34 C
Phnom Penh

សាលារាជ​ធានី​ច្រានចោល​សំណើ​​សុំ​​​ធ្វើការ​តវ៉ាតាមការ​គ្រោង​ទុករបស់លោក ម៉ម សូណង់ដូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ម៉ម សូណង់​ដូ ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុកឃ្មុំ​បាន​មាន​ប្រសាស​ន៍​កាល​ពី​ម្សិល​មិញថា សាលា​រាជធានី​ភ្នំពេញ​បាន​​ប្រាប់ លោក​​ អំឡុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញថា សាលា​រាជ​ធានី​នឹង​មិន​អនុ​ញ្ញាត​​ឲ្យ​មានការ​តវ៉ា​តាមការគ្រោង​ទុកនៅ​ថ្ងៃទី​៣១​​ខែ​មីនា​ឡើយ​​ដោយ​លើក​ឡើង​ជាថ្មី​ម្តង​ទៀត​ពីភាព​ចាំបាច់​ក្នុងការ​​រៀបចំ​​​សណ្តាប់​ធ្នាប់​សាធារណៈ​​​ ឡើង​វិញ​។

លោក ម៉ម សូណង់​ដូ បានមាន​ប្រសា​សន៍​​ថា “ លោក ឃួង ស្រេង​ អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ​មាន​ប្រសាសន៍ថា គួរ​ផ្អាក​គម្រោង​ធ្វើ​បាតុកម្ម​នេះ”។ លោក​បាន​​បន្ថែម​ថា លោក​​​​ បាន​ស្នើ​សុំ​ធ្វើ​នៅ​ថ្ងៃ​ផ្សេង​ ប៉ុន្តែ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​។    ​

កាល​ពីខែ​មករា​ក្រសួង​ព័ត៌មាន​បាន​ច្រាន​​ចោល​សំណើ​ថ្មី​របស់​លោក ម៉ម ​សូណង់​ដូ សុំ​ពង្រីកប្រព័ន្ធផ្សព្វផ្សាយ​វិទ្យុ​ និងស្នើសុំ​អាជ្ញា​​​ប័ណ្ណបង្កើត​ស្ថានីយ​ទូរ​ទស្សន៍​។ចាប់​តាំង​ពី​​​ពេល​នោះមក​លោក ម៉ម សូណង់​ដូ ​បាន​សុំ​ការអនុញ្ញាត​ម្តង​ហើយ​ម្តង​​ទៀត​ដើម្បី​​ធ្វើ​​​ការ​តវ៉ា​នៅមុខ​ក្រសួង  ​ប៉ុន្តែ សំណើ​របស់​លោក​  ត្រូវ​បាន​បដិសេធ​។

លោក ឡុង​ ឌីម៉ង់ អ្នកនាំពាក្យសាលា​រាជ​ធានី​បាន​មាន​ប្រសាសន៍ថា មិន​អាច​ធ្វើ​បាតុ​កម្ម​បាន​ទេ​ លុះត្រា​តែ​ “ ស្ថាន​ភាព​និង​សណ្តាប់​ ធ្នាប់​សាធារណៈ​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​ទាំង​ស្រុង​សិន” និង​រហូត​ទាល់​​តែ​ការ​សើុប​អង្កេត​ពីការ​បាញ់​សម្លាប់​​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ធ្វើ​ការ​តវ៉ា​កាល​ពីដើម​ខែ​មករា​ចប់​សព្វគ្រប់​សិន​។

កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​គ្រាប់ពិត​ដោយ​ ប្រើកាំភ្លើង​​អាកា-៤៧ទៅលើ​កម្ម​ករ​រោង​ចក្រ កាត់​ដេរ​ដែល​ធ្វើ​កូដកម្ម​បណ្តាល​ឲ្យ​​​មនុស្ស​ ប្រាំនាក់​ស្លាប់ និង​ជាង​៤០​នាក់​ទៀត​រង​របួស ។
លោក​ ឡុង​ ឌីម៉ង់ បានមាន​ប្រសាសន៍​​ថា អាជ្ញាធរ​​ត្រូវ​សម្រេច​​សិន​​ថា តើ​អ្នក​ណា​ជា​​​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​​នេះមុន​ពេល​អនុញ្ញាតឲ្យមាន​ការ​ធ្វើ​បាតុ​កម្ម​​បន្ត​ទៀត​។
លោក ម៉ម សូណង់​ដូ បានមាន​ប្រសា​សន៍ ថា លោក​នឹង​ធ្វើ​ការ​តវ៉ា ​ថ្វី​បើ​​​មាន​បម្រាម​ក៏​ដោយ​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស