31 C
Phnom Penh

ACU ថា គ្មាន​​​តុលាការ​​​សម្រាប់​​​កាត់​​​ក្ដី​​​មន្ត្រី​​​សុខាភិបាល​​​ជាប់​​​ចោទ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​​​​  (ACU) បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​នឹង​​​មិន​​​​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​អតីត​​​មន្ត្រី​​​សុខាភិ​​​បាល​​​​​​ដែល​​​​​​ជាប់​​​ចោទ​​​ពី​​​បទ​​​​​​ទាម​​​ទារ​​​​​​សំណូក​​​​​​​​​ចំនួន​​​​​​៤៥០.០០០​​​ដុល្លារ​​​​​​ ដើម្បី​​​​​​​​​ផ្ដល់​​​​​​​​​កិច្ច​​​សន្យា​​​ធំៗ​​​​​​​​​សម្រាប់​​​​​​ក្រុម​​​ហ៊ុន​​​​​​ផ្គត់​​​ផ្គង់​​​​​​​​​មុង​​​​​​ពហុ​​​ជាតិ​​​ចំនួន​​​ពីរនោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ករណី​​​នេះ​​​​​​​​​ខ្វះ​​​​​​ភ័ស្ដុតាង ហើយវា​​​អាច​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​រដ្ឋាភិ​​​បាល​​​​​​។​​​

លោក​​​ ឱម យ៉ិន​​​ទៀង​​​ ប្រធាន​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​បាន​​​លាត​​​ត្រដាង​​​​​​ការ​​​សម្រេច​​​ចិត្ត​​​បែប​​​នេះ​​​របស់លោក​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ពោល​​​គឺ​​បួន​​​ខែ​​​បន្ទាប់ពី​​​​​​​​​​​​មូល​​​និធិ​​​ពិភព​​​លោក​​​​​​​​​ដើម្បី​​​​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​អេដស៍​​​​​​ ជំងឺ​​​របេង​​​​​​ និង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​​​​ បាន​​​​​​បញ្ចេ្​​​ញ​​​របាយ​​​ការណ៍​​​មួយ​​​​​​​​​កម្រាស់​​​​​​៨៤​​​ទំព័រ​​​ដែល​​​​​​លាត​​​ត្រដាង​​​​​​​​​បណ្ដាញ​​​​​​អំពើ​​​ពុករលួយ​​​មួយ​​​នៅ​​​ក្នុង​​​ក្រសួង​​​សុខាភិបាល​​​​​​។ របាយការណ៍​​​នេះ​​​​​​បាន​​​​​​ចេញ​​​​​​អម​​​​​​ដោយ​​​ឧប​​​សម្ព័ន្ធ​​​​​​​​​មួយ​​​កម្រាស់​​​១៣៤​​​​​​ទំព័រ​​​​​​ភ្ជាប់​​​ជាមួយ​​​អ៊ីម៉េលចោទ​​​ប្រកាន់​​​ជា​​​ច្រើន​​​​​​ និង​​​ព័ត៌មាន​​​លម្អិត​​​​​​ផ្សេង​​​ៗ​​​ទៀត​​​​​​​​​។

ប៉ុន្តែ​​​លោក​​​ ឱម យ៉ិន​​​ទៀង​​​​​​ ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា រដ្ឋាភិបាលទំនង​​​ជា​​​មិន​​​អាច​​​​​​​​​ផ្ដន្ទា​​​ទោស​​​​​​​​​ពួក​​​គេ​​​បាន​​​​​​ទេ​​​ ប្រសិន​​​បើ​​​ខ្លួន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​​​​លើ​​​មន្ត្រី​​​សុខាភិបាល​​​ទាំង​​​នេះ​​​ដែល​​​​​​សុទ្ធ​​​តែ​​​បាន​​​លា​​​លែង​​​​​​ពី​​​តំណែង​​​​​​ ឬ​​​ចូល​​​​​​និវត្ត​​​ចាប់​​​តាំង​​​ពី​​​​​​ពេល​​​នោះ​​​មក​​​។ ថ្លែង​​​​​​ទៅ​​​កាន់​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ខាង​​​ក្រៅ​​​​​​ពិធី​​​មិន​​​ពាក់ព័ន្ធ​​​​​​មួយ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ លោក​​​ក៏​​​បាន​​​ជំរុញ​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​រក្សា​​​​​​ព័ត៌មាន​​​​​​នេះ​​​ជា​​​ការ​​​សម្ងាត់​​​​​​ផង​​​ដែរ​​​។

នៅ​​​ក្នុង​​​ខ្សែ​​​អាត់​​​​​​សំឡេង​​​​​​គេ​​​អាច​​​ស្ដាប់​​​​​​ឮ​​​លោក​​​ ឱម យ៉ិន​​​ទៀង​​​​​​ មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​ទទួល​​​ស្គាល់​​​ករណី​​​នេះ​​​​​​ ប៉ុន្តែ​​​យើង​​​គ្មាន​​​ភ័ស្ដុ​​​តាង​​​​​​សម្រាប់​​​ធ្វើការ​​​ចោទ​​​ប្រកាន់​​​ទេ។ យើង​​​គិត​​​ថា ប្រសិន​​​បើ​​​យើង​​​បញ្ជូន​​​ករណី​​​នេះ​​​ទៅ​​​តុលាការ​​​ ហើយ​​​ពឹង​​​ផ្អែក​​​លើ​​​ភ័ស្ដុ​​​តាង​​​​​​ យើង​​​គ្មាន​​​ភ័ស្ដុតាង​​​គ្រប់គ្រាន់​​​ទេ​​​”។

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​​​​ពុក​​​រលួយ​​​រូប​​​នេះ​​​បាន​​​សរសើ​​​​រ​​​មូល​​​និធិ​​​ពិភព​​​លោក​​​ ដែលបាន​​​ផ្ដល់​​​​​​ជំនួយ​​​​​​​​​ដល់​​​កម្ពុជាគិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​​​​​​​ចំនួន​​​៣៣​​​​​​១​​​លាន​​​ដុល្លារ​​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​មក​​​នេះ​​​។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មូលនិធិ​​​ពិភព​​​លោក​​​នៅ​​​តែ​​​ជា​​​​​​ “ដៃ​​​គូ​​​​​​ល្អ​​​ឥតខ្ចោះ​​​​​​មួយ​​​” នៅ​​​ក្នុង​​​ក្រសួង​​​សុខា​​​ភិបាល​​​។​​​ ប៉ុន្តែលោក​​​បាន​​​បញ្ជាក់​​​ថា ​​​​​​កា​​​រ​​​​​​បញ្ជូន​​​​​​ពាក្យ​​​បណ្ដឹង​​​អំពើ​​​ពុករលួ​​​យ​​​ទៅ​​​តុលាការ​​​​​​វា​​​​​​បាន​​​ត្រឹម​​​តែ​​​​​​​​​ធ្វើឲ្យ​​​ប៉ះពាល់​​​​​​ទាំង​​​រដ្ឋាភិបាល​​​​​​​​​កម្ពុជា​​​ ទាំង​​​មូលនិធិ​​​នេះ​​​ទៅ​​​វិញ​​​ប៉ុណ្ណោះ​​​។

លោកបានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ទៀតថា “ប្រសិន​​​បើ​​​យើង​​​​បញ្ជូន​​​ករណី​​​នេះ​​​​​​ទៅ​​​តុលា​​​ការ​​​​​​ គ្មាន​​​ភ័ស្ដុតាង​​​គ្រប់គ្រាន់​​​ទេ​​​ ដូច្នេះ​​​​​​យើង​​​នឹ​​​ង​​​ខូច​​​​​​កេរ្ដិ៍​​​ឈ្មោះ​​​ ហើយ​​​​​​មូល​​​និធិ​​​ពិភព​​​លោក​​​ក៏​​​ខូច​​​កេរ្តិ៍ឈ្មោះ​​​ដែរ​​​​​​។ ដូច្នេះ​​​​​​យើង​​​​​​​​​ចាំបាច់​​​​​​​​​ត្រូវ​​​​​​ការពារ​​​​​​​​​កេរ្តិ៍​​​ឈ្មោះ​​​​​​​​​របស់​​​យើង​​​ ហើយ​​​រដ្ឋាភិបាល​​​​​​​​​ក៏​​​​​​នឹង​​​រង​​​ការ​​​រិះគន់​​​ដែរ​​​​​​ ពេល​​​នោះ​​​​​​​​​តើ​​​ប្រជាពលរដ្ឋ​​​​​​អាច​​​ជឿ​​​ជាក់​​​​​​លើ​​​​​​រដ្ឋាភិបាល​​​​​​​​​ទៀត​​​ទេ​​​?”។លោ​​​ក​​​បាន​​​បន្ត​​​ថា ​​​បន្ទាប់ពី​​​​​​ឆ្លើយ​​​សំណួរ​​​​​​របស់​​​​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​​​​ម្នាក់​​​ស្ដី​​​ពី​​​ករណី​​​នេះ​​​​​​ លោក​​​បាន​​​​​​គំរាម​​​​​​​​ចុះឈ្មោះ​​​​​​ក្នុង​​​បញ្ជី​​​ខ្មៅ​​​ចំពោះ​​​អ្នក​​​ណា​​​ ដែល​​​​​​ចេញ​​​ផ្សាយ​​​អ្វី​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើ​​​ង​​​នេះ​​​។
លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ស្នើ​​​សុំ​​​អស់​​​លោក​​​កុំ​​​ចុះ​​​ផ្សាយ​​​​​​ករណី​​​នេះ​​​អី​​​។​​​ ប្រសិន​​​បើ​​​​​​អស់​​​លោក​​​​​​ចុះផ្សាយ​​​ ខ្ញុំ​​​នឹង​​​លែង​​​​​​និយាយ​​​ជា​​​មួយ​​​អស់​​​លោក​​​ទៀត​​​ហើយ​​​ ពីព្រោះ​​​នេះ​​​ជា​​​​​​រឿង​​​សម្ងាត់​​​​​​”។​​​​

ថ្វី​​​បើ​​​ខ្វះ​​​ភ័ស្ដុតាង​​​ដើម្បី​​​​​​ផ្ដន្ទាទោស​​​​​​​​​ក្ដី​​​​​​ ក៏​​​លោក​​​ ឱម យ៉ិន​​​ទៀង​​​​​ មាន​​​ប្រសាសន៍​​​​​​ថា រដ្ឋា​​​ភិបាល​​​​​​​​​កំពុង​​​មាន​​​ការ​​​​​​​​​វិវឌ្ឍ​​​ខ្លះ​​​ហើយ​​​​​​នៅ​​​ក្នុង​​​ការ​​​បង្ខំ​​​ឲ្យ​​​​​​អតីត​​​មន្ត្រី​​​ទាំង​​​នេះ​​​សង​​​ប្រាក់​​​ទៅមូល​​​និធិ​​​ពិភពលោក​​​វិញ​​​​​​ តាម​​​សំណើ​​​រ​​បស់​​​​​​មូល​​​និធិ​​​នេះ​​​។​​​​​​ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​​​​មាន​​​ប្រសា​​​សន៍​​​​​​ថា តើ​​​សង​​​​​​វិញ​​​បាន​​​ប៉ុន្មាន​​​​​​នោះ​​​ទេ​​​​​​​​​ក្នុង​​​ចំណោម​​​​​​​​​ប្រាក់​​​សូក​​​ប៉ាន់​​​​​​និង​​​​​​​ប្រាក់​​​ជំនួយ​​​ឥត​​​សំណង​​​ដែល​​​ចំណាយ​​​ខុសខ្ទង់​​​​​​ចំនួន​​​៤៧៣​​​.០០០​​​ដុល្លារ​​​​​​នេះ​​​​​​។

​​​លោក​​​​​​ សេត​​​ ហ្វៃ​​​សុន​​​ (Seth Faison) អ្នក​​​នាំ​​​ពាក្យ​​​មូល​​​និធិ​​​ពិភពលោក​​​ក៏​​​មិន​​​បាន​​​បញ្ជាក់​​រឿង​​​នេះ​​​ដែរ។​​​ ប៉ុន្តែ​​​ក្នុង​​​ចំណោម​​​​​​ស្ថាប័ន​​​ទាំង​​​បី​​​ដូច​​​ជា​​​មជ្ឈមណ្ឌល​​​ជាតិប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើស្បែក​​​ និង​​​​​​កាមរោគ​​​ និង​​​​​​អង្គការ​​​មេឌីកាំ​​​ (MediCam)​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​ ដែល​​​​​​ ជាប់​​​ពាក់​​​ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ការ​​​​​​​​​​​​សូក​​​ប៉ាន់​​​និង​​​​ការ​​​ចំណាយ​​​​​​ខុស​​​ខ្ទង់​​​នេះ​​​​​​ មាន​​​តែ​​​មជ្ឈម​​​ណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ទេ​​​​​​ ដែល​​​នៅ​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​នៅ​​​ឡើយ​​​ក្នុង​​​ការ​​​សង​​​ប្រាក់​​​ទាំង​​​​​​នេះ​​​មក​​​វិញ​​​។​លោកបាន​​​បដិសេធ​​​​​​មិន​​​​​​ធ្វើអត្ថាធិប្បាយ​​​ទេ​​​ជុំវិញ​​​​​​​​​កា​​​រ​​​អះអាង​​របស់​​​​​​អង្គភាព​​​ប្រឆាំង​​​​​​អំពើ​​​ពុករលួយ​​​ដែល​​​ថា ខ្លួន​​​ខ្វះ​​​ភ័ស្ដុតាង​​​​​​ក្នុង​​​ការ​​​ផ្ដន្ទាទោស​​​​​​ជន​​​​​​​​​ជាប់​​​ចោទ​​​​​​ទាំង​​​នេះ​​​​​​។​​​

ក្នុង​​​ចំណោម​​​​​​ស្ថាប័ន​​​ទាំង​​​បី​​​​​​ ដែល​​​មូល​​​និធិ​​​ពិភពលោក​​​​​​អះអាង​​​ថា មាន​​​ការ​​​ជាប់​​​ពាក់ព័ន្ធ​​​នោះ​​​​​​ មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​​​​អ្នក​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​ធ្ងន់​​​ជាង​​​គេ​​​បំផុត​​​ក្នុង​​​របាយ​​​ការណ៍​​​នេះ​​​។

គ្រាន់​​​តែ​​​​​​វេជ្ជបណ្ឌិត​​​ ឌួង សុជាតិ​​​ ម្នាក់​​​ ដែល​​​ជា​​​​​​អតីតប្រធាន​​​​​​មជ្ឈមណ្ឌល​​​ជាតិ​​​​​​​​​ប្រយុទ្ធ​​​​​​នឹង​​​ជំងឺ​​​គ្រុនចាញ់​​​​​​ ជាប់ចោទ​​​​​​ថា បាន​​​ទទួល​​​សំណូក​​​​​​រហូត​​​ដល់​​​ទៅ​​​ចំនួន​​​៣៥១​​​.០០០​​​ដុល្លារ​​​ពី​​​​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​​​មុង​​​​​​ចំនួន​​​ពីរ​​​គឺ​​​ក្រុមហ៊ុន​​​ Vestergaard Frandsen របស់​​​ប្រទេស​​​ស្វ៊ីស​​​ និងក្រុមហ៊ុន​​​ Sumitomo Chemical Singapore ក្នុងរយៈ​​​ពេល​​​​​​ប៉ុន្មាន​​​ឆ្នាំ​​​រហូត​​​ដល់​​​លោក​​​ចូល​​​និវត្ត​​​ក្នុង​​​ឆ្នាំ​​​២០១១។ សរុប ​​​លោក​​​​​​​​​និង​​​​​​អនុ​​​ប្រធាន​​​​​​ម្នាក់​​​ទៀត​​​​​​​​​បាន​​​​​​ទទួល​​​សំណូក​​​ជាង​​​​​​៤១០.០០០​​​ដុល្លារ​​​​​​ ដើម្បី​​​​​​ទទួល​​​បាន​​​​​​ជំនួយ​​​ឥត​​​សំណង​​​​​​​​​ប្រមាណ​​​១២​​​លាន​​​ដុល្លារ​​​​​​របស់​​​មូលនិធិ​​​ពិភពលោក​​​សម្រាប់​​​ក្រុមហ៊ុន​​​ទាំង​​​ពីរនេះ​​​។

ជា​​​លទ្ធផល​​​​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ របាយ​​​ការណ៍​​​របស់​​​​​​មូលនិធិ​​​ពិភព​​​លោក​​​​​​​​​លាត​​​ត្រដាង​​​​​​​​​ពី​​​ប្រព័ន្ធ​​​មួយ​​​ដែល​​​លោក​​​ ឌួង សុជាតិ​​​ បាន​​​បង្កើត​​​ឡើង​​​​​​ជា​​​​​​មួយ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះ​​​ដើម្បី​​​យក​​​ពួក​​​គេ​​​​​​ធ្វើ​​​ជា​​​​​​បណ្ដាញ​​​​​​សម្រាប់​​​​​​បញ្ជូន​​​​​​​​​ប្រាក់​​​សូក​​​ប៉ាន់​​​ទាំង​​​នោះ​​​ចូល​​​ទៅ​​​ក្នុង​​​គណនី​​​របស់​​​សាច់​​​ញាតិ ឬ​​​អ្នក​​​ប្រឹក្សា​​​យោបល់​​​​​​ដែល​​​តាម​​​ពិត​​​​​​មិ​​​ន​​​ដែល​​​មាន​​​សោះ​​​​​​។

របាយ​​​ការណ៍​​​នេះ​​​បាន​​​​​​លើ​​​កឡើង​​​សំដៅ​​​ដល់​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ថា “ការ​សូក​​​ប៉ាន់​​​​​​ដែល​​​បង់​​​​​​ឲ្យ​​​ទៅ​​​មជ្ឈ​​​មណ្ឌល​​​​​​ជាតិ​​​​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ ត្រូវ​​​បាន​​​​​​លាក់​​​បាំង​​​​​​​​​ថា ជា​​​ប្រាក់​​​​​​កម្រៃ​​​​​​ជើង​​​សារ​​​សម្រាប់​​​ ‘អ្នកប្រឹក្សា​​​យោបល់’ ឬ​​​ ‘ភ្នាក់​​​ងារ’  ​​​ ដែល​​​​​​ប្រធាន​​​​​​មជ្ឈ​​​មណ្ឌល​​​នេះ​​​លើក​​​ឡើ​​​ងថា  ​​​ត្រូវ​​​បាន​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​​​​ទាំង​​​នេះ​​​ជួល​​​ឲ្យ​​​​​​ចូល​​​រួម​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​​​មុខ​​​ជំនួញ​​​ជួស​​​​​​មុខ​​​ឲ្យ​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​”។

របាយការណ៍​​​នេះ​​​បាន​​​លើកឡើង​​​បន្ត​​​ទៀត​​​ថា ​ “[អ្នកស៊ើប​​​អង្កេត]​​” រក​​​មិន​​​ឃើញ​​​ភ័ស្ដុតាង​​​ ដើម្បី​​​បង្ហាញ​​​ថា ភ្នាក់ងារ​​​នេះ​​​មាន​​​ពិត​​​ប្រាកដ​​​នោះទេ​​​ លើក​​​លែង​​​តែ​​​តំណាង​​​​​​របស់​​​​​​ប្រធាន​​​​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​​​​​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ប៉ុណ្ណោះ​​​ដែល​​​ជា​​​សាច់​​​ញាតិ​​​របស់​​​គាត់​​​។ ភ័ស្ដុតាង​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា ភ្នាក់​​​ងារ​​​នេះ​​​ធ្វើ​​​ជា​​​បណ្ដាញ​​​​​​សម្រាប់​​​ការ​​​ទូទាត់​​​មិន​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​លាក់​​​បាំង​​​អ្នក​​​ទទួល​​​ប្រាក់នេះ​​​ពិត​​​​​​ប្រាកដ​​​ នោះ​​​គឺ​​​ប្រធាន​​​​​​ និង​​​អនុប្រធាន​​​​​​មជ្ឈ​​​មណ្ឌល​​​ជាតិ​​​​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុនចាញ់​​​”។

របាយការណ៍​​​នេះ​​​​​​រាប់​​​បញ្ចូល​​​​​​​​​ទាំង​​​ការ​​​ដក​​​ស្រង់​​​​​​បទ​​​សម្ភាស​​​ជាមួយ​​​​​​គណៈគ្រប​​់​​​គ្រង​​​ក្រុម​​​ហ៊ុន​​​ដែល​​​​​​សារភាព​​​ថា ពួក​​​គេ​​​ដឹង​​​​​​ថា ខ្លួន​​​ធ្វើ​​​មិន​​​ត្រឹម​​​ត្រូវ​​​​​​​​​ផង​​​ដែរ​​​។​​​ ឧបសម្ព័ន្ធ​​​​​​ដ៏​​​វែង​​​នេះ​​​​​​​​​មាន​​​ថត​​​ចម្លង​​​អីុម៉េល​​​​​​ផ្ញើ​​​ឲ្យ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​រវាង​​​លោក​​​ ឌួង​​​ សុជាតិ​​​ និង​​​តំណាង​​​ក្រុមហ៊ុន​​​​​​ស្ដីពី​​​​​​របៀប​​​​​​ទូទាត់​​​​​​ទាំង​​​នោះ​​​។

នៅ​​​ពេល​​​​​​សាកសួរ​​​អំពី​​​ភាព​​​​​​រឹង​​​មាំ​​​នៃ​​​ភ័ស្ដុ​​​តាង​​​នៅ​​​ក្នុង​​​របាយការណ៍​​​នេះ​​​ លោក​​​ ម៉ម ប៊ុន​​​ហេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​​​​សុខាភិបាល​​​​​​ដែល​​​​​​គ្រប់​​​គ្រង​​​ទាំង​​​​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​​​​ និង​​​​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើស្បែក​​​ និង​​​កាមរោគ​​​ បាន​​យល់​​​ស្រប​​​តាម​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​ “យើង​​​គោរព​​​តាម​​​វិធាន​​​​​​ និង​​​បទ​​​ប្ប​​​ញ្ញត្តិ​នៃ​​​ច្បាប់​​​។​​​ ត្រង់​​​ថា តើ​​​មន្ត្រី​​​ពាក់ព័ន្ធ​​​ទាំង​​​នេះ​​​ គួរ​​​តែ​​​ទទួល​​​​​​ការ​​​ផ្ដន្ទា​​​ទោស​​​​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ វា​​​អាស្រ័យ​​លើ​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​”។​ ចាប់​​​តាំង​​​ពី​​​របាយការណ៍​​​នេះ​​​ចេញ​​​មក​​​ មន្ត្រី​​​សុខាភិបាល​​​​​​បាន​​​ឆ្លើយ​​​ដាក់គ្នា​​​ខ្លះ​​​និយាយ​​​​​​សម្រាលចំពោះ​​​​​​សារៈ​​​សំខាន់​​​នៃ​​​កា​​​ររក​​​ឃើញ​​​នេះ​​​ ឬ​​​បើ​​​មិន​​​អ៊ីចឹង​​​ទេ​​​ សួរអំពី​​​ទំហំ​​​នៃ​​​ការ​​​សូក​​​​​​ប៉ាន់​​​នេះ​​​​​​​​​​​​។

ប៉ុន្តែ​​​លោក​​​ ពេជ្រ ពិសី ប្រធាន​​​កម្មវិធី​​​នៅ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា លោក​​​ជឿថា ភ័ស្ដុតាង​​​របស់​​​មូល​​​និធិ​​​ពិភពលោក​​​រឹង​​​មាំ​​​ជា​​​ង​​​ភ័ស្ដុតាង​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​អាច​​​​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​​​​បន្ថែម​​​ទៀ​​​ត​​​បាន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លទ្ធផល​​​រក​​​​​​ឃើញ​​​​​​ពី​​​​​​របាយការណ៍​​​របស់​​​មូលនិធិ​​​ពិភព​​​លោក​​​ គឺ​​​ស្ទើ​​​រ​​​មិន​​​គួរ​​​ឲ្យ​​​ជឿ​​​​​​។ ដូច្នេះ​​​​​​យើង​​​​​​​​​សូម​​​ជំរុញ​​​យ៉ាង​​​ទទូច​​​ឲ្យ​​​អាជ្ញាធរ​​​​​​​​​រួម​​​ទាំង​​​​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ផង​​​ ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។ ផ្អែក​​​លើ​​​ការ​​​រក​​​ឃើញ​​​ទាំង​​​នេះ​​​ ពួក​​​គេ​​​គួរ​​​តែ​​​​​​ស៊ើប​​​អង្កេត​​​បន្ថែម​​​ទៀត​​​ យើង​​​គិត​​​ថា វា​​​មិន​​​ទាន់គ្រប់​​​គ្រាន់​​​ទេ​​​”។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា រដ្ឋាភិបាល​​​ជា​​​អ្នក​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​​​​លាត​​​ត្រដាង​​​​​​ព័ត៌មាន​​​ដែល​​​​​​សាធារណជន​​​​​​គួរ​​​ដឹង​​​។ ភាព​​​មិនប្រក្រតី​​​ដែល​​​​​​ [មូលនិធិ​​​ពិភព​​​លោក]​​ “រកឃើញ​​​គឺ​​​ស្ថិតនៅ​​​ក្នុង​​​វិស័យ​​សុខា​​​ភិបាល​​​ ដូច្នេះ​​​សាធារណជន​​​​​​មាន​​​សិទ្ធិ​​​ដឹង​​​”។

មូល​​​និធិពិភពលោក​​​មិនបានធ្វើ​​​សេចក្ដី​​​រាយការណ៍​​​អំពីផល​​​ប៉ះពាល់​​​ណាមួយ​​​បង្ក​​​ឡើង​​​​​​ដោយ​​​សារ​​​ការ​​​​​​សូក​​​ប៉ាន់​​​ទាំង​​​នេះ​​​ទេ​​​ ហើយ​​​បាន​​​គូស​​​បញ្ជាក់​​​ថា មុង​​​ទាំង​​​អស់​​​​​​ត្រូវ​​​បាន​​​​​​ផ្ដល់​​​​​​តាម​​​ការ​​​​​​សន្យា​​​។​​​ មូលនិធិ​​​នេះ​​​បាន​​​លើកឡើង​​​ថា ផែន​​​ការ​​​ឃុប​​​ឃិត​​​​​​គ្នា​​​ប្រព្រឹត្តិ​​​អំពើ​​​ពុក​​​រលួយ​​​នេះ​​​​​​ប្រហែល​​​ជា​​​មូល​​ហេតុ​​​​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​កើនឡើង​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស