31 C
Phnom Penh

រដ្ឋាភិបាល​លើក​ឡើង​ថា​ ការ​រឹប​អូស​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣ ធៀប​នឹង​ឆ្នាំ​២០១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​​​ចេញ​កាល​ពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា ការ​​​រឹប​អូស​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ការ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​​​ជួញ​​ដូរ​​គ្រឿង​ញៀន​ក៏​មាន​ការ​កើន​ឡើង​ដែរ​​។


កាល​ពី​ឆ្នាំ​២០១២​ ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តាមីន​គឺ​ជា​ថ្នាំ​ញៀន​មួយ​ប្រភេទ​ដែល​គេ​រឹប​អូស​បាន​ច្រើន​ជាង​គេ​បំផុត​។ យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា នគរបាល​រឹប​អូស​បាន​ថ្នាំ​​មេតំហ្វេតាមីន​គ្រាប់​ទម្ងន់​១៧,៣ គីឡូក្រាម​ កាល​ពី​ឆ្នាំ​មុន​ ពោល​គឺ​​​កើន​ឡើង​ពី​ទម្ងន់​១០,៦​គីឡូ​ក្រាម​ដែល​នគរ​បាល​រឹប​អូស​បាន​កាល​ពី​ឆ្នាំ​២០១២​។ រី​ឯ​ថ្នាំ​ញៀន​មេតំ​ហ្វេតាមីន​ម្សៅ​វិញ​ត្រូវ​នគរ​បាល​រឹប​អូស​បាន​ទម្ងន់​ប្រមាណ​​៣២​,៤​គីឡូ​ក្រាម​​កាល​ពី​ឆ្នាំ​មុន​ បើ​ធៀប​នឹង​ឆ្នាំ​២០១២​រឹបអូស​២៨​គីឡូ​ក្រាម​នោះ។

ការ​រឹប​អូស​ថ្នាំញៀន​ប្រភេទ​ហេរ៉ូអីុន​ ក៏​មាន​ការ​កើន​ឡើង​ខ្ពស់​ដែរ​ ពោល​គឺ​នគរ​បាល​​រឹប​អូស​បាន​ថ្នាំ​ប្រភេទ​នេះ​ទម្ងន់​៣៨​,៣​ គីឡូ​ក្រាម​ កាល​ពី​ឆ្នាំ​២០១៣​ ដោយ​វា​កើន​ឡើង​ពី​ត្រឹម​តែ​៣១៩​ក្រាម​ កាល​ពី​ឆ្នាំ​២០១២​។ ចំណែក​ឯ​ការ​រឹប​អូស​កញ្ឆាវិញ​ក៏​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ដែរ​ ពោល​គឺ​កើន​ឡើង​ពី​២,៤​​គីឡូ​ក្រាម​ក្នុង​ឆ្នាំ​២០១២​ដល់​១៦៨​,៥​គីឡូ​ក្រាម​កាល​ពី​ឆ្នាំ​មុន​។

ដោយ​ឡែក​ការ​រឹប​អូស​ថ្នាំ​ញៀន​ប្រភេទ​​កូកាអ៊ីនវិញ​មាន​ការ​ធ្លាក់​ចុះ​ ដោយ​ធ្លាក់​ពី​៤១​គីឡូ​ក្រាម​កាល​ពី​ឆ្នាំ​២០១២​​ មក​នៅ​ត្រឹម​ប្រមាណ​​១២,៨​គីឡូ​ក្រាម​ កាល​ពី​ឆ្នាំ​២០១៣​ ខណៈ​ការ​រឹប​អូស​ថ្នាំ​ញៀន​ប្រភេទ​កេតាមីន​​មិន​មាន​ការ​ប្រែ​ប្រួល​ឡើយ​​ពោល​គឺ​មាន​ទម្ងន់​១គីឡូ​ក្រាម​ដូច​គ្នា​សម្រាប់​ឆ្នាំ​ទាំង​ពីរ​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​បន្ត​ថា ​នគរ​បាល​និង​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​មនុស្ស​បាន​ចំនួន​១.៨៣០នាក់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​​​​ជួញដូរ​គ្រឿង​ញៀន​ចំនួន​៨៨៩​ករណី​កាល​ពី​ឆ្នាំ​មុន​ ដោយ​វា​កើន​ឡើងច្រើន​ជាង​ឆ្នាំ​២០១២​​បន្តិច ដែល​នគរបាលចាប់​ខ្លួន​បាន​មនុស្ស​ចំនួន​​១.៧៨៨​នាក់​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន​៨១៨​ករណី​។ មនុស្ស​ដែល​ចាប់​ខ្លួន​បាន​ទាំង​នោះ​រួម​មាន​ជន​ជាតិ​កម្ពុជា​ វៀតណាម​ ឡាវ​ ថៃ​ ហ្វីលីពីន​ ចិន នីហ្សេរីយ៉ា​ កូរ៉េខាង​ត្បូង​ អៀរ​ឡង់​ ប៉េរូ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ រូម៉ានី​ អេស្ប៉ាញ បារាំង​ និង​ ជន​ជាតិ​អូស្ត្រាលី​។

នៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​ចេញ​កាល​​ពី​ខែ​វិច្ឆិកា​​ ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​និង​បទ​ល្មើសបាន​លើក​ឡើង​ថា តម្រូវ​ការ​​ថ្នាំ​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺដោយ​សារ​តែបរិមាណ​ផលិត​នៅ​ក្នុង​ប្រទេស​ភូមា​ មាន​ការ​កើន​ឡើង​ដែរ​។

លោក​ មាស​ វីរិទ្ធ អគ្គលេខា​ធិការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ បាន​លើក​ឡើង​ថា គេ​រក​ឃើញ​ថា ការ​ជួញ​ដូរ​គ្រឿង​ញៀន​ មានការ​កើន​ឡើង​នេះ​ ព្រោះ​នគរ​បាល​​កំពុង​ខិត​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​​ដើម្បី​តាម​ចាប់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​។លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​នគរបាល​កំពុង​មមាញឹក​នៅ​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ ជន​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លៀត​ឱកាស​នេះ​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀន​ ប៉ុន្តែ​ពួ​ក​គេ​មិន​អាចគេច​ផុត​ពី​កណ្តាប់​ដៃ​របស់​នគរបាល​បាន​ឡើយ​”។

លោក​ ឯក ស៊ី​វណ្ណដន​ ស្នង​ការ​រង​នគរ​បាល​​ខេត្ត​ស្ទឹង​ត្រែង​ ទទួល​បន្ទុក​ការ​ពារ   ​ព្រំ​ដែន​បាន​ឲ្យ​ដឹង​ថា គ្រឿង​ញៀន​ដែល​មាន​​ប្រភព​ចេញ​ពី​ប្រទេស​ភូមា​ ឡាវ​ និង​ប្រទេស​​​ចិន​ តែង​តែ​ត្រូវ​បាន​គេ​ជួញ​ដូរ​មក​ក្នុង​ខេត្ត​នេះ​ ព្រោះ​​ព្រំ​ដែន​ងាយ​ស្រួល​ឆ្លង​កាត់​។

របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា “ ជន​ជួញ​ដូរ​គ្រឿង​ញៀន​បាន​នាំ​យក​ថ្នាំ​ញៀន​​​​ប្រភេទ​កូកាអ៊ីន​ពី​អាហ្វ្រិក​ខាង​ត្បូង​ ឬ​អាហ្វ្រិក​​កណ្តាល​និង​ថ្នាំ​មេតំហ្វេតាមីន​ ពី​តំបន់​អាហ្វ្រិក​ ដោយ​ឆ្លង​កាត់​អាកាស​យាន​​ដ្ឋាន​​អន្តរ​ជាតិ​ក្នុង​គោល​បំណង​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​​​ទី​៣​”។ យោង​តាម​របាយ ការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រភព​នាំ​ចូល​ថ្នាំ​ញៀន​ប្រភេទ​ហេរ៉ូ​​​អ៊ីន​ធំៗ​ចំនួន​ពីរ​គឺ​ចេញ​មក​ពី​ប្រទេស​អូស្ត្រាលី ស្រប​ពេល​ដែល​​ថ្នាំ​ញៀន​ប្រភេទ​ផ្សេងៗ​ទៀត​ ចេះ​តែបន្ត​ជួញ ដូរ​ចន្លោះ​ប្រទេស​កម្ពុជា​ ថៃ​ និង​ប្រទេស​ឡាវ​។
អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​​បាន​​​លើក​​ឡើង​ថា ​​លើស​ពី​នេះ​ទៅ​ទៀត​នោះ​​​​ អាជ្ញាធរ​រឹប​អូស​បាន​រថយន្ត​ចំនួន​២៦​គ្រឿង​ យាន​យន្ត​ផ្សេង​ៗ​២៧០​គ្រឿង​ប្រាក់​ចំនួន​៥១លានរៀល។រីឯ​រូបិយប័ណ្ណ​បរ​ទេស​វិញនោះ​រួមមាន​ប្រាក់​ដុល្លារ​ចំនួន​៣០.៤១៧ ដុល្លារ​ ប្រាក់​បាត​ចំនួន​៣០.២៤០​បាត​ និង​ប្រាក់​ដុង ជាង​៣៨២​លាន​ដុង​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស