27.5 C
Phnom Penh

មន្ត្រីពន្ធនាគារ​មិន​ប្រាកដ​ថាអាច​ដឹក​លោក​ វ៉ន ពៅ ទៅចូល​រួម​សវនាការ​​សាលា​ឧទ្ធរណ៍​បាន​ឬអត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅថ្ងៃ​ច័ន្ទ សាលាឧទ្ធរណ៍នឹង​បើក​សវ​នា​ការ​ពាក់​ព័ន្ធ​​នឹ​ង​​សំណើ​សុំ​​​នៅ​​​ក្រៅ​ឃុំ​​ របស់​​លោក វ៉ន ពៅ ​ដែល​ត្រូវ​ឃុំខ្លួន​ក្នុង​​​ពន្ធ​នាគារ​​ដែល​មាន​ការ​យាម​កាម​តឹង​រ៉ឹង​បំផុត​​នៅ​ក្នុង​ខេត្ត​កំពង់​ចាមតាំង​ពីថ្ងៃ​ទី៣ខែមករាមក នេះ​បើ​តាម​ការ​ឲ្យ​​​ដឹង​​​ពី​មន្ត្រី​តុលា​​ការ​ម្នាក់​ កាល​​​​​ពី​​​ថ្ងៃ​សុក្រ​។​

ចៅក្រម​សាលា​ឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បាន​ថ្លែង​កាលពីថ្ងៃ​សុក្រ​ថា “ខ្ញុំ​បាន​កោះ​ហៅ​​​ លោក​ វ៉ន ពៅ ​និងមេធាវី​របស់​គាត់​ឲ្យមក​ចូលរួម​​​ក្នុង​​​​​សវនាការ​ពាក់ព័ន្ធ​​​នឹង​​​សំណើ​​​​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ច័ន្ទ​។​​​ក៏​​​ប៉ុន្តែ​ ខ្ញុំ​មិន​ប្រាកដ​ថាតើ​លោក វ៉ន ពៅ អាច​ចូល​​​រួម​​​បាន​ឬអត់ទេ​​​ព្រោះវា​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរ​បាល និង​មន្ត្រីពន្ធនាគារ​​​​​​​​ថា តើពួកគេ​អាច​ដឹកគាត់​មកចូលរួម​សវនាការនៅ​ឯ​​​​រាជ​ធានី​ភ្នំពេញបាន​ឬអត់​”។

ដោយឡែក​មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​ឲ្យ​ដឹង​​​ថា ខណៈរូប​គាត់​មិនទាន់​បាន​​ទទួល​សេច​ក្ដី​ជូន​​​ដំណឹង​​អំពី​ការ​បើក​សវនាការ​នោះ ​គាត់​មិន​ប្រាកដ​ថា​​​តើ​គាត់​អាច​ដឹក​​អ្នកជាប់​ឃុំ​មា​ន​ជំងឺ​រូប​នេះ​ទៅតុលាការ​បាន​ឬ​អត់ទេ​។

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ​ ដំបូង​ឡើយ​ត្រូវ​​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​បដិ​សេធ​​​​​សំណើ​សុំនៅក្រៅឃុំ​  រួច​​​​ក្រោយ​​​មក​​​នៅ​​​ខែ​​​កុម្ភៈ សេចក្ដី​សម្រេច​នេះ​ត្រូវ​​សាលា​​​ឧទ្ធរណ៍​តម្កល់​​​ទៀត។​​​ លោក​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​​​ ចំពោះ​ការ​ចូល​រួម​ក្នុង​ការ​​​ធ្វើ​បាតុកម្មទាម​ទារ​​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​​ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​អំពើហិង្សា​បង្ក្រាប។ លោក​កំពុង​ត្រូវ​​​បាន​ឃុំខ្លួន​រួម​ជាមួយ​សកម្ម​​​ជន​ និង​កម្មករ​២០​នាក់​ផ្សេង​ទៀត​។

ថ្លែង​តាម​ទូរស័ព្ទ​ លោក គា  សុវណ្ណា  ជា​​​ប្រធាន​​​មណ្ឌល​​​អប់រំ​កែប្រែ​​ទី៣​​​ដែលជា​ពន្ធ​​​នាគារ​មាន​ការ​យាម​កាម​ដ៏​​​តឹង​រ៉ឹង​បំផុត​ បាន​បញ្ជាក់​ថា លោក​បាន​ទទួល​​ដីកា​របស់​តុលា​​​ការ​កាលពី​ថ្ងៃសុក្រ ដែល​បង្គាប់​ឲ្យ​លោក​ធានា​ឲ្យបាន​ថា លោក វ៉ន ពៅ ​ត្រូវ​បាន​ដឹក​​​ទៅ​​​​ចូល​រួម​សវនាការ​នៅ​​សាលា​ឧទ្ធរណ៍ក្នុង​រាជ​ធានី​ភ្នំពេញ​ នាថ្ងៃ​ច័ន្ទ។

លោក សុវណ្ណា និយាយ​ថា“ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ថា​​​តើ​​ខ្ញុំ​អាច​ដឹកគាត់​ទៅ​បាន​ឬអត់​ទេ​។ចាំមើល​សិន​​​ ព្រោះឡាន​​​​​​​​​ខ្ញុំ​ចាស់​ហើយ។ ប្រសិន​បើ​ឡាន​ខ្ញុំ​ខូច​ ខ្ញុំ​គ្មាន​មធ្យោ បាយណាផ្សេង​សម្រាប់​ដឹក​គាត់​ទៅ​ទេ​​”។

បញ្ហា​អ្នក​ទោស​គ្មាន​ឱកាស​ឡើង​សវនា​ការ​របស់​ខ្លួន​នេះ​​​គឺ​បាន​កើត​មានជាហូរហែ​ដោយ​ត្រូវ​បានគេ​​​​ចងក្រង​​​ជា​​​របាយការណ៍​​​ទុក​​​ថែម​​​ទៀត​ផង​។​​​របាយការណ៍មួយ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​​ បាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំមុន​​បាន​ឲ្យ​ដឹង​ថា នៅ​​​​ឆ្នាំ​២០១១​ទណ្ឌិត​ជាង​៩០​ភាគរយ​នៅ​ពន្ធនាគារ​ចំនួន​២២​ក្នុង​ចំណោម​ពន្ធនាគារ​ទាំង​២៦​​របស់​កម្ពុជា​ត្រូវ​បាន​គេ​បដិសេធ​ពុំ​​​ដឹក​ទៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជ​ធានីភ្នំពេញ​ទេ ព្រោះមន្ត្រី​​ពន្ធនាគារ​​គ្មាន​ប្រាក់​ចំណាយ​លើ​ថ្លៃ​​សាំង​​​​។

លោក សំ សុគង់ មេធាវី​របស់​លោក វ៉ន ពៅ បាន​លើក​ឡើង​ថា កូន​ក្ដី​លោក​មាន​​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​“ ចូល​រួម​បានពេញ​លេញ​ក្នុង​សវនាការ​​​​សាលា​ឧទ្ធរណ៍​”។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ថា កូន​ក្ដី​​​​​ខ្ញុំ​នឹង​ត្រូវបាន​ដោះ​លែង​​​ឲ្យ​​​នៅ​ក្រៅ​ឃុំ​​​ ព្រោះយើង​នឹង​បង្ហាញ​ឯក​សារ​ និង​ភ័ស្តុតាង​រឹង​មាំ​​ដើម្បី​បញ្ជាក់​ថាគាត់​មាន​​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​​​សម្រាប់​ការ​​នៅ​ក្រៅឃុំ​​​​។ប្រសិន​បើ​កូន​ក្ដី​របស់​ខ្ញុំ​នៅ​​​តែ​បន្ត​ស្ថិតនៅ​​​​ក្នុង​ពន្ធនាគារ​ ជីវិត​របស់​គាត់​គឺ​​​នឹង​​​ត្រូវ​​​ប្រឈម​នឹង​គ្រោះថ្នាក់ ព្រោះសុខភាព​របស​់​​​គាត់​មិន​នឹង​ន​ទេ​”៕សេរីវុធ​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស