31 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​​បន្ត​ស្វែងរក​អ្នក​បាត់ខ្លួន​ក្នុង​ការ​តវ៉ានៅ​ផ្លូវ​វេងស្រេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​និង​​អន្ត​រជាតិ​ចំនួន​៥៤​បាន​លើក​ឡើង​កាល​​ពី​ម្សិល​មិញ​ថា ប្រទេស​កម្ពុជា​អាច​នៅ​ពីក្រោយ​​​​​ការ​បាត់​ខ្លួន​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ម្នាក់​ដែល​គេ​បាន​ឃើញ​ចុ​ងក្រោយ​ហូរ​ឈាម​​ដោយ​គ្រាប់​កាំភ្លើង​ច្បាស់​ក្រឡែត​នៅ​​ក្នុង​ការ​តវ៉ា​របស់​​​កម្មករ​រោង​ចក្រ​កាត់​ដេរ​កាល​ពី​ខែ​មក​រា ហើយ​​​​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ស៊ើប​អង្កេត។

កម្មករ​រោង​ចក្រ​កាត់ដេរ​ប្រាំនាក់​ត្រូវ​បាន​​​​រាយការ​ណ៍ថា​​ស្លាប់​កាល​ពីថ្ងៃទី​៣ ខែ មករា បន្ទាប់ពី​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ដោយ​មិន​រើសមុខ​ទៅ​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ភាគច្រើន​ដែលគប់​ដុំថ្មអំឡុង​​ការ​​តវ៉ា​សុំដំឡើង​​ប្រាក់ខែ​នៅក្រៅ​សួន​ឧស្សា​ហ​​​កម្ម​កាណាឌីយ៉ា ក្នុង​រាជធានី​ភ្នំពេញ។

ទោ​ះ​ជា​យ៉ាងណា មាន​សាក​សព​តែបួន​ប៉ុណ្ណោះ​​​​ត្រូវ​បាន​សាច់ញាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​កំណត់​អត្តសញ្ញាណ ដោយ​​​បា​ត់​​​ខ្លួន​​ ខឹម សុផាត​ អាយុ​១៦ឆ្នាំ​ដែល​​គេ​មិន​​បាន​ទទួល​​​​ខុសត្រូវ។

សាក្សី​ម្នាក់​បាន​ឲ្យ​ដឹង​ថា គាត់ឃើញ​ ខឹម សុផាត​ ចុង​ក្រោយ​នៅ​កន្លែង​បាញ់​នោះ​ដោយ​​​​ដេក​ដួល​លើដី ហើយ​ហូរ​ឈាម​ដោយ​សារ​​ត្រូវ​គ្រាប់​កាំភ្លើង។គេ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ​ចាប់តាំង​ពី​ពេល​នោះ​​មក ហើយ​ក៏មិន​ឃើញ​សាក​សព​ដែរ ដោយ​មាន​ការ​សន្និ​​​ដ្ឋាន​​​តៗគ្នា​​ថា កង​រាជ​អាវុធ​ហត្ថ​កំពុង​បិទបាំង​ពី​ការ​​​​ស្លាប់​របស់​គា​ត់។

សេចក្តី​ថ្លែង​ការ​ណ៍រួម​មួយ​លើក​ឡើង​ថា “ដោយពិចារណា​លើ​​សេចក្តី​រាយ​ការ​ណ៍​របស់​សាក្សី និង​​​មិន​ដឹង​​ថា ខឹម សុផាត​ នៅ​ទី​ណា​នោះ ​បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​​តាម​អំពើ​ចិត្ត​​ និង​ការ​ចាប់​ខ្លួន​​ពី​សំណាក់​កង​​កម្លាំង​​សន្តិសុខ​ខ្មែរ​​នៅ​ថ្ងៃ​នោះ​ មាន​មូលដ្ឋាន​សម​ហេតុ​ផល​ដែល​គេ​ជឿថា ខឹម សុផាត​ អាច​បាត់​ខ្លួន​ដោយ​អាថ៌​​កំបាំង​”។

សេចក្តី​ថ្លែង​ការ​ណ៍ដដែលនេះ​បន្តថា “យើង​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ដោយ​ហ្មត់​ចត់ និង​ដោយ​មិន​លម្អៀង​​ពី​ការ​បាត់​ខ្លួន​ ខឹម សុផាត និង​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ពី​ជោគ​វាសនា ឬ​កន្លែង​ស្នាក់​នៅ​របស់​គាត់”។

សេចក្តី​ថ្លែង​ការ​ណ៍​ដែល​ចុះ​ហត្ថ​លេខា​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​សហជីពការ​ងារ​​ដែល​មាន​ការ​ចូល​រួម​​ពី​អង្គការ​លើក​លែង​ទោស​អន្ត​រជាតិ និង​​​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ផង​ដែរ។

ពួកគេ​លើកឡើង​​ថា រដ្ឋាភិបាល​ក្នុ​ង​នាម​ជា​ហត្ថលេខី​នៃ​អនុសញ្ញាអន្ត​រជាតិ​ស្តីពី​ការ​ការ​ពារប្រជាពលរដ្ឋ​ទាំង​អស់​មិន​ឲ្យ​បា​ត់​ខ្លួន​ដោយ​អាថ៌កំបាំង​នោះ​ក៏ត​ម្រូវ​ឲ្យ​​ធ្វើការ​ស៊ើប​​​​អង្កេត​ករណី​​នេះដែរ​ ហើយ​នាំ​​អ្នក​ដែល​ទទួលខុសត្រូវ​មក​ផ្តន្ទាទោស​។ អនុ​​​សញ្ញា​​​នេះ​​​​ដែល​ប្រទេស​កម្ពុជា​បាន​ផ្ត​ល់​សច្ចាប័ន​កាល​ពី​ឆ្នាំមុន​នោះ​​ក៏ត​ម្រូវ​ឲ្យ​រដ្ឋា​ភិបាល ​មិន​ថា ខឹម សុផាត​​ ស្លាប់ឬ​យ៉ាងណា​នោះទេ ត្រូវ​​​​​ស្វែង​​​​រក​និង​បញ្ជូន​អដ្ឋិ​ធាតុមក​វិញ។

អនុ​សញ្ញានេះ​កំណត់​ពី​ការ​បាត់​ខ្លួន​ដោយ​​​​​អាថ៌កំបាំង​​ខណៈដែល​ការ​បាត់​ខ្លួន​ណា​មួយ​​​ធ្វើ ឡើង​​ដោយ​ប្រទេស​​ឬ​នរណា​ម្នាក់​​ដែល​​មាន​​ការ​យល់ព្រម​​ពី​ប្រទេស​​ ដែល​ក្នុង​នោះ​ប្រទេស ​នោះ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ការ​បាត់​ខ្លួន​ ឬ​បង្ហាញ​ពី​កន្លែង​ស្នាក់នៅ​របស់​ជន​នោះ​​​។

លោក ម៉ី រីណា​  ជា​ឪពុកមា​របស់​ ខឹម សុផាត​ បាន​និយាយថា ក្រុមគ្រួសាគ្មាន​សង្ឃឹម​​ថា អាច​រក​ ខឹម សុផាត ឃើញ​​ទាំង​​​នៅ​មាន​ជីវិត​ ឬ​នាំ​ជន​ដៃដល់​មក​ផ្ត​ន្ទាទោស​នោះ​​​ឡើយ។

លោក រីណា បាន​និយាយ​ថា “យើង​​មិន​បាន​​ដាក់ពាក្យ​បណ្តឹង​​ប្តឹង​អាជ្ញាធរ​ទេ ពីព្រោះ​​ ពួកគេ​ជា​អ្នក​សម្លាប់​ក្មួយ​ប្រុស​របស់ខ្ញុំ។ យើង​​ជឿថា ក្មួយ​ខ្ញុំ​ត្រូវ​គេ​សម្លាប់ ពីព្រោះ​មិត្ត​​ភក្តិរបស់​វា​បាន​ឃើញ​ការ​បាញ់​នោះ​​​ហើយ​​​​នគរបាល​បាន​សែង​វា​ចេញ”​។

លោក​ឧត្តម​សេនីយ៍ត្រី ខេង​ ទីតូ អ្នក​នាំ​​​ពាក្យ​កង​​រាជ​អាវុធ​ហ​ត្ថ​លើ​ផ្ទៃប្រទេស​​បាន​មាន​ប្រសាសន៍ថា អាជ្ញាធរ​​កំពុង​​ស្វែង​រក​ ខឹម សុផាត ប៉ុន្តែ​ដូច​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា​អ៊ីចឹងដែរ​ គឺ​​​​រក​មិនឃើញ​​ទេ។

លោក​បាន​មាន​ប្រសាសន៍ថា “​​យើង​កំពុង ​​ស្វែង​រក​ឈ្មោះ​របស់គាត់​នៅ​តាម​ពន្ធ​នា​​គារ​​និង​មន្ទីរពេទ្យ ប៉ុន្តែ​យើង​មិន​អាច​រក​ឈ្មោះ​ដែល​អង្គការ​សង្គម​ស៊ីវិល​កំពុង​ស្វែង​រក​នោះឡើយ។ ប៉ុន្តែប្រសិន​បើ​អង្គ​ការ​​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​នោះ យើង​​នឹង​បន្ត​​ជួយ​ស្វែងរក​គា​ត់​ទៀត”​។

គណៈ​កម្មការ​ពិសេស​មួយ​ដែល​បង្កើត​ឡើង​ក្រោម​ការ​ទទួល​បន្ទុក​របស់​លោក​ ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃឲ្យ​ស៊ើប​​អង្កេត​​ហេតុ​ការ​ណ៍កាលពី​ថ្ងៃ​ទី​៣​ខែ​មករា បាន​បញ្ជប់ការងារ​របស់ខ្លួន​ហើយ​កាល​ពី​ខែ​មុន​ ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​ផ្សាយ​លទ្ធផល​របស់ ខ្លួន​នៅឡើយទេ។

លោកឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសា​សន៍​​ថា ការ​រាប់​​ចំនួន​អ្នក​ស្លាប់​ផ្លូវការ​ពី​ថ្ងៃ​ទី​៣ ខែ​មករា គឺ​បួននាក់​ ហើយ​បាន​បដិ​សេធ​​ថា មិន​ដឹង​ពី​អ្នក​ដែលបាន​បាត់​ខ្លួន​ឡើយ។

ក្នុង​ចំណោមអ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​២៣នាក់​​​​អំឡុង​​ការ​តវ៉ា​របស់​កម្មករ​​រោង​ចក្រ​កាត់​ដេរ​​កាលពី​ថ្ងៃទី​២​និង​ទី​៣ ខែ​មករា​នោះ មាន​មនុស្ស​២១នាក់​កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំកែប្រែទី​៣​ក្នុង​ខេត្ត​កំពង់​​​ចាម​រង់​ចាំ​ការ​ជំនុំជម្រះ​នៅ​ឡើយ​រួមមាន​លោក វ៉ន ពៅ​ មេដឹក​នាំ​សហ​ជីព​ផងដែរ។

កាលពី​សប្តាហ៍មុន មន្ត្រី​តុលាការ​និង​មន្ត្រី​ពន្ធនា​គារមិន​ប្រាកដ​ថា​ តើ​លោក វ៉ន ពៅ​ នឹង​​​​ត្រូវ​​បើក​សវនាការ​ជំនុំ​ជម្រះ​ដោះ​លែង​ឲ្យ​នៅក្រៅឃុំ​នៅក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​​​នេះ​​​​ឬ​យ៉ាង​ណាឡើយ​ដោយ​​សារ​ខ្វះ​មធ្យោ​បាយ​ដឹក​ជញ្ជូន។

កាលពី​ម្សិល​មិញ​ លោក គឹម សុជាតិ មេធាវី​​​​របស់លោក​ វ៉ន ពៅ បាន​ថ្លែង​​​ថា លោក ​ គា សុវណ្ណា ប្រធាន​មណ្ឌល​អប់រំ​កែ​ប្រែ​ ទី​៣​ បាន​បញ្ជាក់​ប្រាប់​លោក​ថា កូនក្តី​របស់​លោក​នឹង​មាន​វត​្ត​មាន​នៅ​សវនាការ​នោះ​៕​​​សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស