលបានទាំងអស់ គួរតែរឹតបន្តឹង និងមានគណនេយ្យភាពជាក់ស្តែង”៕ សុធា