27 C
Phnom Penh

​​សកម្ម​ជន​​តំបន់​បឹង​កក់​និង​បុរី​កីឡា​អះ​អាង​ថា ជន​ល្មើស​ម្នាក់​បាន​​​បាញ់​រថយន្ត​​​ខ្លួន​​ជិះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​រាជធានី​ភ្នំពេញ​កំពុង​សើុប​អង្កេត​​ពី​ការ​អះ​អាង​របស់​សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​​មួយ​​ក្រុម​ដែល​ថា ​មនុស្ស​ម្នាក់​បាន​បាញ់​​​កាំភ្លើង​លើ​កញ្ចក់​មុខ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ពួក​គេ​កំពុង​ជិះ​នៅ​តាម​​ផ្លូវ​​ត្រឡប់មក​ទីក្រុ​ងភ្នំពេញ​កាល​ពីយប់​ថ្ងៃ​សៅរ៍​។

អ្នក​ដំណើរ​ប្រហែល​៥០នាក់​នៅលើ​រថ​យន្តក្រុ​ង​នោះ​បាន​វិល​ត្រឡប់​ពី​ចូល​រួម​ពិធី​​ប្រារព្ធ​ខួប​ប្រាំឆ្នាំ​​នៅ​ក្នុង​ខេត្ត​សៀម​រាប​​អំពី​ការ​បណ្តេញ​ចេញ​​ដោយ​​ហិង្សា។ ពួក​គេ​និយាយ​ថា នៅម៉ោង​ប្រហែល​៨​យប់​​ពេល​ដែល​ពួក​គេ​កំពុង​ជិះ​រថយន្ត​ក្នុងខណ្ឌ​ដូន​ពេញ​​ បុរស​ម្នាក់​បាន​​ជិះ​ម៉ូតូ​មួយ​គ្រឿង​​​ទៅ​ពីមុខ​ពួកគេ​ ហើយ​បាន​បាញ់​កាំភ្លើង​មួយ​គ្រាប់​​​ មក​លើ​រថយន្ត​ក្រុង​នោះ​មុន​ពេល​​បង្កើន​ល្បឿនជិះ​​ចេញ​ទៅ​​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ​។

អ្នក​​ជិះ​រថយន្ត​ក្រុង​នេះ​គឺជា​ប្រជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍​បឹង​កក់​ និង​បុរី​កីឡា​ក្នុង​ទីក្រុង​​ភ្នំពេញហើយ​ពួកគេ​មួយ​ចំនួន​គឺជា​សកម្ម​ជន​ល្បី​ឈ្មោះ ខាង​​ប្រឆាំង​ការ​បណ្តេញ​ចេញ​របស់​រដ្ឋាភិ​បាល​ និង​ជាសាច់​ញាតិ​របស់​​កម្មករ​​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​កម្មករ​ប្រាំនាក់​ដែល​បាន​ស្លាប់​​​ដោយ​សារ​គ្រាប់​កាំភ្លើង​របស់​ កង​រាជ​អាវុធ​ហត្ថ​​អំឡុង​ពេល​កម្មករ​រោង​ ចក្រ​កាត់​ដេរ​ធ្វើ​ការ​តវ៉ា កាល​ពីខែមករា​។

អ្នកស្រី​ សុង ស្រីលាភ សាក្សី​ម្នាក់​ដែល​ជិះ​នៅលើ​រថយន្ត​ក្រុង​នោះ​​បាន​និយាយ​ថា ម៉ូតូ​ដែល​​មាន​បុរ​ស​​ម្នាក់​ជា​អ្នក​បើក​ និងមាន​ស្ត្រី​ម្នាក់​ជិះ​ពីក្រោយ​នោះ ​បាន​​តាម​ពួក​គេ​​ប្រហែល​១៥​នាទី​​​មុន​ពេល​ជិះ​ជែង​​ទៅ​មុខ​ខាង​អ្នក​បើក​បរ​។ គាត់​បាន​និយាយ​ថា “ជននោះបាន​​តម្រង់​ កាំភ្លើង​​មកលើ​​រថយន្ត​របស់​យើង​ ហើយ​យើង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ជន​នេះចង់​ឲ្យ​យើង​ឈប់​ ប៉ុន្តែ យើង​បាន​ប្រាប់​អ្នក​បើក​បរ​មិន​ឲ្យឈប់​ទេ​”។

អ្នកស្រី​បាន​និយាយ​ថា ពី​បី​នាទី​ក្រោយ​មក​ ​ពួក​គេ​បាន​​ឃើញ​បុរ​សនេះ​ជិះ​ម៉ូតូ​​​ទៅ​​ខាង​ស្តាំ​រថយន្ត​ ប៉ុន្តែ មិន​ឃើញ​ស្ត្រី​នោះទេ ហើយ​បាន​​ជិះ​ទៅ​ពីមុខ​ពួក​គេ​មុន​ពេល​ទាញ​កាំភ្លើង​ចេញ​ពី​ហោប៉ៅ​បាញ់​​​​មកលើ​​រថយន្ត​​ក្រុង​​ដោយ​ប្រើ​ដៃ​ឆ្វេង​។

អ្នកស្រី​ ស្រីលាភ បាន​និយាយ​ថា “​ជន​នោះ​បាន​ជិះ​ម៉ូតូ​ និង​ប្រើ​កាំភ្លើង​ខ្លី​បាញ់​មក​លើ​រថយន្តក្រុង​យើង​ ពេល​យើង​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​ពីខេត្ត​សៀម​រាប​​វិញ​”។

យោង​តាម​ច្បាប់​ចម្លង​នៃ​ពាក្យ​បណ្តឹង​ដែល​ពួក​គេ​បាន​ប្តឹង​ទៅនគរបាល​កាល​ពី​យប់​ថ្ងៃសៅរ៍​ អ្នកដំណើរ​នៅលើ​រថយន្ត​ក្រុង​ដែល​បាន​ឃើញ​បុរស​នោះ​កាន់​កាំភ្លើង​​បាន​​ក្រាប​ចុះ​​ដើម្បី​សុវតិ្ថ​ភាព​ និង​បាន​ឮ​ស្នូរ​កាំភ្លើង​មួយ​គ្រាប់​ មុន​ពេល​កញ្ចក់​រថយន្ត​នោះ​​ប្រេះ​​។នៅពេល​ពួក​គេ​​ងើប​​មើល​បុរស​នោះបាន​​ជិះ​ម៉ូតូ​​ទៅ​បាត់​ហើយ​។

អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រីគិត​​ថា ជន​នេះ​​មាន​គោល​ដៅ​មក​លើ​រថយន្ត​នេះ​ពីព្រោះ​អ្នកស្រី និង​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​ជិះ​នៅលើ​រថយន្តក្រុង​នេះ​គឺជា​សកម្ម​ជន​​។ អ្នកស្រី​បាន​និយាយ​ថា “យើង​ដឹង​ថា វា​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ ពីព្រោះ​រថយន្ត​ក្រុង​នេះ​ដឹក​សកម្មជន​មក​ពី​បឹង​កក់​ ​បុរីកីឡា​ ​​​​និង​ថ្មគោល​ និង​ឪពុក​របស់​កម្មករ​រោង​ចក្រ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពីថ្ងៃ​ទី​៣ ​ខែ​មករា​”។

អ្នកស្រី បូ ឆវី អ្នក​ដំណើរ​ម្នាក់​ទៀត​នៅ​លើ​រថយន្ត​ក្រុង​នេះបាន​គាំទ្រ​ការ​លើក​ឡើង​នេះ​។ អ្នកស្រី បូ ឆវី បាន​និយាយថា “ខ្ញុំ​បាន​ឃើញ​ជន​នេះ​លូក​ដៃ​ចូល​ទៅក្នុង​ហោប៉ៅ​ទាញ​កាំ​ភ្លើង​ ​ចេញ​មក​ ហើយ​យើង​ទាំង​អស់​គ្នា​​បានក្រាប​ចុះ​​ និង​ឮសូរ​ផាំង​ ហើយ​មិន​ហ៊ាន​ងើប​ឡើង​ទេ​ ពី​ព្រោះ​យើង​ខ្លាច​ជន​ នេះ​បាញ់ទៀត​​។ មនុស្ស​ ទាំង​អស់​មាន​ការ​រន្ធត់​ និង​ភ័យ​ខ្លាច​​”។

ស្ត្រី​ទាំង​នោះនិយាយ​ថា ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​សង្កាត់​ស្រះ​ចក​នៅពេល​ពួក​គាត់​​ចូល​មក​ដល់​ទីក្រុង​ភ្នំ​ពេញ​ភ្លាម​។ ពួកគាត់​បាន​និយាយថា មន្ត្រី​នគរបាល​បាន​ទៅកាន់​កន្លែង​កើត​ហេតុ​នៅ​យប់​នោះ​ហើយ​ពួកគាត់​បាន​រក​ឃើញ​ស្រោម​ កាំភ្លើង​មួយ​​ ប៉ុន្តែ​ មិន​ឃើញ​ក្បាល​​គ្រាប់​កាំ​ភ្លើង​បាញ់​​​ប្រេះ​​​កញ្ចក់​នោះទេ​​។

លោក កាន់​ វណ្ណៈ នាយប៉ុស្តិ៍​នគរបាល​សង្កាត់​បាន​មាន​ប្រសាសន៍ថា មន្ត្រីរបស់​​លោក​កំពុង​​សើុប​អង្កត​​​ករណីនេះ ប៉ុន្តែ មិន​បាន​និយាយ​ថា តើ​កញ្ចក់​រថយន្ត​នោះ​បែក​ដោយ​សារ​គ្រាប់​កាំភ្លើង​មែន ឬ​អត់​ទេ​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​បាន​ទទួល​ពាក្យ​ប​ណ្តឹង​នេះ ហើយ​យើង​កំពុង​សើុប​អង្កេត​​​ ដូច្នេះ​​យើង​មិនអាច​សន្និ​​ដ្ឋាន​​ភ្លាម​ៗ​បានទេ​”។

លោក ញ៉ែម សៅណុល អធិការ​រង​​នគរ​បាល​ខណ្ឌ​ដូន​ពេញ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​ក៏​កំពុង​សើុប​អង្កេត​រឿង​នេះ​ដែរ​ ប៉ុន្តែ ចៅហ្វាយ​របស់​លោក គឺ​លោក អ៊ូច សុខុន អធិការ​នគរបាល​ខណ្ឌ​បាន​ចាត់​ទុក​រឿង​នេះថា ជា​រឿង​​ចរា​ចរណ៍​។ លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​​ប្រាប់​លម្អិត​ថា “វា​ជា​រឿង​ចរាចរណ៍​ មិន​មែន​ជា​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត​នោះទេ​”។

​លោក​ ជួន ណារិន ស្នងការ​រង​នគរបាល​​រាជ​ធានីភ្នំពេញ​បានមាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​​កំពុង​ចូល​រួម​នៅក្នុងការ​សើុប​អង្កេត​នេះដែរ​ ប៉ុន្តែ លោក​បាន​​ច្រាន​ចោល​ចំពោះការ​អះអាង​របស់​អ្នក​ដំណើរ​ទាំង​នោះ​​ដែល​ថា វាជា​រឿង​នយោបាយ​។ លោក​បានមាន​ប្រសាសន៍ថា “ពួកគេ​គ្រាន់តែ​ប្រឌិត​រឿង​នេះ​។ រថយន្ត​ក្រុង​នោះ​បើក​កាត់​​កន្លែង​ស្ទះ​ចរាចរណ៍​ ហើយ​​អ្នក​ជិះម៉ូតូ​បានខឹង។ មិនមាន​ផែនការ​អាក្រក់​ណាមួយ​​ចំពោះ​ពួកគេ​ទេ​។ យើង​នៅមិន​ទាន់​ដឹង​ថា ​តើ​វា​ជា​ដុំ​ថ្ម ឬគ្រាប់​កាំភ្លើងទេ​។ យើង​កំពុង​សើុប​អង្កេត​​។ ប្រហែល​ជា​អ្នក​ជិះ​ម៉ូតូ​នោះស្រវឹង​ស្រា​”។ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ក៏កំពុងសើុប​អង្កេត​រឿង​នេះដែរ​។

អ្នកដំណើរ​នៅលើ​រថយន្តក្រុង​នោះ​បាន​ធ្វើ​ដំណើរទៅខេត្តសៀម​រាប​ដើម្បីប្រារព្ធ​ខួប​ប្រាំឆ្នាំ​នៃការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ ​ចេញ​កាល​ពីឆ្នាំ ២០០៩​ដែល​នៅ​ពេល​នោះ​កង​កម្លាំង​សន្តិសុខ​បាន​បាញ់​​ជន​សីុវិ​ល​ឲ្យ​រង​​របួស​ចំនួន​បួននាក់។ អ្នក​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​ចាប់​​ខ្លួន​ដាក់​ពន្ធនាគារ​ជាច្រើន​ខែ និងមិនមាន​ការ​ផ្តន្ទាទោស​មន្ត្រី​ណា​ម្នាក់​ឡើយ​៕​គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស