ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីថ្ងៃសុក្រកងរាជអាវុធហត្ថខេត្តស្វាយរៀងរឹបអូសបានភ្លុកដំរីទម្ងន់ជាង២៥០គីឡូក្រាម ដែលត្រូវបានលាក់ទុកក្នុងវ៉ាលិសចំនូន១០នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿងបើកឆ្ពោះទៅព្រំដែនវៀតណាម។

នេះគឺជាប្រតិបត្តិការរឹបអូសភ្លុកដំរីខុសច្បាប់លើកទី២ក្នុងរយៈពេលមួយខែ ជាហេតុនាំឲ្យមានការព្រួយបារម្ភថា ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅឆ្លងកាត់ដ៏សំខាន់មួយសម្រាប់សកម្មភាពជួញដូរភ្លុកដំរីខុសច្បាប់។
នគរបាលបានបញ្ឈប់រថយន្តដឹកទំនិញនេះ ពីព្រោះខ្លួនសង្ស័យថា រថយន្តដែលស្ថិតក្នុងស្ថានភាពលំបាកដោយសារដឹកទំនិញដ៏ធ្ងន់ ខណៈដែលកំពុងតែឆ្លងកាត់ផ្លូវហុយរលាក់ស្ថិតនៅចម្ងាយបួនគីឡូម៉ែត្រពីព្រំដែនវៀតណាម ស្ថិតក្នុងឃុំព្រះពន្លា ស្រុក កំពង់រោទិ៍នេះ អាចបាននិងកំពុងតែរត់ពន្ធឈើប្រណីតខុសច្បាប់។
លោក ឈៀង មួងហុង ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះជួយឆែកឆេរដែរនោះ បានមានប្រសាសន៍ថា “ប៉ុន្តែនៅពេលដែលយើងឆែកឆេររថយន្តដឹកទំនិញនោះ យើងបានរកឃើញវ៉ាលិស១០ពេញដោយភ្លុកដំរីចំនួន៧៧កង់”។
លោក សាន ប៊ុនថន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងផងដែរថា ករណីរកឃើញនេះបានកើតឡើងដោយចៃដន្យ ដោយសារតែកម្លាំងរបស់លោកគ្រាន់តែមានប្រថ្នូលថា រថយន្តដឹកទំនិញនេះមើលទៅមិនសូវទំនង បន្ទាប់ពីមន្ត្រីទាំងនោះបានអនុញ្ញាតឲ្យអ្នកបើកបររថយន្តនោះបើករថយន្តចេញកាលពីដំបូង។
លោកបានមានប្រសាសន៍ថា “យើងរឹបអូសបានភ្លុកដំរីទាំងនេះដោយចៃដន្យទេ នៅពេលដែលយើងដំបូងបានឆែកឆេររថយន្តនេះ យើងមិនបានរកឃើញអ្វីទេ ហើយក៏អនុញ្ញាតឲ្យជនសង្ស័យទៅ ក៏ប៉ុន្តែយើងបានសម្រេចបញ្ឈប់រថយន្តនេះម្ដងទៀត ពីព្រោះមើលទៅវាដឹកធ្ងន់ពេក”។ លោកបានបន្ថែមទៀតថា អ្នកបើកបរបុរសជនជាតិវៀតណាមបានបោះបង់រថយន្តនេះ ចោល ហើយក៏រត់គេចខ្លួន។
ប្រតិបត្តិការស៊ើបអង្កេតមួយកំពុងតែដំណើរការ ក្នុងគោលបំណងកំណត់ប្រភពភ្លុកដំរីនេះ ក៏ប៉ុន្តែចំនួនដំរីអាស៊ីដែលកំពុងធ្លាក់ចុះ ទំនងជាអាចបង្ហាញថា ភ្លុកដំរីនេះត្រូវបាននាំមកពីទ្វីបអាហ្វ្រិក ដែលមានដំរីចំនួន៣០០.០០០ក្បាលត្រូវបានសម្លាប់កាលពីឆ្នាំមុនប៉ុណ្ណោះ ដើម្បីយកភ្លុកទៅលក់បានប្រាក់ច្រើន។
កាលពីក្នុងខែកុម្ភៈ បុរសជនជាតិវៀតណាមពីរនាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយសារតែបាននាំភ្លុកដំរីអាហ្វ្រិកទម្ងន់៧៩គីឡូក្រាមដោយដាក់ក្នុងវ៉ាលិស៣ បន្ទាប់ពីធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូងកាត់តាមប្រទេស កូរ៉េខាងត្បូង។
មន្ត្រីគយបានឲ្យដឹងថា ក្រុមអ្នករត់ពន្ធទំនងជាកំពុងតែស្វែងរកទីកន្លែងងាយឆ្លងកាត់ថ្មីនៅក្នុងតំបន់ ដើម្បីនាំទំនិញចូលផ្សារងងឹត ដែលអាចរកប្រាក់ចំណេញបានច្រើននៅក្នុងប្រទេសវៀតណាម និងប្រទេសចិន ហើយនៅប្រទេសនេះ ភ្លុកដំរីអាចលក់បានក្នុងតម្លៃ២.២០០ដុល្លារក្នុងមួយគីឡូក្រាម បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) កាលពីឆ្នាំមុន បានបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរនេះនៅក្នុងប្រទេសថៃ។
លោក ខឹម វង្ស ប្រធានគម្រោងក្នុងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ នៃអង្គការសម័្ពន្ធសត្វព្រៃWildlife Aliance បានលើកឡើងថា ករណីរកឃើញដោយចៃដន្យកាលពីថ្ងៃសុក្រ គឺជាសញ្ញាគួរឲ្យព្រួយបារម្ភថា ក្រុមអ្នករត់ពន្ធភ្លុកដំរីដឹងថា កម្ពុជាគឺជាទីកន្លែងងាយស្រួលឆ្លងកាត់ថ្មីមួយ។ លោកបានមានប្រសាសន៍ថា “មិនទាន់ដឹងស្អីផង មានការរឹបអូសបានភ្លុកដំរីនៅខេត្តសៀមរាប និងខេត្តស្វាយរៀងបាត់ទៅហើយ យើងមើលឃើញថា ប្រទេសកម្ពុជាអាចក្លាយជាចំណុចឆ្លងកាត់មួយ”៕ប៊ុននី