34 C
Phnom Penh

សាលា​ឧទ្ធរណ៍​បដិសេធ​មិន​ដោះលែ​ង​លោក វ៉ន ពៅ​ ប្រធាន​សហជីព​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលាឧទ្ធរណ៍​​ជាថ្មី​ម្តង ទៀត​បាន​បដិសេធ​មិន​ដោះលែង​​លោក​ វ៉ន ពៅ មេដឹក​នាំ​សហជីព​ដ៏សំខាន់​មួយ​​រូប​នៃ​វិស័យ​ក្រៅ​ប្រព័ន្ធ​ដ៏ធំ​មួយ​នៅ​ក្នុង​​​ប្រទេស​កម្ពុជា​ ឲ្យ​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន​ឡើយ​​​។ លោក​ត្រូវ​​បាន​ទាហាន​វាយ​ដំ​និ​ង​​ចាប់ខ្លួន​ក្នុងការតវ៉ា​កាល​ពី​ថ្ងៃទី​២ ខែ​មករា។


លោក វ៉ន ពៅ ដែល​ជា​ប្រធាន​សមា​គម​ប្រជា​ធិបតេយ្យ​ឯក​រាជ្យ​នៃសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​​ស្ថិ​ត​ក្នុង​ចំណោម​សកម្ម​ជន​១០​នាក់​ដែល​ទាហាន​ឆត្រ​យោង​បាន​ចាប់ខ្លួន​​នៅ​ពេល​មាន​​​ការ​បង្ក្រាប​លើ​​កូដ​កម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ទូទាំង​ប្រទេស ដែលបាន​​ធ្វើ​ឡើង​ស្រប​គ្នា​ជា​មួយ​ការ​តវ៉ា​របស់​គណ​បក្ស​ប្រឆាំង។

លោក គឹម សុជា​តិ មេធាវី​មួយ​រូ​ប​ក្នុង​ចំណោម​មេធាវី​ពីរ​រូ​ប​របស់លោក​ វ៉ន ពៅ បាន​មាន​ប្រសាសន៍​ថា សាលា​ឧទ្ធរណ៍​បាន​បដិ សេធមិន​​ដោះលែង​កូនក្តី​របស់ខ្ញុំ​​​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​​ទេ ដោយ​សារ​ហេតុ​ផល​​​​ពាក់​ព័ន្ធ​នឹង​នីតិ​វិធី។ដោយ​យោង​ទៅលើ​ការ​រៀបចំ​បើក​សវ​នាការ​ជំនុំ​ជម្រះ​លោក វ៉ន ពៅ នោះ លោក គឹម សុជាតិ បាន​មាន​ប្រសាសន៍ថា “​ ​សាលា​ឧទ្ធរណ៍​​បាន​សម្រេច​បដិសេធ​មិន​ដោះ​លែង​លោក វ៉ន ពៅ ឲ្យ​នៅ​ក្រៅ​ឃុំ​ បណ្តោះ​អាសន្ន​ ​ឡើយ ពី​ព្រោះ​ [លោក សេង ស៊ីវុត្ថា ជា​​​ចៅ​ក្រម​​​ ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​]​ បាន​​​មាន​ប្រសាសន៍ថា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង ​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជូន​​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​រួច​ហើយ ហើយ​ប្រសិន​បើ​អនុញ្ញាត​​​ឲ្យ​គាត់នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះវា​អាច​​​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​នីតិ​​​វិធី​​​របស់​​​តុលាការ​”។

លោក វ៉ន ពៅ កំពុង​​ត្រូវ​ឃុំខ្លួន​នៅ​មជ្ឈ​​មណ្ឌ​អប់​រំ​កែប្រែ​ទី​៣​ក្នុងខេត្ត​កំពង់​ចាម​ជិត​​ព្រំដែន​វៀត​ណាម​ ដែល​តាម​ធម្មតា ជាពន្ធ​នាគារ​សម្រាប់​ឃុំ​ខ្លួនអ្នក​ទោសមាន​បទ​​​ល្មើស​​ធ្ងន់​ធ្ង​រ និង​ប្រឈម​ការ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​លើសពី​១០​ឆ្នាំ​​ទៅ​។

យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​​បាន​ឲ្យ​ដឹង​ថា មេដឹក​នាំ​សហ​ជីព​រូប​នេះព្រមទាំង​មនុស្ស​២០នាក់​ទៀត​​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​​​ពេល​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃទី​២ និង​ទី៣ ខែ​មករា ហើយ​បើតាម​ច្បាប់​អាច​ត្រូវ​ឃុំខ្លួន​បណ្តោះ​អាសន្ន​​រហូត​ដល់​១៨ខែ​​​ដោយ​គ្មាន​ការ​​កាត់​ក្តី។លោក​ វ៉ន ពៅ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​២៣នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​អំឡុង​កូដកម្ម​នោះ​។ នៅក្នុង​ការ​បង្ក្រាប​នោះ​ កង​រាជ​អាវុធ​ហត្ថ​ក៏បាន​បាញ់​សម្លាប់​អ្នក​​តវ៉ា​ប្រាំ​នាក់ផងដែរ។

យោង​តាមលោក សុជាតិ បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម ស៊ីវុត្ថា បាន​មាន​ប្រសា​សន៍​អំឡុង​ការ​បើក​សវនាការ​ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​១៧ ខែ​មីនា ​បាន​ចាប់ផ្តើម​រៀប​ចំ​ឯកសារ​ដើម្បីយកលោក វ៉ន ពៅ​ ទៅជំនុំ​ជម្រះ​​នៅ​ពេល​​ឆាប់ៗ​​ខាង​​មុខ​នេះ។

លោក វ៉ន ពៅ​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​រ​ករណីគឺ ការ​បង្ក​របួស​ស្នាមដោយ​ចេតនា និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ពាក់​ព័ន្ធ​ការ​ធ្វើ​កូដ​កម្ម​នៅ​ទូទាំង​ប្រទេស។ លោក​​មិន​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យ​ចូល​រួម​ក្នុង​សវនាការ​ជំនុំ​ជម្រះ​កាលពី​ម្សិល​មិញ​ទេ។

លោក គា សុវណ្ណា ប្រធាន​មជ្ឈ​មណ្ឌល​​អប់រំ​កែប្រែ​ទី​៣ បាន​មាន​ប្រសា​សន៍​ថា លោក​​មិន​អាច​​ដឹក​លោក​ វ៉ន ពៅ ទៅ​​ចូលរួម​​សវនា​ការ​ជំនុំ​ជម្រះ​បាន​ទេ ដោយ​សាររថយន្ត​ពន្ធ​នាគារ​​មាន​បញ្ហា។លោកបាន​មាន​ប្រសាសន៍ថា “ រថយន្ត​ខូច​ ហើយ​ខ្ញុំ​ពិបាកជួស​ជុល​ណាស់”។

អ្នកស្រី ប្រាក់​ សុវណ្ណារី ប្រពន្ធ​របស់​លោក វ៉ន ពៅ បាន​និយាយ​បន្ទាប់ពី​សវនា​ការ​​ថា អ្នកស្រី​បាន​ផ្តល់​យោបល់​ឲ្យ​មេធាវី​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូល​។​ អ្នកស្រី​បាន​និយាយ​ថា ប្តី​របស់អ្នក​ស្រី​​តម្រូវ​ឲ្យ​​ពិនិត្យ​​សុខភាព​​បន្ត​ទៀត បន្ទាប់​​ពី​ទាហានដែលបាន​ចាប់ខ្លួន​គាត់កាល​ពី​ខែ​មករានោះ​ បាន​​វាយទាត់ធាក់​គាត់​ចំកន្លែង​ទើប​វះ​កាត់​តម្រង​នោម​ថ្មី​ៗ។អ្នកស្រី សុវណ្ណារី បាន​និយាយបន្ថែម​ទៀត​ ​ថា “ វា​អយុត្តិ​ធម៌​សម្រាប់​ប្តី​របស់ខ្ញុំ ពីព្រោះ​គាត់មាន​បញ្ហាសុខភាព ហើយ​កូន​ៗ​ចង់​ជួប​ឪពុក​​របស់​ខ្លួន”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស