26 C
Phnom Penh

​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​​រួម​រស់ជា​មួយ​ឧកញ៉ាបដិសេធ​ថា មិន​​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​ធ្វើ​ឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រ្តី​ម្នាក់​​ផ្សេងទៀត​​ដែល​​គេ​ចោទ​ថា បាន​ជាប់ពាក់​​ព័ន្ធ​នៅក្នុង​រឿង​ក្តី​​​​​​ធ្វើ​ឃាត​​គ្រួសារ​ត្រកូល​​​​ខូវ​ បាន​ព្យាយាម​​បំភ្លឺ​​នៅ​ក្នុង​លិខិត​មួយ​កាល​ពីសប្តាហ៍​មុន ​ដោយ​បដិសេធ​ចំពោះការ​ចោទ​ប្រកាន់​ដែល​ថា អ្នក​ស្រី​បាន​ចូលរួ​ម​​នៅ​ក្នុង​​ផែនការ​សម្លាប់​​ភរិយា​ និង​កូនស្រី​របស់​លោក​ ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

អ្នកស្រី ឡាយ​ ហួង ​ដែល​ធ្លាប់​រួម​រស់​​​ដ៏​យូរ​ជា​មួយ​ឧកញ៉ា​ ខូវ ផល្លា​បុត្រ​ បាន​រិះគន់​​តប​ចំពោះ​លិខិត​របស់​លោក​ ផល្លា​បុត្រ​ នៅ​ពេល​ថ្មីៗ​នេះ​ដែល​អះអាង​ថា អ្នកស្រី​ ហួង​ បាន​រួម​ដៃ​នៅ​ក្នុង​​គម្រោង​​ធ្វើ​ឃាត​​ដែល​​​​មានមនុស្ស​បួននាក់​​បាន​ជាប់​ពន្ធនាគារ​រួច​ហើយ​​នេះ​។

អ្នកស្រី ហួង​ បាន​សរសេ​នៅក្នុងលិខិត​មួយ​កាល​ពីថ្ងៃ​អង្គារ​ថា “លោក​ ផល្លា​បុត្រ និយាយ​ថា ខ្ញុំ​ជា​មនុស្ស​ក្រេវ​ក្រោធ ​កាច​សា​ហាវ​ចង់កម្ទេច​គ្រួសារ​ ខូវ ជឺលី គឺ​ជា​ការ​មិន​ពិត​ទេ​” ។ ​អ្នកស្រី​បាន​លើក​ឡើង​ថា “លោក​​ឧក​ញ៉ា ខូវ​ ផល្លា​បុត្រ​ និយាយ​​ថា ខ្ញុំ​ជា​​ស្រី​កំណាន់ ​​ជា​មនុស្ស​កាច​សាហាវ  ​លោភ​លន់​​ចង់​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ ហើយ​ចោទ​ថា​ជា​មេ​ឃាត​ករ​​​​​វា​មិន​មែន​ជាការ​ពិតទេ​ នាង​ខ្ញុំ​មាន​សេចក្តី​ឈឺ​ចាប់​ខ្លាំង​ណាស់​​”។

រឿងក្តី ដ៏ស្មុគ​ស្មាញ​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​​ដ៏ច្រើន​របស់​លោកឧកញ៉ា​ ខូ​វ ជឺលី ដែល​មាន​កូន​១២​នាក់​ ហើយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ ខូវ សេង​ ច័ន្ទ​ដា ​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​២០ឆ្នាំ​ពីបទ​​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​នេះ។ ដើមបណ្តឹង​នៅក្នុង​រឿង​ក្តី​ដែល​បាន​ទៅ​ដល់​​តុលាការ​កំពូល​កាល​ពីឆ្នាំ​២០១២​នេះ​គឺ​អ្នកស្រី ស៊ុន សូត្ថា កូនស្រី​របស់​លោក​ ខូវ​ ជឺ​លី​ និងជា​ភរិយា​របស់​លោក ស៊ុន ចាន់​ថុល​ ដែល​ត្រូវ​បាន​​​តែង​តាំ​ងជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ខែកញ្ញា។

មេធាវី​របស់​អ្នកស្រី ស៊ុន សូត្ថា​ បាន​លើក​​ឡើង​ថា អ្នកស្រី​ សេង​ ច័ន្ទដា​ ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​​ដោយសារ​អ្នកស្រី​ចង់​បាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​របស់​ត្រកូល​​ខូវ​។ នៅក្នុង​សវនាការ​ លោក ខូវ​ ផល្លា​បុត្រ និង​សមាជិក​ត្រកូល​ខូវ​ផ្សេងទៀត​បាន​ចោទ​អ្នកស្រី សូត្ថា ​និ​ងលោក​ ស៊ុន​ ចាន់ថុល​ ថា​បាន​ប្រឌិត​រឿង​នេះដើម្បីផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​​ស្រដៀង​គ្នា​នេះ​។

ប៉ុន្តែ លោក ខូវ ផល្លាបុត្រ បាន​ប្តូរ​​​​​ ​រឿង​របស់​គាត់​​​វិញ​នៅ​ក្នុង​លិខិត​​​​មួយ​កាល​ពី​ខែ​វិច្ឆិកា​ ប៉ុន្តែ បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាល​ពីដើម​ខែ​នេះ។​គាត់​​បាន​អះអាងនៅ​ក្នុង​លិខិត​នោះ​​ថា ចាប់​តាំង​ពី​មាន​ការ​បើក​​សវនាការ​មក​គាត់​បាន​ដឹង​ថា អ្នកស្រី ​សេង ច័ន្ទដា ពិត​ជា​​មាន​​កំហុស​​ចំពោះ​បទ​ចោទ​ប្រកាន់​មក​លើក​អ្នក​ស្រី ​មែន​។

នៅក្នុង​លិខិត​​នោះ​គាត់​អះអាង​ថា អ្នក​ស្រី​ ហួង​ ដែល​គាត់​ចាត់ទុក​ថា ជា​អតីត​ស្រី​កំណាន់​របស់​គាត់​នោះ​​បាន​សហ​ការ​ជាមួយ​អ្នកស្រី សេង​ ច័ន្ទដា​ ដើម្បី​រៀប​ចំ​ផែនការ​ធ្វើ​ឃាត​នេះ​។

នៅក្នុង​លិខិត​របស់អ្នកស្រី​កាល​ពី​សប្តាហ៍​មុន អ្នកស្រី ហួង បាន​​សរសេរ​ថា លោក ខូវ​ ផល្លា​បុត្រ​ និយាយ​មិន​ពិត​​ និង​យក​រឿង​នេះ​ធ្វើ​ជា​លេស​ ដើម្បី​ប្រមូល​​យក​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គាត់​រក​​សីុ​ជាមួយ​គ្នា​។

អ្នកស្រី​ ឡាយ ហួង ក៏​បាន​ជំទាស់​យ៉ាង​ខ្លាំង​ដែរ​​ចំពោះ​ពាក្យស្រីកំណាន់​នេះ​ ដោយ​លើក​ឡើ​ងថា អ្នកស្រី និង​លោក ខូវ​ ផល្លា​បុត្រ មិន​​បាន​រៀប​ការ​ស្រប​ច្បាប់​ទេ​ ប៉ុន្តែ បាន​រួម​​រស់​ជាមួយ​​គ្នា​ចាប់​តាំង​ពីឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១២​​មាន​កូនស្រី​ម្នាក់​ និង​បាន​រួម​​ដៃ​គ្នា​​​​​បង្កើត​មុខ​របរជា​ច្រើន​៕គឹម​ហឿន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស