34 C
Phnom Penh

ធនាគារ​ ANZ ចង់គ្រប់​គ្រង​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​១០០ភាគ​រយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ធនាគារ​ ANZ Royal បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ធនាគារ​ ANZ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ចង់​គ្រប់​គ្រង​ប្រតិ​បត្តិការ​អាជីវកម្ម​ធនាគារ​របស់​ខ្លួន​​ឲ្យ​បាន​១០០ភាគ​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ធនាគារ ANZ បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ឆ្នាំ​២០០៥​ជាមួយ​ក្រុម​ហ៊ុនពហុ​ជំនួញ​ក្នុង​ស្រុក​ រ៉ូយ៉ាល់​គ្រុប​ (Royal Group) ដើម្បី​បង្កើត​ធនាគារ​ ANZ Royal ដែល​បច្ចុប្បន្ន​មាន​១៩​សាខា​ទូទាំង​ប្រទេស​កម្ពុជា​។ លោក ហ្គ្រេន ណាក់​ឃី (Grant Knuckey) ប្រធាន​នាយ​ក​ប្រតិបត្តិ​ធនាគារ​ ANZ Royal បាន​មាន​ប្រសាសន៍​ថា “ ធនាគារ​ ANZ ចង់​គ្រប់​គ្រង​ប្រតិបត្តិការ​របស់​ខ្លួន​ពេញ​លេញ​១០០ភាគ​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ យើង​ចង់​គ្រប់​គ្រង​អាជីវកម្ម​នីមួយ​ៗ​ឲ្យ​បាន​១០០ភាគ​រយ​ រួម​ទាំង​អាជីវកម្ម​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ”។ ដើម្បី​គ្រប់​គ្រង​ធនាគារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ ANZ ប្រហែល​ជា​ត្រូវ​ទិញ​ក្រុម​ហ៊ុន រ៉ូយ៉ាល់​គ្រុប​ដែល​កាន់​កាប់​ភាគ​ហ៊ុន​៤៥ភាគ​រយ​នៅ​ក្នុង​ធនាគារ​នេះ ឬ​ក៏​ដក​ភាគ​ហ៊ុន​របស់​ខ្លួន​ចេញតែ​ម្តង​ ហើយ​បើក​ធនាគារ​ថ្មី​​មួយ​ដែល​ត្រូវ​ការ​អាជ្ញាប័ណ្ណ​ថ្មី​មួយ​ពី​ធនាគារ​ជាតិ​នៃកម្ពុជា​។

លោក ណាក់​ឃី បាន​ឲ្យ​ដឹង​បែប​នេះ​បន្ទាប់​ពី​កាសែត​ The Sydney Morning Herald បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា ធនាគារ​ ANZ ចង់​ដក​ភាគ​ហ៊ុន​ភាគ​ច្រើន​របស់​ខ្លួន​ចេញ​ពី​ប្រតិ​បត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។លោក ណាក់ឃី បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ក្នុង​កាសែត​អូស្ត្រាលី​មួយ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​មាន​បំណង​ចាក​ចេញ​ពី​ទី​ផ្សារ​ទេ”។កាសែត The Sydney Morning Herald បាន​ដក​ស្រង់​សម្តី​របស់​លោក ម៉ៃ ស្មីត (Mike Smith) ប្រធាន​ប្រតិបត្តិ​ធនាគារ​ ANZ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ ម៉េល​ប៊ន ដោយ​ថ្លែង​សំដៅ​ទៅ​លើ​ការ​លក់​ភាគ​ហ៊ុន​របស់​ធនាគារ​នេះ ក្នុង​ធនាគារ សា​ខុម​ប៊ែង (Sacombank) នៅ​ក្នុងប្រទេស​វៀតណាម​ កាលពី​ឆ្នាំ​២០១២​។ សម្តី​ដក​ស្រង់​នោះ​មាន​ខ្លឹម​សារ​ថា ​“ យើង​ចង់​ធ្វើ​ដូច​គ្នា​នៅ​ប្រទេសកម្ពុជា​ដែរ​។ ខ្ញុំ​គួរតែ​កាន់​កាប់​អាជីវកម្ម​ពេញ​លេញ​នៅប្រទេស​ទាំង​នោះ”។

យោង​តាម​កាសែត​ The Sydney Morning Herald បាន​ឲ្យដឹងថា ​លោក ស្មីត បាន​និយាយ​​បន្ត​ទៀត​ថា “ ភាគ​ហ៊ុន​ដោយ​ផ្នែក​នៅ​ធនាគារ​​ក្នុង​តំបន់​អាស៊ី​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ ពីព្រោះ​ធនាគារ​ ANZ ទទួល​បាន​ប្រាក់​ចំណេញតែ​មួយ​ចំណែក​ប៉ុណ្ណោះ ក៏​ប៉ុន្តែ ធនាគារ​នេះ​មាន​កិត្តិ​នាម​ពេញ​លេញ​១០០ភាគ​រយ​ក្នុង​ការ​បោះ​ទុន​វិនិយោគ”។

កាសែត​អូស្ត្រាលី​មួយ​នេះបាន​រាយ​ការណ៍​ បែប​នេះ​ រយៈពេល​ពីរ​ខែ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​កាលពី​ខែ​មករាថា ធនាគា ANZ Royal បាន​ជួយ​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​រោង​ចក្រ​កែ​ច្នៃ​មួយ​ដែល​ស្ថិត​នៅ​​​ចម្ការ​អំពៅ​ដ៏​ចម្រូង​ចម្រាស​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ដោយ​បង្ខំ​ទៅ​លើ​ប្រជា​ជន​រាប់​រយ​គ្រួសារ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ចម្ការ​អំពៅ​នោះគឺ​ជា​កម្មសិទ្ធិ​របស់​លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​។

កាលពី​ម្សិលមិញ លោក ណាក់​ឃី បាន​បក​ស្រាយ​អំពី​សម្តី​របស់​លោក ស្មីត ដោយ​លើក​ឡើង​ថា សម្តី​ទាំង​នោះ​មិន​ស៊ី​គ្នា​នឹង​ស្ថានភាព​ជាក់​ស្តែង​ទេ។លោក​បាន​មាន​ប្រសាសន៍​ថា “ ជំហរ​ពិត​ប្រាកដរបស់​ធនាគារ​ ANZ  គឺថា យើង​ចង់​មាន​អាជីវកម្ម​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​ពេញ​លេញ​១០០ភាគ​រយ​ ហើយ​ធនាគារ​ ANZ ចង់​មាន​អាជីវកម្ម​មួយ​ដែល​យើង​ជា​អ្នក​កាន់​កាប់​ពេញ​លេញ​១០០ភាគ​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា”។

លោក គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន រ៉ូយ៉ាល់​គ្រុប​ ដែល​មាន​ទំនាក់​ទំនង​អាជីវកម្ម​យ៉ាង​ច្រើន​ ​គឺ​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ស្ថិតក្នុង​ចំណោម​អ្ន​ក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក គិត​ ម៉េង គឺ​ជា​ប្រធាន​ធនាគារ​ ANZ​ ​Royal ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១១។

លោក ណាក់​ឃី បាន​បដិសេធ​មិន​អត្ថាធិ​ប្បាយ​ឲ្យ​ដឹង​ថា តើ​ធនាគា​រ ANZ សង្ឃឹម​ថា​ នឹង​ទិញ​បាន​ក្រុម​ហ៊ុន រ៉ូយ៉ាល់​គ្រុប​ របស់​លោក គិត ម៉េង ឬយ៉ាង​ណា​ទេ។
លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “ ខ្ញុំ​មិន​និយាយ​អំពី​រឿង​នេះ​ទេ”។ លោក​ ម៉ាក ហា​ណា (Mark Hanna) នាយក​ហិរញ្ញវត្ថុ​​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ បាន​លើក​ឡើង​ថា លោក​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ឮ​ដំណឹង​ថា ធនាគារ​ ANZ ចង់​កាន់​កាប់​ប្រតិបត្តិ​ការ​អាជីវកម្ម​ធនាគារ​១០០ភាគ​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកបាន​លើក​ឡើង​បន្ត​ទៀត​ថា លោក​ក៏​មិន​ដឹង​ពី​សេចក្តី​រាយការណ៍​នៅ​ក្នុង​កាសែត​ The Sydney Morning Herald ផង​ដែរ។លោក​ ម៉ាក ហា​ណា ​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​រឿង​ភ្ញាក់​ផ្អើល​ណាស់​ចំពោះ​ខ្ញុំ​។ ខ្ញុំ​មិន​បាន​ដឹង​ពី​ធនាគារ ANZ អំពី​រឿង​នេះ​ទេ។ ខ្ញុំ​មិន​បាន​ឃើញ​អត្ថបទ​នោះ​ទេ។ ខ្ញុំ​ពិត​ជា​មិន​អាច​និយាយ​បាន​ទេ​​ទាក់​ទង​នឹង​រឿង​នេះ​ លុះ​ត្រា​តែ​ខ្ញុំ​ដឹង​អំពី​រឿង​នេះ​សិន”។

កាលពី​ដើម​ខែនេះ ទស្សនាវដ្តី​ហិរញ្ញវត្ថុ​​ TMT Finan​ce ​​ចេញ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​បាន​រាយការណ៍​ផង​ដែរ​ថា ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​សែលខាត​របស់​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប កំពុង​ស្វែង​រក​វិនិយោគិន​ និង​ចង់​លក់​​អង់តែន​សេវា​​ទូរ​ស័ព្ទរបស់ខ្លួន ដោយសារ​តែ​ខ្លួន​មិនមាន​ស​មត្ថភាពបង្កើន​មូលធន​ថ្មីរបស់ខ្លួន​។
មន្ត្រីថ្នាក់ដឹកនាំក្រុម​ហ៊ុន រ៉ូយ៉ាល់ គ្រុប ​បាន​ច្រាន​ចោល​យ៉ាង​ខ្លាំង​ក្លា ចំពោះ​សេចក្តីរាយ​ការណ៍​​នេះ៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស