28 C
Phnom Penh

ក្រសួង​ការ​បរទេស​កម្ពុជា​កោះហៅ​ឯក​អគ្គ​រាជ​ទូត​​ថៃ​​រឿង​ទាហាន​ថៃ​បាញ់​សម្លាប់​អ្នក​កាប់​ឈើ​ខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯក​អគ្គ​រាជ​ទូត​​​ថៃ​ប្រចាំ​ប្រទេស​កម្ពុ​ជា​​ត្រូវ​បាន​កោះហៅ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​​មក​សាកសួរ​​នៅ​ក្រសួង​ការ​បរទេស​​ជុំវិញ​​ទាហានថៃ​​បាញ់​សម្លាប់​បុរស​ខ្មែរ​ម្នាក់​កាល​ពី​សប្តាហ៍​មុន​ដែល​ស្ថិត​ក្នុង​​ចំណោម​មនុស្ស​​ប្រាំបួន​នាក់​ដែល​ទាហាន​ថៃ​បាន​ចាប់​ពេល​​ឆ្លង​ដែន​​​​ទៅ​កាប់​ឈើ​​ក្នុង​ប្រទេស​ថៃ​នៅ​​​​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា​។

លោក កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា បុរស​ម្នាក់​ត្រូវ​បាន​បញ្ជាក់​ថា ស្លាប់​ ហើយ​ពីរនាក់ទៀត​រង​របួស និង​ប្រាំមួយ​នាក់បាត់​ខ្លួន​បន្ទាប់ពី​ទាហាន​ថៃ​ក្នុង​ខេត្ត​ដែលគេ​មិន​បញ្ជាក់​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​អង្គារ​​បាន​បាញ់​ទៅ​លើ​អ្នកភូមិ​​ដែល​បាន​ទៅកាប់​ឈើ​ប្រណីត​។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ នៅ​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​ការ​ទូត​ថា លោក ឡុង វីសាលោ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ការ​បរទេស​​បាន​កោះ​ហៅ​​លោក ផាកឌី ទូ ឆៃ​​​យុត (Pakdi Touchayoot) កាល​ពី​ថ្ងៃ​សុក្រ​ឲ្យ​មក​ទទួល​យក​​កំណត់​ទូត​​ដែល​ស្នើ​ឲ្យ​នគរ​បាល​ថៃ​ស៊ើប​អង្កេត​ពី​ការ​បាញ់​សម្លាប់​អ្នក​កាប់​ឈើ​។

លោកបាន​មាន​ប្រសាសន៍ថា “​ឯក​ឧត្តម​ ឡុង វីសាលោ បាន​បញ្ជូន​កំណត់​ទូត​​តវ៉ា​ទៅ​រដ្ឋាភិបាល​ថៃ​ឲ្យ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​​រង​​​គ្រោះ និង​ទាម​ទារ​ឲ្យ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ដៃដល់​យក​មក​ផ្តន្ទា​ទោស​​តាម​ច្បាប់​របស់​ប្រទេស​​ខ្លួន”​។

លោក​ កុយ គួង​ បានប្រាប់​ថា បុរស​ដែល​​ស្លាប់នោះ​​ឈ្មោះ​ វ៉ាន់ វួច​ អាយុ​៣៨​ឆ្នាំ ដែល​​​លោក​លើកឡើង​​ថា ​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ដោយ​ខុស​ច្បាប់។ លោក​ កុយ គួង បាន​មាន​ប្រសា​សន៍ថា “នេះ​គឺ​ជា​សកម្មភាព​ដែល​រដ្ឋាភិ​បាល​​កម្ពុជា​បាន​បញ្ជាក់​ថា ផ្ទុយ​នឹង​ច្បាប់​មនុស្ស​ធម៌អន្ត​រ​​​ជាតិ​ និង​មិន​មែន​ជា​សកម្ម​ភាពដែល​កើត​​​ឡើង​​​​នៅក្នុង​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ឡើយ”​។

លោក​បាន​បន្ថែមថា សរុបមក​ ការ​បាញ់​​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ដែល​គ្រាន់​តែ​សង្ស័យថា បាន​កាប់ឈើ​នៅក្នុង​ប្រទេស​ថៃ​​នោះ​ក៏​​​រំលោភ​​​​កិច្ច​ព្រមព្រៀង​​រវាង​ប្រទេស​ទាំង​ពី​រ​ផងដែរ។

លោក​ កុយ គួង បាន​មាន​ប្រសាសន៍​ថា “ឯក​ឧត្ត​ម​ ឡុង វីសាលោ ក៏បាន​លើក​ឡើង​នៅក្នុង​កំណត់​ទូត​របស់លោកឲ្យ​អាជ្ញា​ធរ​ថៃ​បញ្ឈប់​សកម្មភាព​រំលោភ​ច្បាប់​បែប​នេះ​ផង​ដែរ។ យើង​​ចង់​ឲ្យ​អាជ្ញាធរ​ថៃ​គោរ​ពច្បាប់​ប្រទេស​របស់ខ្លួន​ និង​គ្រាន់​តែ​ដាក់ទោស​អ្នក​កាប់ឈើ​ជន​ជាតិ​ខ្មែរ​ខុស​ច្បាប់​តាម​ច្បាប់​ទៅបាន​ហើយ”​។

លោក កុយ គួង​ បាន​មាន​ប្រសា​សន៍​ថា រដ្ឋាភិបាល​កម្ពុជា​​ប្រឹង​ប្រែង​អស់​ពី​លទ្ធ​ភាព​ក្នុង​កា​រអប់រំ​ប្រជា​ពលរដ្ឋ​កុំឲ្យ​ចូល​​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ។ លោក​បាន​មាន​ប្រសាសន៍ថា “សម្តេច​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​អាជ្ញាធរ​​​​របស់​យើង​តាម​ព្រំដែន​កុំឲ្យ​អូស​ទាញ​​ប្រជា​​​ពល​រដ្ឋ​ឲ្យ​ឆ្លង​ព្រំដែន​ទៅ​ប្រព្រឹត្ត​បទ​​​ល្មើស​​នៅក្នុង​ដីព្រៃ​របស់​ថៃ​ដែរ”។

អង្គការ​សិទ្ធិមនុស្ស​អាដហុក​​ក៏បាន​រាយ​ការណ៍ថា មាន​ពលរដ្ឋ​ខ្មែរ​៣៣នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ពេល​ទៅ​កាប់ឈើ​នៅ​ក្នុង​ប្រទេស​​​​ថៃ​កាលពី​ឆ្នាំ​២០១៣៕​​​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស