យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលចេញកាលពីម្សិលមិញ បានឲ្យដឹងថា ការរឹបអូសគ្រឿងញៀនមានការកើនឡើងកាលពីឆ្នាំមុន ខណៈការចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនក៏មានការកើនឡើងដែរ។
កាលពីឆ្នាំ២០១២ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគឺជាថ្នាំញៀនមួយប្រភេទដែលគេរឹបអូសបានច្រើនជាងគេបំផុត។ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា នគរបាលរឹបអូសបានថ្នាំមេតំហ្វេតាមីនគ្រាប់ទម្ងន់១៧,៣ គីឡូក្រាម កាលពីឆ្នាំមុន ពោលគឺកើនឡើងពីទម្ងន់១០,៦គីឡូក្រាមដែលនគរបាលរឹបអូសបានកាលពីឆ្នាំ២០១២។ រីឯថ្នាំញៀនមេតំហ្វេតាមីនម្សៅវិញត្រូវនគរបាលរឹបអូសបានទម្ងន់ប្រមាណ៣២,៤គីឡូក្រាមកាលពីឆ្នាំមុន បើធៀបនឹងឆ្នាំ២០១២រឹបអូស២៨គីឡូក្រាមនោះ។
ការរឹបអូសថ្នាំញៀនប្រភេទហេរ៉ូអីុន ក៏មានការកើនឡើងខ្ពស់ដែរ ពោលគឺនគរបាលរឹបអូសបានថ្នាំប្រភេទនេះទម្ងន់៣៨,៣ គីឡូក្រាម កាលពីឆ្នាំ២០១៣ ដោយវាកើនឡើងពីត្រឹមតែ៣១៩ក្រាម កាលពីឆ្នាំ២០១២។ ចំណែកឯការរឹបអូសកញ្ឆាវិញក៏មានការកើនឡើងយ៉ាងខ្លាំងដែរ ពោលគឺកើនឡើងពី២,៤គីឡូក្រាមក្នុងឆ្នាំ២០១២ដល់១៦៨,៥គីឡូក្រាមកាលពីឆ្នាំមុន។
ដោយឡែកការរឹបអូសថ្នាំញៀនប្រភេទកូកាអ៊ីនវិញមានការធ្លាក់ចុះ ដោយធ្លាក់ពី៤១គីឡូក្រាមកាលពីឆ្នាំ២០១២ មកនៅត្រឹមប្រមាណ១២,៨គីឡូក្រាម កាលពីឆ្នាំ២០១៣ ខណៈការរឹបអូសថ្នាំញៀនប្រភេទកេតាមីនមិនមានការប្រែប្រួលឡើយពោលគឺមានទម្ងន់១គីឡូក្រាមដូចគ្នាសម្រាប់ឆ្នាំទាំងពីរ។
របាយការណ៍នេះបានឲ្យដឹងបន្តថា នគរបាលនិងកងរាជអាវុធហត្ថចាប់ខ្លួនមនុស្សបានចំនួន១.៨៣០នាក់នៅក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀនចំនួន៨៨៩ករណីកាលពីឆ្នាំមុន ដោយវាកើនឡើងច្រើនជាងឆ្នាំ២០១២បន្តិច ដែលនគរបាលចាប់ខ្លួនបានមនុស្សចំនួន១.៧៨៨នាក់នៅក្នុងការចុះបង្ក្រាបការជួញដូរគ្រឿងញៀនចំនួន៨១៨ករណី។ មនុស្សដែលចាប់ខ្លួនបានទាំងនោះរួមមានជនជាតិកម្ពុជា វៀតណាម ឡាវ ថៃ ហ្វីលីពីន ចិន នីហ្សេរីយ៉ា កូរ៉េខាងត្បូង អៀរឡង់ ប៉េរូ ឥណ្ឌា ឥណ្ឌូនេស៊ី រូម៉ានី អេស្ប៉ាញ បារាំង និង ជនជាតិអូស្ត្រាលី។
នៅក្នុងរបាយការណ៍មួយដែលចេញកាលពីខែវិច្ឆិកា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើសបានលើកឡើងថា តម្រូវការថ្នាំញៀនប្រភេទហេរ៉ូអ៊ីន មានការកើនឡើងនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែបរិមាណផលិតនៅក្នុងប្រទេសភូមា មានការកើនឡើងដែរ។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា គេរកឃើញថា ការជួញដូរគ្រឿងញៀន មានការកើនឡើងនេះ ព្រោះនគរបាលកំពុងខិតខំធ្វើការយ៉ាងខ្លាំងដើម្បីតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន។លោកបានមានប្រសាសន៍ថា “ នៅពេលនគរបាលកំពុងមមាញឹកនៅក្នុងការការពារសន្តិសុខសម្រាប់ការបោះឆ្នោតជាតិ ជនជួញដូរគ្រឿងញៀនឆ្លៀតឱកាសនេះប្រព្រឹត្តបទល្មើសគ្រឿងញៀន ប៉ុន្តែពួកគេមិនអាចគេចផុតពីកណ្តាប់ដៃរបស់នគរបាលបានឡើយ”។
លោក ឯក ស៊ីវណ្ណដន ស្នងការរងនគរបាលខេត្តស្ទឹងត្រែង ទទួលបន្ទុកការពារ ព្រំដែនបានឲ្យដឹងថា គ្រឿងញៀនដែលមានប្រភពចេញពីប្រទេសភូមា ឡាវ និងប្រទេសចិន តែងតែត្រូវបានគេជួញដូរមកក្នុងខេត្តនេះ ព្រោះព្រំដែនងាយស្រួលឆ្លងកាត់។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងបន្ថែមទៀតថា “ ជនជួញដូរគ្រឿងញៀនបាននាំយកថ្នាំញៀនប្រភេទកូកាអ៊ីនពីអាហ្វ្រិកខាងត្បូង ឬអាហ្វ្រិកកណ្តាលនិងថ្នាំមេតំហ្វេតាមីន ពីតំបន់អាហ្វ្រិក ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិក្នុងគោលបំណងនាំចេញបន្តទៅកាន់ប្រទេសទី៣”។ យោងតាមរបាយ ការណ៍នេះបានឲ្យដឹងទៀតថា ប្រភពនាំចូលថ្នាំញៀនប្រភេទហេរ៉ូអ៊ីនធំៗចំនួនពីរគឺចេញមកពីប្រទេសអូស្ត្រាលី ស្របពេលដែលថ្នាំញៀនប្រភេទផ្សេងៗទៀត ចេះតែបន្តជួញ ដូរចន្លោះប្រទេសកម្ពុជា ថៃ និងប្រទេសឡាវ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា លើសពីនេះទៅទៀតនោះ អាជ្ញាធររឹបអូសបានរថយន្តចំនួន២៦គ្រឿង យានយន្តផ្សេងៗ២៧០គ្រឿងប្រាក់ចំនួន៥១លានរៀល។រីឯរូបិយប័ណ្ណបរទេសវិញនោះរួមមានប្រាក់ដុល្លារចំនួន៣០.៤១៧ ដុល្លារ ប្រាក់បាតចំនួន៣០.២៤០បាត និងប្រាក់ដុង ជាង៣៨២លានដុង៕ ស៊ុយឈាង