34 C
Phnom Penh

ឥណទាន​និស្សិត​ល្អ​សម្រាប់​អ្នក​បន្ត​ការ​សិក្សា​ ប៉ុន្តែ​មាន​ហានិភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សព្វថ្ងៃ​ ពុធ ចរិយា ធ្វើការ​នៅ​ឯរោងចក្រ​មួយ​។នៅ​ថ្ងៃ​អនាគត​​ នាង​ចង់​មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង​រោងចក្រតែម្ដង​។  ដើម្បី​សម្រេច​បំណង​នេះ និស្សិត​​​​អាយុ​​​២០​ឆ្នាំ​រូប​នេះ​​​បាន​ស្នើ​សុំ​ឥណទាន​និស្សិត​​ពី​ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​ក្នុង​ចំណោម​ធនាគារ​ដំបូង​បំផុត​ដែល​ផ្ដល់​សេវា​ឥណទាន​បែប​នេះ​។​​​ បច្ចុប្បន្ន​  នាង​កំពុង​​ឆ្លៀត​​សិក្សា​​​ជំនាញ​គ្រប់​គ្រង​នៅ​សាកល​វិទ្យាល័យ​ស្វាយ​រៀង ក្នុង​​​ខេត្ត​​​ ស្វាយរៀង​​​។

ចរិយា បាន​និយាយ​ថា “ប្រសិន​បើ​ខ្ញុំ​មិន​បាន​ទទួល​​ឥណទាន​នេះទេ​​​នោះ​​​ ខ្ញុំ​ពុំ​​​អាច​បន្ត​ការ​​​សិក្សា​នៅមហាវិទ្យាល័យ​ដើម្បី​អនាគត​របស់​ខ្ញុំ​បាន​​​ឡើយ​”។ ចរិយា ស្ថិត​នៅ​ក្នុងចំណោម​និស្សិត​៥៤​នាក់​ដែល​បានទទួល​ឥណទាន​នេះ​​​ពីធនាគារ​អេស៊ី​​លីដាកាលពីឆ្នាំមុន​។នេះ​ជា​លើក​ទី​១​

ហើយ​​​ដែល​ធនាគារ​ដ៏ធំមួយ​​នៅ​កម្ពុជា​ផ្ដល់​សេវា​ឥណទាន​សម្រាប់​និស្សិត​ដែល​ចង់​បន្ត​ការ​សិក្សា​ ប៉ុន្តែគ្មាន​លទ្ធភាព​។ថ្វីបើ​កម្ចី​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ ចរិយា បន្ត​ការ​សិក្សា​នៅឯ​​​​មហា​វិទ្យាល័យ​នា​​​ថ្ងៃ​ចុង​សប្ដាហ៍​ក៏ពិត​មែន​ ប៉ុន្តែ​​​គ្មាន​អ្វី​ធានា​បាន​​​ថា នាង​នឹង​ទទួល​បាន​​ការ​ងារ​ធ្វើ​ក្រោយបញ្ចប​់​ការ​សិក្សា​ទេ​។

យោង​តាម​តួលេខ​ផ្លូវ​ការ​ អត្រា​គ្មាន​ការ​ងារ​ធ្វើ​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​មាន​ស​ញ្ញាបត្រ​ថ្នាក់​ឧត្តម​សិក្សា​​​គឺ​៣,៦​ភាគ​រយ​ប៉ុណ្ណោះ​​​។ ក៏​​​ប៉ុន្តែ​អត្រា​នេះ​​​​គឺ​ខ្ពស់​ជាង​​អត្រា​ពុំ​​​មាន​​​​ការ​ងារ​ធ្វើ​​​​ក្នុង​ចំណោម​ពល​រដ្ឋ​​កម្ពុជា​​ដែល​មិន​បាន​បន្ត​ការ​សិក្សា​នៅ​មហា​​​វិទ្យាល័យ​ទ្វេ​ដង​។

អត្រា​គ្មាន​ការ​ងារ​ធ្វើ​នៅ​​​ក្នុង​ចំណោម​សិស្ស​បញ្ចប់​ការ​សិក្សា​ថ្នាក់​​វិទ្យា​ល័យ​គឺ​១,៣​ភាគរយ​ ហើយអត្រា​ពុំ​​​មាន​​​ការ​ងារ​ធ្វើ​​ក្នុង​ចំណោម​​​អ្នក​​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ត្រឹម​​ថ្នាក់​​​អនុ​​​វិទ្យាល័យ​គឺ​១,៤​ភាគរយ​ នេះ​បើ​តាម​អង្គការ​ពល​កម្ម​អន្តរជាតិ​ ILO។

ក៏ប៉ុន្តែ​ អត្រា​គ្មានការ​ងារ​ធ្វើ​ដ៏ទាប​របស់​​​កម្ពុជា​នេះ​​ គឺ​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​។ យុវ​ជន​​​​មានការ​ងារ​ធ្វើ​ជាង​ពាក់​កណ្ដាល​​នៅ​កម្ពុជា​​​​គឺ​ជា​អ្នក​​​ធ្វើ​​​ការ​​​គ្មាន​​​​​ប្រាក់​ខែ​​​​​​​​ ពោល​​​គឺ​​​ជា​​​អ្នក​​​ជួយ​រក​ស៊ី​​​​ឪពុក​ម្ដាយ​របស់ខ្លួន​។

លោក រស់ សាលីន ជា​ប្រធាន​ខុទ្ទកា​ល័យ​​​ក្រសួង​អប់​រំ​​ បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាច្រើន​មិន​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​មហាវិទ្យា​ល័យ​​​​ដោយសារ​ធនាគារទាំង​នោះ​បារម្ភ​ខ្លាច​និស្សិត​​គ្មាន​លទ្ធភាព​សង​ប្រាក់​វិញ​។

លោក សាលីន បាន​​​ថ្លែង​​​​ថា“ ក្រសួង​​​​មិន​​​មាន​​​​ឥណទាន​និស្សិត​ទេ​ ពីព្រោះ​យើង​គ្មាន​ប្រាក់​គ្រប់​គ្រាន់​​សម្រាប់​គម្រោង​បែប​នេះ​ឡើយ​”។​​​លោក​បាន​សន្យា​ថានឹង​​​​“ ពិភាក្សា​ពីគម្រោង​នេះ​​នា​​​ពេល​ឆាប់​ៗ​នេះ​”  ប៉ុន្តែពុំ​​​​​​​​​​​​បាន​បញ្ជាក់អំពីកាលបរិច្ឆេទ​នៃ​ការ​ចាប់​ផ្ដើម​កម្មវិធី​ឥណទាន​និស្សិត​របស់​រដ្ឋាភិបាលទេ​​​។​​​

បច្ចុប្បន្ន ចរិយាត្រូវ​សង​ធនាគា​រ​វិញ​៣២​ដុល្លារ​ក្នុងមួយ​ខែ​។ប្រសិន​បើ​នាង​គ្មានលទ្ធ​ភាព​សង​ទេ​នោះ ធនាគារ​នឹង​រឹប​អូស​យក​ដី​ដែល​ឪពុក​ម្ដាយ​របស់​នាង​បាន​ដាក់​បញ្ចាំ​​។

អ្នកស្រី​ យស ហាក់​សុវណ្ណថា អ្នក​ប្រឹក្សា​យោបល​់​ជាន់​ខ្ពស់​ ផ្នែកជ្រើស​រើស​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ផ្ដល់​​សេវាធនធានមនុស្ស​ HR Inc. ក្នុង​រាជ​ធានី ភ្នំពេញ បាន​លើក​ឡើង​ថា ដើម្បី​ក្លាយជា​អ្នកគ្រប់​គ្រង​ ការ​មាន​​សញ្ញា​បត្រ​ថ្នាក់​ឧត្តម​សិក្សា​​គឺ​កាន់​តែ​ចាំបាច់​ទៅៗ​ហើយ​។ ក្នុង​ចំណោមមុខ​តំណែង​​​ពី​៤០០​ទៅ​៥០០​ដែល​អតិថិជន​បាន​ជួល​ក្រុម​ហ៊ុន​មួយ​​​នេះ​​​​​​​​​​​​ឲ្យ​ជ្រើស​រើស​បុគ្គលិកមក​បំពេញ​​ ប្រហែល​​​​៩០​ភាគរយ​ទៅ៩៥​ភាគរយ​តម្រូវ​​ឲ្យ​មាន​សញ្ញាបត្រ​ថ្នាក់​ឧត្តម​សិក្សា​​។

អ្នកស្រី​​​ ហាក់ សុវណ្ណថា  បាន​​​លើកឡើង​​​​​​​​​​​​​ថា “សញ្ញា​បត្រ​នៅ​​​ថ្នាក់​ឧត្តម​សិក្សា​​គឺ​​​​សំខាន់​ណាស់​​​​នាពេល​បច្ចុប្បន្ននេះ​” ដោយ​អ្នកស្រី​​​​បាន​បន្ថែម​ថា អ្វីដែល​សំខាន់​ផង​ដែរ​នោះគឺ​ថា​និស្សិត​ត្រូវ​បង្ហាញជំនាញ​​​និង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​និយោជក​ដែល​កំពុង​ជ្រើស​រើស​បុគ្គលិក​បាន​ឃើញ​​។ អ្នកស្រី​​​បាន​បន្ត​ថា “ប្រសិន​បើ​បេក្ខជន​គ្មាន​សញ្ញាបត្រ​ថ្នាក់​ឧត្តម​សិក្សា​ទេនោះវា​ជា​​​​រឿង​លំបាកបន្តិច​ហើយ​ ហើយ​ក៏​​​អាច​លំបាក​ណាស់​ដែរ​​​ក្នុងការ​បង្ហាញ​សមត្ថភាព​ខ្លួន​”។

​ទោះបីជា​ក្រុម​ហ៊ុន និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​លើកឡើង​ថា​​​និស្សិត​បញ្ចប់​ការ​សិក្សានៅ​កម្ពុជា​​​មិ​ន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការ​ងារ​ក៏ពិត​មែន​ ប៉ុន្តែ​សញ្ញាបត្រ​គឺ​​​នៅ​តែ​ជា​រឿង​សំខាន់​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Martin Mc​​​Carthy ជានាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​តូតាល់ ដែល​ជា​ក្រុម​ហុ៊ន​ថាម​ពល​បារាំ​ង​​។ទោះ​​​​ជា​និស្សិត​​​ច្រើនតែ​បញ្ចប់​ការ​សិក្សា​​​ដោយ​មិន​ទាន​់​ត្រៀ​ម​ខ្លួន​រួច​​​សម្រាប​់​ការ​ងារ​ក្រុមហ៊ុន  ​ក៏​ដោយ ក៏វា​មិន​​​មាន​​​ន័យ​ថា ​​​​សញ្ញាបត្រ​​​​មិន​​​សំខាន់​​​​​ដែរ​​​​។

លោក McCarthy បាន​លើក​ឡើង​តាម​រយៈ​​​អុីម៉េល​ថា“ វា​​​ពុំមែន​បាន​ន័យ​ថា​​​ គ្មាន​​​សញ្ញា​​​​បត្រ​ថ្នាក់​ឧត្តម​សិក្សា​ក៏​​​​​​នៅ​​​តែ​​​​ក្លាយ​ជា​វិស្វករ​បាន​​​ទេ។វា​មាន​ន័យ​ថា យើង​ត្រូវ​​​​ចំណាយ​​ប្រាក់​កាស​ និង​ពេល​វេលា​ច្រើន​ជាង​​​​ធម្មតា​ដើម្បីឲ្យ​ពួកគេ​​ឈាន​ដល​់​ចំណុច​ដែល​យើង​ចង់​បាន​”។

អ្នកស្រី ហាក់​សុវណ្ណថា បាន​លើក​ឡើង​ថា បទ​ពិសោធន៍​ក៏សំខាន់​ណាស់​ដែរ ដោយ​បាន​បន្ត​​​​ថា ដើម្បី​ក្លាយជា​អ្នក​គ្រប់​គ្រង​បាន​​​និស្សិត​ដូច​ជាកញ្ញាចរិយាត្រូវ​ធ្វើការ​យក​បទ​​​ពិសោធន៍​នៅក្រុម​ហ៊ុន​​ប៉ុន្មាន​ឆ្នាំសិន​។ប្រាក់​ខែ​គោ​ល​សម្រាប់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​កម្ពុជា​​​​គឺ​ប្រហែល​ជា​​​១៥០​ដុល្លារ​ក្នុងមួ​យ​ខែ​ ដែល​ច្រើន​ជាង​ចំនួន​ប្រាក់​ដែល​នាង​ត្រូវ​​​បង់​​​រាល់​ខែ​​ឲ្យ​ធនាគារ​ប្រាំដង​។

និស្សិត​អាច​ខ្ចី​ប្រាក់​បាន​​ដល់​៣ម៉ឺន​ដុល្លារ​ និង​​​​អាច​ប្រើ​កម្ចីនេះ​នៅមហាវិទ្យា​ល័យ​ណា​​​មួយ​​​​ក៏បាន ទាំង​​​នៅ​​​​​កម្ពុជា​​​​និង​​​បរទេស​​​។​​ក្នុង​​​​សហរដ្ឋ​​​អាមេរិក​ ប្រាក់​​ចំនួន​​​៣​ម៉ឺន​ដុល្លារ ​​​​គឺ​ស្ទើ​រមិន​​​​​​​​​​គ្រប់​សម្រាប់​ថ្លៃ​សិក្សា​​របស់​និស្សិត​​​​បរទេស​មួយ​ឆ្នាំ​ផង​ នេះនៅនៅ​​​ទាន់​គិត​ដល់​ថ្លៃ​ស្នាក់​នៅ​ និង​ថ្លៃ​អាហារ​ផង​ទេ​។

ទោះ​ជា​យ៉ាង​ណា ឥណទាន​របស់​ធនាគារ​​​​អេស៊ីលីដា​​​ប្រហែល​ជា​ជម្រើស​តែ​មួយ​គត់​​សម្រាប់​និស្សិត​។លោក រស់ សាលីន បាន​ឲ្យ​ដឹង​ថា ទោះបីជា​ក្រសួង​អប់​រំ​ផ្ដល់​អាហារូប​ករណ៍​រហូត​ដល់​៤.២០០​កន្លែង​ក៏​ដោយ ​ ក៏​មិនមាន​​​មូល​និធិ​ណាសម្រាប់​ជួយ​សិស្ស​នៅ​​​កម្រិត​​​​​​​ឧត្តម​​​សិក្សា​​​ទេ​។

​លោក នៅ សុធារ៉ា អនុ​ប្រធាន​​ផ្នែក​ឥណ​ទាន​ ដែល​ក៏មាន​តួនាទី​ជា​អនុប្រធាន​ធនា​គារ​​​​អេស៊ីលីដា​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​​​ថា ក្នុង​វិស័យ​ឯកជន​ អត្រា​ការ​ប្រាក់​របស់​​អេស៊ីលី​​​ដា​គឺ​​​ស្ថិត​ក្នុង​រង្វង់​​ពី​១​​ទៅ​១,៨​ភាគរយ​។

លោក Dawn Kwan ប្រធាន​កម្មវិធី​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​​ Vittana ​​​​​ដែល​ផ្ដល់​ឥណទាន​តូច​ៗ​ដល់​​​​អ្នក​​​​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​មហា​​វិទ្យាល័យបាន​លើក​ឡើងថា ការ​បារម្ភ​ខ្លាច​ពុំ​​​មាន​​​លទ្ធភាព​សង​ប្រាក់​វិញ​​​​​ គឺ​​​ជា​កង្វល់​ដ៏ធំ​មួយ​សម្រាប់​​​​ពល​រដ្ឋកម្ពុជា​។​​​ឥណទាន​​​​និស្សិត​​ដែល​ផ្ដល់​ដោយ​អង្គការ​ Vittana ស្ថិត​ក្នុង​រង្វង់​ពី​៣៥០​ដុល្លារ​ទៅ​៨.០០០ដុល្លារ​។​ លោក​បាន​ថ្លែង​​​​ថា “ទោះ​​បី​​​គ្មាន​​​​ជម្រើស​ច្រើន​ក៏ដោយ​ ក៏ឪពុក​ម្ដាយ​ជាច្រើន​​នៅតែ​​បារម្ភ​ពីការ​ស្នើ​សុំ​ប្រាក់​កម្ចី​ច្រើនដោយ​​​សារ​​​ពុំ​​​មាន​​​​​​អ្វី​​​ធានា​​​ថា​​​ [ខ្លួន​​​​មាន​​​លទ្ធភាព​​​សង​​​ធនា​គារ​​​វិញ​​​ ប្រសិន​បើ​កូនៗ​​ពុំអាច​រក​ការ​ងា​រធ្វើ​បាន​ក្រោយ​បញ្ចប់​ការ​សិក្សា​]”៕​ សេរីវុធ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស