35 C
Phnom Penh

តំណាងបក្ស​ប្រជា​ជន​​កម្ពុជា​និងបក្ស​សង្គ្រោះ​ជាតិ​មិន​​ព្រម​ព្រៀង​លើកំណែ​ទម្រង់​​ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ជួប​គ្នា​ទេ​កាល​ពីម្សិលមិញ​ បន្ទាប់​ពីកិច្ច​ប្រជុំ​លើក​ទី​៤​របស់​គណៈកម្មការ​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ទ្វេ​ភាគី ដោយ​​​ថ្នាក់​ដឹក​នាំ​​មន្ត្រី​​របស់​គណបក្សកាន់​អំណាច​លើក​ឡើង​ថា រដ្ឋាភិ​បាល​កំពុង​ត្រៀម​​លក្ខណៈ​ធ្វើ​ការ​កែ​ទម្រង់​​ម្នាក់​ឯង​។

គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពីចុង​ខែ​មុន​ ហើយ​ចាប់តាំង​ពីពេល​នោះ​មក​បាន​បើកកិច្ច​ពិភាក្សា​ដ៏តាន​តឹង​ជាច្រើន​លើក​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​ប្រើ​គណៈកម្មការ​នេះ​ដើម្បី​បង្ហាញ​ប្រាប់​​អ្នក​ការទូត​ និង​​អ្ន​ក​ផ្តល់​ជំនួយ​ថា ខ្លួន​បើក​ចំហឲ្យមាន​ការ​កែ​ទម្រង់​​ ប៉ុន្តែ តាម​ពិត មាន​បំណង​ធ្វើ​មិន​ឲ្យ​មាន​​កិច្ច​ព្រម​ព្រៀង​ពិតប្រាកដ​​អំពី​កំណែទម្រង់​ជាក់​លាក់ឡើយ​​។

លោក​ សុន ឆ័យ ដែល​បាន​ដឹក​នាំ​មន្ត្រី​គណ​បក្សប្រឆាំង​នៅ​ក្នុង​គណៈកម្មការ​នេះ​បាន​មាន​ប្រសាសន៍​នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ​ថា “ យើង​ធ្វើ​សន្និសីទ​ដាច់​ដោយ​ឡែ​ក​ពី​គ្នា​” ។ លោក សុន ឆ័យ ដែល​ជាប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ពន្យល់​ប្រាប់​ថា គណៈ​ប្រតិភូ​នៃ​គណបក្ស​ទាំង​ពី​រ​បាន​រៀបចំ​គម្រោង​ពិភាក្សា​បញ្ហា​ចំនួន​បី​ ប៉ុន្តែ មិន​អាច​ចេញ​រួ​ច​ពី​បញ្ហា​ទី​១​ឡើយ​ គឺការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ការ​កែ​ទម្រង់​​​គណៈកម្មាធិ​ការ​ជាតិ​​រៀប​ចំការ​បោះឆ្នោត​។

លោក​ សុន ឆ័យ បាន​មាន​ប្រសាសន៍​នៅ​ឯស​ន្និសីទកាសែត​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា “ ​បញ្ហា​ដែល​ជាប់​គាំង​គឺ​អំពី​ការ​យក​​ គ.ជ.ប.​ធ្វើ​ជា​អាទិភាព​។ នេះ​ជា​បញ្ហា​ធំ និង​ជា​​បញ្ហា​ចាំបាច់​ ហើយ​យើង​មិន​អាច​ដោះ​ស្រាយ​​បាន​ទ​ ដូច្នេះ​យើង​នឹង​​ទុក​បញ្ហា​នេះ​សម្រាប់​កិច្ច​ប្រជុំ​​​របស់​មេដឹកនាំ​​ជាន់​ខ្ពស់​របស់​គណបក្ស​ទាំង​ពីរ​​​”។

គណបក្ស​ប្រឆាំង​កំពុង​ទាមទារ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​​ គ.ជ.ប. ​គឺ​ត្រូ​វ​ជ្រើ​សរើស​​សមាជិក​​ គ.ជ.ប. ថ្មី​ដោយ​សំឡេង​ពីរ​ភាគ​បី​នៅក្នុង​រដ្ឋ​សភា​។
យោ​ងតាម​លទ្ធផល​​បោះឆ្នោត​ផ្លូវ​ការ​ គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ចំណែក​ឯគណបក្សសង្គ្រោះជាតិ​ទទួល​បាន​​៥៥​អាសនៈ​នៅក្នុង​ការ​បោះ​ឆ្នោត ​​ជាតិ​កាល​ពីខែ​កក្កដា​។​​ សំឡេង​ភាគ​ច្រើន​ពីរ​ភាគ​បី​​របស់​រដ្ឋ​សភា​ដែល​មាន​​១២៣​អាសនៈ​​​នេះ​តម្រូវ​ឲ្យមា​នការ​គាំទ្រ​ពី​សមា​ជិក​សភា​ចំនួន​៨២​រូប​។

លោក ប៊ិន​ ឈិន ឧប​នាយក​រដ្ឋ​មន្ត្រី​ដែល​បាន​ដឹក​នាំ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​គណៈកម្ម​ការ​​នេះបានមាន​ប្រសាសន៍​ថា ទំនង​ជា​មិនមាន​កិច្ច​ប្រជុំ​រវាង​មេដឹក​នាំ​ជាន់ខ្ពស់​អំពីការ​កែ​ទម្រង់​ គ.ជ.ប.​ ទេ​។លោក ប៊ិន ឈិន បានមាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​កាសែតរបស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រហែល​​១០​ម៉ែត្រ​​ពី​សន្និសីទ​កាសែត​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ថា “ព្រឹក​នេះ​យើង​បាន​ជួប​គ្នា​ប្រហែល​កន្លះ​ម៉ោង​ ហើយ​យើង​បាន​ដឹង​ថា យើង​មាន​បញ្ហា​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ស្នើ​សុំ​ពន្យា​រ ពេល​ការចរចានេះមិន​មែន​យើង​ទេ​”។
លោក ប៊ិន​ ឈិន បានមាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មិន​ព្រម​ពិភាក្សា​អំពី​ចំណុច​ណាមួយ​ក្នុង​ចំណោម​​សំណើទាំង​១៤​ចំណុច​​ដែល​ត្រូវ​បាន​​លើក​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​លើក​មុន​ៗ​នោះ​ទេ​ ហើយ​បាន​ផ្តោត​តែ​លើក​​គ.ជ.ប. ​មួយ​ប៉ុណ្ណោះ​។ លោក​បាន​ពន្យល់​​ប្រាប់​ថា ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ពិចារណា​​​ធ្វើ​ការ​នៅ​ក្នុង​​គណៈកម្ម​ការ​នេះ​ម្នាក់​ឯង។លោក​ ប៊ិន​ ឈិន​ បាន​​​មាន​ប្រសាសន៍​​ថា “ យើង​មាន​គោល​នយោបាយ​កែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​។ យើង​បាន​អញ្ជើញពួក​​គាត់​ ហើយ​ប្រសិន​បើ​ពួកគាត់​មិន​ទៅ​​ចូល​រួម​កិច្ច​ប្រជុំ​​ ឬ​វេទិកា​សាធារណៈ​នៅពេល​ខាង​មុខ​ទេ​ យើង​មិន​អាច​រង់​ចាំបាន​ឡើយ​។ យើង​ត្រូវ​​ធ្វើ​ការ​ងារនេះ​ ពីព្រោះ​យើង​បាន​ប្រកាស​​​ពីរឿង​នេះ​រួច​ហើយ​”។
លោក​បាន​​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពិចារណា​អំ​ពី​ការ​តម្រូវ​ឲ្យមាន​សំឡេង​ពីរភាគ​បី ​ដើម្បី​ជ្រើស​រើស​សមាជិក​គ.ជ.ប.​ទេ​ ពីព្រោះ​វា​អាច​នាំ​ឲ្យមាន​ការ​ជាប់​គាំង​នៅក្នុង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត​។

អ្នកឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​ស្នើ​ឲ្យ​​គណបក្ស​ទាំង​ពី​រ​​ជួប​គ្នា​ឲ្យបាន​លើ​ស​ពី​មួយ​ដង​ក្នុង​មួ​យ​សប្តាហ៍​ដើម្បី​ពីភាក្សា​អំពី​កំណែ​ទម្រង់​។ ពួកគេ​ក៏បាន​គាំទ្រ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​​ឲ្យ​មាន​ការ​ផ្តោត​លើ​ការ​កែទម្រង់​ គ.ជ.ប. ដែល​រងការ​រិះគន់​ច្រើន​ និង​មាន​សមាជិក​បច្ចុប្បន្ន​​សុទ្ធ​តែ​​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​នេះ​​ដែរ​។ ផ្ទុយ​ទៅ​វិញ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើឲ្យគណៈកម្មការ​នេះ​ពិភាក្សា​អំពី​កំណែ​ទម្រង់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​​បែបនេះ​ដែល​​​ពួកគេ​ចោទ​ថា លម្អៀងទៅ​ខាង​គណបក្ស​ប្រឆាំង​។

នៅក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​គណ​បក្ស​​ទាំង​ពីរ​កាល​ពីថ្ងៃ​ទី​៣​ ខែ​មីនា​  គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ជាគោលការណ៍​កែ​ទម្រង់​ការ​ចុះឈ្នោះ​អ្នក​បោះឆ្នោត​ និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​។​​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ គណៈ​ប្រតិភូ​របស់​​គណ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ​ចំណុច​ទាំង​ពីរ​នេះ​មិន​សូវ​សំខាន់​​ដូច​​ប្រាំពីរ​ចំណុច​ដែល​​ពួកគាត់​បាន​បង្ហាញ​ទៅ​មន្ត្រី​គណ​បក្ស​កាន់​អំណាច​នោះទេ​។

បន្ទាប់​ពីកិច្ច​ប្រជុំ​លើក​ទី​២​កាល​ពីថ្ងៃទី​១០​ខែ​មីនា គណបក្ស​ទាំង​ពី​រ​មិន​បាន​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​​ណា​ឡើយ​ និង​មិ​ន​បាន​សូម្បីតែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម  ​អំពី​ខ្លឹមសារ​នៃកិច្ច​ប្រជុំ​នោះ​។ ក្រោយ​មក​​លោក សម​ រង្ស៊ី មេដឹកនាំ​របស់​គណបក្ស​ប្រឆាំង​​បាន​គំរាម​ឈប់​ចរចា​ និង​ចាប់​ផ្តើម​ធ្វើ​មហា​បាតុកម្មជា​ថ្មី​។

កាល​ពីថ្ងៃទី​១៧​ ខែ​មីនា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​​ចង​ក្រង​​សំណើ​​​​ប្រាំពីរ​ចំណុច​​​សម្រាប់​​ចរចា ​បន្ថែម​ពី​​លើ​សំណើ​ប្រាំពី​រ​ចំណុច​ដំបូង​របស់​គណ​បក្ស​សង្គ្រោះជាតិ​ ​និង​បាន​​បន្ថែម​ច្បាប់​សម្រាប់​រឹត​បន្តឹង​ការ​បោះ​ពុម្ព​ផ្សាយ​អំពីការ​ស្ទង់​មតិ​ការ​បោះឆ្នោត​ និង​ការ​កែ​ប្រែ​​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​ ទៅ​ក្នុង​របៀប​វារៈ​​សម្រាប់​កិច្ច​ពិភាក្សា​។ ការ​តវ៉ា​​ចុង​ក្រោយ​របស់​គណបក្ស​ប្រឆាំង​​​មាន​អ្នក​ចូល​រួម​​ច្រើន​កាល​ពីថ្ងៃ​ទី​២៩​ ខែធ្នូ​ដោយ​មាន​មនុស្ស​ជាង​៥០.០០០នាក់​ហែ​ក្បួន​កាត់​ទីក្រុង​ដើម្បីទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុះ​ចេញ​ពី​តំណែង​​ ឬ​បោះ​ឆ្នោត​សាជាថ្មី​។

ការ​តវ៉ា​នោះ​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​កាល​ពីថ្ងៃទី ៤​ខែ​មករា​ ហើយ​​បន្ទាប់​មក​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បម្រាម​​ជា​បណ្តោះ​អាសន្ន​មិន​ឲ្យជួប​ជុំ​គ្នា​ជា​សាធារណៈ​ និង​បាន​អំពាវ​នាវ​ឲ្យ​​គណ​ បក្ស​​សង្គ្រោះ​ជាតិ​​​ចូល​​តុ​ចរចា​៕​​គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស