កាលពីម្សិលមិញ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានធ្វើយុទ្ធនាការរយៈពេលមួយខែក្នុងគោលបំណងបង្ហាញពី “ ភាពអយុត្តិធម៌ពាក់ព័ន្ធសិទ្ធិមនុស្សទូទៅ” ដែលប្រព្រឹត្តដោយកម្លាំងសន្តិសុខទៅលើជនស៊ីវិលចាប់តាំងពីការបោះឆ្នោតជាតិខែកក្កដាមក។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងប្រមូលហត្ថលេខាចំនួន៥.០០០ដើម្បីដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ “ឲ្យធ្វើការស៊ើបអង្កេតឲ្យបានឆាប់ជាសាធារណៈ ឯករាជ្យ និងទូលំទូលាយលើការប្រើប្រាស់កម្លាំងហួសហេតុពីសំណាក់កម្លាំងសន្តិសុខក្នុងការបង្ក្រាបទៅលើអ្នកតវ៉ា”។ញត្តិនេះក៏អំពាវនាវឲ្យ “ បញ្ចប់វប្បធម៌ និទណ្ឌភាពសម្រាប់ជនល្មើសតាមរយៈការយកពួកគេទៅផ្តន្ទាទោសហើយអនុវត្តសិទ្ធិរបស់ជនរងគ្រោះក្នុងការទទួលបានយុត្តិធម៌ និងដំណោះស្រាយរួមទាំងសំណងផងដែរ”។
យុទ្ធនាការដែលមានឈ្មោះថា “ ឯណាទៅយុត្តិធម៌របស់ខ្ញុំ?”ត្រូវបានធ្វើឡើងដំណាលគ្នានឹងទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិសម្រាប់សិទ្ធិក្នុងការទទួលបានការពិត។ យុទ្ធនាការនេះរួមមានសេចក្តី រាយការណ៍ថ្មីៗតាមរយៈវីដេអូដោយបង្ហាញ ពីការសម្ភាសជាមួយជនរងគ្រោះដោយសារអពើហិង្សារបស់កងកម្លាំងរដ្ឋាភិបាលចាប់តាំងពីមានការតវ៉ាក្រោយការបោះឆ្នោត ដែលបានចាប់ផ្តើមកាលពីខែកញ្ញាមក។
លោក កែវ សំណាង ដែលកូនប្រុសរបស់គាត់ឈ្មោះ ផេង សំ ត្រូវបានកងរាជអាវុធហត្ថបាញ់សម្លាប់នៅផ្លូវវេងស្រេងអំឡុងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរដើម្បីទាមទារដំឡើងប្រាក់ខែគោលកាលពីថ្ងៃទី៣ ខែមករានោះ បាននិយាយថា “ ខ្ញុំនៅឆ្ងាយពីវា នៅពេលកូនប្រុសរបស់ខ្ញុំបានស្លាប់ដោយអយុត្តិធម៌”។
បុរសជាឪពុករូបនេះបានសួរថា “ ខ្ញុំបានចិញ្ចឹមបីបាច់វា តាំងពីវានៅតូចម៉្លេះ ហើយកូនខ្ញុំបានស្លាប់នៅអាយុ២៣ឆ្នាំ តើត្រូវគិតយ៉ាងម៉េច?”។
លោក សំ រ៉ាវី ជាប្តីរបស់អ្នកស្រី ឈីវ ផានិត ត្រូវបានបាញ់សម្លាប់អំឡុងការប៉ះទង្គិចដូចគ្នានេះដែរ។ ខ្សែអាត់វីដេអូបង្ហាញពីរូបគាត់មានភ្នែកស្លឹង មិនកម្រើក មានឈាមហូរចេញពីស្នាមរបួសត្រង់ទ្រូង និងត្រូវគេសែងយកទៅដាក់លើម៉ូតូ។
អ្នកស្រី ផានិត បាននិយាយថា “ សូមចាប់ខ្លួនឃាតករយកមកផ្តន្ទាទោសតាមច្បាប់”។
អ្នកស្រី ខាត់ សំណាង បានឱបកូនស្រីរបស់ខ្លួនយ៉ាងណែន ហើយបានស្រែកយំនៅពេលរូបភាពវីដេអូបង្ហាញពីសាកសពប្តីរបស់គាត់ឈ្មោះ ឃឹម សុភាព ដែលមិនកម្រើកនិងប្រឡាក់សុទ្ធតែឈាម។ គាត់ក៏ជាកម្មកររោងចក្រកាត់ដេរដែរ ហើយត្រូវបានគេសែងចេញពីកន្លែងកើតហេតុនៅផ្លូវវេងស្រេង។ ស្ត្រីមេម៉ាយអាយុ២៤ឆ្នាំរូបនេះនិយាយថា ប្តីរបស់គាត់អាយុ២៥ឆ្នាំត្រូវគេចាត់ទុកថា ជាមនុស្សទំនើង។អ្នកស្រីបាននិយាយថា “ ប្តីរបស់ខ្ញុំជាមនុស្សស្លូតបូត ហើយមិនដែលមានជម្លោះជាមួយនរណាទេ”។អ្នកស្រី បន្ថែមថា អ្នកស្រីចង់បានសំណងពីរដ្ឋាភិបាលសម្រាប់ការស្លាប់ប្តីរបស់អ្នកស្រី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា ក្តីសង្ឃឹមរបស់ក្រុមគ្រួសារទាំងនោះគឺត្រូវប្តឹងទៅតុលាការដែលល្បីខាងពុករលួយនៅក្នុងប្រទេសនេះ។លោកបានមានប្រសាសន៍ថា “ តុលាការគឺជាកន្លែងសមស្របមួយដែលប្រជាពលរដ្ឋខ្មែរដាក់ពាក្យបណ្តឹងស្វែងរកសំណងពីរដ្ឋាភិបាល។ គេចាំបាច់ត្រូវបង្ហាញភ័ស្តុតាងមួយចំនួនផង”៕សារុន