ក្រុមអ្នកជំនាញបានលើកឡើងក្នុងកិច្ចប្រជុំមួយនៅក្នុងរាជធានីភ្នំពេញថា ការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយបក្សីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ កាលពីឆ្នាំមុន ប្រហែលជាដោយសារតែការលូតលាស់នៃមេរោគនេះនៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសវៀតណាមភាគខាងត្បូង។អ្នកជំនាញទាំងនេះបានលើកឡើងថា នេះជាករណីលូតលាស់ដំបូងហើយនៅប្រទេសនេះ ចាប់តាំងពីករណីនេះបានកើតឡើងជាលើកដំបូងនៅក្នុងតំបន់នេះកាលពីមួយទសវត្សរ៍មុន។
មេរោគថ្មីនេះបានលូតលាស់ឡើងពីមេរោគដែលមានស្រាប់ចំនួនពីរ។ វាត្រូវបានរកឃើញនៅពេលប្រទេសកម្ពុជាបានរាយការណ៍អំពីករណីឆ្លងតាមរយៈមនុស្សលើកដំបូងក្នុងឆ្នាំ២០១៣។ ចាប់តាំងពីខែមករាឆ្នាំ២០១៣មក ប្រជាជនខ្មែរ៣៥នាក់ត្រូវបានគេដឹងថា បានឆ្លងមេរោគនេះ។ គួរបញ្ជាក់ថា នេះជាចំនួនលើសពីចំនួននៅក្នុងរបាយការណ៍របស់ប្រទេសដទៃទៀតនៅទូទាំង ពិភពលោភ អំឡុងពេលនោះ។
វេជ្ជបណ្ឌិត ដេននិស ការ៉ូល (Dennis Carroll) ប្រធានអង្គភាពគ្រុនផ្តាសាយបក្សីរបស់អង្គការ USAID ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងក្រុមអ្នកជំនាញអន្តរជាតិផ្នែកជំងឺគ្រុនផ្តាសាយបក្សី និងក្រុមមន្ត្រីសុខាភិបាលផ្នែកសត្វ និងមនុស្សក្នុងតំបន់ ដែលមកពីប្រទេសវៀតណាម និងប្រទេសកម្ពុជាថា “ខណៈដែលតំបន់អាស៊ីអាគ្នេយ៍មានករណីប្រែប្រួលថេរនៃមេរោគនេះ ស្ថានភាពមានលំនឹងណាស់នៅទីនេះ លុះត្រាតែមានការបង្ហាញអនុប្រភេទថ្មីនៃមេរោគនេះ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងបានឃើញមានការប្រែប្រួលលើកដំបូង ដែលបានចាប់ផ្តើមអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០១៣ ខណៈដែលយើងបានឃើញមានករណីកើនឡើង”។
ក្នុងពេលកន្លងមក ប្រទេសកម្ពុជាមានករណីតែបួនឬប្រាំប៉ុណ្ណោះកើតឡើងក្នុងមួយឆ្នាំ។ កាលពីឆ្នាំមុន មនុស្សសរុបចំនួន២៦នាក់ ដែលភាគច្រើនជាកុមារ ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ ហើយមនុស្សចំនួន១២នាក់បានស្លាប់។ វេជ្ជបណ្ឌិត ការ៉ូល បានមានប្រសាសន៍ថា “ដូច្នេះ នេះជាករណីកើនឡើងគួរឲ្យកត់សម្គាល់មួយ ប៉ុន្តែយើងមិនច្បាស់ពីមូលហេតុដែលបណ្តាលឲ្យករណីនេះកើតឡើងទេ”។
បើទោះជាវីរុស N5H1 កើតឡើង និងសម្លាប់សត្វបក្សី ដូចជាមាន់ និងទាក៏ដោយក៏វាអាចឆ្លងទៅមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបក្សីស្លាប់ ឬឈឺដែរ។ អ្នកជំនាញផ្នែកសុខភាព បានលើកឡើងថា ការលូតលាស់នៃមេរោគនេះអាចនាំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស និងអាចរាលដាលខ្លាំង ដូចគ្រុនផ្តាសាយកើតឡើងតាមរដូវ។
វេជ្ជបណ្ឌិត ខារ៉ូល បានលើកឡើងបន្តថា ករណីប្រែប្រួលថ្មីដែលកើតឡើងក្នុងឆ្នាំ២០១៣ នៅតែមានឥទ្ធិពលលើសត្វមាន់។ ប៉ុន្តែវាក៏ជាមូលហេតុសំខាន់នៃការឆ្លងជំងឺទៅមនុស្សកាលពីឆ្នាំទៅផងដែរ។ លោកបានមានប្រសាសន៍ថា “មេរោគH5N1មិនមែនលូតលាស់ជាទូទៅទេ វាមិនដែលមានសមត្ថភាពឆ្លងទៅមនុស្សប្រកបដោយប្រសិទ្ធភាពទេ”។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញបានព្យាយាមកំណត់មូលហេតុដែលប្រទេសកម្ពុជាមានករណីសរុប២៦ដែលកើតឡើងទៅលើមនុស្សកាលពីឆ្នាំមុន ខណៈដែលវៀតណាមភាគខាងត្បូងបានរាយការណ៍ថា មានតែពីរករណីប៉ុណ្ណោះ។
វេជ្ជបណ្ឌិត ខារ៉ូល បានមានប្រសាសន៍ថា “ចំនួនកើនឡើងនៃករណីនៅក្នុងប្រទេសកម្ពុជា និងស្ថានភាពផ្សេងគ្នានៅក្នុងប្រទេសវៀតណាម នាំឲ្យងឿងឆ្ងល់កាន់តែច្រើន”។
ករណីប្រែប្រួលថ្មី ករណីរាលដាលកាន់តែខ្លាំងនៃមេរោគនេះ សេចក្តីរាយការណ៍ប្រសើរជាងនេះ ឬការខ្វះវិធានការទប់ស្កាត់នៅក្នុងប្រទេសកម្ពុជា អាចជាមូលហេតុដែលបណ្តាលឲ្យមានការកើនឡើងនេះ។ វេជ្ជបណ្ឌិត ខារ៉ូល បានមានប្រសាសន៍ថា “យើងគ្មានសញ្ញាណាមួយទេ។ យើងនៅតែមានសំណួរជាច្រើនក្នុងរយៈពេល១៦ខែចុងក្រោយនៅក្នុងតំបន់នេះ”។
វេជ្ជបណ្ឌិត ខារ៉ូល បានមានប្រសាសន៍បន្តថា “ប្រទេសវៀតណាម ពិតជាបានចាត់វិធានការច្បាស់លាស់…។ កម្ពុជាមិនបានធ្វើដូចនេះទេ។ គេគ្រាន់តែផ្សព្វផ្សាយពីការចាក់ថ្នាំបង្ការប៉ុណ្ណោះ ដូច្នេះវាអាចជាមូលហេតុដែលយើងមិនមើលឃើញកម្រិតដូចគ្នានេះ ក៏ប៉ុន្តែយើងគ្រាន់តែមិនដឹងច្បាស់ប៉ុណ្ណោះ”។
លោក ង្វៀន ង៉ុក ទៀន (Nguyen Ngoc Tien) អ្នកឯកទេសខាងជំងឺឆ្លងនៅនាយកដ្ឋានបសុសត្វ នៅក្រសួងកសិកម្មនៃប្រទេសវៀតណាម បានឲ្យដឹងថា សម្រាប់មន្ត្រីវៀតណាម ករណីនេះមានភាពច្បាស់លាស់ជាង។ ពួកគេបាននិយាយថា ការចាក់វ៉ាក់សាំងបង្ការមេរោគមិនឲ្យកើតឡើងក្នុងចំណោមសត្វមាន់ទា។នៅប្រទេសនេះ ក៏មានការផ្តល់សំណងដល់កសិករដែលមានសត្វមាន់ទាត្រូវបានប្រមូល។ ចំណាត់ការនេះអាចជួយប្រទេសវៀតណាមក្នុងការឆ្លើយតបទៅនឹងករណីផ្ទុះជំងឺគ្រុនផ្តាសាយបាន មុនពេលមានសេចក្តីរាយការណ៍ថា មានករណីឆ្លងទៅមនុស្ស។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “តាមរយៈ [ការផ្តល់សំណង] យើងបានចាត់ចែងឲ្យមានការលើកទឹកចិត្តកសិករឲ្យរាយការណ៍អំពីជំងឺនេះដល់រដ្ឋាភិបាល ហើយនោះជាមូលហេតុដែលយើងបានឆ្លើយតបយ៉ាងលឿនទៅនឹងករណីផ្ទុះឡើងនៃជំងឺ។ ពួកគាត់ [កសិករ] មិនលាក់ព័ត៌មានទេ ហើយគ្រាន់តែបោះបក្សីចោល” ដែលនេះមានន័យថា មិនមានការផ្តល់សំណងហិរញ្ញវត្ថុទេ។
នៅក្នុងប្រទេសកម្ពុជាក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខ្លួនមិនមានផែនការផ្តល់សំណងទេ ដោយសារតែកសិករក្រីក្រគួរតែរាយការណ៍អំពីករណីផ្ទុះឡើងនៃជំងឺឲ្យសមត្ថកិច្ចបានដឹង។ នៅក្នុងស្ថានភាពជាក់ស្តែង កសិករភាគច្រើនទទួលទានសត្វមាន់ទានៅពេលសត្វទាំងនោះមានជំងឺដោយសារតែពួកគាត់មានភាពក្រីក្រពេកមិនអាចមានលទ្ធភាពចាត់ចែងសត្វគោក្របីរបស់ពួកគាត់បានទេ។
កាលពីខែមុន លោកវេជ្ជបណ្ឌិត ទៀន បានលើកឡើងថា ប្រទេសវៀតណាមបានអនុម័តថវិកា៦,៥លានដុល្លារដើម្បីកម្ចាត់ជំងឺគ្រុនផ្តាសាយបក្សីក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ថវិកាទាំងនេះមានទាំងថវិកាសម្រាប់ចាក់វ៉ាក់សាំងឲ្យសត្វមាន់ទា ដោយឥតគិតថ្លៃតាំងពីឆ្នាំ២០០៥មក។
លោកវេជ្ជបណ្ឌិតរូបនេះបានថ្លែងថា “ការចាក់បង្ការអាចជួយកាត់បន្ថយមេរោគនៅក្នុងសត្វមាន់ទា។ មានន័យថា ហានិភ័យចំពោះមនុស្សត្រូវបានកាត់បន្ថយផងដែរ។ អំឡុងពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៥ ប្រជាជនវៀតណាមជាច្រើនបានឆ្លងមេរោគនេះ។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកាលពីឆ្នាំមុនមានតែពីរករណីប៉ុណ្ណោះ ហើយខ្ញុំជឿថា ការចាក់ថ្នាំបង្ការដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់”។ តាំងពីមានការអនុវត្តការផ្តល់ថ្នាំបង្ការសម្រាប់សត្វមាន់ទាមក ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងសត្វបក្សីពីរពាន់លានក្បាល។ ប្រទេសកម្ពុជាមិនផ្តល់ការចាក់វ៉ាក់សាំងសម្រាប់មេរោគ H5N1 ទេ។
នៅពេលសួរអំពីមូលហេតុដែលប្រទេសកម្ពុជាមិនបង្ហាញស្មារតីប្តេជ្ញាដូចគ្នានេះ លោកវេជ្ជបណ្ឌិត ទៀន ដែលជាអ្នកឯកទេសផ្នែកជំងឺឆ្លងជនជាតិវៀតណាម បានមានប្រសាសន៍ថា “ វាត្រូវការចំណាយប្រាក់ច្រើនណាស់។ កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាមបានសម្រេចចិត្តថា យើងចង់ការពារមនុស្ស។ យើងបានចំណាយប្រាក់យ៉ាងច្រើន។ ទោះបីជាយ៉ាងណា យើងសម្រេចបានគោលបំណងនេះ”។
ចលនាដឹកជញ្ជូនសត្វមាន់ទាមិនផ្លូវការឆ្លងកាត់ព្រំដែន គឺជាបញ្ហាគួរឲ្យខ្វល់ខ្វាយមួយ។ ដោយសារវៀតណាមខាងត្បូង និងប្រទេសកម្ពុជាមានលក្ខខណ្ឌបរិស្ថានប្រហាក់ប្រហែលគ្នា ចំណាត់ការឆ្លើយតបរួមគ្នាត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ។
លោក ឡូតហ្វី អាល់ឡាល់ (Lotfi Allal) មកពីអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization) នៃអង្គការសហប្រជាជាតិ (United Nations) ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា គម្រោងសាកល្បងនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម នឹងត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីចាក់វ៉ាក់សាំងសត្វមាន់ទា៕ ប៊ុននី