បន្ទាប់ពីការរុករកអស់រយៈពេលពីរសប្តាហ៍ដោយគ្មានលទ្ធផលរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញប្រទេសចិននិងប្រទេសម៉ាឡេស៊ីឲ្យមករុករកយន្តហោះដែលបាត់ដំណឹងដ៏អាថ៌កំបាំងនេះនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសុក្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំនៅក្រសួងអប់រំ យុវជននិងកីឡាថា “យើងស្វាគមន៍មិត្តចិន និងម៉ាឡេស៊ីរបស់យើងឲ្យធ្វើការនៅក្នុងទឹកដីរបស់យើង ប្រសិនបើមានសញ្ញាសង្ស័យណាមួយនោះ។ ប្រសិនបើគេសង្ស័យថា យន្តហោះនេះធ្លាក់នៅក្នុងប្រទេសកម្ពុជា ថា យន្តហោះនេះធ្លាក់នៅក្នុងប្រទេសកម្ពុជា អ៊ីចឹងប្រទេសកម្ពុជារីករាយនឹងសហការ”។
ជើងហោះហើរលេខ MH 370 បានបាត់ដំណឹងកាលពីថ្ងៃទី៨ ខែមីនា នៅពេលធ្វើដំណើរពីទីក្រុងគូឡាឡាំពួ ទៅទីក្រុងប៉េកាំង។ កាលពីដើមខែនេះ មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា យន្តហោះនេះអាចធ្លាក់នៅកន្លែងណាមួយដែលស្ថិតនៅចន្លោះភាគខាងត្បូងមហាសមុទ្រឥណ្ឌានិងតំបន់អាស៊ីកណ្តាល ជាតំបន់ដែលមានផ្ទៃ៧,៦៨លានគីឡូម៉ែត្រក្រឡា។ ការរុករកបានពង្រីកទៅភាគខាងត្បូងរហូតដល់ដែនទឹកនៅភាគខាងលិចនៃប្រទេសអូស្ត្រាលី។
កាលពីថ្ងៃអង្គារ ដប់ថ្ងៃបន្ទាប់ពីយន្តហោះបានបាត់ដំណឹង ប្រទេសកម្ពុជា បានប្រកាសថា ខ្លួននឹងចូលរួមការរុករកជាលក្ខណៈអន្តរជាតិដែលមាន២៦ប្រទេសបានចូលរួម។
ដំបូងឡើយ រដ្ឋាភិបាលបានលើកឡើងថា ខ្លួនខ្វះសមត្ថភាពនៅក្នុងការចូលរួមការរុករកនេះ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលរបស់លោក បានប្តូរជំហរបស់ខ្លួនបន្ទាប់ពីទទួលបានសំណើពីស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា “ក្នុងពេលថ្មីៗនេះ ស្ថានទូតចិន [បានស្នើ] ឲ្យកម្ពុជាជួយនៅក្នុងការរុករកនេះ ហេតុដូច្នេះយើងបានចេញបទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធចុះទៅរុករកនៅតំបន់មួយចំនួន”។ ប្រទេសចិនបានឧបត្ថម្ភឧទ្ធម្ភាគចក្រចំនួនបួនគ្រឿងដែលប្រទេសកម្ពុជាកំពុងប្រើប្រាស់នៅក្នុងបេសកម្មរុករកនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា សាធារណជនមិនគួរព្រួយបារម្ភចំពោះការដាក់ពង្រាយឧទ្ធម្ភាគចក្រនិងនាវាកងទ័ពជើងទឹកកម្ពុជានៅតាមព្រំដែនទឹកកម្ពុជា-វៀតណាមនេះឡើយ ព្រោះវាគ្រាន់តែជាប្រតិបត្តិការរុករកយន្តហោះដែលបាត់ដំណឹងប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “យើងមិនចង់ឲ្យ [សាធារណជន] ភ្ញាក់ផ្អើលចំពោះរឿងដែលមន្ត្រីក្រសួងការពារជាតិ [លោក ទៀ បាញ់] បានចេញបទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទៅធ្វើការរុករកនៅតាមព្រំដែនទឹកនេះឡើយ ព្រោះកម្ពុជាមិនអាចបោះបង់ចោលតួនាទីនិងកាតព្វកិច្ចអន្តរជាតិរបស់យើងបានឡើយ។
រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស ម៉ាឡេស៊ី និងរដ្ឋាភិបាលនៃប្រទេសចិន សុទ្ធតែផ្តោតទៅលើមហាសមុទ្រឥណ្ឌា។ បំណែកដែលអាចជារបស់យន្តហោះដែលបាត់ដំណឹងនេះ ត្រូវបានគេប្រទះឃើញអណ្តែតនៅលើសមុទ្រចម្ងាយ២.៥០០ គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងភើស របស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍៕ស៊ុយឈាង