យោងតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសប្រាំពីរនាក់ត្រូវបានចាប់ខ្លួននិងពីរនាក់ទៀតរងរបួសកាលពីយប់ថ្ងៃសុក្របន្ទាប់ពីវាយតប់គ្នានៅពិធីមង្គលការមួយក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក អុ៊ុន យ៉ុង នាយនគរបាលយុត្តិធម៌ស្រុកបានមានប្រសាសន៍ថា មនុស្សដែលត្រូវបានចាប់ខ្លួន ដែលជាមិត្តភក្តិនិងសាច់ញាតិកូនកំលោះនោះបានទាស់សម្តីគ្នាពេលស្រវឹងស្រាជាមួយបុរសមួយក្រុមទៀតមកពីភូមិជាមួយកូនក្រមុំកន្លែងដែលរៀបមង្គលការនោះ។
លោក អ៊ុន យ៉ុង បានមានប្រសាសន៍ថា “ក្មេងស្ទាវពីរនាក់បានគប់ចាន កែវ និងកៅអីដាក់គ្នានៅកន្លែងដែលភ្ញៀវកំពុងរាំលេងសប្បាយ”។ លោកបានមានប្រសាសន៍ថា បុរសពីរនាក់ដែលបានព្យាយាមបំបែកជម្លោះនោះបានរងរបួសត្រង់ក្បាលនិងទ្រូង។លោកបានបន្ថែមថា ពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយបានចេញមកផ្ទះវិញហើយ។
មិនយូរប៉ុន្មាន នគរបាលបានទៅដល់បន្ទាប់ពីជម្លោះបានកើតឡើង ប៉ុន្តែចាប់ខ្លួនបានតែបុរសមកពីភាគីកូនកំលោះប៉ុណ្ណោះ ដែលបានធ្វើដំណើរចម្ងាយប្រហែល១៨គីឡូម៉ែត្រពីស្រុកល្វាឯម។
លោក អ៊ុន យ៉ុង បានពន្យល់ថា “ ក្មេងស្ទាវម្នាក់ទៀតបានរត់គេចខ្លួនពីព្រោះគេរស់នៅក្នុងភូមិជាមួយកូនក្រមុំដែរ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា នគរបាលមិនបានបញ្ជាក់ពីឈ្មោះបុរសដែលត្រូវបានឃាត់ខ្លួនឡើយ។
តុលាការបានចោទប្រកាន់ជនសង្ស័យប្រាំពីរនាក់នោះពីបទបង្ករបួសស្នាមដោយចេតនាកាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន៕សារុន