នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាខ្លួនកំពុងស៊ើបអង្កេតការធ្វើឃាតស្ត្រីម្នាក់ និងកូនម្នាក់ ដែលសាកសពរបស់ពួកគេត្រូវបានប្រទះឃើញនៅក្នុងថង់ប្លាស្ទីកមួយនៅក្នុងខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃសៅរ៍។
យោងតាមលោក សាន សាក់ នាយរងនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា អ្នកភូមិម្នាក់បានឃើញថង់នេះនៅម៉ោងប្រហែល៩ព្រឹក នៅក្នុងតំបន់ព្រៃមួយក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ប៉ាវ ដានី អាយុ៣០ឆ្នាំនិងកូនស្រីអាយុ៦ឆ្នាំរបស់ខ្លួន ដែលបានបាត់ពីផ្ទះរបស់ខ្លួនក្នុងរាជធានីភ្នំពេញ តាំងពីថ្ងៃទី១៥ ខែកុម្ភៈមក។
លោកបានមានប្រសាសន៍ថា “យើងមិនបានឃើញស្នាមរបួសណាមួយនៅលើសាកសពទេ ហើយយើងជឿថា ជនសង្ស័យសម្លាប់ម្តាយនិងកូនប្រមាណ១៥ថ្ងៃមកហើយ និងយកមកបោះចោលទីនេះ”។
លោកបានមានប្រសាសន៍បន្តទៀតថា “យើងកំពុងតែស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុ និងថាតើសាកសពទាំងនេះមកដល់ទីនេះយ៉ាងម៉េចទៅ”។ លោក សាន សាក់ បានឲ្យដឹងថា សាច់ញាតិរបស់សពអ្នកស្រី ប៉ាវ ដានី បានបញ្ចុះអ្នកស្រីនិងកូននៅក្បែរទីកន្លែងដែលពួកគាត់ត្រូវរកឃើញ និងកំពុងតែរៀបចំពិធីបុណ្យសពដោយឡែកមួយនៅជិតផ្ទះរបស់ខ្លួន។ លោក សាន សាក់ បានមានប្រសាសន៍ថា“យើងកំពុងតែដុតដៃ ដុតជើងដើម្បីតាមចាប់ជនដៃដល់ក្នុងឧក្រិដ្ឋកម្មនេះ”៕ ប៊ុននី