27 C
Phnom Penh

ការចាប់បានភ្លុកដំរីខុសច្បាប់ជាលើកទី២ ​ជាសញ្ញាបង្ហាញថា​កម្ពុជាជា​ច្រកឆ្លងកាត់ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ជំនាញ​ការ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​រឹប​អូសភ្លុក​ដំរី​អាហ្វ្រិក​នៅ​ខេត្ត​ស្វាយ​រៀងកាលពី​ថ្ងៃ​សុក្រ​ ដែល​ជា​ប្រតិបត្តិការ​លើក​ទី​២​ក្នុង​រយៈពេល​មួយ​ខែ បន្ទាប់​ពី​នគរបាល​បាន​ស្កាត់​រឹប​អូស​ភ្លុក​ដំរី​ដ៏​ច្រើន​នៅ​ក្នុង​ខេត្ត​សៀម​រាប អាច​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​ទី​តាំង​ឆ្លង​កាត់​ដ៏​សំខាន់​មួយ​សម្រាប់​សកម្មភាព​រត់​ពន្ធ​ភ្លុក​ដំរី​ខុស​ច្បាប់​។


ភ្លុក​ដំរី​ដែល​ត្រូវ​បាន​នគរបាល​​​រឹប​អូស​កាលពី​ថ្ងៃ​សុក្រ​ ក៏​មានភ្លុកដំរី​ដែល​មាន​ទម្ងន់​ជាង​២៥០​គីឡូក្រាម​​ ដែល​ត្រូវ​បាន​លាក់​ទុក​នៅ​ក្នុង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បើក​សំដៅ​ទៅ​កាន់​ព្រំ​ដែន​វៀត​ណាម​ផង​ដែរ។ អ្នក​បើក​​បរ​រថយន្ត​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ ហើយ​​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

នៅ​ប្រទេស​កម្ពុជា​មិន​មាន​ទីផ្សារ​សម្រាប់​​ភ្លុក​ដំរី​ទេ។ អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា​ (WWF) បាន​ឲ្យ​ដឹង​ថា ប្រទេ​សនេះ​អាច​វិល​ត្រឡប់​ទៅ​រក​ភាព​ដើម​ជា​ផ្លូវ​ឆ្លង​កាត់​សម្រាប់​សកម្មភាព​ដឹក​ជញ្ជូន​ភ្លុក​ដំរី​ទៅ​កាន់​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន។​គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ធ្លាប់​ជា​ផ្លូវ​ឆ្លង​កាត់​មួយ​សម្រាប់​សកម្មភាព​ដឹក​ជញ្ជូន​ភ្លុក​ដំរី​ខុស​ច្បាប់​ផង​ដែរ។​ លោក សៀង ទៀក នាយក​ប្រចាំ​ប្រទេស​អង្គការអភិរក្សសត្វ​​ព្រៃ​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺ​ជា​សញ្ញា​ដ៏​ច្បាស់​មួយ​​សម្រាប់​បញ្ជាក់​ថា ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​ ក្នុង​ការ​កំណត់​ថា តើ​សកម្មភាព​ជួញ​ដូរ​ខុស​ច្បាប់​កំពុង​​​​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​វិធាន​ការ​ជា​លក្ខណៈ​ប្រព័ន្ធ​មួយ​ និង​ត្រូវ​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដ៏​តឹង​ររ៉ឹង​មួយ​…។ យើង​មិន​គួរ​មើល​រំលង​សកម្មភាព​ដឹក​ជញ្ជូន​ភ្លុក​ដំរី​​កាន់​តែ​ច្រើន​ដោយ​យក​ប្រទេស​កម្ពុជា​ជា​ទីតាំង​ឆ្លង​កាត់​នោះ​ទេ”។

កម្លាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត​​្ត​ស្វាយ​រៀង​ គ្រាន់​តែ​ប្រទះ​ឃើញ​​ភ្លុក​ដំរី​ទាំង​នេះ​ដោយ​ចៃដន្យ​ បន្ទាប់​ពី​បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​បើក​សំដៅ​ទៅ​ព្រំ​ដែន​វៀតណាម ដោយ​សង្ស័យ​ថា ប្រហែល​ជា​មាន​ការ​រត់​ពន្ធ​ឈើ​គ្រញូង​។ ផ្ទុយ​ទៅ​វិញ​ពួកគេ​បែរ​ជា​ប្រទះ​ឃើញ​ភ្លុក​ដំរី​អាហ្វ្រិក​៧៧កង់​ដែល​ត្រូវ​បាន​លាក់​ទុក​នៅ​ក្នុង​វ៉ាលិស​១០​ក្នុង​រថយន្ត​នោះ​។

លោក ឈាង ម៉ុងហួង ប្រធាន​​​ខណ្ឌ​រដ្ឋ​បាលព្រៃ​ឈើខេត្ត​​នៃ​ក្រសួង​រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា អាជ្ញា​ធរ​នៅ​ក្នុង​ខេត្ត​នេះ​មិន​បាន​ស្វែង​រក​ជន​រត់​ពន្ធ​ភ្លុក​ដំរី​ទេ​ ​​ ពីព្រោះ​​ពួកគេ​មិន​បាន​សង្ស័យ​ថា វា​ជា​បញ្ហា​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​ជា​ប្រតិបត្តិការ​រឹប​អូស​ដោយ​ចៃដន្យ​មួយ​ ពី​ព្រោះ​យើង​មិន​បាន​សង្ស័យ​ថា ជន​រត់​ពន្ធ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នេះ​ទេ ​​ប៉ុន្តែ យើង​កំពុង​សហការ​​ជាមួយ​អង្គការ​អភិរក្ស​នា​នា​ដើម្បី​​សិក្សា​ឲ្យ​ដឹងថា តើ​ភ្លុក​ដំរី​ទាំង​នេះ​មក​ដល់​ទី​នេះ​ដោយ​របៀប​ណា”។

នៅ​ពេល​មន្ត្រី​គយ​នៅ​អាកាស​យាន​ដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​វៀម​ណាម​ពីរនាក់​ដែល​កាន់​វ៉ាលិស​មាន​ភ្លុក​ដំរី​ជា​ច្រើន​កង់​ បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូងដោយ​​ឆ្លង​កាត់​ប្រទេស​កូរ៉េ​ខាង​ត្បូង នោះ​គឺ​ជា​ប្រតិបត្តិ​ការ​​រឹប​អូស​ភ្លុក​ដំរី​លើក​ដំបូង​​ដែល​មិន​ធ្លាប់​មាន​នៅ​អាកាស​យាន​ដ្ឋាន​នេះ​ឡើយ។

កាលពី​ឆ្នាំ​២០១២​​ អ្នក​រត់​ពន្ធ​ភ្លុក​ដំរី​បាន​ប៉ុន​ប៉ង​រត់​ពន្ធ​ចំនួន​ប្រាំ​ករណី​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មក​ដល់​អាកាស​យាន​ដ្ឋាន​កម្ពុជា​ដោយ​ឆ្លង​កាត់​ប្រទេស​ថៃ ​​ប៉ុន្តែ ការប៉ុន​ប៉ង​ទាំង​នេះ​បាន​ទទួល​បរាជ័យ​។ មន្ត្រី​​គយ​​​សង្ស័យ​នៅ​ពេល​នោះ​ថា ក្រុម​ឧក្រិដ្ឋ​ជន​ដែល​មាន​ផែន​ការ​ច្បាស់​លាស់​កំពុង​សិក្សា​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ដើម្បី​ស្វែង​រក​ឱកាស​ និង​ផ្លូវ​ថ្មី​ៗ​សម្រាប់​ឆ្លង​កាត់​ទៅ​ប្រទេស​វៀត​ណាម និង​ប្រទេស​ចិន​ ដែល​ជាទី​ផ្សារ​ងងឹត​​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​​នៅ​ក្នុង​ពិភពលោក​ សម្រាប់​ភ្លុក​ដំរី​ ពោល​គឺ​ភ្លុក​ដំរី​អាច​លក់​បានក្នុង​​តម្លៃ​​២.២០០ដុល្លារ​ក្នុង​មួយ​គីឡូ​ក្រាម​។
នៅ​ទ្វីប​អាហ្វ្រិក​​ មាន​សកម្មភាព​បរបាញ់​សត្វ​លួច​លាក់​កាន់​តែ​ច្រើន​​។ នៅ​ទី​នោះ​ដំរី​៣០.០០០ក្បាល​ត្រូវ​បាន​សម្លាប់​កាលពី​ឆ្នាំ​មុន​ ដោយ​សារ​តែ​តម្រូវ​ការ​កើន​ឡើង​នៅ​លើ​ទី​ផ្សារ​អាស៊ី​ ដែល​សត្វ​​ត្រូវ​បាន​បរបាញ់​លួច​លាក់​ស្ទើរ​គ្មាន​សល់​។

លោក ខេម វង្ស ប្រធាន​គម្រោង​ក្រុម​ការ​​ងារ​សង្គ្រោះ​សត្វ​ព្រៃ​បន្ទាន់​​របស់​អង្គការ​សម្ពន្ធ​ភាព​សត្វ​ព្រៃ​ (Wildlife Alliance) ​បាន​លើក​ឡើង​ថា ជា​យូរ​មក​ហើយ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​​ប្រទេស​សម្រាប់​ សកម្មភាព​ដឹក​ជញ្ជូន​ភ្លុក​ដំរី​ឆ្លង​កាត់​ ក៏​ប៉ុន្តែ ភ័ស្តុតាង​បច្ចុប្បន្ន​បង្ហាញ​ថា សកម្មភាព​រត់​ពន្ធ​ឆ្លង​ដែន​ចាប់​ផ្តើម​មាន​ឡើង​វិញហើយ។ គួរ​បញ្ជាក់​ថា អង្គការ​នេះ​មាន​កិត្តិនាម​ដោយ​សារតែ​បាន​កាត់​បន្ថយ​សកម្មភាព​ជួញ​ដូរ​ភ្លុក​ដំរី​ និង​សត្វ​ព្រៃ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។លោក វង្ស បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា  “ ខ្ញុំ​បានឃើញ​ភ្លុក​ដំរី​អាហ្វ្រិក​ដោយ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ខ្ញុំ​គិ​ត​ថា ​ច្បាស់​ណាស់​ថា វា​ប្រហែល​ជា​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​មួយ”។

លោក វង្ស​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​គឺ​ជា​សមាជិក​ក្នុង​បណ្តាញ​សម្ពន្ធភាព​សត្វ​ព្រៃ​នៃ​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (Asean Willife Alliance Network) ​ជា​បណ្តាញ​អនុវត្ត​ច្បាប់​កម្រិត​តំបន់​ ដែល​កំពុង​ធ្វើការ​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ទប់​ស្កាត់​រំហូ​រ​ចូល​នៃ​ភ្លុក​ដំរី​អាហ្វ្រិក​។លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រទេស​កម្ពុជា​កំពុង​ធ្វើការ​យ៉ាង​ច្រើន​លើ​សកម្មភាព​រត់​ពន្ធ​ឆ្លង​ដែន​ ក៏​ប៉ុន្តែ ភាគ​ច្រើន​យើង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ហ្វឹក​ហាត់​នៅ​អាកាស​យាន​ដ្ឋាន​ និង​នៅ​តាម​ព្រំ​ដែន​។ ក៏​ប៉ុន្តែ យើង​​ពិត​ជា​នឹងបង្កើន​សកម្មភាព​របស់​យើង​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស