នៅថ្ងៃច័ន្ទ សាលាឧទ្ធរណ៍នឹងបើកសវនាការពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំ របស់លោក វ៉ន ពៅ ដែលត្រូវឃុំខ្លួនក្នុងពន្ធនាគារដែលមានការយាមកាមតឹងរ៉ឹងបំផុតនៅក្នុងខេត្តកំពង់ចាមតាំងពីថ្ងៃទី៣ខែមករាមក នេះបើតាមការឲ្យដឹងពីមន្ត្រីតុលាការម្នាក់ កាលពីថ្ងៃសុក្រ។
ចៅក្រមសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បានថ្លែងកាលពីថ្ងៃសុក្រថា “ខ្ញុំបានកោះហៅ លោក វ៉ន ពៅ និងមេធាវីរបស់គាត់ឲ្យមកចូលរួមក្នុងសវនាការពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំនៅថ្ងៃច័ន្ទ។ក៏ប៉ុន្តែ ខ្ញុំមិនប្រាកដថាតើលោក វ៉ន ពៅ អាចចូលរួមបានឬអត់ទេព្រោះវាពាក់ព័ន្ធនឹងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារថា តើពួកគេអាចដឹកគាត់មកចូលរួមសវនាការនៅឯរាជធានីភ្នំពេញបានឬអត់”។
ដោយឡែកមន្ត្រីពន្ធនាគារម្នាក់បានឲ្យដឹងថា ខណៈរូបគាត់មិនទាន់បានទទួលសេចក្ដីជូនដំណឹងអំពីការបើកសវនាការនោះ គាត់មិនប្រាកដថាតើគាត់អាចដឹកអ្នកជាប់ឃុំមានជំងឺរូបនេះទៅតុលាការបានឬអត់ទេ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដំបូងឡើយត្រូវសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំ រួចក្រោយមកនៅខែកុម្ភៈ សេចក្ដីសម្រេចនេះត្រូវសាលាឧទ្ធរណ៍តម្កល់ទៀត។ លោកត្រូវបានឃុំខ្លួន ចំពោះការចូលរួមក្នុងការធ្វើបាតុកម្មទាមទារប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែដែលត្រូវបានអាជ្ញាធរប្រើអំពើហិង្សាបង្ក្រាប។ លោកកំពុងត្រូវបានឃុំខ្លួនរួមជាមួយសកម្មជន និងកម្មករ២០នាក់ផ្សេងទៀត។
ថ្លែងតាមទូរស័ព្ទ លោក គា សុវណ្ណា ជាប្រធានមណ្ឌលអប់រំកែប្រែទី៣ដែលជាពន្ធនាគារមានការយាមកាមដ៏តឹងរ៉ឹងបំផុត បានបញ្ជាក់ថា លោកបានទទួលដីការបស់តុលាការកាលពីថ្ងៃសុក្រ ដែលបង្គាប់ឲ្យលោកធានាឲ្យបានថា លោក វ៉ន ពៅ ត្រូវបានដឹកទៅចូលរួមសវនាការនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ នាថ្ងៃច័ន្ទ។
លោក សុវណ្ណា និយាយថា“ ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់បានថាតើខ្ញុំអាចដឹកគាត់ទៅបានឬអត់ទេ។ចាំមើលសិន ព្រោះឡានខ្ញុំចាស់ហើយ។ ប្រសិនបើឡានខ្ញុំខូច ខ្ញុំគ្មានមធ្យោ បាយណាផ្សេងសម្រាប់ដឹកគាត់ទៅទេ”។
បញ្ហាអ្នកទោសគ្មានឱកាសឡើងសវនាការរបស់ខ្លួននេះគឺបានកើតមានជាហូរហែដោយត្រូវបានគេចងក្រងជារបាយការណ៍ទុកថែមទៀតផង។របាយការណ៍មួយដែលអង្គការសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយកាលពីឆ្នាំមុនបានឲ្យដឹងថា នៅឆ្នាំ២០១១ទណ្ឌិតជាង៩០ភាគរយនៅពន្ធនាគារចំនួន២២ក្នុងចំណោមពន្ធនាគារទាំង២៦របស់កម្ពុជាត្រូវបានគេបដិសេធពុំដឹកទៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញទេ ព្រោះមន្ត្រីពន្ធនាគារគ្មានប្រាក់ចំណាយលើថ្លៃសាំង។
លោក សំ សុគង់ មេធាវីរបស់លោក វ៉ន ពៅ បានលើកឡើងថា កូនក្ដីលោកមានសិទ្ធិស្របច្បាប់ក្នុងការ“ ចូលរួមបានពេញលេញក្នុងសវនាការសាលាឧទ្ធរណ៍”។ លោកមានប្រសាសន៍ថា “ខ្ញុំមានសុទិដ្ឋិនិយមថា កូនក្ដីខ្ញុំនឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ព្រោះយើងនឹងបង្ហាញឯកសារ និងភ័ស្តុតាងរឹងមាំដើម្បីបញ្ជាក់ថាគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនៅក្រៅឃុំ។ប្រសិនបើកូនក្ដីរបស់ខ្ញុំនៅតែបន្តស្ថិតនៅក្នុងពន្ធនាគារ ជីវិតរបស់គាត់គឺនឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ ព្រោះសុខភាពរបស់គាត់មិននឹងនទេ”៕សេរីវុធ